ខ្មែរប៉ុស្ដិ៍ Close

តំបន់ការពារធម្មជាតិចំនួន៤ក្នុងខេត្តព្រះវិហារ សិក្សាលទ្ធភាពលក់ឥណទានកាបូន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 52
តំបន់ការពារធម្មជាតិចំនួន៤ក្នុងខេត្តព្រះវិហារ សិក្សាលទ្ធភាពលក់ឥណទានកាបូន តំបន់ការពារធម្មជាតិចំនួន៤ក្នុងខេត្តព្រះវិហារ សិក្សាលទ្ធភាពលក់ឥណទានកាបូន

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តំបន់ការពារធម្មជាតិចំនួន៤ក្នុងខេត្តព្រះវិហារ កំពុងសិក្សាលទ្ធភាពលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត បន្ទាប់ពីចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានរក្សាព្រៃឈើឈរ លក់ឥណទានកាបូនបានថវិកាចំនួន១១,៦លានដុល្លារអាមេរិករួចមកហើយ។

លោកបានបញ្ជាក់ថា តំបន់ការពារធម្មជាតិចំនួន៤នៃខេត្តព្រះវិហារ ដែលកំពុងអនុវត្តនូវគម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរឹលព្រៃឈើ ហៅកាត់ថា រេដបូក (REDD+)នេះមាន៖ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។ លោកបន្តថា តំបន់ទាំង៤ ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន ៤៣ទីតាំង ដើម្បីធ្វើការសិក្សាវាយតម្លៃដោយឱ្យមន្ត្រីជំនាញផ្សេងទៀតវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារ ស្ម័គ្រចិត្ត។ លោកមានប្រសាសន៍ថា «ទីផ្សារលក់ឥណទានកាបូននេះ ពិតជាមានសារសំខាន់សម្រាប់ប្រទេសកម្ពុជា យើង ក្នុងការបោះ ជំហាននៅក្នុងទីផ្សារឥណទានកាបូន ដើម្បីបញ្ជាក់ពីភាពប្រសើរឡើងនៃការការពារធនធានធម្មជាតិរបស់យើង»។

បើតាមការបញ្ជាក់ពីលោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS ដែលអនុវត្តបានជោគជ័យ នូវគម្រោងរេដបូក ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា គម្រោងរេដបូក ដែលបាននិងកំពុងរៀបចំនៅតំបន់ ការពារធម្មជាតិចំនួន៤ក្នុងខេត្តព្រះវិហារ ជាជំហានបឋម ដែលអាចឈានទៅពង្រីកការគ្របដណ្តប់វិសាលភាព នៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិសាស្ត្រខេត្តព្រះវិហារទាំងមូល។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញថា តំបន់ការពារធម្មជាតិចំនួន៤ នៃខេត្តព្រះវិហារនេះ មានផ្ទៃដីសរុបជាង ៥៤៦លានហិកតា និងគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត១០ម៉ឺនគ្រួសារ និងមានសត្វព្រៃរងការគំរាមកំហែងជាសកល ជាង៣០ប្រភេទ និងសត្វស្លាបជិតផុតពូជបំផុត៥ប្រភេទមាន៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំ-ក ស ជាដើម៕

អត្ថបទទាក់ទង