ខ្មែរប៉ុស្ដិ៍ Close

    តើនយោបាយការបរទេសរបស់កម្ពុជានៅថ្ងៃអនាគតអាចងាកចេញពីប្រទេសចិនដែរឬទេ?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1129
    តើនយោបាយការបរទេសរបស់កម្ពុជានៅថ្ងៃអនាគតអាចងាកចេញពីប្រទេសចិនដែរឬទេ?នាយករដ្ឋមន្ត្រីចិន Li Keqiang ធ្វើពិធីស្វាគមន៍នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន មុនការជួបពិភាក្សាការងារនៅវិមានប្រជាជននៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថត៖ Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន/ ហ្វេសប៊ុក)

    កម្ពុជាត្រូវបានចាត់ទុកជាកូនអុករបស់ចិនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារតែជំហរគាំទ្រចិន និងការពឹងផ្អែកយ៉ាងជ្រាលជ្រៅនៃសេដ្ឋកិច្ចរបស់កម្ពុជាលើចិន។ កម្ពុជាបានបន្តរក្សាចំណងមិត្តភាពដែកថែបជាមួយចិន ហើយចិនមានចំណែកប្រមាណ ៤៤% នៃការវិនិយោគផ្ទាល់ពីបរទេសសរុបរបស់កម្ពុជានៅចន្លោះឆ្នាំ ១៩៩៤ ដល់ ២០២១។

    ចិនក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាផងដែរ ជាមួយនឹងទំហំពាណិជ្ជកម្មរវាងប្រទសទាំងពីរ ដែលបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២២ បើទោះបីជាមានការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីវីរុសរាតត្បាត និងសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ ចាប់តាំងពីឆ្នាំ ២០១២ មក ចិនបានវ៉ាដាច់ប្រទេសជប៉ុនក្នុងនាមជាអ្នកផ្តល់ជំនួយអភិវឌ្ឍផ្លូវការដ៏ធំបំផុតរបស់កម្ពុជា និងក្នុងនាមជាអ្នកផ្តល់ប្រាក់កម្ចីឥតការប្រាក់។

    នៅពេលដែលកម្ពុជាចូលកាន់តំណែងជាប្រធានអាស៊ាននៅចុងឆ្នាំ ២០២១ មនុស្សជាច្រើនបានរំពឹងថា «កម្ពុជានឹងទទួលបរាជ័យម្តងទៀត ដូចគ្នានឹងកាលពីឆ្នាំ ២០១២ ដែរនៅពេលដែលអាស៊ានបានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមស្តីពីជំហរលើបញ្ហាសមុទ្រចិនខាងត្បូង»។ នៅឆ្នាំនោះ កម្ពុជាបានរងនូវការស្តីបន្ទោសចំពោះការមិនអាចចេញនូវសេចក្តីថ្លែងការណ៍រួមនេះ។

    ផ្ទុយពីការរំពឹងទុកទាំងនេះ កម្ពុជាបានបង្ហាញនូវគោលនយោបាយការបរទេសឯករាជ្យខ្លះ និងបានធ្វើការដឹកនាំចេញឆ្ងាយពីឥទ្ធិពលផ្ទាល់របស់ចិននៅក្នុងអំឡុងពេលកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២២។ នេះជាការវិវឌ្ឍដ៏គួរឱ្យសាទរសម្រាប់ប្រទេសមួយដែលបានចាប់ផ្តើមបង្ហាញចេញនូវជំហររបស់ខ្លួននៅក្នុងកិច្ចការការទូតអន្តរជាតិ។

    កម្ពុជាបានចាប់ផ្តើមតំណែងជាប្រធានអាស៊ានជាមួយនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីជួបជាមួយប្រមុខរបបយោធា Min Aung Hlaing។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋអាស៊ាន បើគិតចាប់តាំងពីរដ្ឋប្រហារយោធាបានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

    មនុស្សជាច្រើនបានរិះគន់លោក ហ៊ុន សែន ចំពោះការដើរហួសពីតួនាទីរបស់លោកក្នុងនាមជាប្រធានអាស៊ាន និងការផ្តល់នូវភាពស្របច្បាប់ដល់របបយោធា។ មនុស្សជាច្រើនបានសង្ស័យថា «ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ាត្រូវបានធ្វើឡើងតាមការបញ្ជារបស់ប្រទេសចិន»។

    ទោះជាយ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន មិនអាចនាំមកនូវការវិវឌ្ឍគួរឱ្យកត់សម្គាល់ណាមួយទាក់ទងនឹងការអនុវត្តចំណុចកុងសង់ស៊ីទាំង៥ ដែលបានព្រមព្រៀងដោយបណ្តាមេដឹកនាំអាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ានោះទេ។ ការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅខែកក្កដា ឆ្នាំ ២០២២ ដោយរបបយោធា បានក្លាយជាចំណុចរបត់មួយសម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។

    សូមអាន ប្រធានអាស៊ានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រហារជីវិតនៅមីយ៉ាន់ម៉ា

    ព្រឹត្តិការណ៍នេះបានផ្តល់នូវមេរៀនដ៏មានតម្លៃទាក់ទងនឹងការរក្សាតុល្យភាពរវាងផលប្រយោជន៍ក្នុងស្រុក, ភាពជាអ្នកដឹកនាំក្នុងតំបន់ និងឥទ្ធិពលរបស់ចិន។ កម្ពុជាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវវិធីសាស្រ្តរបស់ខ្លួនចំពោះប្រទេសមីយ៉ាន់ម៉ា តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយសមភាគីអាស៊ានឡើងវិញ និងបានបន្តមិនអញ្ជើញរបបយោធាឱ្យមកចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាន។

    ឯករាជ្យភាពរបស់កម្ពុជាមានលក្ខណៈកាន់តែជាក់ស្តែងនៅក្នុងជំហររបស់កម្ពុជាចំពោះសង្រ្គាមនៅអ៊ុយក្រែន។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ «កម្ពុជាបានថ្កោលទោសយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងបានបោះឆ្នោតគាំទ្រអធិបតេយ្យភាពរបស់អ៊ុយក្រែននៅក្នុងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ «ES-11/1» និង «ES-11/4» នៅខែមីនា និងខែតុលា ឆ្នាំ ២០២២»។

    សូមអាន ប្រធានអាស៊ានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រហារជីវិតនៅមីយ៉ាន់ម៉ា

    មនុស្សមួយចំនួនប្រហែលជាបានគិតទុកថា «កម្ពុជានឹងធ្វើតាមការដឹកនាំរបស់ចិនក្នុងការបដិសេធមិនថ្កោលទោសសកម្មភាពរបស់រុស្ស៊ី ឬរក្សានូវភាពអព្យាក្រឹត ដោយសារទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងរុស្ស៊ី»។ ប៉ុន្តែកម្ពុជាបានបន្តបង្ហាញការគាំទ្រចំពោះប្រជាជនអ៊ុយក្រែន ហើយកម្ពុជាគឺជាប្រទេសអាស៊ានតែមួយគត់ ដែលបានផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន តាមរយៈការផ្តល់ការបណ្តុះបណ្តាលនៅក្នុងការដោះមីន។

    កម្ពុជាក៏បានជួយសម្រួលដល់ការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន (TAC) ផងដែរ។ ការចូលជាសមាជិក TAC របស់អ៊ុយក្រែន បានបញ្ជូនសញ្ញាដ៏រឹងមាំមួយទៅកាន់រុស្ស៊ីថា «អាស៊ានគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីដែលជាគោលការណ៍ស្នូលនៃសន្ធិសញ្ញា TAC»។

    តាមរយៈការធ្វើបែបនេះ កម្ពុជាបានបង្ហាញឱ្យឃើញនូវការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដី ជាពិសេសក្នុងករណីកើតមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងដ៏ខ្លាំងទាំងពីរ គឺថៃ និងវៀតណាម។ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន កម្ពុជាបានអនុវត្តសកម្មភាពមួយចំនួន ដើម្បីផ្លាស់ទីចេញឆ្ងាយពីឥទ្ធិពលផ្ទាល់របស់ចិន។

    នេះគឺជាទិសដៅវិជ្ជមានសម្រាប់គោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា និងអាចផ្តល់នូវផលប្រយោជន៍ដល់ភាពស្របច្បាប់ដល់លោក ហ៊ុន សែន, ដល់ការពង្រឹងអំណាចនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា និងដល់កេរ្តិ៍ដំណែលរបស់លោក ហ៊ុន សែន។ លោក ហ៊ុន សែន កំពុងរៀបចំផែនការសម្រាប់ការផ្ទេរអំណាចទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។

    យោងតាមការស្ទង់មតិលើប្រជាជនអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៣ ដោយវិទ្យាស្ថាន ISEAS-Yusof Ishak «ប្រជាជនកម្ពុជាជាង ៩០% បានបង្ហាញនូវការគាំទ្រចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលរបស់ពួកគេចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន»។

    នេះគឺជាការវាយតម្លៃដ៏ខ្ពស់បំផុតនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន និងមានចំនួនខ្ពស់ជាងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានកិច្ចប្រជុំ G20 កាលពីឆ្នាំមុនទៅទៀត។ «ប្រធានាធិបតី Joko Widodo បានធ្វើកិច្ចការងារការទូតដើម្បីសម្រុះសម្រួលរវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏ប៉ុន្តែលោកបានទទួលការវាយតម្លៃគាំទ្រត្រឹមតែ ៥១,២% ប៉ុណ្ណោះពីពលរដ្ឋឥណ្ឌូណេស៊ី»។

    «សិង្ហបុរីដែលជារដ្ឋសមាជិកអាស៊ានតែមួយគត់ ដែលបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងរុស្សីបានទទួលការវាយតម្លៃគាំទ្រពីប្រជាជនចំនួន ៦៨,៣%»។ «ប្រទេសថៃដែលបានបោះឆ្នោតអនុប្បវាទនៅឯអង្គការសហប្រជាជាតិដើម្បីថ្កោលទោសចំពោះការកាត់បញ្ចូលទឹកដីរបស់អ៊ុយក្រែនដោយរុស្សី ទទួលបានការវាយតម្លៃគាំទ្រត្រឹមតែ ២៦,៤% ប៉ុណ្ណោះ»។

    សូមអាន ហេតុអ្វីបានជាប្រទេសសិង្ហបុរី ជ្រើសរើសការដាក់ទណ្ឌកម្មលើរុស្ស៊ី?

    «ការផ្លាស់ប្តូរជំហររបស់កម្ពុជាចំពោះអ៊ុយក្រែន មិនមែនជាការសម្រេចចិត្តភ្លាមៗនោះទេ ក៏ប៉ុន្តែវាត្រូវបានធ្វើឡើងដោយមានការគិតគូរផ្នែកយុទ្ធសាស្រ្តយ៉ាងប្រុងប្រយ័ត្នពាក់ព័ន្ធនឹងការអនុវត្តនូវឯករាជ្យភាពការទូត និងផលប្រយោជន៍ក្នុងស្រុក»។ «លោកខាងលិចបានកោតសរសើរកម្ពុជាជុំវិញទង្វើដ៏គួរឱ្យភ្ញាក់ផ្អើល និងក្លាហាននេះ»។

    មេដឹកនាំកម្ពុជាបច្ចុប្បន្នបាននិងកំពុងព្យាយាមត្រួសត្រាយផ្លូវដើម្បីពង្រឹងឡើងវិញនូវទំនាក់ទំនងជាមួយលោកខាងលិច ហើយនេះអាចជាការរៀបចំដ៏ល្អមួយសម្រាប់គណៈរដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត។ សរុបមក ការប៉ុនប៉ងរបស់លោក ហ៊ុន សែន ក្នុងការកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើឥទ្ធិពលរបស់ចិន បានបង្ហាញនូវលទ្ធផលវិជ្ជមានមួយចំនួន។

    ទី១ «ការដឹកនាំរបស់លោក ហ៊ុន សែន និងភាពស្របច្បាប់របស់គណបក្ស CPP» បានទទួលនូវការកើនឡើងនូវទំនុកចិត្តពីសំណាក់ប្រជាជនដែលបានបង្ហាញនូវការគាំទ្រចំពោះទិសដៅគោលនយោបាយការបរទេសរបស់លោក ដូចដែលត្រូវបានបង្ហាញដោយការស្ទង់មតិរបស់ ISEAS។

    ទី២ «ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។

    ទោះជាយ៉ាងណាក៏ដោយ បំណងប្រាថ្នានៃការអភិវឌ្ឍរបស់កម្ពុជា មិនបានធ្វើឱ្យកម្ពុជាពឹងផ្អែកជ្រុលហួសហេតុលើប្រទេសចិនឡើយ។ ក្រៅពីប្រទេសចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ ២០២២ របស់កម្ពុជាជាមួយកូរ៉េខាងត្បូង និងការចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP ត្រូវបានគេរំពឹងថានឹងជួយជំរុញការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា។

    នៅក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន វាគឺជាពេលវេលាដ៏ល្អខ្លាំងជាងពេលណាៗទាំងអស់សម្រាប់កម្ពុជាក្នុងការស្តារទំនាក់ទំនងរបស់ខ្លួនឡើងវិញជាមួយបណ្តាប្រទេសលោកខាងលិច ក៏ដូចជាការពង្រឹងការចូលរួមរបស់ខ្លួនជាមួយមហាអំណាចក្នុងតំបន់ក្រៅតែពីប្រទេសចិន ដើម្បីអាចធានាបាននូវសេដ្ឋកិច្ច និងសន្តិសុខនៅពេលអនាគតរបស់ខ្លួន។

    មេដឹកនាំជំនាន់ក្រោយរបស់កម្ពុជាត្រូវការនូវភាពស្របច្បាប់ទាំងនៅក្នុងស្រុកនិងក្រៅស្រុកដើម្បីបន្តការធ្វើពិពិធកម្មគោលនយោបាយការបរទេសរបស់ខ្លួននិងដើម្បីបង្ហាញថា «កម្ពុជាមិនបានពឹងផ្អែកទាំងស្រុងតែទៅលើប្រទេសចិនតែមួយនោះឡើយ»៕

    Fulcrum

    អត្ថបទទាក់ទង