ខ្មែរប៉ុស្ដិ៍ Close

សហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ខេត្តសៀមរាប កំពុងប្រមូលផលផ្លែគុយ ដែលជាផ្លែឈើព្រៃតាមរដូវកាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ នគរគំនិត 151

«គុយ» ជាប្រភេទរុក្ខផលធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ និងព្រៃភូមិចាស់របស់អ្នកស្រុក។ ដើមរុក្ខជាតិមួយនេះ ជាប្រភេទវល្លិ ដុះឡើងតាមដើមឈើខ្ពស់ៗ មានដើមពីតូចដល់ធំ រហូតប៉ុនភ្លៅមនុស្សចាស់ ស្លឹកវាតូចៗ និងមានផ្លែប៉ុនមេជើង ឬធំជាងនេះ និងមានរសជាតិជូរផ្អែម។

លោក ឌឿម ឌន់ ប្រធានសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ខណៈដែលរាជរដ្ឋាភិបាលសម្រេចផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលនៃមេរោគកូវីដ-១៩ ប្រជាពលរដ្ឋជាសមាជិកសហគមន៍ និងនៅតំបន់ជុំវិញ បាននាំគ្នាមកប្រមូលអនុផលព្រៃឈើដែលកំពុងការពារក្នុងសហគមន៍ ដូចជាការបេះផ្លែគុយ ផ្លែសិរមាន់ និងផ្លែឈើព្រៃផ្សេងៗទៀតទៅលក់ ដើម្បីបានកម្រៃសម្រាប់ជីវភាពប្រចាំថ្ងៃ។

លោក ឌឿម ឌន់ ប្រធានសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍
លោក ឌឿម ឌន់ ប្រធានសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍

លោកបានបន្តថា ប្រជាពលរដ្ឋនៅក្នុងនេះ កន្លងមក ក្រៅពីការធ្វើស្រែចម្ការ ពួកគាត់បានមកលក់ដូរម្ហូបអាហារ និងភេសជ្ជៈផ្សេងៗទៅឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្ត នៅក្នុងសហគមន៍។ ប៉ុន្តែឥឡូវនេះ សហគមន៍ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដូចនេះប្រជាជនបានងាកមកបេះផ្លែគុយនេះទៅលក់វិញ។

ផ្លែគុយ ជាផ្លែឈើមួយប្រភេទដែលដុះលូតលាស់ដោយធម្មជាតិក្នុងតំបន់ព្រៃភ្នំ ជារុក្ខជាតិវល្លិ៍ធំៗ ដែលឱ្យផលផ្លែ តែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ គឺចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមេសា។ ផ្លែគុយនេះ មិនសូវមានរសជាតិផ្អែមដូចផ្លែឈើក្នុងស្រុកមួយចំនួនក៏ពិតមែន តែគេសង្កេតឃើញប្រជាពលរដ្ឋមានការចូលចិត្តហូបដោយសារវាមានរសជាតិជូរអែម។

លោក រឿន សាវុន ជាអ្នកលក់ផ្លែគុយម្នាក់ នៅភូមិកកោះជ្រុម ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា ផ្លែគុយឆ្នាំនេះសំបូរ តែលក់មិនសូវដាច់ ហើយបានតម្លៃទាបជាងបណ្តាឆ្នាំមុនៗ ដែលមិនទាន់មានការផ្ទុះជំងឺកូវីដ-១៩។ លោកថា គុយឆ្នាំនេះលក់បានតែ៧ ទៅ៨ពាន់រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ខណៈឆ្នាំដែលមិនទាន់មានផ្ទុះកូវីដ គុយលក់បាន១គីឡូក្រាម ពី១ម៉ឺន ទៅ១ម៉ឺន២ពាន់រៀល។

លោក រឿន សាវុន
លោក រឿន សាវុន

លោក រឿន សាវុន បានឱ្យដឹងទៀតថា ផ្លែគុយទាំងនេះលោកប្រមូលទិញពីប្រជាពលរដ្ឋក្នុងភូមិ និងអ្នកនៅលើភ្នំគូលែន និងប្រជាពលរដ្ឋដែលបេះមកពីព្រៃសហគមន៍។ បច្ចុប្បន្ននេះ នៅតាមដងផ្លូវទៅប្រាសាទអង្គរ និងតាមដងផ្លូវទៅស្រុកបន្ទាយស្រី ប្រជាពលរដ្ឋចងផ្លែគុយប្រយួរដាក់ជាច្រើន ប៉ុន្តែពួកគាត់លក់មិនសូវដាច់ទេ ព្រោះតែមេរោគកូវីដ-១៩ រាតត្បាតខ្លាំង ដែលធ្វើប្រជាពលរដ្ឋមានការភ័យខ្លាច មិនហ៊ានចេញដើរផ្តេសផ្តាសនោះទេ លុះត្រាតែមានការងារចាំបាច់ទើបពួកគាត់ចេញ។

តាមការរៀបរាប់របស់អ្នកដើរបេះផ្លែគុយព្រៃនេះមកលក់ ឱ្យអ្នកបោះដុំ បានឱ្យដឹងថា ផ្លែគុយដែលមានលក់សព្វថ្ងៃគឺភាគច្រើនបេះចេញពីតំបន់ព្រៃអភិរក្ស នៅក្នុងបរិវេណតំបន់អភិរក្សអង្គរ តែប៉ុណ្ណោះ។ ហើយរបរនេះបានទទួលកម្រៃប្រចាំថ្ងៃច្រើនគួរសម ហើយពុំមានការហាមឃាត់ពីមន្ត្រីជំនាញព្រៃឈើ ឬបរិស្ថានអ្វីឡើយ៕

ផ្លែគុយ
ផ្លែគុយ

អត្ថបទទាក់ទង