ខ្មែរប៉ុស្ដិ៍ Close

ចក្រភពអង់គ្លេសមានទំនោរឆ្ពោះទៅរកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 72
ចក្រភពអង់គ្លេសមានទំនោរឆ្ពោះទៅរកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Dominic Raab

ក្នុងពេលឆាប់ៗនេះ ចក្រភពអង់គ្លេសនឹងក្លាយទៅជាដៃគូសន្ទនាពេញលេញទី ១១ របស់អាស៊ាន បន្ទាប់ពីក្រុមនេះបានសម្រេចចិត្តទទួលយកអនុសាសន៍របស់លេខាធិការដ្ឋានអាស៊ាន ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យមានការផ្តល់ឋានៈជាដៃគូសន្ទនាកាលពីខែមេសា ឆ្នាំ ២០២១ ។

ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab មកកាន់តំបន់អាស៊ីអាគ្នេយ៍កាលពីដើមខែមេសាឆ្នាំ ២០២១ បូករួមនឹងកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់មន្រ្តីអង់គ្លេស ដើម្បីបង្ហាញអំពីការចង់ពង្រឹងការចូលរួមរបស់ខ្លួនជាមួយតំបន់អាស៊ីអាគ្នេយ៍។

ចក្រភពអង់គ្លេសបានបង្កើតឱ្យមានមុខតំណែងធំៗ និងថ្មីៗជាច្រើន បន្ទាប់ពីការចាកចេញពីសហភាពអឺរ៉ុបដើម្បីបង្កើនការចូលរួមរបស់ខ្លួនជាមួយតំបន់អាស៊ីអាគ្នេយ៍ដែលនេះរួមបញ្ចូលទាំងការិយាល័យបុគ្គលិកការពារជាតិអង់គ្លេស ដែលមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរី និងប្រធានពាណិជ្ជកមប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០១៨ ក៏ដូចជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាននៅខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលមុខតំណែងទាំងនេះ បានក្លាយជាចំណុចស្នូលនៅក្នុងកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាយុទ្ធសាស្ត្រ។

ការសម្រេចចិត្តរបស់អាស៊ានអាចជារឿងមួយដែលមិនអាចជៀសបាន ជាពិសេសបន្ទាប់ពីប្លុកនេះបានផ្អាកជាយូរមកហើយនូវការទទួលយកដៃគូសន្ទនាថ្មី ហើយនៅឆ្នាំ ២០២០ មនុស្សមួយចំនួនបានគិតថា «អាស៊ានអាចនឹងមានការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងសំណើរបស់ចក្រភពអង់គ្លេស» ជាពិសេស ខណៈពេលដែលអាស៊ានបាននិងកំពុងជាប់ដៃដោះស្រាយបញ្ហារដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក៏ប៉ុន្តែ លទ្ធផលនៃការសម្រេចចិត្តរបស់អាស៊ាននាពេលនេះ អាចមានជាប់ព័ន្ធនឹងបញ្ហាពេលវេលា និងភាពខ្លាំងរបស់អង់គ្លេស។ នៅមុនពេលចាកចេញពីសហភាពអឺរ៉ុប(EU) ចក្រភពអង់គ្លេសក៏បានទទួលឋានៈជាដៃគូសន្ទនាជាមួយអាស៊ានផងដែរ តាមរយៈសមាជិកភាព EU របស់ខ្លួន។

ក្រៅពីទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយតំបន់នេះ វត្តមានយោធារបស់អង់គ្លេសដែលនៅសេសសល់ក្នុងប្រទេសប្រ៊ុយណេ និងសមាជិកភាពនៃកិច្ចព្រមព្រៀងមហាអំណាចការពារជាតិទាំង 5 (Five Power Defence Arrangement) ចក្រភពអង់គ្លេសក៏បានចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ានក្នុងឆ្នាំ ២០១២ ផងដែរ។

នៅចន្លោះខែសីហា ឆ្នាំ ២០២០ ដល់ខែមេសា ឆ្នាំ២០២១ កិច្ចសន្ទនាសេដ្ឋកិច្ច និងកិច្ចប្រជុំ Troika រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសត្រូវបានរៀបចំឡើង។ កិច្ចប្រជុំ Troika នៅ ក្នុងខែមេសាបានផ្តោតលើបញ្ហាវីរុសកូវីដ-១៩ និងវិស័យផ្សេងៗទៀតនៃកិច្ចសហប្រតិបត្តិការ បូករួមទាំងការសម្របខ្លួនទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន-អង់គ្លេស និងការពង្រឹងទំនាក់ទំនងបច្ចេកវិទ្យា។

អង់គ្លេសក៏បានធ្វើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ ដោយក្នុងនោះរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Raab បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Jakarta កាលពីខែមេសា ឆ្នាំ ២០២១ ដើម្បីចូលរួមក្នុង «វេទិកាលើកទី៣ ស្តីពីភាពជាដៃគូ» «Third Partnership Forum» និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើតគណៈកម្មាធិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរួមគ្នា ជាមួយប្រទេសឥណ្ឌូណេស៊ី ដើម្បីដោះស្រាយឧបសគ្គនានា ដែលពាក់ព័ន្ធនឹងការចូលទៅកាន់ទីផ្សារ។

នៅពេលដែលចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន ការចូលរួមរបស់អង់គ្លេសនៅក្នុងវិស័យពហុភាគី នឹងមានការកើនឡើងបន្ថែមទៀត ជាពិសេសនៅពេលដែលអង់គ្លេសចូលរួមនៅក្នុងវេទិកានានា ដូចជាវេទិកាតំបន់អាស៊ាន ក៏ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ ចក្រភពអង់គ្លេសក៏អាចនឹងក្លាយជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាផងដែរ។

ចក្រភពអង់គ្លេសក៏អាចនឹងបង្កើនការយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាស៊ាន ដែលមន្រ្តីអង់គ្លេសបានកំណត់ជាចំណុចអាទិភាពដ៏ខ្ពស់មួយ ហើយនៅពេលអនាគត ការខិតខំប្រឹងប្រែងរបស់របស់ចក្រភពអង់គ្លេសក៏អាចនឹងផ្តោតលើការទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ឬ «CPTPP» «Comprehensive and Progressive Agreement for Trans-Pacific Partnership»។

ដោយមើលឃើញអំពីភាពខុសគ្នានៃវប្បធម៌ការទូត របៀបដែលចក្រភពអង់គ្លេសនិងបណ្តារដ្ឋអាស៊ានដោះស្រាយបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចក្លាយជាកត្តាកំណត់ដ៏សំខាន់នៃភាពជាដៃគូ។

នៅពេលដែលអង់គ្លេសបានឆ្លើយតបយ៉ាងខ្លាំងចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា វាបានបង្ហាញថា «ចក្រភពអង់គ្លេសនៅតែប្រកាន់ខ្ជាប់នូវរបៀបវារៈស្តីពីគុណតម្លៃរបស់ខ្លួន» បើទោះបីជាវាអាចធ្វើឱ្យអាស៊ានសើរើឡើងវិញនូវពាក្យស្នើរសុំរបស់ខ្លួនសម្រាប់ឋានៈជាដៃគូសន្ទនាក៏ដោយ។

ជាមួយនឹងលទ្ធិប្រជាធិបតេយ្យនៅតំបន់អាស៊ីអាគ្នេយ៍ដែល កំពុងតែដើរថយក្រោយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វាមិនច្បាស់ទេថា «តើការសង្កត់ធ្ងន់របស់ចក្រភពអង់គ្លេសទៅលើតម្រូវការនៃការពង្រឹង និងការពារសង្គមនិងសេដ្ឋកិច្ចបើកចំហ នឹងអាចទទួលបានការ ចូលរួមយ៉ាងពេញលេញនៅក្នុងតំបន់អាស៊ានដែរឬទេ»។

ការចូលរួមជាថ្មីម្តងទៀតនាពេលបច្ចុប្បន្ននេះ ជាមួយតំបន់អាស៊ីអាគ្នេយ៍ គឺជាផ្នែកមួយនៃគោលបំណងក្នុងការរក្សាតុល្យភាពគោលនយោបាយ និងសន្តិសុខការបរទេសរបស់ចក្រភពអង់គ្លេស។

របាយការណ៍ស្តីពីការពិនិត្យរួមរបស់រដ្ឋាភិបាលលើបញ្ហាសន្តិសុខ ការពារជាតិ ការអភិវឌ្ឍ និងគោលនយោបាយការបរទេសបានកំណត់ថា «ប្រទេសចិនគឺជាដៃគូប្រកួតប្រជែងជាប្រព័ន្ធ»។

ហើយនៅក្នុងបរិបទនេះ ចក្រភពអង់គ្លេសពិតជាមានការចាប់អារម្មណ៍ខ្លាំងលើការថែរក្សាសណ្តាប់ធ្នាប់ដែលមានស្រាប់ និងការធ្វើឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិមានលក្ខណៈកាន់តែបើកចំហនាពេលអនាគត។

ការចូលរួមផ្នែកការពារជាតិគឺជាចំណុចអាទិភាពមួយរបស់ចក្រភពអង់គ្លេស។ នាវាដឹកយន្តហោះ «HMS Queen Elizabeth» បច្ចុប្បន្ន កំពុងដឹកនាំនាវាវាយប្រហារទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនេះបានបង្ហាញអំពីសករាជថ្មីនៃអំណាច នៅដែនសមុទ្ររបស់អង់គ្លេស។

ដូចដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ការពារជាតិរបស់អង់គ្លេសនាពេលថ្មីៗនេះ ចក្រភពអង់គ្លេស មានគោលបំណងបង្កើនវត្តមានឱ្យបានកាន់តែសកម្ម និងស្ថិតស្ថេរជាងមុនបន្ថែមទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយការធ្វើបែបនេះ នឹងរួមបញ្ចូលទាំងការដាក់ពង្រាយនាវាល្បាតនៅឯនាយសមុទ្រចំនួន ២ ទៅកាន់តំបន់នេះចាប់ពីឆ្នាំ ២០២១ នេះតទៅ ខណៈដែលក្រុមឆ្លើយតបនៅដែនសមុទ្រត្រូវបានរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកចាប់ពីឆ្នាំ ២០២៣ ខាងមុខនេះតទៅ។

វិស័យការទូតរបស់ចក្រភពអង់គ្លេស នឹងត្រូវរក្សាតុល្យភាពពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងការចូលរួមជាមួយអាស៊ាន ខណៈពេលដែលអង់គ្លេសក៏ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសន្តិសុខនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែល បានលើកឡើងនូវទស្សនៈសង្ស័យលើ សមត្ថភាពរួមនិងឆន្ទៈរួមរបស់ក្រុមក្នុងការក្រោកឈរប្រឆាំងនឹងប្រទេសចិន បូករួមនឹងការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែក លើច្បាប់។

ការទទួលបានឋានៈជាដៃគូសន្ទនារបស់អាស៊ានបន្ទាប់ពី Brexit នឹងក្លាយជាគោលដៅការទូតដ៏សំខាន់មួយរបស់ចក្រភពអង់គ្លេស នៅក្នុងបរិបទនៃ «មហិច្ឆតាសកលរបស់អង់គ្លេស» ហើយវាក៏នឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយរបស់អង់គ្លេសក្នុងការបោះជំហានឆ្ពោះទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕ East Asia Forum

អត្ថបទទាក់ទង