ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអង្គការសហប្រជាជាតិ អញ្ជើញឱ្យចែករំលែកបទពិសោធន៍លើការកសាងប្រទេស នៅសប្តាហ៍ក្រោយនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 187
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអង្គការសហប្រជាជាតិ អញ្ជើញឱ្យចែករំលែកបទពិសោធន៍លើការកសាងប្រទេស នៅសប្តាហ៍ក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអង្គការសហប្រជាជាតិ អញ្ជើញឱ្យចែករំលែកបទពិសោធន៍លើការកសាងប្រទេស នៅសប្តាហ៍ក្រោយនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ សប្តាហ៍ក្រោយនេះ នឹងដឹកនាំគណៈប្រតិភូជាមន្ត្រីជាន់ខ្ពស់របស់កម្ពុជា អញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មារសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ដែលប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ សន្និបាតនេះ នឹងធ្វើឡើងក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព»។

ក្នុងពិធីបើកសន្និបាតរបស់អង្គការសហប្រជាជាតិនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ការដែលអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងសង្គមគោរពអញ្ជើញលោកនាយករដ្ឋមន្ត្រីថ្លែងចែករំលែកបទពិសោធន៍លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនេះ ក៏ដោយសារតែគេបានទទួលស្គាល់នូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញទៅដល់ទីតាំងរៀបចំសន្និបាតនៅក្នុងប្រទេសថៃហើយ ដើម្បីពិនិត្យ និងរៀបចំកម្មវិធីសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក លី ធុជ បានអះអាងប្រាប់ពីប្រទេសថៃថា អង្គសន្និបាតបានត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី ហើយគេបានទទួលស្គាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំមានទស្សនវិស័យដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសជាតិ។

ការរៀបចំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចែករំលែកនូវបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលមានថ្នាក់ដឹកនាំកំពូលមកពីបណ្តាលប្រទេសជាសមាជិកចំនួន ៥៣ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន ៩រដ្ឋនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិកនេះមិនមែនជារឿងចៃដន្យនោះឡើយ។

មុននឹងមានការគោរពអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលជាប្រទេសញាំញីដោយភ្លើងសង្គ្រាមជាង៣ទសវត្សរ៍នេះ កាលពីខែមេសា កន្លងទៅនេះ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការ រង នៃ អង្គការសហប្រជាជាតិ និង ជា ប្រធាន គណៈកម្មការ សេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់ អាស៊ី ប៉ាស៊ីហ្វិក នៃ អង្គការសហប្រជាជាតិ ( UNESCAP ) បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា។

ក្នុងដំណើរទស្សនកិច្ចនេះលោកស្រី បានចុះសិក្សាស្វែងយល់ដោយផ្ទាល់ពីស្ថានភាពរបស់កម្ពុជា ដោយបានអញ្ជើញជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនឹងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងទៀត។ លោកស្រី ក៏បានអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរ ប្រល័យ ពូជសាសន៍ ទួល ស្លែង ដោយបានសិក្សាស្វែងយល់ដោយផ្ទាល់ពីអតីតកាលដដ៏ជូរចត់របស់កម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។

ក្នុងពេលទស្សនកិច្ចនោះ លោកស្រី បានលើកឡើងថា មិន ត្រូវ អនុញ្ញាតឲ្យ អំពើ ប្រល័យ ពូជសាសន៍ វិល ត្រលប់ មកវិញ សាជាថ្មី ជាដាច់ខាត នៅ ក្នុង ប្រ វិត្ត សាស្រ្ត របស់ មនុស្សជាតិ ហើយលោកស្រីក៏បានកោតសរសើរចំពោះកម្ពុជា ដែលបាន ខិតខំ ប្រឹងប្រែង ក្នុង ការ ការពារ មិន ឲ្យ ត្រលប់ មកវិញ ជាដាច់ខាត នូវ របប ប្រល័យ ពូជសាសន៍ ខ្មែរក្រហម ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Armida បាន ទទួលស្គាល់នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកស្រីទទួលស្គាល់ទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសមត្ថភាពពេញលេញ។

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលត្រូវបានបំផ្លេចបំផ្លាញគ្មានសល់គ្រប់វិស័យទាំងអស់ដោយសារតែភ្លើងសង្គ្រាមជាង៣ទសវត្សរ៍ ជាពិសេសនៅក្នុងប្រល័យពូជសាសន៍ ប៉ុល ពត។ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ និងឥស្សរជននយោបាយមកពីគណបក្សប្រជាជនកម្ពុជា កម្ពុជាត្រូវបានរើបម្រាស់ចេញពីភាពខ្ទេចខ្ទំជាជំហានៗយ៉ាងលំបាកជាទីបំផុត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជារយៈពេលជិត៣៤ឆ្នាំ គឺជាមេដឹកនាំបានរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាមផង និងអភិវឌ្ឍន៍ជាតិផងដែរ។ ផ្តើមចេញពីប្រទេសដែលបំផ្លាញគ្មានសល់នូវរចនាសម្ព័ន្ធជាតិ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដទៃទៀតនោះ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ក្រោយកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង ប្រទេសកម្ពុជា បានក្លាយជាប្រទេសមានការអភិវឌ្ឍពោរពេញដោយភាពរឹងមាំជាមួយកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧ភាគរយក្នុងមួយឆ្នាំ។

កម្ពុជា បានក្លាយពីប្រទេសដែលក្រីក្រ និងគ្មានអ្វីទាល់តែសោះមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥ និងកំពុងប្រឹងប្រែងឈានទៅសម្រេចមហិច្ឆតា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ អត្រាភាពក្រីក្រនៅកម្ពុជា បានបន្តធ្លាក់ចុះជាលំដាប់ពីជាង ៥៣ភាគរយ ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣.៥ភាគរយ ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងរង្វង់ ១០ភាគរយនាពេលបច្ចុប្បន្ន។

កម្ពុជា ក៏ត្រូវបានគេមើលឃើញផងដែរថា កំពុងមានការអភិវឌ្ឍយ៉ាងលឿនលយស្ទើរគ្រប់វិស័យទាំងអស់។ ផ្តើមចេញពីការប្រៀបធៀបជាមួយអតីតកាលដ៏ជូរចត់របស់កម្ពុជា ជាមួយនឹងវឌ្ឍនភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលមើលឃើញដោយផ្ទាល់ភ្នែកក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមេសាកន្លងទៅនេះហើយ ទើបលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការ រង នៃ អង្គការសហប្រជាជាតិ និង ជា ប្រធាន គណៈកម្មការ សេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់ អាស៊ី – ប៉ាស៊ីហ្វិក នៃ អង្គការសហប្រជាជាតិ គោរពអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចែករំលែកនូវបទពិសោធន៍លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ក្នុងសន្និបាតស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិនៅប្រទេសថៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេរំពឹងថា នឹងចែករំលែកនូវបទពិសោធន៍ជាច្រើនរបស់សម្តេច ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា និងការរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីជាដើមទុនដ៏ចម្បងសម្រាប់កសាង និងអភិវឌ្ឍសង្គមកម្ពុជា៕

អត្ថបទទាក់ទង