ខ្មែរប៉ុស្ដិ៍ Close

យុទ្ធសាស្ត្ររបស់ប្រទេសថៃចំនួន ៣ ស្តីពីប្រទេសមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 64
យុទ្ធសាស្ត្ររបស់ប្រទេសថៃចំនួន ៣ ស្តីពីប្រទេសមីយ៉ាន់ម៉ា យុទ្ធសាស្ត្ររបស់ប្រទេសថៃចំនួន ៣ ស្តីពីប្រទេសមីយ៉ាន់ម៉ា

ជាមួយនឹងរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈ និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងក្រុមបាតុករជាមួយនិងកងកម្លាំងសន្តិសុខក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកនេះ ប្រទេសថៃបាននិងកំពុងប្រឈមមុខនឹងជម្រើសដ៏លំបាក។

ក្រុមអ្នកបង្កើតគោលនយោបាយសន្តិសុខនិងគោលនយោបាយការបរទេសរបស់ថៃ បានចាប់យកនូវយុទ្ធសាស្ត្រចំនួន ៣ ដើម្បីដោះស្រាយឧបទ្ទវហេតុនយោបាយដ៏ស្មុគស្មាញបំផុតមួយក្នុងចំណោមឧបទ្ទវហេតុនយោបាយជាច្រើនទៀតនៅក្នុងប្រទេសជិតខាងរបស់ខ្លួន។

យុទ្ធសាស្ត្រទី ១ ៖ គឺយុទ្ធសាស្ត្រភាពជាអ្នកជិតខាងល្អ (Good Neighbourliness) ដែលជាបាវចនាដ៏សំខាន់មួយនៅពេលនិយាយដល់ប្រទេសមីយ៉ាន់ម៉ា។

បន្ទាប់ពីរដ្ឋប្រហារ ប្រទេសថៃបានរក្សាភាពស្ងៀមស្ងាត់ដោយសារតែហេតុផលមួយចំនួន។ សេចក្តីថ្លែងការណ៍ ឬការលើកឡើងណាមួយដែលអាចធ្វើឱ្យប្រទេសជិតខាងត្រូវបានចាត់ទុកជាប្រទេសអាក្រក់នៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិ ត្រូវបានទប់ស្កាត់ពីសំណាក់អ្នកមានអំណាចនៅថ្នាក់កំពូលរបស់ប្រទេសថៃ។

កាលពីថ្ងៃទី ២៤ ខែកុម្ភៈ នាយករដ្ឋមន្រ្តី Prayut Chan-o-cha បានសម្រេចចិត្តជួបជាមួយលោក Wunna Maung Lwin ដែលជាអ្នកតំណាងផ្នែកកិច្ចការបរទេសនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) មកពីរបបយោធាមីយ៉ាន់ម៉ា ដែលជំនួបនេះបានបង្កឱ្យមានការរំជើបរំជួលដល់បណ្តាញសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយសង្គមថៃ ដែលបានលើកឡើងថា «ការធ្វើបែបនេះ ស្មើនឹងការទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា»

ក៏ប៉ុន្តែ លោក Prayut បានបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងបែបនេះ ដោយលោកបានបញ្ជាក់ថា «លោកគ្រាន់តែចង់រក្សាបណ្តាញទំនាក់ទំនងទូលំទូលាយរវាងប្រទេសទាំង ២»

ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ឥរិយាបទនៃភាពជាអ្នកជិតខាងល្អ (Good Neighbourliness) បានទទួលរងនូវការ សាកល្បង ខណៈពេលដែលចំនួនអ្នក ស្លាប់បានបន្តកើន ឡើងនៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវ រវាងក្រុមបាតុករនិងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។

រដ្ឋាភិបាលថៃមាន ការបារម្ភថា «ការបង្ក្រាបនេះអាចនឹងបង្កឱ្យមានរលកថ្មីនៃអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយឆ្លងកាត់ព្រំដែន» ខណៈពេលដែលព័ត៌មានថ្មីៗនេះបានឱ្យដឹងថា ប៉ូលិសមីយ៉ាន់ម៉ាមួយក្រុមបានស្វែងរកសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសឥណ្ឌា ដែលជាការក្រើនរំលឹកដល់កម្លាំងសន្តិសុខថៃឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។

កាលពីសប្តាហ៍មុន មនុស្សជាង ១០០ នាក់ មកពីប្រទេសមីយ៉ាន់ម៉ា បានលួចចូលទៅក្នុងប្រទេសថៃតាមខេត្ត Tak និង Kanchanaburi ។ មនុស្សទាំងនោះត្រូវគេស្ទាក់ចាប់ខ្លួនបាន ហើយភាគច្រើនត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កជាបន្តបន្ទាប់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ការចងចាំនូវរូបភាពនៃភាពចលាចលនៅក្នុងឆ្នាំ ១៩៨៨ ស្ថិតនៅថ្មីៗនៅឡើយ ដែលកាលនោះ យុវជនមីយ៉ាន់ម៉ាចំនួន ១៥.០០០ នាក់ បាន
រត់ភៀសខ្លួនទៅកាន់ប្រទេសថៃ។

រដ្ឋាភិបាលថៃសង្ឃឹមថា៖

«ស្ថានភាពនឹងមានភាពស្ងប់ស្ងាត់ ដោយគ្មានការបង្ហូរឈាមបន្តទៀត។ បើមិនដូច្នេះទេ របបយោធាអាចនឹងធ្វើការគំរាមកំហែងអនុវត្តច្បាប់អាជ្ញាសឹកដែលអាចនឹងបង្កភាពស្មុគស្មាញដល់ការសន្ទនាផ្នែកនយោបាយនិងការផ្សះផ្សាគ្នានាពេលអនាគត»។

យោងតាមប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃបានជូនដំណឹងដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នៅទីក្រុងបាងកកថា

«ជំនួយរបស់ ICRC អាចនឹងត្រូវការជាបន្ទាន់នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីបង្កើតជំរុំបណ្តោះអាសន្ននៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ប្រសិនបើការបង្ក្រាបរបស់យោធានៅតែបន្តកើនឡើងឥតឈប់ឈរ ហើយទីតាំងមួយចំនួននឹងត្រូវបំពាក់ដោយឧបករណ៍ធ្វើតេស្ត Covid-19 ខណៈពេលដែលកងកម្លាំងសន្តិសុខថៃនៅតាមបណ្តោយព្រំដែន ក៏ទទួលបានការណែនាំមិនឱ្យរុញច្រានអ្នកដែលស្វែងរកសុវត្ថិភាពត្រឡប់ទៅមីយ៉ាន់ម៉ាវិញនោះទេ ជាពិសេសជនស៊ីវិល»។

បន្ទាប់ពីរដ្ឋប្រហារ ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនមីយ៉ាន់ម៉ាត្រូវបានផ្អាក។ ចាប់តាំងពីឆ្នាំ ២០១៥ ជនភៀសខ្លួនរាប់រយនាក់ដែលបានវិលត្រឡប់ចូលប្រទេសមីយ៉ាន់ម៉ាវិញ បានតាំងទីលំនៅ នៅក្នុងប្រទេសតាមរយៈការរៀបចំទ្វេភាគី ដោយទទួលបានជំនួយពីឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន។

បញ្ហាប្រឈមមួយទៀត គឺក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមជួរមុខ ដែលរួមមានក្រុមធំៗចំនួន ២ គឺសហភាពជាតិ Karen (National Karen Union) និងក្រុមប្រឹក្សាស្តាររដ្ឋ Shan (Restoration Council of Shan State) ដែលសុទ្ធតែបានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួនក្នុងការគាំទ្រដល់កម្លាំងប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកស្រីអង់សានស៊ូជី។

ប៉ុន្តែ ក្រុមអ្នកតវ៉ានៅតំបន់ដែលគ្រប់គ្រងដោយជនជាតិភាគតិចមិនបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនៅក្នុងទីក្រុងធំៗ ដែលសំបូរទៅដោយជនជាតិភាគតិចភូមានោះទេដោយហេតុថា «កងកម្លាំងយោធា Tatmadaw មិនចង់ប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធនោះទេ ដែលអាចនឹងបង្កការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរដល់របបយោធា»។ ជាងនេះទៅទៀត របបយោធាក៏បានសន្យាអនុវត្តនូវកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធផងដែរ។

យុទ្ធសាស្ត្រទី ២ ៖ គឺការគោរពតាមការ កុងសង់ស៊ីស (Consensus) និងគោលការណ៍មួយចំនួនទៀតរបស់អាស៊ានដូចដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន។

ការប្រជុំក្រៅផ្លូវការ នៅថ្ងៃទី ២ ខែមីនាក្នុងចំណោមរដ្ឋមន្រ្តីការបរទេស តាមរយៈប្រព័ន្ធ Teleconference បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួន។

បញ្ហាសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាជនមីយ៉ាន់ម៉ាគឺជាអាទិភាពចំបងបំផុត ជាមួយនឹងការអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបញ្ឈប់ការញុះញង់ឱ្យមានការប្រព្រឹត្តិអំពើហិង្សានិងការរក្សាភាពអត់ធ្មត់ និងបត់បែនឱ្យបានខ្ពស់បំផុត។

បណ្តាមេដឹកនាំអាស៊ានក៏បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ស្វែងរកដំណោះស្រាយដោយសន្តិវិធីផងដែរ ហើយអាស៊ានក៏បានសម្តែងនូវការត្រៀមខ្លួនដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ាប្រកបដោយភាពវិជ្ជមាន និងការស្ថាបនា។

ដើម្បីបង្កើនការចូលរួមរបស់អាស៊ាន ជាពិសេសពីសំណាក់ការិយាល័យរបស់អគ្គលេខាធិការ លោក Lim Jock Hoi ប្រទេសថៃអាចអញ្ជើញលោក Jock Hoi ទៅកាន់ប្រទេសថៃដើម្បីប្រជុំនិងពិគ្រោះយោបល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈពេលដែលការធ្វើបែបនេះនឹងអាចជួយពង្រឹងមុខមាត់របស់ប្រទេសថៃ ដែលជារដ្ឋជួរមុខមួយដែលបាននិងកំពុងរងផលប៉ះពាល់អវិជ្ជមាន ពីវិធីសាស្រ្តប្រើប្រាស់កម្លាំងបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា។

យុទ្ធសាស្ត្រទី ៣ ៖ គឺការអនុវត្តស្របតាម ច្បាប់មនុស្សធម៌អន្តរជាតិ។

ប្រទេសថៃមិនដែលបដិសេធមិនទទួលយកជនភៀសខ្លួននោះទេ ហើយពេលនេះក៏នឹងមិនមានករណីលើកលែងនោះដែរ ប្រសិនបើមានការហូរចូលពីសំណាក់ជនភៀសខ្លួនថ្មីៗពីប្រទេសមីយ៉ាន់ម៉ា។

ក្នុងវិបត្តិនាពេលបច្ចុប្បន្ននេះ អាជ្ញាធរថៃបានផ្តល់កិត្តិយសដល់ស្ថាប័ន ICRC ក្នុងនាមជាអង្គការអន្តរជាតិដ៏សំខាន់មួយដែលនឹងអាចទទួលបាននូវការស្វាគមន៍ពីរបបយោធា។

ក្នុងអំឡុងពេលព្យុះស៊ីក្លូន «Nargis» ក្នុងឆ្នាំ ២០០៨ អាស៊ាន និងមីយ៉ាន់ម៉ា បានធ្វើការជាមួយគ្នាយ៉ាងជិតស្និតដើម្បីបង្កើតផែនការស្តារនីតិសម្បទានិងការកសាងឡើងវិញ សម្រាប់តំបន់ដែលរងការបំផ្លាញនៅទូទាំងប្រទេស ជាពិសេសតំបន់ដែនដីសណ្ត Irrawaddy Delta ។

នៅពេលនេះ ដោយមានទីតាំងជិតគ្នានឹងប្រទេសមីយ៉ាន់ម៉ា ជំនួយទាំងសំភារៈនិងសាច់ប្រាក់ពីអន្តរជាតិដែលនឹងត្រូវផ្តល់ទៅឱ្យប្រទេសមីយ៉ាន់ម៉ា នឹងត្រូវឆ្លងកាត់ប្រទេសថៃដែលអាចនឹងបង្កការស្មុគស្មាញថែម ទៀតដល់ទំនាក់ទំនងរវាងប្រទេសថៃ និងរបបយោធាមីយ៉ាន់ម៉ា។

ថ្មីៗនេះ រដ្ឋាភិបាលថៃបានបង្កើតច្បាប់ថ្មីមួយដើម្បីគ្រប់គ្រងលើអង្គការសង្គមស៊ីវិលអន្តរជាតិដែលមានការិយាល័យនៅក្នុងប្រទេសថៃដើម្បីធានាថា ពួកគេត្រូវមានតម្លាភាពក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ, ការធ្វើ
ប្រតិបត្តិការ ក៏ដូចជាគោលបំណងរួមរបស់ពួកគេ។

នាពេលនេះ ជំនួយថវិការបស់បរទេសអាចនឹងកើនឡើង ដើម្បីផ្តល់ការគាំទ្រដល់ចលនាតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជាក់ស្តែង ពួកគេនឹងត្រូវពឹងផ្អែកលើមូលដ្ឋានហិរញ្ញវត្ថុនៅក្នុងប្រទេសថៃ។

ប៉ុន្តែ អ្នកប្រើប្រាស់បណ្តាញសង្គមក៏បាននិងកំពុងព្យាយាមភ្ជាប់រដ្ឋប្រហារនៅមីយ៉ាន់ម៉ាជាមួយនឹងការវិវឌ្ឍផ្នែកនយោបាយនៅក្នុងប្រទេសថៃផងដែរ ខណៈដែលនៅក្នុងទីក្រុងបាងកកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមបាតុករបានឆក់យកឱកាសនេះដើម្បីធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃតាមរយៈការផ្ញើសារគាំទ្រដល់កងកម្លាំងប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ក៏ដូចជាចលនារំដោះផ្សេងៗទៀត៕ Bangkok Post