ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ៖ អ្នកបន្ដបំផុសព័ត៌មានប្រឌិតរឿង COVID-19 នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3
ក្រសួងមហាផ្ទៃ៖ អ្នកបន្ដបំផុសព័ត៌មានប្រឌិតរឿង COVID-19 នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ក្រសួងមហាផ្ទៃ៖ អ្នកបន្ដបំផុសព័ត៌មានប្រឌិតរឿង COVID-19 នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសពីវិធានការ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ចំពោះជនអគតិទាំងឡាយណា ដែលនៅតែគឃ្លើនបន្ដបង្ហោះព័ត៌មានប្រឌិតរឿងវីរុស COVID-19 ធ្វើឲ្យចលាចលក្នុងសង្គម។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំស្ដីពីវិធានការណ៍ការពារជំងឺ COVID-19 នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះ បានរីករាលដាលពេញពិភពលោក ហើយប្រទេសកម្ពុជាក៏មានការកើនឡើងនូវអ្នកដែលមានផ្ទុក COVID-19 នេះផងដែរ ដូច្នេះពេលនេះមិនមែនជាពេលត្រូវជះទឹកដាក់គ្នាទេ ពោលត្រូវតែរួមគ្នាទប់ស្កាត់។

លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «ក្នុងករណីថា ព័ត៌មានវាអត់មានទេ រួចហើយគាត់បំផុសដែលខ្ញុំសុំថា សុំមេត្តាកាត់បន្ថយ ហើយឈានទៅលុបបំបាត់ ដើម្បីយើងរួមគ្នាការពារជីវិត សង្គមរបស់យើង […] តាមច្បាប់យើងជាធរមាន អ្នកទាំងឡាយណាដែលនៅតែប្រើប្រាស់វោហាសាស្ដ្រ ដែលវានាំឲ្យច្របូកច្របល់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។

ជាមួយគ្នានេះ លោកបានស្នើសុំកុំឲ្យមានការរើសអើងអ្នកដែលមានផ្ទុកវីរុស COVID-19 នៅប្រទេសកម្ពុជា ដោយហេតុថា ជំងឺនេះកើតគ្រប់ជាតិសាសន៍ទាំងអស់។ លោកក៏បានបញ្ជាក់ថា ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ទៅថ្នាក់ខេត្តក៏បានបញ្ជាក់ចំណុចនេះផងដែរថា មិនត្រូវឲ្យមានការរើសអើងនោះឡើយ។

គួរជម្រាបថា កន្លងទៅ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ហើយ ដែលបង្ហោះព័ត៌មានបំពុលតាមបណ្ដាញសង្គម ខណៈ២នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងម្នាក់ទៀតត្រូវអប់រំណែនាំ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៧ករណីហើយ ក្នុងនោះមានប្រុស៤៣នាក់ និងនារីចំនួន៤នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាល កូវីដផងដែរ៕

អត្ថបទទាក់ទង