ខ្មែរប៉ុស្ដិ៍ Close

លោក នេត្រ ភក្ត្រា ៖ បញ្ហាព្រៃឡង់ កំពុងត្រូវបានគេធ្វើនយោបាយតូបនីយកម្ម និងចិញ្ចឹមទំនាស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 33

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងនៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះថា ក្រសួងបរិស្ថាន សូមស្វាគមន៍ចំពោះដៃគូអភិវឌ្ឍន៍ដែលបានបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹង ការងារការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ជាពិសេស ការអភិរក្សនៅដែនជម្រកសត្វព្រៃព្រៃឡង់។

បញ្ហាព្រៃឡង់ដែលត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ត្រូវបានសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនយកទៅធ្វើនយោបាយតូបនីយកម្ម និងព្យាយាមចិញ្ចឹមទំនាស់ ដើម្បីបង្កើតជាលេសវាយប្រហារលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិរបសរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ដែលជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិ ជាជាងការធ្វើកិច្ចសហការដោយស្មោះត្រង់ ហើយពួកគេមិនបានវាយតម្លៃជារួមលើភាពប្រសើរឡើងនៃការពារ និងអភិរក្សធនធាន ធម្មជាតិទាំងមូលដែលរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធខិតខំប្រឹងធ្វើនោះទេ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ ធ្វើឡើងក្រោយពេលដែលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតខ្លួននៅរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានមួយបង្ហាញក្តីកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការបំផ្លាញព្រៃឈើ ដែលចេះតែបន្តមាន នៅតំបន់ការពារនៃប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានសរសេរថា៖

«យើងគាំទ្រការធ្វើសហប្រតិបត្តិការជាមួយសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យជីវសាស្រ្តចម្រុះដ៏សម្បូរបែប នៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអភិរក្ស។ ការបាត់បង់ព្រៃឈើ នៅព្រៃឡង់ និង នៅទូទាំងប្រទេស មានការទាក់ទងនឹងកត្តាមួយចំនួន ដែលរួមមានការពង្រឹងការអនុវត្តច្បាប់ នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង នេះ អ្នកពាក់ព័ន្ធនៅថ្នាក់អាជ្ញាធមូលដ្ឋាន អាជ្ញាធរខេត្ត និងជាតិទូទាំងក្រសួងស្ថាប័នពាក់ព័ន្ទាំងអស់ ត្រូវតែដើរស្របគ្នា ក្នុងការងារអភិរក្សតំបន់ការពារដូចជាព្រៃឡង់»។

សេចក្តីប្រកាសព័ត៌មានដដែល បានបន្តទៀតថា ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID ធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមទាំង នេះ ដោយលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានតម្លាភាព និងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្ម របស់សហគមន៍ ហើយផ្តល់ជម្រើសផ្សេង ក្នុងការប្រកបជីវភាពរស់នៅ។ តាមរយៈគម្រោងព្រៃឡង់បៃតង (GPL) របស់ទីភ្នាក់ងារ USAID យើងជួយសហគមន៍មូលដ្ឋាន ដូចជាសមាជិក នៃបណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅក្នុងការងារល្បាតរួមគ្នានៅព្រៃឡង់ ជាមួយក្រសួងបរិស្ថាន។ សកម្មភាពភាគច្រើនរបស់ (GPL) ផ្តល់ប្រយោជន៍ ដោយផ្ទាល់ ដល់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងការងារអភិរក្ស ហើយគ្មានថវិកាណាត្រូវបានផ្តល់ឲ្យតាមរយៈប្រព័ន្ធរដ្ឋាភិបាលឡើយ។ យើងបន្តធ្វើការដោយផ្ទាល់ ជាមួយ PLCN និងក្រសួងបរិស្ថាន ដើម្បីគាំទ្រកិច្ចពិភាក្សា ដើម្បីឲ្យគេអាចធ្វើការជាមួយគ្នា ក្នុងគោលដៅរួមក្នុងការការពារព្រៃឡង់។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន សូមគូសបញ្ជាក់សាជាថ្មីនូវការតាំងចិត្តខ្ពស់របស់ខ្លួនក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលបាននិងកំពុងកើតមាននៅក្នុងតំបន់ការពារធម្មជាតិរួមទាំងដែនជម្រកសត្វព្រៃព្រៃឡង់ តាមរយៈការធ្វើកំណែទម្រង់លើកិច្ចការពារ និងអភិរក្ស ការធ្វើទំនើបកម្មស្ថាប័ន ការបង្កើនសមត្ថភាពមន្ត្រី ការបំពាក់ឧបករណ៍ចាំបាច់នានាក្នុងការចុះល្បាត ការបង្កើតលិខិតបទដ្ឋានគតិយុត្តដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ ការពង្រឹងការអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។ ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងបរិស្ថានក៏បារួមសហការជាមួយគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងជិតស្និទ្ធក្នុងការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ព្រៃឡង់ដែលពីមុនជាព្រៃផ្តល់ផលមកជាតំបន់អភិរក្សដោយបង្កើត​ជាដែនជម្រក​សត្វព្រៃព្រៃឡង់ នៅខែឧសភា ឆ្នាំ២០១៦ ដែលមានផ្ទៃដីជាង ៤៣ម៉ឺនហិកតា ស្ថិតក្នុងខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែងនិងក្រចេះឱ្យស្ថិតក្រោមការគ្រប់គ្រង​ដោយក្រសួងបរិស្ថាន គឺបានបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ​ដែលកម្ពុជានៅសល់សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។ គេក៏គួរកុំយល់ច្រឡំ ឬផ្សព្វផ្សាយបែបបំភ័ន្តថាកម្ពុជានៅ​សល់តែព្រៃឡង់មួយគាត់ដែលមាន​ទំហំធំដែលត្រូវអភិរក្ស គឺតាមពិតកម្ពុជាមានព្រៃអភិរក្សដែលមានទំហំធំៗជាច្រើនទៀតដែលរហូតមកដល់ ឆ្នាំ២០២១នេះ កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧០ មានផ្ទៃដីទំហំ ៧,៣លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជា ដែលត្រូវការពារ និងអភិរក្ស។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ 

«ទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនចំពោះមុខ ប៉ុន្តែដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍នានា យើងខ្ញុំអាចវាយតម្លៃបានថា ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ស្ថានភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា មានភាពប្រសើរឡើងដោយកត់សម្គាល់ឃើញថាបទល្មើសធនធានធម្មជាតិទ្រុងទ្រាយ​ធំលែងកើតមានទៀត នៅសល់តែបទល្មើសទ្រុងទ្រាយតូចៗដែលសមត្ថកិច្ចបរិស្ថាននឹងដៃគូបន្តទប់ស្កាត់និងបង្ក្រាបបន្ថែមទៀត ស្ថានភាពសត្វព្រៃនិងជីវៈចម្រុះមួយចំនួនមានស្ថានភាពឋេរ និងខ្លះមានការកើនឡើង ខណៈ ការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសកើនឡើង»។

អ្នកនាំពាក្យរូបនេះ ក៏បានបន្តទៀតថា នៅឆ្នាំ២០២០កន្លងទៅ បទល្មើសធនធានធម្មជាតិរួមមានការកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ ការទន្ទ្រានកាន់កាប់ព្រៃដោយខុសច្បាប់ និងការបរបាញ់សត្វចំនួន ៨៩១៧ករណី ត្រូវបានបង្ក្រាប។

លោក នេត្រ ភក្ត្រា បានបន្តថា ជាមួយកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សបានល្អ ក្រុមហ៊ុនបរទេសធំបានទិញឥណទានកាបូនពីកម្ពុជា។ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តចាប់តាំងពីឆ្នាំ២០១៦មកបានថវិកា ១១,៦លានដុល្លារអាមេរិក ដើម្បីយកមកពង្រឹងការងារការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន បង្កើតមុខរបរ និងចំណូលជូនប្រជាសហគមន៍ កសាងជារបងការពាររឹងមាំការពារតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានសង្កេតឃើញថា ក្នុងរយៈពេលមួយសបា្តហ៍ចុងក្រោយនេះ មានការចេញសេចក្តីថ្លែងការណ៍​របស់អង្គការលើកលែងទោសអន្តរជាតិ និងបន្ទរដោយរបាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់មិនមានច្បាប់ និងក្រុមតាំងខ្លួនថាជាអ្នកស្រាវជ្រាវ សិក្សា និងអ្នកអភិរក្សមួយចំនួនគឺគ្រាន់តែជាយុទ្ធនាការដែលរៀបចំឡើងក្នុងចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំង​នឹងរាជរដ្ឋាភិបាលលើការងារគ្រប់គ្រង​និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះ។

លោកបានបញ្ជាក់បន្ថែមថា៖

«ពួកគេព្យាយាមរំលេចតែចំណុចអវិជ្ជមាន និងព្យាយាមធ្វើអាជីវកម្មលើចំណុចអវិជ្ជមានដោយបំភ្លេចពិនិត្យនិង​វាយតម្លៃលើស្ថានភាពរួម​នៃកិច្ចការពារ និងអភិរក្សធនធានធម្មជាតិដែលយើងបាននិងកំពុងធ្វើ ហើយមានស្ថានភាពប្រសើរឡើង។ ពួកគេពោរពេញដោយជំងឺតួឯក និងគិតថាមានតែក្រុមខ្លួន​ជាអ្នកការពារធនធានធម្មជាតិ ដែលតាមពិតគ្រាន់តែជាការអនុវត្តផែនការចិញ្ចឹមទំនាស់ បង្កើតភាពអនាធិបតេយ្យ និងបន្តលើកទឹកចិត្តការ រំលោភបំពានច្បាប់។ នេះគឺជាប្រមាថលើការលះបង់ របស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងឈរជើងការពារធនធានធម្មជាតិ និងបានខិតខំការពារ និងអភិរក្សធនធានធម្មជាតិ»។

តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា បណ្តាញសហគមន៍ព្រៃឡង់ គឺជាយន្តការប្រតិបត្តិការក្រោមទម្រង់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែមិនបានចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់ ជាពិសេសច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយថ្មីៗនេះ យោងតាមសេចក្តីជូនដំណឹង​របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះខែសីហា ឆ្នាំ២០២០ បញ្ជាក់ថាបណ្តាញនេះក៏ត្រូវបានតម្រូវឱ្យចុះបញ្ជីត្រឹមត្រូវតាមនីតិវិធីច្បាប់ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់​ក្នុងការសហការ និងអនុវត្តសកម្មភាព ការងាររបស់ខ្លួន ជាមួយក្រសួង ស្ថាប័ន មានសមត្ថកិច្ចរបសរាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញនិងលើកទឹកចិត្តដល់បណ្តាម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍បន្តធ្វើការ និងគាំទ្រថវិកាចំពោះសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ដើម្បីជាការលើកទឹកចិត្តចំពោះអ្នកគោរពច្បាប់ លើកតម្កើងការអនុវត្តច្បាប់ និងបង្កើតសុខដុមរមណីយកម្មក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់។

លោកបានថ្លែងសាជាថ្មីថាក្រសួងបរិស្ថានរីករាយ និងស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនានាក្នុងតំបន់ការពារធម្មជាតិ សម្រាប់ដៃគូទាំងឡាយណា ដែលបានគោរពរតាមគោលការណ៍ណែនាំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ។ ក្រសួងបរិស្ថាន គ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕ Fresh News

អត្ថបទទាក់ទង