ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ៖ បរាជ័យនៃយុទ្ធសាស្រ្តបោកឆ្នាំ២០១៩ របស់មេឧទ្ទាមក្រៅច្បាប់!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 67
បទវិភាគ៖ បរាជ័យនៃយុទ្ធសាស្រ្តបោកឆ្នាំ២០១៩ របស់មេឧទ្ទាមក្រៅច្បាប់! បទវិភាគ៖ បរាជ័យនៃយុទ្ធសាស្រ្តបោកឆ្នាំ២០១៩ របស់មេឧទ្ទាមក្រៅច្បាប់!

យោងតាមគេហទំព័រហ្ចេសប៊ុករបស់ខ្លួនផ្យាយថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅនេះ ទណ្ឌិត សម រង្ស៊ី បានរលាស់សំដី ឬប្រែក្រឡាស់សំដីដោយឥតអៀនខ្មាស់ដើម្បីគេចមិនចូលស្រុកវិញតាមកិច្ចសន្យាភ្នាល់ ដោយយកលេសផ្សេងៗ។ យុទ្ធសាស្រ្តក្រឡិចក្រឡុចនេះ ពិតជាបានបង្ហាញច្បាស់ថា មេចលនាឧទ្ទាមក្រៅច្បាប់មួយនេះ បាននិងកំពុងបន្តចាញ់យាងអាម៉ាស់បំផុតក្នុងផ្នែកខាងយុទ្ធសាស្រ្ត និងសេនារីយ៉ូទុច្ចរិត សំដៅបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនដ៏គួរឱ្យអាណិតអាសូរជាទីបំផុត។ ការប្រែក្រឡាស់សម្ដី ដោយការយកលេសសផ្សេងៗនេះ បានធ្វើឱ្យអ្នកគាំទ្រដ៏ច្រើនរបស់មេឧទ្ទាមក្រៅច្បាប់មួយនេះ កាន់តែអស់ជំនឿ អស់សង្ឃឹមបំផុត ដែលទំនងគ្មានថ្ងៃកែកុនឡើងវិញបានឡើយ។

ទីបំផុត មហាជនទូទៅបានយល់ដឹងច្បាស់ ហើយក៏បានប្រសិទ្ធនាមដល់មេឧទ្ទាមនេះថា ជាទណ្ឌិតកំពូលបោកប្រចាំឆ្នាំ២០១៩ ដោយអ្នកគាំទ្រមេឧទ្ទាមភាគច្រើនបានអស់សង្ឃឹម អស់ទំនុកចិត្តដោយសារពួកអ្នកគាំទ្រភាគច្រើនបានអស់ស្រែ អស់ស្រូវ អស់ឆ្កែ អស់មាន់ អស់ទឹកក្នុងពាង ព្រោះតែជឿខុសលើផ្គរលាន់ក្នុងរដូវប្រាំង ពិតជាចាក់អង្ករ យកអង្កាមមែន។ គេថា ផ្គរលាន់ក្នុងរដូវប្រាំង ពិតជាគ្មានភ្លៀង មិនខុសមែន បោកគឺពិតជាបោកមែន។ ទណ្ឌិតយកវាសនាលើសិល្បៈនៃអណ្តាតបោកប្រាស់កំពុងអស់ល័ក្ខយ៉ាងប្រាកដ។ ទណ្ឌិត សម រង្ស៊ី បានប្រកាសដាក់ជីវិតរបស់គាត់ ដើម្បីចូលស្រុក ក្រោយពីក្រុមចលនាឧទ្ទាមមួយក្រុមនេះ បានប្រកាសរៀបចំផែនការអំពីការវិលចូលស្រុករបស់ទណ្ឌិតរូបនេះ គឺជាអ្វីដែលត្រូវបានមហាជនទូទៅបានមើលឃើញថា ជាអំពើបោកប្រាស់សុទ្ធសាធដល់អ្នកគាំទ្រទាំងនៅក្នុងនិងនៅក្រៅប្រទេស ខណៈពេលដែលតុលាការកម្ពុជាបានចេញដីកាចាប់ខ្លួន។ ការប្រកាសដដែលៗរបស់ទណ្ឌិត សម រង្ស៊ី ជាច្រើនលើកត្រូវបានមហាជនទូទៅចោទសួថា តើទណ្ឌិតរូបនេះបានសម្រេចចិត្តពិតប្រាកដវិលចូលស្រុកវិញច្បាស់ឬទេ ខណៈពេលដែលទណ្ឌិតរូបនេះត្រូវប្រឈមមុខនឹងការអនុវត្តដីកាតាមចាប់ខ្លួនយ៉ាងដូច្នេះ?

ទីបំផុត ភាពក្រឡិចក្រឡុចក្នុងយុទ្ធសាស្រ្ត ជាមួយនឹងពេលវេលាមិនត្រូវបានបញ្ជាក់ច្បាស់លាស់ ហើយបានដើរអកហ្ស៊ឺខាងនយោបាយជុំវិញការបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់ ក៏ព្រោះតែចង់ធ្វើឱ្យខ្លួនឯងបានលេចធ្លោ បង្កើតរលកនៃក្តីសង្ឃឹមក្លែងក្លាយច្រើនលើកច្រើនសារ ដោយប្រើប្រាស់យុទ្ធសាស្រ្តទុច្ចរិត ដើម្បីវាស់ស្ទង់ប្រជាប្រិយភាពជាមួយលោក កឹម សុខា ចង់ដឹងថា អ្នកណាគាំទ្រខាងទណ្ឌិតច្រើនជាង ហើយក៏ចង់វ៉ាសស្ទង់ទៀតថា រវាងទណ្ឌិតរូបនេះ និងលោក កឹម សុខា តើបរទេសគាំទ្រខាងណាច្រើនជាង។

ដូច្នេះ វាមានហេតុផលច្រើនយ៉ាងដែលទណ្ឌិត សម រង្ស៊ី មិនអាចមកបាន គឺច្បាស់ត្រង់ថា ទណ្ឌិតរូបនេះ មិនដែលបាននិយាយថ្ងៃណា ខែណា ឆ្នាំណា នឹងមកឱ្យបា្រកដនោះទេ។ ទណ្ឌិតរូបនេះហ៊ានជាប់គុកដូចលោក កឹម សុខា ឡើយ។ ក្នុងន័យនេះ មហាជនទូទៅបានយល់ដឹងច្បាស់ គឺវាគ្រាន់តែជាលេសរបស់ទណ្ឌិតទុកប្រើប្រាស់ ដើម្បីនិយាយគ្រលាស់ខ្លួន ឬរលាស់សំដីក្នុងល្បែងភ្នាល់នេះប៉ុណ្ណោះ។ ហើយឥឡូវវាកាន់តែច្បាស់ថា ទណ្ឌិតនេះនឹងមិនប្រថុយវិលចូលស្រុកទេ។ អ្នកវិភាគតាមតុកាហ្វេខ្លះ បានមើលឃើញទុកជាមុនរួចហើយថា មួយឆាកជីវិតរបស់ទណ្ឌិតនេះ គាត់គ្រាន់តែជាទូរទស្សន៍ប៉ុណ្ណោះ ហើយគាត់ចាំតែស្តាប់តាមតេឡេបញ្ជារបស់លោកស្រី ជូឡុង សូមូរ៉ា ប៉ុណ្ណោះ។

ហើយប្រសិនបើនិយាយពីអាយុជីវិតរបស់គាត់វិញ ទណ្ឌិតរូបនេះ មានអាយុ៦៩ឆ្នាំហើយ មិនអាចនិយាយបានថា គាត់គ្មានជំងឺក្នុងខ្លួននោះទេ ហើយទំនងនឹងគ្មានអំណោយផលបានឡើងកាន់អំណាចបានឡើយ ក្នុងមួយជីវិតនេះ សមដូចសម្តេចព្រះបរមរតនកោដ្ឋ ធ្លាប់មានបន្ទូលថា សម រង្ស៊ី នឹងនៅធ្វើបក្សប្រឆាំងមួយជីវិត។ បទពិសោធន៍ក្នុងពិភពលោកនេះ យើងបានសង្កេតឃើញថា គ្មានអ្នកបដិវត្តន៍ណា ឬអ្នកនយោបាយណាម្នាក់បានចូលគុកក្នុងអាយុ៦០ជាងនោះទេ។ ករណីទណ្ឌិត សម រង្ស៊ី គាត់មានអាយុ៦៩ តើសុខចិត្តចូលគុកឬទេ តើលោកស្រី ជូឡុង សូមូរ៉ា សុខចិត្តបណ្តោយឱ្យទណ្ដិត សម រង្ស៊ី ចូលគុកឬទេ? ទីបំផុត អ្នកវិភាគតាមតុកាហ្វេយើងបានមើលឃើញមានលទ្ធភាពតែមួយគត់ គឺថា ចាស់អាងស្លាប់ប៉ុណ្ណោះដែលជាជម្រើសចុងក្រោយរបស់គាត់។

ទីបំផុត អ្នកគាំទ្រភាគច្រើននៅក្នុងប្រទេសរបស់ទណ្ឌិតនេះ ពិតជាបានអស់ជំនឿ អស់ទំនុកចិត្តលើអ្នកនយោបាយអាត្មានិយម គ្មានការទទួលខុសត្រូវលើជោគវាសនានៃប្រទេសជាតិ មិនខ្វល់ពីសេចក្តីសុខរបស់ប្រជាជន មិនខ្វល់ពីប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ឬអសន្តិសុខ ហើយក៏មិនខ្ចីខ្វល់នឹងជីវភាពរស់នៅរបស់បងប្អូនកម្មកររាប់សែននាក់ ហើយគាត់ សុខចិត្តក្បត់ជាតិ ដោយធ្វើជាអ្នកបំរើ ក្នុងការទូតទុច្ចរិត ដើម្បីបម្រើផលប្រយោជន៍ក្នុងភូមិសាស្រ្តនយោបាយរបស់អាមេរិក ដែលជាមេខ្លោងក្នុងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វីក ហើយដែលកំពុងប្រឈមនឹងប្រទេសចិន។ ត្រង់ចំណុចនេះ វាច្បាស់ណាស់ថា អាមេរិកកំពុងវាយប្រហារយ៉ាងខ្លាំងមកលើរដ្ឋាភិបាលលោក ហ៊ុន សែន តាមផែនទីបង្ហាញផ្លូវនៃយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកដែលខ្លួនបានរៀបចំ ដោយគ្រាន់តែបានលើកឡើងនូវលេសអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ។

មកដល់ពេលនេះ អង្កបានក្លាយទៅជាបាយ ទណ្ឌិត សម រង្ស៊ី បានប្រកាសថា មានស៊ី អត់សែន ហើយលោក ហ៊ុន សែន បានថ្លែងថា ប្រសើបើលោកស៊ីញ៉េលើកលែងទោសឱ្យសម រង្ស៊ី គាត់នឹងកាត់ដៃស្តាំចោល ក្នុងន័យនេះ ទណ្ឌិត សម រង្ស៊ី គឺជាអ្នកបិទផ្លូវ បានកសាងកំហុសម្តងហើយម្តងទៀត កំហុសច្រើនលើកមិនខ្ចីកែ តាំងខ្លួនជាមនុស្សអស្ចារ្យ យកវាសនាខ្លួនពឹងលើបរទេស ដើម្បីតែបានអំណាច។

ជំហរច្បាស់លាស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺត្រូវការពារឯករាជ្យ និងអធិបតេយ្យជាតិដោយប្រកាន់ខ្ជាប់នូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ហើយជំហរបែបនេះ ត្រូវបានបរទេសទទួលស្គាល់ និងគោរពក្នុងនាមកម្ពុជាជារដ្ឋអធិបតេយ្យយ៉ាងប្រាកដ ដែលដើរស្របនឹងគោលនយោបាយសន្តិសហវិជ្ជមានរបស់ខ្លួន គឺបង្កើនមិត្ត និងមិនបង្កើនសត្រូវ ហើយកម្ពុជាប្រាកដច្បាស់ណាស់ មិនអាចដាក់ខ្លួនបម្រើបរទេសណាមួយ ក្នុងជម្លោះខាងផលប្រយោជន៍ភូមិសាស្រ្តនយោបាយបានឡើយ៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង