ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ប្រកាស​ដាក់ឱ្យអនុវត្ត «​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ឆ្នាំ​២០២១-២០២៣»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
កម្ពុជា ប្រកាស​ដាក់ឱ្យអនុវត្ត «​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ឆ្នាំ​២០២១-២០២៣» កម្ពុជា ប្រកាស​ដាក់ឱ្យអនុវត្ត «​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ឆ្នាំ​២០២១-២០២៣»

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​ដាក់ឱ្យអនុវត្ត “​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​” នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ​នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើកឡើងថា គំនិតស្តីពី ការបញ្ចូល​ការងារ​សេដ្ឋកិច្ច ឲ្យ​ទៅជា​សមាសភាគ​ដ៏​សំខាន់ និង​ខានមិនបាន​នៃ​ការងារ​ការទូត​របស់​យើង មាន​តាំងពី​ឆ្នាំ​ដំបូង​នៃ​ការចូល​មកកាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់ខ្ញុំ​មកម្ល៉េះ​។ បន្ទាប់ពី​បាន​ប្រមូល​ធាតុ​ចូល និង​ធាតុ​ផ្សំ​ល្មម​គ្រប់គ្រាន់ ស្តីពីសមាសភាគ​ថ្មី​មួយ​នេះហើយ​នោះ ក្រសួង​ក៏បាន​ប្រកាស​ជា​ផ្លូវការ​ជា​លើកដំបូង ចាត់ទុក​ការងារ​ការទូត​សេដ្ឋកិច្ច​ជាការ​ងារ​ធំ​មួយ ក្នុងចំណោម​ការងារ​ធំ​ទាំង​៥ របស់​ក្រសួង នៅពេល​ប្រារព្ធ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង នា​ដើមឆ្នាំ​២០១៨​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា គោលនយោបាយ​នេះ ត្រូវបាន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រ​យ៉ាង​ពេញលេញ ដោយ​លោកបាន​បញ្ជាក់ថា ការទូត​សេដ្ឋកិច្ច គឺជា​អាទិភាព​មួយ សម្រាប់​គោលនយោបាយ​ការបរទេស​កម្ពុជា ដោយមានតួនាទី​យ៉ាងសំខាន់​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ប្រភព​កំណើន និង​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ផ្អែកលើ​ស្មារតី​នេះ យើង​បាន​ចំណាយពេល​ជាង ២ឆ្នាំ ដើម្បី​សម្រេច​តាក់តែង​ឯកសារ​យុទ្ធសាស្ត្រ ដែល​យកមក​ផ្សព្វផ្សាយ​ថ្ងៃនេះ​។

លោក ប្រាក់ សុខុន បញ្ជាក់ថា ឯកសារ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ត្រូវបាន​រៀបចំឡើង នៅក្នុង​កាលៈទេសៈ ដែល​ស្ថានភាព​ពិភពលោក ក៏ដូចជា​កម្ពុជា កំពុង​ប្រឈម​ទៅនឹង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ជួប ក្នុង​រយៈពេល​ជាង ៣​ទសវត្ស​ចុងក្រោយ​នេះ​។ ការ​គំរាម​គំហែង​នេះ បណ្តាលមកពី​កត្តា​គួបផ្សំ​គ្នា​ជាច្រើន​។ កត្តា​ធំជាងគេ ២ គឺ​ទី​១ កត្តា​ធម្មជាតិ និង​ទី​២ កត្តា​មនុស្ស​។

លោក ប្រាក់ សុខុន បាន​បញ្ជាក់ថា ការផ្ទុះ និង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​រង្គោះ​រង្គើ​។ កត្តា​ធម្មជាតិ​មួយ​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល ក្នុង​កំរិត​មិន​ធ្លាប់មាន​ប៉ុណ្ណោះ​ទេ វា​ក៏​បណ្តាលឱ្យ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​ធ្លាក់​ក្នុង​វិបត្តិ​ជ្រាលជ្រៅ​។ កូ​វីដ​-១៩ បាន​រុញឱ្យ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​រអាក់រអួល និង​កាត់ផ្តាច់​ក្នុង​កំរិត​ធ្ងន់ធ្ងរ វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​យ៉ាងគំហុក​សឹង​ដល់​បាត វិស័យ​ដឹកជញ្ជូន ពិសេស​ផ្លូវអាកាស​គាំងដំណើរ​ការ ទំនុកចិត្ត​ខាង​ធុរកិច្ច និង​អតិថិជន​ចុះខ្សោយ​ដោយសារ​វិធានការ​រឹតត្បិត​នានា ដើម្បី​ឃុំគ្រង​កុំឱ្យ​ជំងឺ​រាលដាល​។ ជំងឺឆ្លង​នេះ ក៏បង្ក​ហានិភ័យ​កាន់តែ​ធំ​ឡើង នៃ​ការ​ក្ស័យធន​ផ្នែក​ធុរកិច្ច ដែល​នឹង​បង្ក​ការបាត់បង់​ការងារ​រ​បស់​មនុស្ស​រាប់រយ​លាន​នាក់​។ ទោះបី​ជាមាន​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ជា​បណ្តើរៗ​ហើយក៏​ដោយ ក៏​គេ​ពុំទាន់​អាច​ប្រមើល​មើលឃើញ​អំពី​ការវិល​ត្រឡប់មកវិញ នូវ​ប្រក្រតីភាព​នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នោះដែរ​។​

លោក​ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ផលប៉ះពាល់​របស់​កូ​វីដ​-១៩ មិន​ត្រឹមតែ​លាតសន្ធឹង​លើ​វិស័យសេដ្ឋកិច្ច សង្គម និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ តែ​ក៏​ហក់​ចូលក្នុង​សង្វៀន​នយោបាយ ដោយ​ការធ្វើ​នយោបាយ​តូបនីយកម្ម ដើម្បី​យក​កំហុស​នៃ​អសមត្ថភាព​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​ជំងឺ​នេះ ទៅ​ទំលាក់​ឱ្យ​អ្នកដទៃ​។ ការប្រកួតប្រជែង​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​តានតឹង​រវាង​មហាអំណាច​ធំ​បំផុត​ទាំងពីរ កំពុង​ឈានទៅរក​សង្គ្រាមត្រជាក់​បែ​ប​ថ្មី ដែល​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ជ្រាលជ្រៅ ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន និង​ប្រកបដោយ គ្រោះថ្នាក់​បំផុត​។ កត្តា​មនុស្ស​នេះ កំពុង​ធ្វើឱ្យ​ស្ថិរភាព និង​វិបុលភាព រយៈពេល ជាង​៧០​ឆ្នាំ​ដែល​កើតចេញពី​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ពហុ​ប៉ូល​និយម និង​ច្បាប់​អន្តរជាតិ​នោះ ទទួលរង​ភាព​រង្គោះរង្គើ​យ៉ាងខ្លាំង​។ នេះ​ក៏​ដោយសារ​ការរំលោភបំពាន និង​លែងគោរ​ពនូវ​គុណ​តម្លៃ​ទាំងឡាយ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់ធ្នាប់​នេះ និង​ការ​ងាក​ទៅរក​ឯកតោភាគី​និយម ការប្រើ​កំលាំងបាយ​គាបសង្កត់​ប្រទេស​ទន់ខ្សោយ​៕​

អត្ថបទទាក់ទង