ខ្មែរប៉ុស្ដិ៍ Close

ការបង្កើតមុខរបរថ្មីឱ្យពលរដ្ឋនៅតំបន់ការពារធម្មជាតិ នឹងធ្វើឱ្យការអភិរក្សព្រៃឈើ មានភាពប្រសើរឡើង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 75
ការបង្កើតមុខរបរថ្មីឱ្យពលរដ្ឋនៅតំបន់ការពារធម្មជាតិ នឹងធ្វើឱ្យការអភិរក្សព្រៃឈើ មានភាពប្រសើរឡើង ការបង្កើតមុខរបរថ្មីឱ្យពលរដ្ឋនៅតំបន់ការពារធម្មជាតិ នឹងធ្វើឱ្យការអភិរក្សព្រៃឈើ មានភាពប្រសើរឡើង

ឯកឧត្តម នេត្រ ភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា គោលនយោបាយ បង្កើតមុខរបរថ្មីឱ្យពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ នឹងជួយឱ្យពួកគាត់ ឈប់ចូលព្រៃកាប់ឈើ និងបរបាញ់ និងដាក់អន្ទាក់ចាប់សត្វ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យសហគមន៍ដាំបន្លែ បន្ទាប់ពីទស្សនកិច្ច នៅដែនជម្រកសត្វព្រៃ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ការបង្កើតនូវជម្រើសថ្មី ជូនដល់ប្រជាពលរដ្ឋ តាមរយៈបង្កើតនូវមុខរបរថ្មីសម្រាប់បង្កើតនូវចំណូល ដូចជា ការដាំដុះបន្លែ ចិញ្ចឹមសត្វ និងបង្កើតទីផ្សារសម្រាប់សហគមន៍របស់ពួកគាត់ នឹងធ្វើឱ្យ ពួកគាត់ឈប់ចូលព្រៃដើម្បីបំផ្លិចបំផ្លាញធនធានធម្មជាតិទៀតហើយ។ ឯកឧត្តម មានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង បរិស្ថានជាសេនាធិការ បាននិងកំពុងតែគ្រប់គ្រងតំបន់អភិរក្សនៅក្នុងប្រទេសកម្ពុជា ដោយការកសាងរបងរស់រឹងមាំនៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ តាមរយៈឱ្យ ប្រជាសហគមន៍ដែលកំពុងរស់នៅជុំវិញតំបន់ទាំងនោះ ទទួលបាននូវបច្ចេកទេសដូចជា ការចិញ្ចឹមសត្វ ការដាំបន្លែបង្ការផ្សេងៗដើម្បីបង្កើនចំណូលគ្រួសាររបស់ពួកគាត់។

លោក ងីម ឡាប៉េ កសិករគំរូនៅសហគមន៍ការពារធម្មជាតិភូមិអរបួន ឃុំអរបួន ស្រុក កោះញែក ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រុមគ្រួសាររបស់លោក ក៏ដូចជាអ្នកភូមិ ផ្សេងទៀត មិនបានចូលព្រៃដើម្បីកាប់ឈើ ឬ ដាក់អន្ទាក់ចាប់សត្វទៀតនោះឡើយ ក្រោយបានទទួលការគាំទ្រផ្នែកបច្ចេកទេសទៅលើការដាំបន្លែសរីរាង្គ មានដូចជា ម្ទេស ប៉េងប៉ោះ ស្បៃក្តោប ត្រប់ និង ផលិតផលបន្លែបង្ការផ្សេងៗទៀត។ លោកថា មុខរបរថ្មីនេះមិនធ្វើឱ្យគ្រួសាររបស់លោកជួបការខ្វះខាតនូវជីវភាពទៀតឡើយ និង មានលទ្ធភាពផ្គត់ផ្គង់ការសិក្សារៀនសូត្រដល់កូនៗរបស់គាត់ថែមទៀតផង ខណៈកាល ពីលើកមុនលោកធ្លាប់ជាអ្នករកស៊ីទិញឈើពីប្រជាជនដើម្បីលក់បន្តមានជីវភាពមិនសូវធូរធារ ថែមទាំងក្នុងគ្រាប្រឈមនឹងមុខច្បាប់។

បើតាមការឱ្យដឹងពីលោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់WWF ប្រចាំកម្ពុជាបានបញ្ជាក់ថា អង្គការWWF បានសហការជាមួយក្រសួង បរិស្ថាន ធ្វើការគាំទ្រលើតំបន់សហគមន៍តំបន់ការពារធម្មជាតិចំនួន១៨ នៅខេត្ត មណ្ឌលគិរី ដើម្បីជួយកែប្រែជីវភាពពលរដ្ឋដោយបណ្តុះបណ្តាលបច្ចេកទេស និងគាំទ្របង្កើតមុខរបរថ្មី។ លោកថា សហគមន៍ការពារធម្មជាតិអរបួនលើដែលនៅ ក្នុងតំបន់ជម្រកសត្វព្រៃស្រែពក គឺជាឧទាហរណ៍មួយ ដោយគ្រាន់តែនៅក្នុងមួយឆ្នាំ សហគមន៍នេះប្រមូលអនុផលព្រៃឈើដែលមានជ័រចុង ទឹកឃ្មុំ ផ្សិតប៉ក់ ផ្សិតក្ងោក ឫសឈើសម្រាប់ផ្សំថ្នាំ និងការដាំបន្លែធម្មជាតិ ជាដើមនេះ អាចបានរកចំណូលរហូត ដល់៣២១លានរៀល ឬស្មើប្រមាណជាង៨ម៉ឺនដុល្លារអាមេរិក៕

អត្ថបទទាក់ទង