ខ្មែរប៉ុស្ដិ៍ Close

លោក ស ខេង អញ្ជើញប្រកាសប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 86
លោក ស ខេង អញ្ជើញប្រកាសប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ លោក ស ខេង អញ្ជើញប្រកាសប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ

លោក ស ខេង អនុប្រធានគណៈបក្សប្រជាជនកម្ពុជា បានឃើញជាអធិបតីអបអរសាទរពិធីប្រកាសប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

តាមសេចក្តីប្រកាស លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រកាសជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ ជំនួសលោក ប៉ុល សារឿន ត្រូវបានផ្ទេភារកិច្ចជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ។

ក្នុងពិធីនោះ លោក ជាម ហ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងអំណរគុណ លោក ប៉ុល សារឿន ដែលបានធ្វើពលិកម្មធំធេងក្នុងរយៈពេលជាង ១០ឆ្នាំ បំពេញភារកិច្ចដឹកនាំពង្រឹងគណបក្សលើគ្រប់វិស័យនាំមកនូវភាពជោគជ័យជាបន្តបន្ទាប់។

ជាក់ស្តែងលទ្ធផលបោះឆ្នោតគ្រប់អាណត្តិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រុម ប្រឹក្សាឃុំ សង្កាត់ សមាជិក ព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងដឹកនាំធ្វើឱ្យខេត្តមានការរីកចម្រើនលើគ្រប់វិស័យស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍខេត្ត ផ្អែកលើបាវចនាពីរគឺ «កែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅ» និងតាមអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ថា នេះជាភារកិច្ចថ្មីមួយ ខណៈពេលដែលខេត្តព្រះសីហនុកំពុងតែមានការអភិវឌ្ឍយ៉ាងគំហុករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងការ អភិវឌ្ឍន៍ក៏មានសម្ពាធប្រឈមអំពីបញ្ហាបរិស្ថាន កាកសំណល់ រឹងរាវ ដែលយើងត្រូវរួមគ្នាដោះស្រាយ ជាពិសេសអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្តេជ្ញានឹងខំតខំជម្រុញកែលម្អឆ្នេរសមុទ្រមានលក្ខណទំនើបកម្ម ដែលជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្ត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបង្កើនប្រសិទ្ធិភាពការងារថែរក្សា អភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យមាននិរន្តរភាពជាឆ្នេរស្អាត។

ជាមួយគ្នានោះដែរ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការផ្លាស់ប្ដូររបៀបធ្វើការងារ គឺដើម្បីបង្កើនប្រសិទ្ធភាពរបស់ខេត្តព្រះសីហនុ ដោយសារខេត្តនេះជាប៉ូលមួយក្នុងចំណោមប៉ូលទាំងបីនៃកំណើនសេដ្ឋកិច្ចជាតិ មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុក។

ខេត្តសៀមរាប ជាប៉ូលទេសចរណ៍ធម្មជាតិ ដែលមានភ្ញៀវទេសចរមានការកើនឡើងច្រើន និងហេដ្ឋារចនាសម្ព័ន្ធក៏មានការកើនឡើងផងដែរ ក៏ប៉ុន្តែតំបន់សៀមរាបមិនអនុញ្ញាតឲ្យសោះនូវសំណង់អគារខ្ពស់នោះបានទេ ដោយសារវាអាចប៉ះពាល់ទៅនឹងប្រាសាទបុរាណ ។

ដោយឡែកនៅខេត្តព្រះសីហនុ ជាតំបន់ឆ្នេរសមុទ្រដែលមានកំពង់ផែទឹកជ្រៅក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយនេះមានការវិនិយោគយ៉ាងគំហុក ក្លាយជាតំបន់អភិវឌ្ឍន៍ ប្រសិនបើយើងមិនបានគ្រប់គ្រងឱ្យបានល្អទេ បញ្ហាប្រឈមវានឹងកើតឡើង ដូច្នេះយើងត្រូវដោះស្រាយផលប៉ះពាល់គ្រប់គ្រងបរិស្ថានតំបន់ឆ្នេរឱ្យមានសោភណភាពបៃតង ក្នុងការទាក់ទាញអ្នកវិនិយោគភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕

អត្ថបទទាក់ទង