តើជប៉ុនអាចបញ្ចុះបញ្ចូលអាស៊ានឱ្យងាកមកប្រឆាំងជាមួយរុស្ស៊ីនិងចិន បានដែរឬទេ?
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ជប៉ុន Fumio Kishida នៅក្នុងអំឡុងថ្ងៃឈប់សម្រាក «Golden Week» បានបង្ហាញឱ្យឃើញអំពីតួនាទីរបស់ជប៉ុននៅក្នុងពេលបច្ចុប្បន្ននេះ។ លោកទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលរួមមានដូចជាឥណ្ឌូណេស៊ី, វៀតណាម និងថៃ ហើយពេលនេះ លោកកំពុងបន្តដំណើរទៅកាន់អ៊ីតាលី និងចក្រភពអង់គ្លេស។
ក្នុងនាមជាអ្នកតំណាងរបស់តំបន់អាស៊ីនៅក្នុងក្រុមប្រទេស G7 ជប៉ុនមានបេសកកម្មដ៏សំខាន់មួយ ដែលនោះគឺ «ការធ្វើជាស្ពានតភ្ជាប់រវាងលោកខាងលិច និងអាស៊ាន»។ កាលពីខែមុនលោក Kishida ក៏បានជួបជាមួយមេដឹកនាំកម្ពុជានិងឡាវផងដែរ។
នៅក្នុងជំនួបទាំង នោះ លោកបានព្រមានអំពីហានិភ័យនៃចេតនាក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ដោយប្រើប្រាស់កម្លាំង ក៏ប៉ុន្តែលោកមិនបានលើកឡើងចំឈ្មោះប្រទេសរុស្ស៊ីនោះទេ។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចចុងក្រោយនេះ លោកនិងប្រទេសជាម្ចាស់ផ្ទះ បានយល់ស្របលើតម្រូវការក្នុងការបង្កើតឱ្យមានបទឈប់បាញ់គ្នានៅក្នុងប្រទេសអ៊ុយក្រែន បូករួមនឹងការផ្តល់ជំនួយមនុស្សធម៌។
ឥណ្ឌូណេស៊ី គឺជាសមាជិកស្នូលរបស់អាស៊ាននៅក្នុងក្រុមប្រទេស G20 ហើយក៏ជាប្រធានក្រុម G20 សម្រាប់ឆ្នាំនេះផងដែរ។ បញ្ហាថា «តើប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងចូលរួមនៅក្នុងកិច្ចប្រជុំ G20 ដែរឬអត់» នឹងក្លាយជាប្រភពនៃការខ្វែងគំនិតគ្នានៅក្នុងចំណោមប្រទេសជាសមាជិក។
ប្រទេសថៃគឺជាប្រធានវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នៅឆ្នាំនេះ។ ប្រទេសជប៉ុនរួមជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប មានតួនាទីដ៏សំខាន់មួយក្នុងការធ្វើឱ្យសាធារណៈមតិនៅលើឆាកអន្តរជាតិងាកទៅប្រឆាំងនឹងរុស្ស៊ី។
ប្រទេសអាស៊ីជាច្រើនបានរក្សាទំនាក់ទំនងជាមួយរុស្ស៊ី បើទោះបីជារុស្ស៊ីបាននិងកំពុងឈ្លានពានប្រទេសអ៊ុយក្រែនក៏ដោយ។ វៀតណាមនិងឡាវ បានបោះឆ្នោតអនុប្បវាទនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលជំរុញឱ្យមានការថ្កោលទោសលើប្រទេសរុស្ស៊ី។
ទន្ទឹមនឹងនេះដែរ ជប៉ុនបានបន្តអំពាវនាវឱ្យបណ្តាប្រទេសទាំង នេះចូលរួមនៅក្នុងសម្ព័ន្ធភាពនៃប្រទេសដែលប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ី។ បណ្តាប្រទេសអាស៊ានមិនស្រណុកចិត្តជាមួយនឹងក្រុម Quad និងកិច្ចព្រមព្រៀង AUKUS នោះទេ ពីព្រោះការផ្តួចផ្តើមគំនិតដែលដឹកនាំដោយអាមេរិកទាំងនេះមានគោលដៅទប់ទល់ប្រឆាំងនឹងចិន។
បណ្តាប្រទេសអាស៊ានតែងតែប្រឈមនឹងការបង្ខំឱ្យជ្រើសរើសយកភាគីណាមួយនៅក្នុងការប្រកួតប្រជែងដ៏តានតឹងរវាងសហរដ្ឋអាមេរិកនិងចិន។ ពួកគេកំពុងមានការ ព្រួយបារម្ភថា «សណ្តាប់ធ្នាប់ថ្មីមួយនៅក្នុងតំបន់អាចនឹងលេចរូបរាងឡើងដោយមិនរាប់បញ្ចូលពួកគេ»។
សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំពិសេសមួយនៅទីក្រុងវ៉ាស៊ីនតោនជាមួយអាស៊ាននៅក្នុងខែនេះ។ នៅមុនកិច្ចប្រជុំដ៏សំខាន់នេះ សហរដ្ឋអាមេរិកបានងាកទៅរកប្រទេសជប៉ុនដែលជាប្រទេសមួយ ដែលមានទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយបណ្តាប្រទេសអាស៊ានដើម្បីឱ្យជប៉ុនជួយលុបបំបាត់ការមិនទុកចិត្តលើអាមេរិកនៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។
តួនាទីរបស់ជប៉ុន ក្នុងនាមជាអន្តរការី បានរីកកាន់តែធំ និងមានសារៈសំខាន់កាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ យើងសង្ឃឹមថា «ប្រទេសជប៉ុននឹងបន្តខិតខំធ្វើការដោយឥតនឿយហត់ក្នុងការ បញ្ចុះបញ្ចូលប្រទេសឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន ឱ្យមកចូលរួមជាមួយលោកខាងលិចដើម្បីដោះស្រាយបញ្ហានៅអ៊ុយក្រែន»។
សហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែបង្ហាញនូវសាមគ្គីភាពក្នុងការរារាំងរុស្ស៊ីពីការបន្តធ្វើ សកម្មភាពតាមតែអំពើចិត្ត។ វានឹងក្លាយជាការធ្វើតេស្តសាកល្បងដ៏សំខាន់លើសមត្ថភាពរបស់ជប៉ុនក្នុងការអាច ឬមិនអាចធ្វើឱ្យអាស៊ានងាកមកចូល រួមជាមួយខ្លួន និងថា «តើកម្លាំងសាមគ្គីស្រដៀងគ្នានេះអាចនឹងបង្កើតឡើងបានដែរឬទេក្នុងករណីចិនមានបំណងផ្លាស់ប្តូរស្ថានការណ៍ណា មួយដោយបង្ខំនៅថ្ងៃអនាគត»។ Nikkei Asia