កម្ពុជា បង្ហាញការខកចិត្តចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ បានសម្តែងការខកចិត្តចំពោះទស្សនៈផ្ទាល់ខ្លួន របស់លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ការខកចិត្តចិត្តនេះ បន្ទាប់ពីលោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានចេញផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទាក់ទងនឹងស្ថានភាពសង្គមនិងអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់បេសកកម្មអចិន្ដ្រៃយ៍កម្ពុជាកាលពីថ្ងៃទី១៦ វិច្ឆិកា បានឱ្យដឹងថា ការវាយតម្លៃលើប្រទេសមួយដែលអាចជឿជាក់បានលុះត្រាតែផ្អែកលើបរិបទច្បាប់ និងហេតុការណ៍ពិតនៅនឹងកន្លែងជាមួយប្រភពព័ត៌មានដែលមានការផ្ទៀងផ្ទាត់និងទស្សនៈវិស័យរួម។ វិធីសាស្ដ្រនេះមានលក្ខណៈស្របទៅនឹងក្រមសីលធម៌សម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស (ជាពិសេសមាត្រា ៣ ៤ ៥ និង៦) និងសៀវភៅណែនាំប្រតិបត្តិការនីតិវិធីពិសេស (ជាពិសេសកថាខណ្ឌ២៤ និង៥០) ដែលរៀបរាប់លម្អិតអំពីគោលការណ៍ទូទៅនៃការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈនិងមិនលំអៀងសារៈសំខាន់នៃការប្រមូលព័ត៌មានដោយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវនិងការគោរពឱ្យបានពេញលេញនូវច្បាប់និងបទប្បញ្ញត្តិរបស់ប្រទេស។
ជាការគួរឱ្យសោកស្ដាយយ៉ាងខ្លាំង ដែលលោកស្រី Mary Lawlor ពុំបានគោរពឱ្យបានម៉ត់ចត់ នៅក្នុងផ្នែកជាច្រើននៃនីតិវិធីដែលបានរៀបរាប់ខាងលើដែលជាហេតុឱ្យស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជាត្រូវចោទសួរលើភាពគួរឱ្យទុកចិត្តបានចំពោះទស្សនៈរបស់លោកស្រីមកលើកម្ពុជា។ ជាងនេះទៅទៀត ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា បានធ្វើការរំលឹកអ្នករាយការណ៍ពិសេសថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយពុំមែនជាការផ្ដល់សិទ្ធិឱ្យបុគ្គលម្នាក់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់នោះជាទឡី្ហករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយនោះទេ។
បន្ថែមពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តបន្តធានាការអនុវត្តសិទ្ធិនិងសេរីភាពទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងនៅក្នុងក្របខ័ណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រ យោជន៍របស់ពលរដ្ឋទាំងអស់ដែលគោរពច្បាប់មិនមែនសម្រាប់តែក្រុមជាក់លាក់ណាមួយនោះឡើយ៕