ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង៖ សង្គមស៊ីវិលមួយចំនួនចោទថា អាជ្ញាធររឹតត្បិតសេរីភាពរាប់រយករណី តែពេលឲ្យបង្ហាញភស្ដុតាងជាក់លាក់បែរមិនហ៊ានទៅវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1175
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង៖ សង្គមស៊ីវិលមួយចំនួនចោទថា អាជ្ញាធររឹតត្បិតសេរីភាពរាប់រយករណី តែពេលឲ្យបង្ហាញភស្ដុតាងជាក់លាក់បែរមិនហ៊ានទៅវិញលោកឧបនាយករដ្ឋមន្ដ្រី ស ខេង៖ សង្គមស៊ីវិលមួយចំនួនចោទថា អាជ្ញាធររឹតត្បិតសេរីភាពរាប់រយករណី តែពេលឲ្យបង្ហាញភស្ដុតាងជាក់លាក់បែរមិនហ៊ានទៅវិញ

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា សង្គមស៊ីវិលមួយចំនួនបានចោទខុសពីការពិត អំពីករណីវិវាទជាមួយអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ថាអាជ្ញាធររឹតត្បិតសិទ្ធសេរីភាពរហូតដល់រាប់រយករណី ប៉ុន្ដែនៅពេលឲ្យបង្ហាញភស្ដុតាងជាក់លាក់ ដើម្បីដាក់លើតុដោះស្រាយបែរជាមិនហ៊ានទៅវិញ។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ក្នុងពិធីបើកវេទិការស្ដីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៤) បានអះអាងថា ការផ្សព្វផ្សាយព័ត៌មានបែរនេះ របស់អង្គការសង្គមស៉ីវិលមួយចំនួន គឺជាចេតនាមិនល្អជាមួយរាជរដ្ឋាភិបាល ផ្ទុយពីអ្វីដែលជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកថា អង្គការសង្គមស៊ីវិល ជាដៃគូដ៏ល្អ។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំស្នើថាព័ត៌មានកុំលាក់, ឧបមាថា លូវមានបញ្ហានៅកន្លែងណា ព្រោះបើមិនចឹងយើងមិនដឹង ដោះស្រាយយ៉ាងមិចស្រាប់តែគាត់ [អង្គការសង្គមស៉ីវិល] យកមកបំផ្ទុះព័ត៌មានថា ឆ្នាំនេះមានប៉ុន្មានរយករណី ដែលអាជ្ញាធរគៀបសង្កត់ គំរាមកំហែង ហើយសួរថានៅណាព័ត៌មានឲ្យគាត់ផ្ដល់ព័ត៌មានជាក់លាក់មក គាត់អត់ហ៊ានផ្ដល់ទេ ចឹងបានន័យថាគាត់បំប៉ោងព័ត៌មាន ខ្ញុំអាចនិយាយចឹង»។

លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញនូវការងឿងឆ្ងល់ថា ប្រសិនបើមានករណីវិវាទកើតឡើងមូលដ្ឋានរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរ តែអង្គការសង្គមស៊ីវិល បូកសរុបយកទៅផ្សព្វផ្សាយ តែបែរជាមិនផ្ដល់ព័ត៌មានមកសមត្ថកិច្ចទៅវិញ។ ចំណុចនេះប្រៀបបានដូចជាអង្គការសង្គមស៊ីវិល លាក់បាំងព័ត៌មាន ដូច្នេះទំនាក់ទំនងរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមិនមានតម្លាភាព ផ្ទុយពីការកសាងភាពជាដៃគូ តែជាការមើលបំណាំ។

ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងមហាផ្ទៃ ទទួលបាននូវសេចក្ដីរាយការណ៍ចំនួន ២ករណីប៉ុណ្ណោះ ដែលពាក់ព័ន្ធនឹងការសួរនាំពី អាជ្ញាធរមូលដ្ឋាន គឺនៅខេត្តបាត់ដំបង ដែលអាជ្ញាធរឃុំពុំចេញលិខិតបញ្ជាក់អាស័យដ្ឋានទីស្នាក់របស់អង្គការ និងខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរស្រុក បានតម្រូវឲ្យអង្គការដាក់លិខិតស្នើសុំក្នុងការធ្វើសកម្មភាពរបស់ខ្លួន ដែលករណីនេះ គឺផ្ទុយទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ នេះជាការគូសបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង។
បើតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ចំពោះករណីទាំងពីរនេះ ក្រុមការងារអន្ដរក្រសួងក៏បានធ្វើការទំនាក់ទំនងដោយផ្ទាល់ ទៅរដ្ឋបាលខេត្តទាំងពីរ ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាដែលកើតឡើងនោះបានរួចរាល់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានការប្ដេជ្ញា ចិត្តយ៉ាងមុតមាំ ក្នុងការបន្ដលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយ៉ាងពិតប្រាកដ ជាមួយអង្គការសង្គមស៉ីវិលក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានអះអាងទៀតថា រាជរដ្ឋាភិបាលស្វាគមន៍នូវអ្វីដែលអង្គការសង្គមស៉ីវិលលើកឡើង ព្រោះក្រសួងមានយន្ដការអចិន្ដ្រៃយ៍ ដើម្បីដោះស្រាយបញ្ហានានា ហើយក៏មានយន្ដការជាវេទិកាសាធារណៈ នៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិទៀតផង ប៉ុន្ដែបើអង្គការសង្គមស៉ីវិល លាក់បាំងព័ត៌មាន មិនដឹងដោះស្រាយយ៉ាងមិចនោះទេ។
ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានស្នើដល់អង្គការសង្គមស៊ីវិល និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ៕

អត្ថបទទាក់ទង