ខ្មែរប៉ុស្ដិ៍ Close

ឆាវឆាវជាស្ដេចត្រាញ់មានល្បិចខ្ពស់និងសាហាវ! គ្រាន់តែអានប្រវត្តិក៏ញាក់សាច់ដែរ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ នគរគំនិត 40
ឆាវឆាវជាស្ដេចត្រាញ់មានល្បិចខ្ពស់និងសាហាវ! គ្រាន់តែអានប្រវត្តិក៏ញាក់សាច់ដែរ! ឆាវឆាវជាស្ដេចត្រាញ់មានល្បិចខ្ពស់និងសាហាវ! គ្រាន់តែអានប្រវត្តិក៏ញាក់សាច់ដែរ!

ឆាវ ឆាវ (Cao Cao) ដែលយើង​ស្គាល់តាមរយៈរឿង​សាមកុក​ មានឈ្មោះមួយ​ទៀត​ហៅថា ម៉ឹងតឺ (Mengde) មានរហ័ស​នាម​ជាស្ដេចសង្គ្រាម ​​និង​ជាស្ដេច​មួយ​ក្នុងចំណោម​ស្ដេចទាំង៣​នៅ​ចុងសម័យ​ហាន។ បើទោះបី​ឆាវ ឆាវ ត្រូវបានបង្ហាញថា​ជាមនុស្ស​ពូកែកលល្បិច ឃោឃៅ និង​ក្បត់គេ​ក្បត់ឯងក៏ពិតមែន តែ ​ឆាវ ឆាវ​ ត្រូវ​បានគេ​កោតសរសើរ​យ៉ាងខ្លាំង​ពីសមត្ថភាពដឹកនាំប្រទេស ដឹក​នាំកងទ័ព និង​ទាក់ទាញទឹកចិត្ត​អ្នក​មានទេពកោសល្យ​មក​ធ្វើការជាមួយគាត់។

ឆាវ​ឆាវ កើត​ក្នុង​ឆ្នាំ​១៥៥​នៅ​ខេត្ត​អាន​ហ៊ុយ​(Anhui) ដោយ​ចាប់កំណើត​ចំ​ពេល​ដែល​មាន​ភាព​វឹកវរ​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​។ ចាប់ពី​ឆ្នាំ​១៣៥​តរៀង​មក​មាន​ជម្លោះ និង​អំពើ​ការ​សម្លាប់​គ្នា​ជា​ច្រើន​កើតឡើង​នៅ​ក្នុង​ព្រះរាជវាំង។

ក្នុង​ឆ្នាំ​១៧៥ ឆាវ ​ឆាវ​បាន​ក្លាយជា​មន្ត្រី​កងទ័ព​មួយ​រូប​នៅ​លុកយ៉ាង (Luoyang) ។ នៅ​ពេល​ដែល​ពួក​បះបោរកន្សែងលឿង បញ្ឆេះ​ភ្លើងសង្គ្រាម​ក្នុង​ឆ្នាំ​១៨៤ ឆាវ​ឆាវ​ត្រូវ​បាន​បញ្ជូន​ទៅ​បង្ក្រាប​ពួក​នោះ ។ ស្រប​ពេល​ដែល​មានការ​ដណ្តើម​អំណាច​ធ្វើ​ឲ្យ​វឹកវរ​ក្នុង​ព្រះ​បរមរាជវាំង​ក៏​នាំ​ឲ្យ​​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង​នៃ​សង្គ្រាមស៊ីវិល​តាម​តំបន់​រវាង​កងទ័ព​បះបោរ និង​ទ័ព​តាម​តំបន់​គ្រប់គ្រង​របស់​ស្តេចត្រាញ់នីមួយ​ៗ និង​ទ័ព​ហាន​របស់​ស្តេច​ផែនដី ។

ឆាវ​ ឆាវ​ព្យាយាម​ច្បាំង​ដណ្តើម​កាន់កាប់​អាណាចក្រ​ទាំងមូល​ឲ្យស្ថិត​ក្រោម​ចំណុះ​របស់​ខ្លួន ប៉ុន្តែអ្វី​ៗ​មិន​ដូច​បំណង​ឡើយ​។ ឆាវ ​ឆាវ​ បាន​ចម្បាំង​ពង្រីក​អំណាច​ទ័ព​របស់​ខ្លួន ដោយ​វាយ​ដណ្តើម​យក​ពី​តំបន់ ឬ​ខេត្ត​ក្រុង តូច​ៗ​ជា​ច្រើន បង្កើន​ការ​គ្រប់គ្រង​ព្រះរាជវាំង ហើយ​ថែម​ទាំង​ផ្សព្វផ្សាយ​គោលនយោបាយ​នានា​ដើម្បី​ជួយ​ផ្តល់​ភាព​រុងរឿង​ដល់​ដែនដី​ដែល​ខ្លួន​កំពុង​កាន់កាប់។

ចាប់ពី​ពេល​នោះ​មក​កងទ័ព​ដែល​គ្រប់គ្រង​តាម​តំបន់ ឬ​ស្តេចត្រាញ់នីមួយ​ៗ​បាន​កើន​ឥទ្ធិពលខ្លាំង​ឡើង​ៗ​ជាង​កងកម្លាំង​របស់​ស្តេច​ហាន​ (​ស្តេច​ផែនដី​) ​ទៅ​ទៀត។ ក្នុង​ឆ្នាំ​១៩៤​មាន​គ្រោះ​ទុរភិក្ស​ដ៏​ធំ​មួយ​កើតឡើង ដោយសារ​សត្វ​កណ្តូប​បំផ្លិចបំផ្លាញ​កសិផល​របស់​ប្រជារាស្ត្រ។ ក្នុង​អំឡុង​ឆ្នាំ​១៩៥​ស្តេច Xian បាន​ទៅ​ជ្រកកោន​ជាមួយ​ ឆាវ ​ឆាវ។ ស្តេច​អង្គ​នេះ​រស់នៅ​ស៊ូ​ឆាង​(Xuchang) ជា​ក្រុង​មួយ​ស្ថិត​ក្នុង​ចំណោម​ក្រុង​ក្នុង​អាណាចក្រ ឬ​ដែនដី​ឆាវ​ឆាវ​គ្រប់គ្រង។

«​ឆាវ​ ឆាវ​» ត្រូវបានគេ​ចាត់ទុក​ក្នុង​ចំណោម​អ្នកតស៊ូ​ដ៏​សំខាន់​និង​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​អំឡុង​ចុង​រាជវង្ស​ហាន​នៃ​ប្រទេស​ចិន។

ឆាវ​ ឆាវ បាន​ប្រើ​អំណាច​របស់​ស្តេច និង​ឈ្មោះ​របស់​ស្តេច​ផែនដី និង​មាន​ព្រះរាជ​សារ​តែងតាំង​ជា​មេទ័ព​ផង​ដែរ។ ឆាវ​ ឆាវ បាន​ប្រមែប្រមូល​ទាហាន​មក​រួម​គ្នា​ដែល​រាប់​ទាំង​កម្លាំង​ទ័ព​ពួក​បះបោរ​១​ម៉ឺន​នាក់​ផង។ នៅ​គ្រានោះ​ហើយ​ដែល​មានការ​ចម្បាំង​គ្នា​នៅ​តំបន់​ផ្សេង​ៗ​ទូ​ទាំង​មហា​នគរ ។

ក្នុង​ឆ្នាំ​២០០​ស្តេចត្រាញ់​គ្រប់គ្រង​ភាគ​ខាងជើង យៀន សាវ (Yuan Shao) បាន​ដឹកនាំ​ទ័ព​ចំនួន​១០​ម៉ឺន​នាក់​ទៅ​វាយប្រហារ​ស៊ូ​ឆាង​(Xu​chang​) ។ ឆាវ​ ឆាវ​បាន​ជួបនឹង​កងទ័ព​របស់​យៀន សាវ ខណៈ​ខ្លួន​មាន​ទ័ព​ត្រឹមតែ​២​ម៉ឺន​នាក់​ប៉ុណ្ណោះ​នៅ​ទន្លេ​លឿង។ ទ័ព​អ្នក​ទាំង​ពីរ​នេះ​បាន​ផ្អាក​ដំណើរ​រុលទៅមុខ​មួយ​រយៈ។

ឆាវ ឆាវ​ បានប្រើប្រាស់ល្បិច​និយាយ​ចរចារ សុំចុះចូលដើម្បីពង្វាងពេលវេលាចាំឱកាសល្អ​នឹង​បើក​ឆាកប្រយុទ្ធ​ពីខាង​មុខ។ ស្របពេល​នោះដែរ​ ក្នុងពេល​ដែល​កងទ័ព​ យៀន សាវ​ មិន​បាន​ចាប់អារម្មណ៍ ហើយ​យៀន​ សាវ​ កំពុង​តែ​មានអំនួត​ក្អេងក្អាង​ខ្លាំង​ផង​នោះ ឆាវ ឆាវ បាន​រៀប​ចំទ័ព​របស់​ដើម្បី​លួច​ឆ្មក់វាយ​សម្រុក​ពីក្រោយ ក៏​បាន​យកឈ្នះ​ខណៈ​ពេល​ពួក​គេ​លួច​វាយប្រហារ​ការ​ផ្គត់ផ្គង់​ស្បៀង​របស់​យៀន សាវ។ ដោយ​រង​ការវាយ​ប្រហារ​ពីខាង​មុខ​ផង ខាងក្រោយ​ផង ហើយ​គ្មានឱកាស​តដៃ​ទៀត យៀន​ សាវ​ បានទទួល​បរជ័យ​ដ៏ធំសម្បើម​រហូត​ក្រោយ​មក​ធ្លាក់ខ្លួនឈឺ​ដល់ស្លាប់។

នៅ​ឆ្នាំ​២០៧​ឆាវ​ឆាវ​បាន​គ្រប់គ្រង​តំបន់​ភាគ​ខាងជើង​នៃ​ទន្លេ Yangtze ស្ទើរតែទាំងស្រុង។ គ្រប់គ្រង​តំបន់​ដែល​សម្បូរ​ស្បៀងអាហារ ខិតខំ​បង្វឹក​ទាហាន បង្វឹងទ័ព​សេះ ទ័ពព្រួញ និងទ័ពរទេះ​បាន​យ៉ាងច្រើនសន្ធឹកសន្ធាប់។ ចំណែក លីវ ប៉ី គឺជា​អ្នកគ្រប់គ្រង​ដែនដី ស៊ូ ហាន (Shu Han) ក្នុង​តំបន់​ទិស​នីរ​តី​ជុំវិញ​ស៊ី​ឈួ​ន (Sichuan) និង​ស៊ុន ឈៀន​(Sun Quan) ជា​អ្នកដឹកនាំ​គ្រប់គ្រង​តុង អ៊ូ (Dong Wu) ដែល​ស្ថិត​នៅ​តំបន់​ភាគ​អាគ្នេយ៍។

ក្នុង​ឆ្នាំ​២០៨ ឆាវ​ឆាវ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ពង្រីក​ទឹកដី​របស់​ខ្លួន និង​ការ​វាយ​បង្ក្រាបសត្រូវ​ ស្ទើរគ្រប់ទីកន្លែង​ដោយ​ប្រើ​នាមស្ដេចហានបង្ក្រាបចោរក្បត់។ ដោយ​មាន​មហិចតាចង់លេបត្របាក់ទឹកដីទាំង​មូល ទាហាន​ឆាវ​ឆាវ​និយាយ​ថា កងទ័ព​ធំ​របស់​ខ្លួន​មានជាង​មួយ​លាន​នាក់​អាច​ល្មម​ចេញ​ច្បាំង​បង្ក្រាប​នគរពីរទៀត​បាន​ហើយ​គឺ​នគរ​របស់​ស៊ុន​ឈៀន និង​លីវ ប៉ី​។

ក្រោយ​មកឆាវ ឆាវ​ក៏សម្រេចលើកទ័ពចេញច្បាំង​នឹង​នរគរ​ទាំងពីរដោយខ្លួនឯង ហើយ​ក៏​​ដឹកនាំទ័ព​ទៅ​ភាគខាង​ត្បូង។ ដោយ​ភាពឈ្លាសវៃ​និង​ដឹង​កាលៈទេសៈ​នគរ​ពីរទៀត​បាន​រួមដៃ​គ្នា​ចងសម្ព័ន្ធ​ភាព​ដើម្បី​ទប់ទល់​នឹង​ទ័ព​ ឆាវ ឆាវ ហើយ​គ្រានោះហើយ​ដែលទ័ព​ ឆាវ ឆាវ ត្រូវ​ទទួល​រងបរជ័យ​ដ៏ធំធេង​បំផុត​ នឹង​ស្លាប់​បាត់បង់ជីវិត​ស្ទើរទាំង​ស្រុង​​ក្នុង​សមរភូមិភ្លើង​កំណាច។ នៅពេល​នោះឯងឆាវ ឆាវ​ ខ្លួនឯង​ក៏សឹង​នឹង​គ្មានជីវិត​បន្ត​ទៀត​ផង។

ដោយ​ការរួចជីវិត​ម្ដង​នោះមក​ធ្វើឲ្យ ឆាវ ឆាវ គិត​រហូត​ថាហេតុអ្វី​កងទ័ពនគរទាំងពីរ​ទៀត​មិន​សម្លាប់​ខ្លួនចោល។ ក្រោយ​មក​ក៏​យល់​បាន​ថា​សម្ព័ន្ធមិត្ត​​របស់ លៀវ ប៉ី និង ស៊ុន ឈៀន គឺ​ជាសម្ព័ន្ធមិត្ត​មិន​រឹងមាំទេ ហើយ​គង់តែថ្ងៃណាមួយពួកគេ​នឹង​​ប្រយុទ្ធដណ្ដើមទឹកដីគ្នាមិនខាន។ ក្រោយ​​មក ឆាវ ឆាវ បាន​ដក​ខ្លួន​មក​រាជធានីខ្លួនឯង​វិញ ហើយ​សង្ងំ​មិន​ធ្វើសង្គ្រាម​អស់ជាច្រើន​ឆ្នាំ រងចាំមើល​កាលៈទេសៈ។ ឆាវ ឆាវ មិន​ចេញច្បាំង​ទៀតទេ​ក្រៅ​តែអំពី​​ហ្វឹក​ហាត់​កងទ័ព និងបង្កើត​ស្បៀង​ប៉ុណ្ណោះ។​

ឆាវ​ឆាវ​បាន​ស្លាប់​ក្នុង​ឆ្នាំ​២២០ នៅលុកយ៉ាង​ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយមិន​បានសម្រេចក្ដីប្រាថ្នាដើម្បីបង្រួបបង្រួម​ប្រទេស​ឡើយ។ ផ្នូរ​របស់​ឆាវ​ឆាវ​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុងភូមិ Xi gao Xue ក្នុង​ក្រុង​អាន​យ៉ាង (Anyang County) ខេត្ត​ហ៊័​រណា​ន (Henan)៕

ប្រភព៖ Anarchak.com