ខ្មែរប៉ុស្ដិ៍ Close

សេចក្តីព្រាងច្បាប់ចំនួន៧ ត្រូវបានរដ្ឋសភាអនុម័ត នៅក្នុងសម័យប្រជុំលើកទី៦

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 96
សេចក្តីព្រាងច្បាប់ចំនួន៧ ត្រូវបានរដ្ឋសភាអនុម័ត នៅក្នុងសម័យប្រជុំលើកទី៦ សេចក្តីព្រាងច្បាប់ចំនួន៧ ត្រូវបានរដ្ឋសភាអនុម័ត នៅក្នុងសម័យប្រជុំលើកទី៦

សេចក្តីព្រាងច្បាប់ចំនួន៧ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង នៅក្នុងសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំពេញអង្គរដ្ឋសភានៅថ្ងៃនេះ មានរបៀបវារៈចំនួន៨ ដែលបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភាចូលរួមចំនួន ៨៣រូប។ ក្នុងនោះមានរបៀបវាៈទី១ ជាការបោះឆ្នោតជ្រើសតាំង លោក ម៉ែន កួន ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ក្រៅពីនោះគឺជាការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៧។

សេចក្តីព្រាងច្បាប់ចំនួន៧ ក្នុងចំណោម៨របៀបវារៈ ដែលត្រូវបានរដ្ឋសភាអនុម័តនេះ រួមមាន៖

  • សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
  • សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។
  • សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលន សាធារណរដ្ឋប្រជាមានិតចិន។
  • សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង។
  • សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣ មាត ១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ ន ច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជសរកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។
  • សេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
  • សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចពៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។

សេចក្តីព្រាងច្បាប់ទំាងនេះ ផ្តល់លទ្ធភាពកាន់តែប្រសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងរួមចំណែកជាមួយតំបន់ និងសកលលោក សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគតំបន់ ដោយពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ និងនាំមកនូវឱកាសទីផ្សារ និងការងារសម្រាប់អាជីវកម្ម និងប្រជាជននៅក្នុងប្រទេស និងតំបន់។

សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ សេចក្តីព្រាងច្បាប់នេះ នឹងទាក់ទាញលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាតាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច។

ការធ្វើទំនើបកម្ម ការង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខែ្សច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យាចំណេះដឹង និងចំណេះធ្វើ ជាដើម៕ Fresh News

អត្ថបទទាក់ទង