ខ្មែរប៉ុស្ដិ៍ Close

របាយការណ៍ ៖ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរីចំនួន ៣៨ បាននិងកំពុងផ្គត់ផ្គង់សម្ភារៈដល់យោធាមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 55
របាយការណ៍ ៖ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរីចំនួន ៣៨ បាននិងកំពុងផ្គត់ផ្គង់សម្ភារៈដល់យោធាមីយ៉ាន់ម៉ា របាយការណ៍ ៖ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរីចំនួន ៣៨ បាននិងកំពុងផ្គត់ផ្គង់សម្ភារៈដល់យោធាមីយ៉ាន់ម៉ា

បណ្តាក្រុមហ៊ុនសិង្ហបុរីស្ថិតក្នុងចំណោមឈ្មួញកណ្តាលដែលបានបន្តផ្គត់ផ្គង់អាវុធដល់របបយោធាមីយ៉ាន់ម៉ា និងមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលប្រព្រឹត្តដោយរបបនេះ ដែលបានកើតមានចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន នេះបើយោងតាមក្រុមតស៊ូមតិ «Justice For Myanmar» (JFM) ។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ អង្គការដែលមានមូលដ្ឋាននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលើកឡើងអំពីក្រុមហ៊ុនសរុបចំនួន ១១៦ ដែលបាននិងកំពុងផ្គត់ផ្គង់អាវុធ និងឧបករណ៍ដែលមានតម្លៃរាប់លានដុល្លារដល់យោធាមីយ៉ាន់ម៉ា។

ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនចំនួន ៣១ នៅបន្តមានទំនាក់ទំនងអាជីវកម្មយ៉ាងសកម្មជាមួយរបបយោធាចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ មក ខណៈដែលក្រុមហ៊ុនចំនួន ២៧ ផ្សេងទៀត បានធ្វើអាជីវកម្មជាមួយយោធាមីយ៉ាន់ចាប់តាំងពីឆ្នាំ ២០១៧ ដែលជាឆ្នាំដែលកងកម្លាំងប្រដាប់អាវុធនេះបានបើកការវាយប្រហារដោយហិង្សា និងបានរងនូវការចោទប្រកាន់ថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងសហគមន៍រ៉ូហ៊ីងយ៉ានៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។

យោងតាមក្រុម JFM «របាយការណ៍នេះត្រូវបាន រៀបចំឡើងដោយយោងទៅលើឯកសារបែកធ្លាយរបស់ក្រសួងការពារជាតិ បន្ថែមពីលើប្រភពឧស្សាហកម្ម និងព័ត៌មានផ្សេងៗទៀតដែលមាននៅលើប្រព័ន្ធអ៊ីនធឺណិត»។

ក្នុងចំណោមក្រុមហ៊ុនសរុបចំនួន ៧៨ ដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ាដែលបានបន្តផ្គត់ផ្គង់សម្ភារៈដល់របបយោធា មានក្រុមហ៊ុនយ៉ាងហោចណាស់ចំនួន ៣៨ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសសិង្ហបុរីដែលត្រូវបានគេស្គាល់ជាយូរ មកហើយថាជា «មជ្ឈមណ្ឌលពាណិជ្ជកម្មនៅឈូងសមុទ្រ និងជាជម្រកហិរញ្ញវត្ថុសម្រាប់យោធាមីយ៉ាន់ម៉ា និងជាសម្ព័ន្ធអ្នកជំនួញដែលមានទំនាក់ទំនងជាមួយរបបយោធា»។

ក្រុមហ៊ុនមួយក្នុង ចំណោមនោះមានឈ្មោះថា «Venture Sky International Ltd» ដែលមានកិច្ចសន្យាយ៉ាងហោចណាស់ ១២ ជាមួយកងទ័ពអាកាសមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ ២០១៦ ដើម្បីផ្តល់គ្រឿងបន្លាស់យន្តហោះ ហើយមួយទៀតគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសសិង្ហបុរី នៃក្រុមហ៊ុនមីយ៉ាន់ម៉ា MCM Pacific Pte Ltd ដែលបានផ្តល់គ្រឿងបន្លាស់សម្រាប់ឧទ្ធម្ភាគចក្រ Mi-2, Mi-17 និង Bell 206 ដល់កងទ័ពអាកាសមីយ៉ាន់ម៉ា។

របាយការណ៍បានបញ្ជាក់ថា «ភាពជាប់ពាក់ព័ន្ធរបស់ក្រុមហ៊ុនសិង្ហបុរីក្នុងការផ្គត់ផ្គង់សម្ភារៈយោធាដល់កងទ័ពមីយ៉ាន់ម៉ាបាននិងកំពុងបង្កការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជនមីយ៉ាន់ម៉ារាប់លាននាក់។ ក្នុងនាមជាសមាជិកអាស៊ាន ប្រទេសសិង្ហបុរីមានតួនាទីសំខាន់ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ហើយសិង្ហបុរីត្រូវតែចាប់ផ្តើមដោយការបញ្ឈប់នូវការចូលរួមនៅក្នុងឧក្រិដ្ឋកម្មអន្តរជាតិរបស់របបយោធានេះ»។

របាយការណ៍នេះបានផ្តល់នូវព័ត៌មានលម្អិតអំពីទីកន្លែង និងរបៀបដែលយោធាមីយ៉ាន់ម៉ាទទួលបានការផ្គត់ផ្គង់អាវុធ, រថពាសដែក និងគ្រឿងបន្លាស់ដែលចាំបាច់សម្រាប់ការថែរក្សា និងការជួសជុលយន្តហោះ, រថក្រោះ និងរថពាសដែករបស់ខ្លួននៅក្នុងសមរភូមិ។

នៅក្នុងរបាយការណ៍ដែលរួមបញ្ចូលនូវតំណភ្ជាប់ទៅកាន់ឯកសារបញ្ជី Excel ដែលមានរាយនាមក្រុមហ៊ុន, នាយកក្រុមហ៊ុន និងម្ចាស់ភាគហ៊ុនសំខាន់ៗ «ក្រុម JFM បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មជាបន្ទាន់ប្រឆាំងនឹងក្រុមហ៊ុន និងបុគ្គលទាំងនេះ»។

ក្រុម JFM ក៏បានអំពាវនាវផងដែរ ជាពិសេសដល់រដ្ឋាភិបាលសិង្ហបុរីឱ្យហាមឃាត់នូវការប្រើប្រាស់ទឹកដីរបស់ខ្លួន បូករួមទាំងធនាគារ និងកំពង់ផែរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់អាវុធ និងឧបករណ៍ដល់យោធាមីយ៉ាន់ម៉ា។ ប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងកាណាដាបានដាក់ទណ្ឌកម្មរួច ហើយប្រឆាំងនឹងអ្នកជួញដូរអាវុធល្បីល្បាញមួយចំនួន។

ក្រុមហ៊ុនដ៏សំខាន់មួយក្នុងចំណោមក្រុមហ៊ុនទាំងនោះគឺ «ក្រុមហ៊ុន Htoo Group of Companies» ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកជំនួញដ៏លេចធ្លោ Tay Za ដែលទទួលខុសត្រូវលើការនាំចូលគ្រឿងបន្លាស់យន្តហោះចម្បាំងពីក្រុមហ៊ុនអ៊ុយក្រែននិងរុស្ស៊ី ខណៈដែលក្រុមហ៊ុន «Myanmar Chemical and Machinery Co.» មានជាប់ទាក់ទងនឹងការទិញឧបករណ៍សព្វាវុធបូករួមទាំងយន្តហោះហ្វឹកហាត់ K-8, រថពាសដែក និងរថក្រោះធុនស្រាល។

ក្រុមហ៊ុន «International Gateways Group» ក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតមួយផងដែរដល់កងទ័ពអាកាស និងកងទ័ពជើងទឹកមីយ៉ាន់ម៉ាជាពិសេសគឺសម្ភារៈដែលជួញដូរពីប្រទេសចិន។ ប៉ុន្តែក្រុម JFM បានកត់សម្គាល់ថា «មានតែក្រុមហ៊ុនផ្គត់ផ្គង់អាវុធនិងផលិតផលផ្សេង ទៀតដល់របបយោធាមួយចំនួនតូចប៉ុណ្ណោដែលបានរងនូវទណ្ឌកម្ម ខណៈដែលក្រុមហ៊ុនភាគច្រើននៅតែបន្តប្រតិបត្តិការរកស៊ីដោយសេរី»។

ទោះជាយ៉ាងណាក៏ដោយ របបយោធាមីយ៉ាន់ម៉ាធ្លាប់មានកំណត់ត្រាពាក់ព័ន្ធនឹងភាពធន់ទៅនឹងភាពឯកោជាអន្តរជាតិ និងធ្លាប់ទទួលបានការជួយពីបណ្តាប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីបូករួមទាំងប្រទេសចិន, ឥណ្ឌា និងថៃ ជាពិសេសសិង្ហបុរីដែលធ្លាប់បានប្រឆាំងនឹងការអំពាវនាវឱ្យរឹបអូសយកប្រាក់កខ្វក់ពីប្រទេសមីយ៉ាន់ម៉ា ដែលមាននៅក្នុងប្រព័ន្ធធនាគាររបស់ខ្លួន។

របាយការណ៍នេះក៏បានបង្ហាញដែរថា «ប្រសិនបើបណ្តាប្រទេសលោកខាងលិចពិតជាមានចំណាប់អារម្មណ៍ក្នុងការកាត់ផ្តាច់ប្រភពមូលនិធិរបស់របបយោធាមែន ពួកគេត្រូវកំណត់គោលដៅឱ្យបានកាន់តែច្រើនថែមទៀត»៕

The Diplomat

អត្ថបទទាក់ទង