ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្តេជ្ញាធ្វើឱ្យវិទ្យុជាតិកម្ពុជា ត្រូវដើរតួនាទីសំខាន់ឡើងវិញដូចកាលពីទសវត្សរ៍ទី៨០, ៩០ និងជាប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិដ៏សំខាន់បំផុត មានគុណភាព និងប្រសិទ្ធិភាពខ្ពស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 85
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្តេជ្ញាធ្វើឱ្យវិទ្យុជាតិកម្ពុជា ត្រូវដើរតួនាទីសំខាន់ឡើងវិញដូចកាលពីទសវត្សរ៍ទី៨០, ៩០ និងជាប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិដ៏សំខាន់បំផុត មានគុណភាព និងប្រសិទ្ធិភាពខ្ពស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្តេជ្ញាធ្វើឱ្យវិទ្យុជាតិកម្ពុជា ត្រូវដើរតួនាទីសំខាន់ឡើងវិញដូចកាលពីទសវត្សរ៍ទី៨០, ៩០ និងជាប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិដ៏សំខាន់បំផុត មានគុណភាព និងប្រសិទ្ធិភាពខ្ពស់

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្តេជ្ញា ធ្វើឱ្យវិទ្យុជាតិកម្ពុជា RNK ដើរតួនាទីសំខាន់ឡើងវិញដូចកាលពីទសវត្សរ៍ទី៨០ និង៩០ ជាប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិដ៏សំខាន់បំផុតដែលត្រូវរួមគ្នាធ្វើឱ្យមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ ដោយត្រូវរុញឱ្យដើរទៅមុខចាប់តាំងពីឆ្នាំ២០២៣ នេះទៅ តាមរយៈការធ្វើទំនើបកម្មស្ថាប័ន និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យបានកាន់តែច្រើន។

ការបញ្ជាក់បែបនេះរបស់លោក នេត្រ ភក្រ្តា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្តោបក្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ព្រមទាំងគិតគូរួមគ្នាពីចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលដៅប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណរបស់រាជរដ្ឋាភិបាលដែលសកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកស្រី ឈឹម ពៅសុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានពង្រឹងសមត្ថភាពមន្ដ្រី ដើម្បីផ្សាយព័ត៌មានផ្ទាល់តាមរយៈប្រព័ន្ធឌីជីថល លើវេបសាយ ហ្វេសប៊ុក ឆាណែលតេឡេក្រាម YouTube Twitter TikTok និង Instagram របស់ខ្លួន ជាពិសេសមានការឡាយផ្ទាល់នូវព័ត៌មាន សន្ទនាមតិ និងកម្មវិធីសិល្បៈជាដើម ក្នុងបំណងបង្កើនការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋអ្នកស្តាប់ និងអ្នកទស្សនា ទាំងផ្សាយជាសំឡេង អត្ថបទ ព្រមទាំងរូបភាព និងសំឡេងឱ្យស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើប។

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានឹងបន្តប្រឹងប្រែងបង្កើនសមត្ថភាពមន្ត្រីបន្ថែមទៀតឱ្យស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

លោកស្រីអគ្គនាយិកាវិទ្យុជាតិ បានប្តេជ្ញាធ្វើយ៉ាងណាផលិតព័ត៌មានឱ្យកាន់តែសម្បូរបែប តាមទិសស្លោក ប្លែក លឿនរហ័ស ទុកចិត្តបាន ពេលណាក៏បាន ទីណាក៏បានដោយខិតខំប្រឹងប្រែងតាមដានរាល់សភាពការណ៍សំខាន់ៗនានានៅក្នុង និងក្រៅប្រទេស។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវរួមគ្នារកព័ត៌មានដែលមានខ្លឹមសារល្អ លឿន ដើម្បីទាក់ទាញចិត្តប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា វិទ្យុជាតិកម្ពុជា មានសារៈសំខាន់ត្រូវដើរតួនាទីជាអ្នកផ្សព្វផ្សាយមួយដែលទុកចិត្តបានលឿន រហ័សសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងរួមគ្នាធ្វើទំនើបកម្មខ្លួនឯង ធ្វើជាប្រព័ន្ធផ្សព្វផ្សាយបែបទំនើបកម្ម ដើម្បីឱ្យសាធារណជន បានដឹងពីប្រព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេស ជាពិសេសសារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ការងារអាទិភាពដែលលោកនឹងត្រូវធ្វើក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់ គឺធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មានក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «បេសកកម្មរបស់យើងទៅមុខ ទី១៖ ចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ដែលត្រូវធ្វើជាចក្ខុវិស័យ គឺធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលមួយដែលប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។ ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល គឺសំដៅទៅលើច្រកចេញចូលនៃទំនាក់ទំនងព័ត៌មានរវាងរដ្ឋាភិបាលនិងសាធារណៈជន គឺសំដៅទៅលើប្រជាពលរដ្ឋ»។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាន មានប្រព័ន្ធផ្សព្វផ្សាយ សាធារណៈរបស់រដ្ឋមាន វិទ្យុ មានទូរទស្សន៍ មានកាសែត ទស្សនាវដ្ដី មានទាំងអស់។ ហើយការកសាងនៅជំនឿទុកចិត្តឈរនៅលើមូលដ្ឋានខ្លឹមសារ ក៏ប៉ុន្តែចំណុចមួយទៀត គឺល្បឿននៃការបញ្ចេញព័ត៌មានរបស់យើងក៏ជាចំណុចនៃការប្រកួតប្រជែងនៅក្នុងទីផ្សារព័ត៌មានដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់របស់វិទ្យុជាតិកម្ពុជា ត្រូវបន្ដខិតខំប្រឹងប្រែងរួមគ្នារកព័ត៌មាន ដែលល្អតម្រូវតាមអ្នកស្ដាប់ អ្នកទស្សនាព្រោះខ្លឹមសារ គឺជាស្ដេចដែលអាចទាក់ទាញយកចិត្តរបស់ប្រជាពលរដ្ឋ អ្នកអាន និងសាធារណជនមកលើសារព័ត៌មានជាតិ៕

Fresh News

អត្ថបទទាក់ទង