ខ្មែរប៉ុស្ដិ៍ Close

ការបង្កើតទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីបូព៌ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 75
ការបង្កើតទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីបូព៌ា ការបង្កើតទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីបូព៌ា

កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្តីពីកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីបូព៌ា កំពុងត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញ នៅក្នុងជំនួបទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីការរាតត្បាតនៃវីរុសកូវីដ-១៩។ ឆ្នាំ ២០២២ ត្រូវបានគេកត់សម្គាល់ថាជា «ឆ្នាំដំបូងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអាស៊ាន»។

កិច្ចសហប្រតិបត្តិការដ៏ល្អូកល្អើនរវាងប្រទេសចិននិងអាស៊ាន បានទទួលនូវការរីកចម្រើនយ៉ាងឆាប់រហ័ស។ សូម្បីតែនៅចំពេលកើតមានទុក្ខលំបាក ដែលបង្កឡើងដោយការរាតត្បាតនៃវីរុសកូវីដ-១៩ ក្ដី ក៏ភាគីទាំងពីរ នៅតែអាចរក្សាបាននូវទំនាក់ទំនងកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ។ ប្រធានាធិបតីចិន លោក Xi Jinping បានធ្វើការប្រាស្រ័យទាក់ទងផ្នែកយុទ្ធសាស្ត្រស៊ីជម្រៅជាមួយមេដឹកនាំរបស់បណ្តាប្រទេសអាស៊ាន ទៅតាមរបៀបផ្សេងៗគ្នា។

មេដឹកនាំអាស៊ានមួយចំនួនបានចូលរួមក្នុងពិធីបើកកីឡាអូឡាំពិករដូវរងារនៅទីក្រុងប៉េកាំង (Beijing Olympic Winter Games) នៅដើមឆ្នាំនេះ ហើយប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ក៏ទើបតែ បញ្ចប់ដំណើរទស្សនកិច្ចយ៉ាងជោគជ័យទៅកាន់ប្រទេសចិនផងដែរ។

រដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួនក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីដើមឆ្នាំនេះផងដែរ ហើយកាលពីខែមុនប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន៥ និងបានថ្លែងសុន្ទរកថាអំពីគោលនយោបាយដ៏សំខាន់មួយនៅឯលេខាធិការដ្ឋានអាស៊ានទៀតផង។ លើសពីនេះទៀត គណបក្សកុម្មុយនិស្តចិនក៏បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយនៅក្នុងបណ្តាប្រទេសអាស៊ានផងដែរ ទាំងក្នុងលក្ខណៈទ្វេភាគីនិងពហុភាគី។

ភាគីទាំងពីរបានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហារាតត្បាតនៃវីរុសកូវីដ-១៩ ដោយក្នុងនោះ បណ្តាប្រទេសអាស៊ានបានគាំទ្រពលរដ្ឋចិនដោយពុំមានការស្ទាក់ស្ទើរឡើយ នៅក្នុងពេលវេលាដ៏ស្រួចស្រាល់បំផុតនៃការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតនៅក្នុងប្រទេសចិន។ នៅពេលវីរុសនេះបានផ្ទុះឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសចិនក៏បានចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត និងថែមទាំងបានផ្តល់ជំនួយជាវ៉ាក់សាំងដល់បណ្តាប្រទេសអាស៊ានទៀតផង។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះបានបង្កើតជាគំរូដ៏ល្អមួយសម្រាប់កិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរាតត្បាតនៃវីរុសជាសកល។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏បានឈានដល់កម្រិតខ្ពស់ថ្មីផងដែរ ដោយក្នុងនោះប្រទេសចិននិងអាស៊ានបានក្លាយជាដៃគូធ្វើពាណិជ្ជកម្មដ៏ធំរវាងគ្នា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតខ្ពស់ជាងមុន ១០០ ដង បើប្រៀបធៀបនឹងទំហំពាណិជ្ជកម្មកាលពី ៣០ ឆ្នាំមុន ខណៈដែលការវិនិយោគផ្ទាល់សរុបបានកើនលើស ៣១០ ពាន់លានដុល្លារ។

ផ្លូវរថភ្លើងរវាងប្រទេសចិននិងឡាវត្រូវបានដាក់ឱ្យដំណើរការ ហើយវឌ្ឍនភាពក៏បានកើតមានឡើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់និងផ្លូវផងដែរ តួយ៉ាងដូចជាផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុង Jakarta និងទីក្រុង Bandung, ផ្លូវរថភ្លើងល្បឿនលឿនរវាងប្រទេសចិន និង ប្រទេសថៃ, គម្រោងប្រទេស ២ សួនឧទ្យានភ្លោះ (Two Countries, Twin Parks) រវាងប្រទេសចិននិងម៉ាឡេស៊ី និងរវាងប្រទេសចិន និងឥណ្ឌូណេស៊ី។

កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងភាគីទាំងពីរ ក៏កំពុងវិវឌ្ឍទៅមុខយ៉ាងល្អផងដែរ។ ឆ្នាំនេះគឺជាខួបទី ២០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC)។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមរវាងគ្រប់ភាគីទាំងអស់ DOC ត្រូវបានអនុវត្តយ៉ាងពេញលេញ និងយ៉ាងមានប្រសិទ្ធភាព ហើយការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិ (COC) ក៏កំពុងត្រូវបានជំរុញយ៉ាងសកម្មផងដែរ។

ស្ថានភាពនៅដែនសមុទ្រក៏មានស្ថិរភាពជាធម្មតា ខណៈដែលទំនាក់ទំនងផ្នែកសន្តិសុខយោធារវាងគ្នាក៏មានលក្ខណៈកាន់តែស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមផ្នែកសន្តិសុខ ដូចជាអំពើភេរវកម្ម, ការប្រែប្រួលអាកាសធាតុ, សន្តិសុខអុីនធឺណិត, បទល្មើសឆ្លងដែន បូករួមនឹងការទប់ស្កាត់និងការកាត់បន្ថយគ្រោះមហន្តរាយ ក៏បានផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កាផងដែរ។

ទំនាក់ទំនងរវាងចិននិងអាស៊ានបានវិវឌ្ឍទៅមុខយ៉ាងលឿន និងកំពុងត្រូវបានពង្រឹងកាន់តែលឿនរហ័ស។ ភាគីទាំងពីរកំពុងធ្វើដំណើររួមគ្នាសន្សឹមៗឆ្ពោះទៅរកគោលដៅនៃការកសាងតំបន់មួយប្រកបដោយសន្តិភាព, សុវត្ថិភាពនិងសន្តិសុខ, វិបុលភាព, ភាពស្រស់ស្អាត និងមេត្រីភាព។

ប្រទេសចិនតែងតែដើរតាមមាគ៌ានៃការអភិវឌ្ឍដោយសន្តិវិធី បូករួមនឹងការអនុវត្តនូវយុទ្ធសាស្ត្រឈ្នះៗស្តីពីការបើកចំហ ដោយចង់ធ្វើឱ្យតំបន់ជិតខាងមានសន្តិសុខ និងវិបុលភាព, មានទំនាក់ទំនងល្អូកល្អើន, មានភាពស្មោះត្រង់ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមកប្រកបដោយបរិយាប័ន្ន។ ប្រទេសចិនមានឆន្ទៈការពារបុព្វហេតុនៃគោលនយោបាយបើកចំហតំបន់ជាមួយអាស៊ាន, ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធានាឱ្យបាននូវកិច្ចសហប្រតិបត្តិការមិត្តភាពយូរអង្វែង និងប្រកបដោយស្ថិរភាពរវាងប្រទេសចិន និងអាស៊ាន។

ប្រទេសចិននិងអាស៊ានក៏បានពង្រឹងទំនុកចិត្តលើគ្នាទៅវិញទៅមកខាងផ្នែកនយោបាយផងដែរ បូករួមទាំងការប្រកាន់ភ្ជាប់ទៅនឹងគោលការណ៍យុទ្ធសាស្ត្រកម្រិតខ្ពស់ និងការផ្តល់សន្ទុះរឹងមាំដើម្បីលើកកម្ពស់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានប្រកបដោយអត្ថន័យ និងខ្លឹមសារដែលនឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងការកសាងសហគមន៍ចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធជាមួយនឹងការចែករំលែកអនាគតរួមគ្នា។

យើងអនុវត្តគោលនយោបាយបើកចំហតំបន់ និងការពារគោលនយោបាយពហុនិយមដ៏ពិតប្រាកដ។ ប្រទេសចិននឹងបន្តគាំទ្រមជ្ឈភាពអាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់, កសាងសហគមន៍អាស៊ាន និងផែនការកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ដោយយកអាស៊ានជាគោល និងការលើកកម្ពស់ការឯកភាពគ្នា និងការសម្របសម្រួលរវាងគ្នានៅក្នុងតំបន់។

ប្រទេសចិននឹងប្រឆាំងដាច់ខាតចំពោះប្រទេសណាដែលមានបំណងនាំមកនូវគោលគំនិតស្តីពីសង្គ្រាមត្រជាក់ ជម្លោះភូមិសាស្ត្រ និងការប្រឈមមុខដាក់គ្នាចូលមកក្នុងតំបន់។ ភាគីទាំងពីរនឹងស្វែងរកការអភិវឌ្ឍរួមគ្នា ហើយប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវយុទ្ធសាស្ត្រអភិវឌ្ឍបើកចំហបស់ខ្លួន ក៏ដូចជាការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងផ្តល់សន្ទុះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ-១៩, ការលើកកម្ពស់ភាពធន់នៃផលិតកម្មនិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការធានាឱ្យបាននូវការធ្វើពាណិជ្ជកម្មឆ្លងកាត់តំបន់ដោយរលូន។

ការដាក់ឱ្យដំណើរការតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានជំនាន់ទី៣ (China-ASEAN Free Trade Area) ក៏គួរត្រូវបានពន្លឿនផងដែរ ដើម្បីជំរុញការអនុវត្តពេញលេញ និងទាន់ពេលវេលានូវការធ្វើទំនើបកម្មនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ (RCEP)។ ការជំរុញកិច្ចសហប្រតិបត្តិការលើនវានុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ជារឿងសំខាន់ផងដែរ ដើម្បីផ្តល់សន្ទុះថ្មីដល់ការអភិវឌ្ឍនៅក្នុងតំបន់។

ភាគីទាំងពីរគួរតែបង្កើនការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការពង្រឹងការតភ្ជាប់ប្រព័ន្ធឌីជីថល និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់តំបន់មួយដែលមានកម្រិតកាបូនទាប និងមានភាពបៃតងច្រើន បូករួមនឹងការបង្កើតវេទិការកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថាមពលស្អាត។

ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ។ ការអភិវឌ្ឍទៅមុខយ៉ាងលឿននៃទំនាក់ទំនងទ្វេភាគីមិនអាចសម្រេចបាននោះទេ បើគ្មានការគាំទ្រដ៏រឹងមាំពីប្រជាជនជាង ២ ពាន់លាននាក់នៅក្នុងប្រទេសទាំង ១១។ នៅមុនការរាតត្បាតនៃវីរុសកូវីដ-១៩ ការផ្លាស់ប្តូរនិងដំណើរទស្សនកិច្ចប្រចាំឆ្នាំរវាងប្រទេសចិននិងអាស៊ាន មានការចូលរួមពីមនុស្សជាង ៦០ លាននាក់។

នៅពេលបច្ចុប្បន្ន ភាគីទាំងពីរគួរតែពង្រឹងការធ្វើផែនការ និងការត្រៀមខ្លួនសម្រាប់ការបន្តផ្លាស់ប្តូរមន្ត្រីនៅក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាការលើកកម្ពស់ការប្រាស្រ័យទាក់ទងរវាងគ្នាឱ្យបានកាន់តែជិតស្និទ្ធផ្នែកវប្បធម៌, ទេសចរណ៍, ការសិក្សាស្រាវជ្រាវ, បណ្តាញផ្សព្វផ្សាយ, ស្ត្រី, កីឡា, កិច្ចការក្នុងស្រុក និងវិស័យផ្សេងៗទៀត។

យើងគួរតែអភិវឌ្ឍឱ្យបានពេញលេញនូវមូលនិធិកិច្ចសហប្រតិបត្តិការចិន-អាស៊ាន, រៀបចំបង្កើតគម្រោងសំខាន់ៗពាក់ព័ន្ធនឹងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ ដូចជាការបង្កើតកម្មវិធីអាហារូបករណ៍សម្រាប់មេដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship), ការប្រកួតប្រជែងវីដេអូខ្លីៗស្តីពីកិច្ចសហប្រតិបត្តិការ និងមិត្តភាពអាស៊ាន-ចិន (ASEAN-China Friendship and Cooperation Short Video Contest) និងការប្រកួតប្រជែងនិពន្ធស្តីពីសំឡេងយុវជនសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន (Youth Voice for ASEAN-China Cooperation Writing Competition)។

ដោយឈរលើចំណុចចាប់ផ្តើមថ្មីជាប្រវត្តិសាស្ត្រ ភាគីចិនមានឆន្ទៈធ្វើការជាមួយបណ្តាប្រទេសអាស៊ានដើម្បីការពារសន្តិភាព, ឯករាជ្យភាព, ការអភិវឌ្ឍ និងបរិយាប័ន្ន បូករួមនឹងការពង្រឹងការប្តេជ្ញាចិត្តចំពោះគោលនយោបាយបើកចំហតំបន់, ការកសាងតំបន់ប្រកបដោយសន្តិភាព សុវត្ថិភាព និងសន្តិសុខនិងការបង្កើតទំព័រថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់៕

Jakarta Post

អត្ថបទទាក់ទង