ខ្មែរប៉ុស្ដិ៍ Close

ពិធីបើកសម័យប្រជុំលើកដំបូង រដ្ឋសភាកម្ពុជានីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 75
ពិធីបើកសម័យប្រជុំលើកដំបូង រដ្ឋសភាកម្ពុជានីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ ពិធីបើកសម័យប្រជុំលើកដំបូង រដ្ឋសភាកម្ពុជានីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានីតិកាលទី៧កម្ពុជា បានប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានអញ្ជើញចូលរួមជាកិត្តិយសផងដែរ ។

ថ្លែងសារក្នុងពិធីបើកសម័យប្រជុំលើកដំបូងនីតិកាលទី៧ ព្រះមហាក្សត្រ បានថ្លែងនៃសេចក្តីសោមនស្សរីករាយចំពោះសម័យប្រជុំលើកដំបូងនីតិកាលទី៧ ដែលបានកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា។ ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានជំរុញឱ្យរដ្ឋាភិបាលអាណត្តិថ្មីបន្ត យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ បន្តជួយឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ រស់នៅស្មើមុខស្មើមាត់គ្នាក្នុងសង្គម មាការងារធ្វើសមរម្យទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន មានសិទ្ធិសេរីភាពពេញលេញចំពោះមុខច្បាប់ និងរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តតរៀងទៅ។

គួរបញ្ជាក់ថា បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូង សម័យប្រជុំរដ្ឋសភា នីតិកាលទី៧ នឹងផ្ដើមការងារក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧ ។ ចំណែកនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។

បើយោងតាមសារសម្លេង សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់តួនាទីរបស់ស្ត្រី។ ឯកឧត្តម ជាម យៀប អនុប្រធានទី១ នៅតែជាអនុប្រធានទី១ ដដែល និងឯកឧត្តម វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយជាអនុប្រធានទី២ នៃរដ្ឋសភា៕


 

អត្ថបទទាក់ទង