ខ្មែរប៉ុស្ដិ៍ Close

យុទ្ធនាការប្រមូលសំរាមប្លាស្ទិកដូរយកអង្ករបានធ្វើឱ្យពលរដ្ឋរស់នៅសហគមន៍មេជ្រៃ យល់ដឹងពីការថែរក្សាបរិស្ថាន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 46
យុទ្ធនាការប្រមូលសំរាមប្លាស្ទិកដូរយកអង្ករបានធ្វើឱ្យពលរដ្ឋរស់នៅសហគមន៍មេជ្រៃ យល់ដឹងពីការថែរក្សាបរិស្ថាន យុទ្ធនាការប្រមូលសំរាមប្លាស្ទិកដូរយកអង្ករបានធ្វើឱ្យពលរដ្ឋរស់នៅសហគមន៍មេជ្រៃ យល់ដឹងពីការថែរក្សាបរិស្ថាន

យុទ្ធនាការប្រមូលសំរាមប្លាស្ទិកដូរយកអង្ករបានធ្វើឱ្យពលរដ្ឋរស់នៅតាមផ្ទះបណ្តែតទឹកបឹងទន្លេសាបនៅសហគមន៍មេជ្រៃ ស្ថិតក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប យល់ដឹងពីការថែរក្សាបរិស្ថាននិងបាននាំគ្នារក្សាសំរាមប្លាស្ទិកដើម្បីដូរយកអង្ករពីអង្គការមូលនិធិទំពាំងស្នងឫស្សី ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងដំណើរទស្សកិច្ចចុះពិនិត្យមើលសហគមន៍មេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានឱ្យដឹងថា ប្រជាពលរដ្ឋមួយភូមិបណ្តែតទឹក ចំនួនជាង៣០០គ្រួសារ នៃឃុំកែវពណ៌ ស្រុកពួក បានបញ្ឈប់សកម្មភាពបោះចោលសំរាមប្លាស្ទិកទៅក្នុងទឹក ឬដុតសំរាមចោលបន្តទៀតហើយ ព្រោះថា នៅទីនោះលោកបានបង្កើតជង្រុក សម្រាប់ទុកដាក់សំរាមត្រឹមត្រូវដើម្បីយកមកដូរអង្ករ។ លោកបន្តថា កម្មវិធីនេះផ្តោតជាសំខាន់ទៅលើការប្រមូលសំរាមប្លាស្ទិកតែមួយប៉ុណ្ណោះ ព្រោះប្លាស្ទិក មានអាយុរាប់រយឆ្នាំ ដែលបង្កហានិភ័យខ្ពស់ទាំងជីវិតមនុស្ស និងសត្វ។

ទន្ទឹមនេះ ប្រជាពលរដ្ឋដែលចូលរួមជាមួយកម្មវិធីនេះនឹងទទួលបានរង្វាន់លើកទឹកចិត្តជាអង្ករ ថវិកា និងគ្រឿងបរិភោគនានា។ លោកបានបញ្ជាក់ថា “ប្រជាពលរដ្ឋភូមិពាមតាអួរ ដែលមានជាង៣០០គ្រួសារ រស់តាមផ្ទះបណ្តែតទឹកលើកផ្ទៃបឹងទន្លេរសាប បានបញ្ឈប់ការចោលប្លាស្ទិកទៅក្នុងទឹក និងឈប់ដុតប្លាស្ទិក ដោយពួកគាត់ចេះញែកសំណល់ទុកដាក់អេតចាយផ្សេង ហើយប្រមូលប្លាស្ទិក ដែលមានពីរប្រភេទ”។ លោកបានបន្ថែមថា ដោយសារកម្មវិធីទទួលបានជោគជ័យ និង ទទួលបានការគាំទ្រពីប្រជាជនជាគោលដៅបន្ទាប់ អង្គការមូលនិធិទំពាំងស្នងឫស្សីនឹងបន្តគម្រោងរបស់ខ្លួនទៅតាមដងស្ទឹងសៀមរាប និងនៅតាមភូមិជាច្រើនទៀតក្នុងខេត្តសៀមរាប និងនៅខេត្តបាត់ដំបង ផងដែរ។

យុវជន ស៊ា សំណាង និង យុវតី អ៊ា សំណាង រស់នៅក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក បានស្ម័គ្រចិត្តចូលរួមរើសសំរាមជាមួយអង្គការមូលនិធិទំពាំងស្នងឫស្សីសហការជាមួយអាជ្ញាធរមូលដ្ឋានបានអះអាងថា ប្អូនសប្បាយចិត្តក្នុងការធ្វើសកម្មភាពអនាម័យក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ពួកគេបានអះអាងថា នឹងជួយបំផុសប្រជាពលរដ្ឋឱ្យនាំធ្វើកិច្ចការនេះឱ្យបានកាន់តែច្រើននៅក្នុងសហគមន៍របស់ខ្លួន។
ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងមួយថ្ងៃកម្ពុជាមាន សំរាមជាង១ម៉ឺនតោន ដោយក្នុងមួយឆ្នាំមានជិត៤លានតោន ក្នុងនោះ ៦៥ ទៅ ៧០ ភាគរយជាសំណល់សរីរាង្គ ២០ ភាគរយ ជាសំណល់ប្លាស្ទិក ក្រៅពីនោះជាសំណល់រឹង។

ឯកឧត្តមបានបន្តថា សំរាមក្នុងប្រទេសកម្ពុជាមានកំណើនចន្លោះពី១០ទៅ១៥ ភាគរយ ជា រៀងរាល់ឆ្នាំ ដោយសារកំណើនសេដ្ឋកិច្ច ឥរិយាបថ វេចខ្ចប់របស់ប្រជាពលរដ្ឋ ការកែច្នៃ នៅមានកម្រិត និង ការប្រើប្រាស់មានការកើនឡើង ។
ឯកឧត្តមបានលើកឡើងថា ក្រសួងបរិស្ថាន កំពុងតែយកចិត្តទុកដាក់ និងជំរុញការ ញែកសំរាមតាមប្រភេទ ដូចជា ញែកសំរាមសរីរាង្គ ដើម្បីយកវាទៅធ្វើជា ជីកំប៉ុស និងញែក សំណល់ប្លាស្ទិកដើម្បីយកទៅកែច្នៃបន្ត។ ជាមួយគ្នានេះ ក្រសួងក៏កំពុងជំរុញដល់ការអនុវត្តគោលការ ៤ R ផងដែរ គឺកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក កែច្នៃឡើងវិញ ការប្រើប្រាស់ឡើងវិញ និងការបដិសេធការប្រើប្លាស្ទិកតែម្ដង៕

អត្ថបទទាក់ទង