ខ្មែរប៉ុស្ដិ៍ Close

ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិលើកដំបូង ត្រូវបានដាក់ឱ្យដំណើរការក្នុងខេត្តព្រះវិហារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិលើកដំបូង ត្រូវបានដាក់ឱ្យដំណើរការក្នុងខេត្តព្រះវិហារ ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិលើកដំបូង ត្រូវបានដាក់ឱ្យដំណើរការក្នុងខេត្តព្រះវិហារ

ក្រសួងបរិស្ថាន និងដៃគូម្ចាស់ជំនួយ បានដាក់ឱ្យដំណើរការនូវទីចាត់ការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ (PAMP) លើកដំបូងក្នុងខេត្តព្រះវិហារ សម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងទិន្នន័យចុះល្បាតបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ទីចាត់ការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិនេះ អាចគ្រប់គ្រងទិន្នន័យនៃការចុះល្បាតយ៉ាងហ្មត់ចត់ ទាក់ទងទៅនឹងបទល្មើសធនធានធម្មជាតិ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវទីចាត់ការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិនេះ ស្ថិតនៅក្នុងមន្ទីរបរិស្ថាន ខេត្តព្រះវិហារ កាលពីចុងខែមករាកន្លងទៅលោក នេត្រ ភក្រ្តា បានបញ្ជាក់ថា ទីចាត់ការនេះប្រើប្រាស់នូវប្រព័ន្ធ បច្ចេកវិទ្យាទំនើប ដូចជាការគ្រប់គ្រងទិន្នន័យរបស់មន្ត្រីឧទ្យានុរក្សឱ្យបានហ្មត់ចត់ ការបង្កើនវិធានការទប់ស្កាត់ និង បង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិនេះ ស្ថិតក្រោមការជួយជ្រោមជ្រែងបច្ចេកទេសពីគម្រោង USAID ព្រៃឡង់បៃតង និងក្រសួងបរិស្ថាន រួបមជាមួយអង្គការដៃគូ។

លោក Carlos Lamadrid នាយកការិយាល័យគម្រោងនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា រំពឹងថា ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិនេះ នឹងជួយពង្រឹងការអនុវត្តច្បាប់ទៅលើកិច្ចការការពារព្រៃឈើ និងសត្វព្រៃ នៅក្នុងតំបន់ការពារ។ លោកមានប្រសាសន៍ថា «គម្រោងនេះនឹងគ្រាំទ្រដល់រដ្ឋាភិបាល ដើម្បីកំណត់គោលដៅសម្រាប់ អន្តរាគមន៍ឱ្យមាននិរន្តរភាព និងមានការឆ្លើយតបយ៉ាងរហ័សដូចជា ការផ្ដល់ទិន្នន័យសំខាន់ៗ ការជូនដំណឹងការការពារ តំបន់ធម្មជាតិផ្នែកអភិរក្ស។ ដោយមានជំនួយពីទីភ្នាក់ងារជំនួយអាមេរិក USAID ក្រសួងបរិស្ថានកំពុងបង្កើតស្តង់ដារជាតិ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស សម្រាប់ត្រួតពិនិត្យការគំរាមកំហែង ក៏ដូចជាពង្រឹងការអនុវត្តច្បាប់នៅក្នុងបណ្តាញតំបន់ ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ » លោកបន្តថា ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិនេះ កំពុងត្រូវបានបង្កើតឡើង ដោយផ្អែកលើវិធីសាស្ត្រដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាដែលមានដូចជា ប្រព័ន្ធត្រួតពិនិត្យទីតាំងភូមិសាស្ត្រនិង ឧបករណ៍រាយការណ៍ និងការត្រួតពិនិត្យរូបភាពពីលើអាកាស។

យោងតាមរបាយការណ៍ពីមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា នៅក្នុងខេត្តព្រះវិហារ មានតំបន់ការពារចំនួន១០កន្លែង គ្របដណ្តប់លើផ្ទៃដីជាង៩០ម៉ឺនហិកតា និងមានមន្ត្រីឧទ្យានុរក្សចំនួន៨៨នាក់៕

អត្ថបទទាក់ទង