ខេត្តកំពង់ឆ្នាំង រៀបចំពិធីក្រុងពាលីទម្លាក់ទូក ដើម្បីធ្វើការហ្វឹកហាត់ចូលរួមប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ
នៅបរិវេណវត្តយាយទេព ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ទោ ធន់ ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាគណៈកម្មការគ្រប់គ្រងទូកង ទេពធីតាសែនជ័យបារម៉ីមានរិទ្ឋ របស់ក្រុងកំពង់ឆ្នាំង បានផ្តាំផ្ញើដល់ក្រុមកីឡាករកីឡាការីថា សូមយកចិត្តទុកដាក់ប្រឹងប្រែងហ្វឹកហាត់ អោយបានស្ទាត់ជំនាញក្នុងការចែវនិងឆក់យកល្បឿនអោយបានលឿនដើម្បីទទួលបានជ័យជំនះ។ លោកបានផ្តាំផ្ញើបែបនេះ នៅក្នុងពិធីក្រុងពាលីទម្លាក់ទូកង ទេពធីតាសែនជ័យ បារមីមានរិទ្ធចូលទន្លេ ដើម្បីហ្វឹកហាត់ ត្រៀមចូលរួមប្រកួតថ្នាក់ជាតិក្នុងពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ បានបន្តថា អនុវត្តតាមទិសដៅរបស់រាជរដ្ឋាភិបាល ស្តីពីការចូលរួមព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែក្នុងពេលខាងមុខនេះ ខេត្តកំពង់ឆ្នាំង បានត្រៀមខ្លួនរូចជាស្រេច ក្នុងការបញ្ជូនទូក របស់ខ្លួនដើម្បីទៅចូលរួមប្រកួត ។ ដោយឡែកនៅព្រឹកនេះទូកទេពធីតាសែនជ័យ បារមីមានរិទ្ធ បានទម្លាក់ខ្លួន ចូលទន្លេដើម្បីហ្វឹកហាត់ រយៈពេលជាងកន្លះខែ មុននឹងចេញទៅចូលរូមប្រកួត។
លោកបន្តថា ការប្រកួត គឺមានការចង់ឈ្នះរៀងៗខ្លួន មិនចង់ចាញ់នោះទេ ប៉ុន្តែអ្វីដែលជាគុណសម្បត្តិរបស់ខ្មែរគឺឈ្នះដោយសេចក្តីថ្លៃថ្នូ ដែលជាកត្តាយ៉ាងសំខាន់ សម្រាប់អោយពិភពលោកបានស្គាល់កាន់តែច្បាស់ នៅប្រពៃណី ទំនៀមទម្លាប់ ប្រវត្តិសាសន៍របស់ខ្មែរ ដែលយើងជាខ្មែរជំនាន់ក្រោយ នៅតែដើរតាម ប្រពៃណី ដ៍យ៉ាងផូរផង់នេះ ។ដូចជាថ្ងៃធ្វើ ពិធីដែលយើងបានប្រារព្ធនៅពេលនេះ គឺយើងបានធ្វើតាមលំដាប់លំដោយ នៃកម្មវិធីនិមួយៗ រហូតដល់ចប់ទើបយើងទម្លាក់ទូកចុះ ដែលពិធីនេះបានបញ្ជាក់អោយកូនខ្មែរជំនាន់ក្រោយ បានដឹងថា នេះជាការរក្សាប្រពៃណីទូកង ដែលតំណាងអោយ នាវាចរណ៍ក្នុងសង្គ្រាម និងតំណាងអោយកងទ័ព្វជើងទឹក កាលពីសម័យដើម។
នៅក្នុងឱកាសនោះដែរ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងក៏បានមានប្រសាសន៍ដែរថា សម្រាប់ទូកង ឈ្មោះទេពធីតាសែនជ័យ បារមីមានរិទ្ធ របស់ក្រុងកំពង់ឆ្នាំង ទើបតែបានចូលរួមប្រកួតថ្នាក់ជាតិ រយៈពេល៣ឆ្នាំនេះទេ ដោយកាលពីឆ្នាំ២០១៦ ទទួលបានជោគជ័យលេខ១ទាំង ល្បឿន និងសោភ័ណ្ឌភាព, ឆ្នាំ២០១៧ ទទួលបានផែនលេខ២ ចំណែកឆ្នាំ២០១៨ ដែលនឹងទៅចូលរួមប្រកួតនេះ សង្ឃឹមថាៈ នឹងទទួលជោគជ័យ ជាថ្មីទៀត ទាំងល្បឿន និងសោភ័ណ្ឌភាពជាពុំខាន។
លោកអភិបាលក្រុងបានបញ្ជាក់ថា ការហ្វឹកហាត់មានរយៈពេល១៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះតទៅ ។ជាមួយគ្នានេះ លោកក៏បានថ្លៃអំណរគុណ លោកឧត្តមសេនីយ៍ទោ ធន់ ធឿន បានឧបត្ថម មី១៥កេះ ទឹកក្រូច១៥កេះ ទឹកសុទ្ឋ៥០យួរអង្ក២០០គីឡូក្រាម និងថវិការ១លានរៀល ដល់ទូកមួយនេះផងដែរ។
តាមការបញ្ជាក់របស់លោកអភិបាលក្រុងកំពង់ឆ្នាំង ទូកទេពធីតាសែនជ័យមានប្រវែង៣៣ម៉ែត្រ មានចំណុះជើងចែវ ៥៤នាក់ បូកទាំងអ្នករាំក្បាលទូក និងអ្នកបាចទឹកទូក២នាក់ទៀត សរុប៥៦នាក់ បំរុុង១៧នាក់សរុប៧២នាក់៕