ការបកស្រាយរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកប្រៀបដូចសត្វឆ្មាកំពុងរលាកទឹកក្តៅ !
ក្រោយពីភ្ញាក់ផ្អើលពេលស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញចេញសារបង្ហាញការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងលូកដៃលើសមត្ថកិច្ចតុលាការដែលជាការរំលោភធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិនិងឯករាជ្យភាពរបស់កម្ពុជា ឥឡូវនេះមានរឿងគួរ្យអស់សំណើចនិងហួសចិត្តពាក់ព័ន្ធមន្ត្រីនាំពាក្យស្ថានទូតអាមេរិកឈ្មោះ អារិន ឆ្វាតចេស (Arend Zwartjes) ជាប្រធានផ្នែកកិច្ចការសាធរណៈរបស់ស្ថានទូតអាមេរិកដែលគេសង្ស័យថា ជាអ្នកនៅពីក្រោយការផុសសារផ្សេងៗនៅលើហ្វេប៊ុកសហរដ្ឋអាមេរិកក្នុងចេតនាទុច្ចរិតបង្កើតជម្លោះស្លាបប៉ាការវាងកម្ពុជានិងសហរដ្ឋអាមេរិក ដើម្បីបំណងអាក្រក់ណាមួយមកលើកម្ពុជា ចេញមកបង្ហាញយ៉ាងច្បាស់អំពីផែនការអាក្រក់របស់មន្ត្រីស្ថានទូតរូបនេះដែលមិនបានស្តាប់ឬគោរពតាមគោលការណ៍លោកដូណាល់ ត្រាំ ដែលប្រកាសថា សហរដ្ឋ អាមេរិកនឹងមិនបន្តអនុវត្ត នយោបាយផ្លាស់ប្តូររបបដឹកនាំបរទេសណាទៀតឡើយ។ អារិន ឆ្វាតចេស (Arend Zwartjes) បានចេញមុខ បកស្រាយតាម វិទ្យុអាស៊ីសេរី របស់ខ្លួនថា មូលហេតុដែលខ្លួនលូកដៃរកយុត្តិធម៌ដល់ កឹម សុខា គឺ ទី១) ខ្លួនមានសិទ្ធិនៅក្នុងនាមជាហត្ថលេខី មួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទី២)មកពីមានការ ចោទដោយផ្ទាល់ថាអាមេរិកនៅពីក្រោយការរៀបចំផែនការ និងនៅពីក្រោយបដិវត្តន៍ពណ៌ ដែលមានអតីតគណបក្សសង្គ្រោះជាតិដឹកនាំដោយកឹម សុខា និងសម រង្ស៊ី អនុវត្តផ្ទាល់។
នេះជាលើកទី១ហើយដែលមន្ត្រីអាមេរិកចេញមកសារភាពដោយផ្ទាល់និងចំហថាខ្លួនបានលូកដៃអន្តរាគមន៍ដែលជាការលូកដៃក្នុងប្រព័ន្ធយុត្តិធម៍កម្ពុជាដែលជារដ្ឋអធិបតេយ្យនិងឯករាជ្យមួយ។ ទង្វើនេះពិតជាបានរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ស្តីពី កិច្ចការទូតនិងមិនគោរពអធិបតេយ្យភាពរបស់កម្ពុជា។
តាមរយៈការអះអាងប្រកបដោយអាកប្បកិរិយាក្រអឺតក្រទម លម្អៀងដែលមានហេតុផល នយោបាយនិងគ្មានការទូតរបស់មន្ត្រីស្ថានទូតអាមេរិកនេះ បានបញ្ជាក់កាន់តែច្បាស់ថា «អាមេរិកពិតជាឪរបស់ក្រុមប្រឆាំងនៅកម្ពុជា»មែន ប៉ុន្តែអាមេរិកមិនមែនជាឪរបស់កម្ពុជា អាចបញ្ជាបង្វិលក្បាលកម្ពុជាដូចបង្វិលក្បាលក្រុមបក្សប្រឆាំងក្បត់ជាតិឡើយ ហើយអាមេរិកក៏មិនអាចនិយាយដោយរំលោភបំពានលើសិទ្ធិកម្ពុជានោះដែរ។ ក្នុងនាមជាមន្ត្រីស្ថានទូតនៃរដ្ឋស៊ីវិល័យ និងអោយសាកសមតាមការតាំងឋានៈខ្លួនជាគ្រូអាចារ្យប្រដៅប្រទេសផ្សេងរឿងសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ អារិន ឆ្វាត ចេស គួរតែបង្វិលអណ្តាតឱ្យបាន ១០០០ ជុំជាមុនសិន មុននឹងស្រដី ចេញមកព្រោះអ្វីដែល អារិន ឆ្វាតចេស និយាយមានន័យថាមន្ត្រីទូតរូបនេះមានចេតនាអាក្រក់ និងមិនបានប្រកាន់ខ្ជាប់នូវមាត្រា ៤១ នៃអនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ ១៩៦១ ស្តីពីទំនាក់ទំនងការទូត ដែលជាពិសេសតម្រូវឱ្យស្ថានទូតអាមេរិកគោរពច្បាប់និងបទប្បញ្ញត្តិនានានិងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
ប៉ុន្តែអ្វីដែលអារិន ឆ្វាតចេស បានធ្វើគឺពិតជាការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់និងគោលការណ៍ផ្សេងៗ ហើយនេះជាការការពារខ្លួនទាំងបំពាន៖
ទី១-លូកដៃអន្តរាគមន៍ ដោយសារសហរដ្ឋអាមេរិក ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖
អារិន ឆ្វាតចេស (Arend Zwartjes) ទំនងមិនបានអានឱ្យចប់សព្វគ្រប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ ហើយក៏មិនបាន សិក្សាឱ្យបានច្បាស់ពីរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្នដែរមុននឹងនិយាយការពារចេតនាមិនល្អរបស់ខ្លួន ។ បើ អារិន ឆ្វាតចេស មិនចេះភាសាខ្មែរ ក៏គួរអោយខ្មែរនៅក្នុងស្ថានទូតអាមេរិកបកប្រែ និងនិយាយឱ្យជនជាតិអាមេរិកាំងរូបនេះបានដឹងនិងយល់ផង។ គោលការណ៍ជាសារវ័ន្តសំខាន់ៗ ដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩៣ ត្រូវបាន បញ្ចូលមកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិរួចទៅហើយ។ កម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះនៅពេលដែលកម្ពុជាមិនទាន់មានរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ កម្ពុជាមានរដ្ឋធម្មនុញ្ញហើយដែលរដ្ឋផ្សេងទៀតក្នុងនោះមានសហរដ្ឋអាមេរិកផងដែរមានកាតព្វកិច្ចត្រូវគោរពរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជានៅពេលដែលខ្លួននិយាយពីកម្ពុជា និងធ្វើទង្វើផ្សេងៗមកពាក់ព័ន្ធនឹងកម្ពុជាក្នុងនាមរដ្ឋជាសមាជិកអង្គការសហប្រជាជាតិដែលត្រូវស្មើសិទ្ធិនិងស្មើភាព។
បើ អារិន ឆ្វាតចេស និយាយយោងទៅលើកិច្ចព្រមពៀងសន្តិភាពទីក្រុងប៉ារីស អារិន ឆ្វាត ចេស ត្រូវមើលឱ្យច្បាស់ ភាគទី ៤ នៃកិច្ចព្រមព្រៀងសន្តិភាពនៃទីក្រុងប៉ារីស ដែលនិយាយពីការធានាអន្តរជាតិ មាត្រាទី១៨ ចែងថា «កម្ពុជាសន្យាថានឹងថែរក្សាការពារ ហើយហត្ថលេខីឯ ទៀតៗ សន្យាថាទទួលស្គាល់និងគោរពចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិនៃកម្ពុជា»។ នោះគឺច្បាស់ណាស់សហរដ្ឋអាមេរិកត្រូវគោរពអធិបតេយ្យភាពកម្ពុជាដោយមិនត្រូវលូកដៃក្នុងដែនសមត្ថកិច្ចតុលាការរបស់កម្ពុជាឡើយ។ ដូច្នេះអ្វីដែល អារិន ឆ្វាតចេស បានលើកឡើងថា ខ្លួនលូកដៃអន្តរគមន៍ស្វែងរកយុត្តិធម៌ជូន កឹម សុខា គឺគ្រាន់តែជាលេសការពារខ្លួនដែលផ្ទុយពីច្បាប់អន្តរជាតិ និងជាការការពារទាំងងងើលទៅលើអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះ។ សហរដ្ឋអាមេរិកគ្មានសិទ្ធិលូកដៃក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងរំលោភបំពានលើអធិបតេយ្យភាព ឯករាជ្យភាពកម្ពុជាឡើយ។
ទី២-លូកដៃអន្តរាគមន៍ដោយសារមានការទាញសហរដ្ឋអាមេរិកឱ្យមកពាក់ព័ន្ធផ្ទាល់តែម្ដងនៅក្នុងរឿងក្តីក្បត់ជាតិរបស់កឹម សុខា៖
តើនរណាជាអ្នកទាញភ្ជាប់សហរដ្ឋអាមេរិកនឹងផែនការបដិវត្តន៍ពណ៌រុញអតីតគណបក្សសង្គ្រោះជាតិឱ្យឡើងដឹកនាំប្រទេសតាមបែបមិនប្រជាធិបតេយ្យ? អារិន ឆ្វាតចេស និងមន្ត្រីស្ថានទូតអាមេរិកមិនគួរធ្វើខ្វាក់និងធ្វើថ្លង់ចំពោះសម្តីរបស់ កឹម សុខា ដែលនិយាយដោយ មោទនភាពថា «ខ្លួនទទួលបានការគាំទ្រពីរដ្ឋាភិបាលអាមេរិកដើម្បីផ្តួលរំលំរបបដឹកនាំស្របច្បាប់នៅកម្ពុជាតាមគំរូបដិវត្តន៍ពណ៌ដែលអាមេរិកអនុវត្តដោយជោគជ័យនៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី »។ កឹម សុខា និយាយនៅ ឆ្នាំ ២០១៣ នៅប្រទេសអូស្ត្រាលីថា៖ «….គេថាបើចង់ប្តូរថ្នាក់ដឹកនាំ យើងមិនអាចទៅជល់ខាងលើបានទេ មុននឹងប្តូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្រ របស់ប្រទេសប្រជាធិបតេយ្យគេធ្វើ។
ហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះ គេឱ្យខ្ញុំយក ម៉ូឌែលតាមប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិចបាននោះ មីឡូសូវិច មានរថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបានដោយ សារតែគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ហ្នឹងមកឱ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់ មាននរណាដឹងទេ។ ប៉ុន្តែយុទ្ធសាស្ត្រនេះដោយសារតែ ថ្ងៃនេះ យើងបានឈានដល់មួយដំណាក់កាលហើយ ខ្ញុំត្រូវតែប្រាប់បងប្អូនឱ្យបានដឹង ហើយនៅបន្តទៀត ជោគជ័យយើងទទួលបាន ខ្ញុំអត់មានបានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្ត្រាចារ្យនៅ សាកលវិទ្យាល័យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាដែលអាមេរិកាំងគេជួលមក ដើម្បីធ្វើការផ្តល់មតិឱ្យខ្ញុំរបៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំ ហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹង ហើយ ហើយយុទ្ធសាស្ត្រប៉ុណ្ណឹងហើយ បើមិនជោគជ័យទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទៀតទេ»។
សកម្មភាពទាំងនេះ ក្រោយមកត្រូវបានបញ្ជាក់ដោយទណ្ឌិត សម រង្ស៊ី ដែលថាខ្លួនក៏ជាមេចលនាបដិវត្តន៍ពណ៌មួយរូបដែរ។ លើសពីនេះភស្តុតាងដែលលោកគង់ គាំ បានឆ្លើយប្រាប់តុលាការក្នុងនាមជាសាក្សីក្នុងសំណុំរឿងក្បត់ជាតិរបស់កឹម សុខា ក៏បានបញ្ជាក់ថាអតីតគណបក្សសង្គ្រោះជាតិបាន ប្រើប្រាស់បដិវត្តន៍ពណ៌ដើម្បីឡើងក្តាប់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ ប៉ុន្តែចៃដន្យ ផែនការបដិវត្តន៍ពណ៌នេះត្រូវបានកំទេច ហើយមេក្លោងធំអនុវត្តត្រូវបាន វៃខ្នោះបញ្ចូលគុក។
សូម អារិន ឆ្វាតចេស និងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកយល់ឱ្យច្បាស់ថាគ្មាននរណាចោទសហរដ្ឋ អាមេរិកនៅះឡើយគឺជា «កឹម សុខា អាយ៉ងផ្ទាល់របស់អាមេរិកខ្លួនឯងតែម្តង» ជាអ្នកភ្ជាប់សហរដ្ឋអាមេរិកនិងផែនការនៃការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។ សូម្បីតែកូនស្រីរបស់ កឹម សុខា ឈ្មោះ កឹម មនោវិទ្យា ធ្លាប់ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថាខ្លួននិងមន្ត្រីគណបក្សសង្គ្រោះជាតិពិតជាបានធ្វើការជាប្រព័ន្ធជាមួយ កឹម សុខា ដើម្បីអនុវត្តផែនការសម្ងាត់ ឃុបឃិតជាមួយបរទេសក្រោមរូបភាព លទ្ធិប្រជាធិបតេយ្យ។ វិទ្យាស្ថាន ជាតិប្រជាធិបតេយ្យ NDI និងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិរបស់សហរដ្ឋអាមេរិកត្រូវ IRI បានគេដឹងថាបានដើរតួនាទី យ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងអតីតគណបក្សប្រឆាំង រួមទាំងធ្វើជាមេអណ្តើកសម្របសម្រួលធ្វើការបង្រួបបង្រួមកម្លាំងសម រង្ស៊ីនិងកឹម សុខា ដែលមិនដែលត្រូវគ្នាសោះផងដែរ។
សហរដ្ឋអាមេរិកគួរតែបន្ទោស កឹម សុខា ដែលមិនបានរក្សាការសម្ងាត់របស់ខ្លួនឱ្យបានល្អហើយធ្វើឱ្យពិភពលោកទាំងមូលបានឃើញច្បាស់ពីល្បិចកលដ៏ខ្មៅកខ្វក់នេះ។ សហរដ្ឋអាមេរិកក៏គួរ បន្ទោស កឹម សុខា ដែលបានធ្វើឱ្យផែនការបដិវត្តន៍ពណ៌របស់ ខ្លួនជួបនឹងបរាជ័យយ៉ាងអាម៉ាសជាលើកទី១ ក្រោមកណ្តាប់ដៃ វាយបំបែកផែនការនិងកម្ទេចអង្គការចាត់តាំងនយោបាយរបស់បដិវត្តន៍ពណ៌និងជាលើក ទី១ ដែលអ្នកប្រវត្តិសាស្ត្រសរសេរពីបរាជ័យនៃផែនការ បដិវត្តន៍ពណ៌នៅលើលោក។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកថាកម្ពុជាបានភ្ជាប់សហរដ្ឋ អាមេរិកទៅនឹងផែនការបដិវត្តន៍ពណ៌ នោះគឺពិតជាកំហុសឆ្គងមួយ ហើយក៏ជាការការពារខ្លួន «បិទតែមុខតែគូថនៅកណ្តាល វាល» ដែរ។ តាមពិតកម្ពុជាគួរអរគុណ កឹម សុខា ដែលបានទម្លាយអាថ៌កំបាំងដ៏មហាគ្រោះថ្នាក់សម្រាប់ជាតិនិងប្រជាជននេះចេញមក។ ប្រសិនបើគ្មានការសារភាពរបស់ កឹម សុខា ទេ កម្ពុជាក៏មិនបានដឹង ពីល្បិចកលនិងចេតនាទុច្ចរិតរបស់មិត្រឡើយ ហើយម្ល៉េះកម្ពុជាពេលនេះមិនមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនោះទេ ព្រោះអតីតគណបក្សសង្គ្រោះជាតិ ក្រោមខ្សែញាក់របស់ចៅហ្វាយនាយបរទេស របស់ខ្លួនបានប៉ុនប៉ងបំផ្លាញកម្ពុជាសាជាថ្មីដូចទសវត្សរ៍ឆ្នាំ ១៩៧០។
ទី៣-អារិន ឆ្វាតចេស បញ្ជាក់ជាថ្មីថា រដ្ឋាភិបាលកម្ពុជាមិន អាចបង្កើតទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកវិញបានទេ លុះណាតែដោះលែងកឹម សុខា ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សត្រឹមត្រូវជាមុនសិន។ ចំណុចនេះបានបង្ហាញ យ៉ាងច្បាស់ពី «ចរិតឪនិយម» របស់ប្រទេសមួយចំពោះរដ្ឋមួយទៀតដែលមានឯករាជភាព និងអធិបតេយ្យភាព។ មាត្រា ១នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា «ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍មិនចូលបក្សសម្ព័ន្ធ»។ កម្ពុជាប្រកាន់គោលការណ៍សន្តិសហវិជ្ជមានជាមួយគ្រប់ប្រទេសទាំងអស់ និងមិនបានចាត់ទុកប្រទេសណាមួយជាសត្រូវឡើយ។ ក្នុងបាវចនាដឹកនាំប្រទេសដែលដាក់ចុះដោយលោកហ៊ុន សែន គឺ«ធ្វើកំណែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» គឺមានន័យថា កម្ពុជាខិតខំប្រឹងរស់ដោយខ្លួនឯង ធ្វើកំណែទម្រង់ផ្ទៃក្នុង និងពង្រឹងនិងពង្រីកមិត្តភាពជាមួយប្រទេសនៅលើសកលលោកក្នុងស្មារតីឯករាជ្យ មិនចំណុះប្រទេសណាមួយឡើយ។ ដូច្នេះមន្ត្រីនាំពាក្យស្ថានទូតអាមេរិកគួររៀននិងចេះគោរពនូវអធិបតេយ្យភាពជាតិកម្ពុជា ព្រោះអ្វីដែលលោកដូណាល់ ត្រាំ បានថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិគឺច្បាស់ណាស់ «ក្នុងនាមប្រធានាធិបតីសហរដ្ឋអាមេរិក ខ្ញុំតែងតែគិតគូរពីអាមេរិកមុនគេ បំផុត។ គឺដូចទៅនឹងអស់លោកក្នុងនាមជាមេដឹកនាំរបស់ប្រទេសអ្នក គឺត្រូវតែគិតគូរពី ប្រទេសរបស់អ្នកមុនគេបំផុតដែរ»។ នេះគឺជាការថ្លែងរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៧។
អ្វីដែលលោកត្រាំបានលើកឡើងគឺជាការបញ្ជាក់ថា ប្រទេសនីមួយៗ ទោះតូចក្តីធំក្តី ក្រីក្រក្តីមានក្តី គឺមេដឹកនាំនៃប្រទេសនីមួយៗតែងតែធ្វើអ្វីៗទាំងអស់ដោយគិតគូរពីផលប្រយោជន៍ជាតិរបស់ខ្លួននៅមុនគេបំផុត ហើយនេះគឺ ជាកាតព្វកិច្ចរបស់មេដឹកនាំប្រទេសនីមួយៗ។ នៅកម្ពុជា អ្វីៗដែលមេដឹកនាំប្រទេសនេះ ជាពិសេស លោក ហ៊ុន សែន បានធ្វើគឺសុទ្ធតែបានគិតពីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាមុនគេ។ កម្ពុជាបាន រក្សានូវចំណងមិត្តភាពនិងកិច្ចសហប្រតបត្តិការយ៉ាងល្អជាមួយបណ្តាប្រទេសនានាជាពិសេសក្នុងនោះលោកហ៊ុន សែន ក៏មានទំនាក់ទំនងយ៉ាងល្អជាមួយថ្នាក់ដឹកនាំពិភពលោកក្នុងនោះមានទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំជាដើម។ ចុះហតុអ្វីបានជាមន្ត្រីទូតនិងជាអ្នកនាំពាក្យស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញអនុវត្តផ្ទុយពីការប្រកាសរបស់ប្រធានាធិបតីរបស់ខ្លួនទៅវិញដោយហ៊ានគំរាមកម្ពុជា ដូច្នេះ? តើអារិន ឆ្វាតចេស ជាមន្ត្រីគោរពច្បាប់ ឬខ្វះក្រមសីលធម៌និងជាអ្នកដែលមានចិត្តលម្អៀងក្នុងចេតនាបំផ្លាញមុខ មាត់សហរដ្ឋអាមេរិកជាមួយប្រទេសដទៃ?
ជារួម ការបកស្រាយរបស់អ្នកនាំពាក្យស្ថានទូតរូបនេះគឺប្រៀបទៅនឹងសត្វឆ្មាដែលកំពុងរលាកទឹកក្តៅ។ នៅក្នុងសំណុំរឿងក្បត់ជាតិរបស់កឹម សុខា តុលាការមិនដែលបានកោះហៅតំណាងរដ្ឋាភិបាលអាមេរិកឱ្យមកបំភ្លឺនោះទេ ហើយអ្វីដែលអ្នកនាំពាក្យស្ថានទូតអាមេរិកលើកឡើងថា រដ្ឋាភិបាលកម្ពុជាចោទប្រកាន់សហរដ្ឋអាមេរិកជាមួយកឹម សុខា គឺវាផ្ទុយស្រឡះខុសពីការពិតទាំងស្រុង។ ជាក់ស្តែងរឿងនេះ គឺ កឹម សុខា ខ្លួនឯងបាននិយាយចេញពីមាត់ទៅកាន់សមាជិកអតីតបក្សប្រឆាំងនៅបរទេសជាច្រើនកន្លែង។ ហេតុនេះហើយ សហរដ្ឋអាមេរិកបានគិតថាទាល់តែខិតខំគាបសង្កត់ឱ្យតុលាការលើកលែងការចោទប្រកាន់ទៅលើជនជាប់ចោទ កឹម សុខា ទើបអាមេរិកមិនជាប់ពាក់នឹងសំណុំរឿងនេះ ទើបបានជាខិតខំបំភ្លៃផង ព្រមានផង និងញុះញង់ផងយ៉ាងដូច្នេះ៕
ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៩