ខ្មែរប៉ុស្ដិ៍ Close

មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាលាបង្ហាញកសិដ្ឋានបែបទំនើប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាលាបង្ហាញកសិដ្ឋានបែបទំនើប មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាលាបង្ហាញកសិដ្ឋានបែបទំនើប

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងវិទ្យាស្ថានប្រាយហូបបាន​រៀប​ចំសិក្ខា​សាលា ដើម្បីបង្ហាញកសិដ្ឋានបែបទំនើបនៅក្នុងខេត្ដ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ឹង លាងហួរ សមាជិកព្រឹទ្ធសភា និងលោក សេង ស៊ិន្ថារ នាយកវិទ្យាស្ថាន​ប្រាយ​ហូប។ សិក្ខាសាលានេះ បានប្រារព្ធទៅនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក អ៊ឹង លាងហ៊ួរ បានមានប្រសាសន៍ថា ការរៀបចំទិវាបង្ហាញកសិដ្ឋាននេះ​មាន​គោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពីកសិកម្មតាមបែបទំនើប ដែល​មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងកម្មវិធីរបស់ខេត្តកំពង់ឆ្នាំង ក្រុមហ៊ុន​អេប៊ីនអេន៍ វិទ្យាស្ថានប្រាយហូប បានសហការគ្នារៀបចំទិវាបង្ហាញកសិកម្មតាម​បែបទំនើប នៅ​កសិដ្ឋាន ស្រាវជ្រាវពិសោធន៍កសិកម្ម។ លោកបានបញ្ជាក់ថា កម្មវិធីនេះ​ក៏ចូលរួម​ផ្សព្វ​ផ្សាយបង្ហាញបទពិសោធន៍ បច្ចេកទេសដាំបន្លែតាមបែបទំនើប ប្រព័ន្ធស្រោចស្រព​តំណក់​ទឹក ការស្រោចស្រពដោយប្រើប្រព័ន្ធពន្លឺព្រះអាទិត្យ​ និងឧបករណ៍កសិកម្មសំខាន់ៗ។

ជាមួយគ្នានេះ កម្មវិធីនេះ ក៏បានបង្កើតឱ្យមានការជួបជុំ អ្នកផ្គត់ផ្គង់សម្ភារកសិកម្ម ក្រុមហ៊ុន ដេប៉ូ កសិដ្ឋាន និងអ្នកទិញផលិតផលកសិកម្ម ដើម្បីដាក់តាំងបង្ហាញ លក់ផលិត​ផល និងទំនាក់ទំនង ពិភាក្សាពីការធ្វើអាជីវកម្ម-កសិកម្មជាមួយគ្នានាពេលអនាគត។

លោក​បានលើកឡើងថា ចំពោះគ្រឹះស្ថានឧត្តមសិក្សា ក្រុមហ៊ុនកសិកម្ម កសិដ្ឋាន​ធំៗ ក៏អាចជួបជាមួយប្រធានក្រុមហ៊ុន អេហ្គ្រីនអេន ដើម្បីពិគ្រោះយោបល់ពីការសហការគ្នា ដើម្បីបង្កើតកសិដ្ឋានបង្ហាញតាមបែបទំនើបពីការធ្វើអាជីវកម្ម-កសិកម្ម។​ លោកបាន​បន្ដថា នេះគឺជាការបង្ហាញទស្សនវិស័យ និងគោលនយោបាយស្តីពី​ការលើក​កម្ពស់វិស័យកសិកម្ម​កម្ពុជា ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ដូចដែលបាន​កំណត់ក្នុងយុទ្ធសាស្ត្រចតុ​កោណ​ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល នីតិកាល​ទី៦ នៃរដ្ឋសភា ដោយសង្កត់លើការតម្រង់​ទិស​ការអភិវឌ្ឍប្រកបដោយចីរភាព។

លោកក៏បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការ​តាម​រយៈផ្លូវមួយ ខ្សែ​ក្រវាត់មួយ នឹងពង្រឹង និងពង្រីកបន្ថែមនូវកិច្ចស​ហ​ប្រតិបត្តិការនានាលើគ្រប់វិស័យ ដើម្បីការ​អភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា និងអនាគតទាំងអស់គ្នា។

លោកបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំង ទាំងមូលមាន​ប្រជាជន​ប្រមាណ ៨៥ភាគរយ បានប្រកបរបរកសិកម្ម (ផលិតស្រូវ) ហើយទីតាំងភូមិសាស្ត្រខេត្ត ជា​តំបន់ដែលមានសក្តានុពលបំផុតលើដំណាំស្រូវសរីរាង្គ ដោយមានការទទួលស្គាល់ ពីក្រុម​ហ៊ុន​ជាតិ និងអន្តរជាតិ។ ដោយឡែកដំណាំរួមផ្សំជាកត្តាសំខាន់សម្រាប់បងប្អូន ប្រជាពលរដ្ឋ ក្នុងការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកក៏បានសំណូមពរឱ្យអង្គការជាដៃគូ បន្តជួយលើកកម្ពស់ការអនុវត្តកសិកម្ម​ទំនើប​​មានលក្ខណៈប្រកួតប្រជែងបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងកសិកម្ម​ប្រកប​ដោយនិរន្តរភាព៕

អត្ថបទទាក់ទង