ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 71
ក្រសួងបរិស្ថានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ ក្រសួងបរិស្ថានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ

ក្រសួងបរិស្ថានបាន បង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ ដែលថតបានកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ យោងតាមទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់ប្រមាណ ៤០០០ក្បាល នៅលើពិភពលោក។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជាមានតិចជាង ១.៥០០ក្បាល។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖

«យើងសង្កេតឃើញថានៅក្នុងដែនជម្រកសត្វព្រៃនានានៅកម្ពុជាប្រភេទសត្វកម្រមួយចំនួនមានកំណើនឡើងក្នុងនោះសត្វទន្សោងនៅក្នុងដែនជម្រកសត្វព្រៃនៅព្រះវិហារ ហើយតំបន់ខ្លះមានចំនួននៅឋិតថេរ និងខ្លះមានការថយចុះ។ សត្វដែលឃើញមានការកើនដែរដូចជាសត្វជ្រូកព្រៃ និងប្រភេទសត្វមួយចំនួនទៀត។ កំណើនវត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយសារតែលទ្ធផលនៃការការពារនិងអភោរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រករបស់ពពួលសត្វព្រៃមានភាពប្រសើរឡើង ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព»។

លោករដ្ឋលេខាធិការ បានបន្ថែមថា៖

អន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វត្រូវបានមន្ត្រីឧទ្យានុរក្ស សត្តរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិបានចូលរួមដោះ និងកម្ទេចចោល។ សត្វព្រៃជាច្រើនពាន់ក្បាលត្រូវបានជួយសង្គ្រោះនិងដោះលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយសត្វព្រៃមួុយចំនួនដែលមានសុខភាពមិនល្អ ក្រសួងបរិស្ថានបានសហការជាមួយដៃគូដើម្បីថែរក្សាព្យាបាលឱ្យជាមានសុខភាពល្អ ទើបប្រលែងចូលក្នុងព្រៃធម្មជាតិដែលជាទីសុវត្ថិភាព។ ឆ្នាំ២០២០កន្លងទៅ អន្ទាក់ជិត ៥០០០០ ត្រូវបានដោះចេញពីក្នុងតំបន់ព្រៃអភិរក្ស។

ក្នុងនាមស្ថាប័នអ្នកអភិរក្សធនធានធម្មជាតិ និងអង្គការដៃគូដែលបានសហការគ្នាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ យើងពិតជាមានមោទកភាពដែលឃើញវត្តមានសត្វព្រៃកើនឡើងនៅក្នុងតំបន់ការពារធម្មជាតិ។ នេះគឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរួមគ្នាពីសំណាក់មន្ត្រីនៃក្រសួងបរិស្ថាន អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ សហគមន៍តំបន់ការពារធម្មជាតិ និងស្ថាប័នពាក់ព័ន្ធនានាដែលបានពួតដៃគ្នាក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិដោយឈរលើមូលដ្ឋានអនុវត្តច្បាប់ជាធរមាន ការរួមគ្នាទទួលខុសត្រូវ និងជាកិច្ចសហការប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា។

លោករដ្ឋលេខាធិការ បានបន្ថែមថា៖

«ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់»។

បើតាម លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សកម្មភាពទាំងនេះនឹងជួយការពារទាំងសុខភាព សុខុមាលភាពរបស់មនុស្ស និងសត្វ ជីវចម្រុះ ព្រមបរិស្ថានទាំងអស់ដែលនៅជុំវិញយើង ក៏ដូចជាចូលរួមទប់ស្កាត់ ហានិភ័យនៃការបាត់បង់ជីវៈចម្រុះ និង ការ ប្រែប្រួលអាកាសធាតុជាដើម។ ដើម្បីអនាគតមនុស្សជាតិ យើងត្រូវរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ៕

អត្ថបទទាក់ទង