ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ផ្គរលាន់ក្នុងរដូវប្រាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 62
លិខិតមិត្តអ្នកអាន៖ ផ្គរលាន់ក្នុងរដូវប្រាំង លិខិតមិត្តអ្នកអាន៖ ផ្គរលាន់ក្នុងរដូវប្រាំង

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃខ្មោចបក្សសង្រ្គោះជាតិ បានបើកការប្រជុំមួយនៅទីក្រុងឡូវែល រដ្ឋម៉ាសាជូសេត សហរដ្ឋអាមេរិក ដើម្បីពិនិត្យវាយតម្លៃស្ថានការណ៍នយោបាយជាតិ និងរៀបចំផែនការសកម្មភាពដើម្បីឱ្យទណ្ឌិត សម រង្ស៊ី វិលត្រឡប់ចូលស្រុកវិញ។ ផែនការនោះ ពួកគេបានចាត់តាំងត្រៀមបង្កើតក្រុមការងាររៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី ការពង្រីកសកម្មភាពការទូត ការពង្រីកការផ្សព្វផ្សាយព័ត៌មានបំពុល បំផ្លើស បំភ្លៃជុំវិញបញ្ហាជាតិ ដោយគ្រោងប្រើប្រាស់អ្នកវង្វេងប្រជាធិបតេយ្យ ដែលនៅដើរតាមក្រុមខ្លួននោះ ព្រមទាំងការដើររៃអង្គាសថវិកាផង។ តើប្រាកដទេថា ទណ្ឌិត សម រង្ស៊ី ហ៊ានវិលត្រឡប់ចូលស្រុក? តើចូលស្រុកពេលណា ម្តេចមិនប្រាប់ពេលវេលាឱ្យបានច្បាស់ផង?

សម្រាប់មហាជនទូទៅ និងមជ្ឈដ្នានអ្នកតាមដានស្ថានការណ៍នយោបាយតាមតុកាហ្វេ បានមើលឃើញថា នោះគ្រាន់តែជាផែនការខ្យល់ ឬសម្រែកផ្គរលាន់ក្នុងរដូវប្រាំងដើម្បីបោក បំភាន់ឱ្យអ្នកគាំទ្រខ្មោចបក្ស មានសង្ឃឹម ដោយបង្កើតឱ្យមានការរំពឹងក្លែងក្លាយដែលមិនអាចកើតមាននោះ។ ការពិត ច្រកនយោបាយតែមួយគត់សម្រាប់អ្នកនយោបាយទាំង១១៥រូប របស់ក្រុមអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីទាំងនោះ គឺត្រូវរៀនគោរពច្បាប់ ពោលគឺច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានបង្ហាញយ៉ាងច្បាស់នូវសុឆន្ទៈរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ បើកផ្លូវឱ្យអ្នកនយោបាយដែលជាប់បំរាមអាចស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ។ នេះទើបជាច្រកចេញពិតប្រាកដ និងដ៏ល្អប្រសើរបំផុតសម្រាប់ពួកគេ ដើម្បីបានទទួលបានបានឱកាសធ្វើនយោបាយឡើងវិញ។

ការរៀបចំផែនការសកម្មភាព ស្តាប់ទៅប្រៀបដូចស្នូរសម្លេងផ្គរលាន់ក្នុងរដូវប្រាំង ដែលមិនប្រាកដថាមានភ្លៀង ហើយតើអ្នកណាជាអ្នកចេញមុខមករៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី ខណៈពេលដែលក្រុមអ្នកនយោបាយ និងសកកម្មជនទាំងនោះមិនទាន់បានទទួលសិទ្ធិធ្វើនយោបាយនោះ។ បើអ្នកណាហ៊ានចេញមុខធ្វើ គឺមានន័យស្មើហ៊ានជាប់គុក ពីព្រោះជាសកម្មភាពផ្ទុយច្បាប់ ឬមួយ សម រង្ស៊ី និងក្រុមខ្លួនកំពុងតែបោកអ្នកគាំទ្រឱ្យជាប់គុគ ហើយក្រុមខ្លួន ដេកសុខស្រួលនៅឯបរទេស?

វាច្បាស់ណាស់បុគ្គលទណ្ឌិត សម រង្ស៊ី ជាជនមានទោសដែលមិនទាន់ត្រូវបានទូទាត់ និងកំពុងជាប់បណ្តឹងមួយចំនួនទៀត តើមានច្រកឯណាសម្រាប់បុគ្គលរូបនេះអាចវិលត្រឡប់ចូលស្រុកវិញបាន? ផ្លូវសម្រាប់បុគ្គលរូបនេះ គឺសម្រាប់មហាជន និងអ្នកវិភាគតាមតុកាហ្វេរបានមើលឃើញថា គ្មានសង្ឃឹមសោះឡើយ តែបុគ្គលរូបនេះបាន និងកំពុងបង្កើតឱ្យមានផ្គរលាន់ក្នុងរដូវប្រាំងដើម្បីបោកអ្នកគាំទ្ររបស់គាត់ឱ្យជឿដោយការបំភាន់ដែលទំនងនឹងអស់ល័ក្ខក្នុងពេលខាងមុខដ៏ខ្លីនេះជាក់ជាមិនខាន។

ច្រកចេញរបស់ទណ្ឌិត សម រង្ស៊ី គឺបានពឹងផ្អែកទាំងស្រុងលើការងារការទូតទុច្ចរិត ដែលក្រុមអ្នកនយោបាយទុច្ចរិតទាំងនោះ បាននិងកំពុងយកឆ្នាំងបាយរបស់កម្មករ កម្មការិនីរាប់សែននាក់ ធ្វើជាឧបករណ៍តថ្លៃខាងនយោបាយជាថ្នូរដើម្បីបានចូលស្រុកវិញ មិនខ្វល់ពីការគោរពច្បាប់ និងអធិបតេយ្យជាតិ ដោយអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីទាំងនោះបានញុះញង់ និងព្យាយាមឱ្យសហគមន៍អ៊ឺរុបដកយកពន្ធអនុគ្រោះពីការនាំចេញទំនិញទាំងអស់ លើកលែងតែអាវុធចូលទីផ្សារអ៊ឺរ៉ុប ដែលទំនងជាអ្នកនយោបាយទុច្ចរិតទាំងនោះមើលឃើញថា ជាសម្ពាធអាចបង្ខំឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អាចបើកផ្លូវឱ្យអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីទាំងនោះបានវិលត្រឡប់ចូលស្រុកវិញ។

ផ្ទុយទៅវិញរដ្ឋាភិបាលលោក ហ៊ុន សែន ថ្មីៗកន្លងទៅនេះ បានប្រាប់ឱ្យដឹងរួចហើយថា លោកមិនអាចយកអធិបតេយ្យជាតិ សន្តិភាព ស្ថេរភាពរបស់ប្រទេសដូរជាមួយនឹងការទទួលបាននូវការរួចពន្ធអនុគ្រោះពីសហគមន៍អឺរ៉ុបបាននោះទេ។ ក្នុងន័យនេះ លោក ហ៊ុន សែន បាននិយាយច្បាស់ណាស់ប្រទេសកម្ពុជា អនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយឈរលើនីតិរដ្ឋ ដូច្នេះការអនុវត្តនីតិរដ្ឋ និងការពង្រឹងនីតិរដ្ឋមានសារសំខាន់បំផុត ដើម្បីធានាបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ការចាក់ឆ្កិះឆ្កៀល និងបញ្ជុះបញ្ចូលឱ្យវាយកំទេចឆ្នាំងបាយរបស់កម្មករ ជាការពិតមិនមែនជាបំណងប្រាថ្នារបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទេ ជាការពិតថ្មីៗនេះ លោកបានប្រឹងប្រែងខ្លាំងណាស់ដើម្បីគិតគូរផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនីរាប់សែននាក់ដែលមានជីវភាពរស់នៅអាស្រ័យទាំងស្រុងលើឆ្នាំងបាយមួយនេះ គួបផ្សំនឹងការយកចិត្តទុកដាក់ជាច្រើនរបស់លោក ហ៊ុន សែន ចំពោះពួកគេ។

តើនោះជាកំហុសអ្នកណាចំពោះការវាយកំទេចឆ្នាំងបាយនោះ?

ជាការពិតនោះ ប្រាកដជាសកម្មភាពដ៏ទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលបាននិងកំពុងបង្កាត់ភ្លើងឱ្យឆេះហើយព្យាយាមទម្លាក់កំហុសមកលើលោក ហ៊ុន សែន ទៅវិញ។ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា បើដក EBA មែននោះ ពួកអតីតបក្សដែលត្រូវរំលាយច្បាស់ជាងាប់ ហើយសហគមន៍អឺរ៉ុបខ្លួនឯង ក៏គ្មានតម្លៃសម្រាប់កម្ពុជាទៀតដែរ ដែលសហគមន៍អឺរ៉ុប បានចូលរួមចំណែកជួយកម្ពុជាឱ្យមានការរីកចម្រើន ក្នុងរយៈពេល២០ ឆ្នាំមកហើយ។ ជាការពិត ការសម្រេចចិត្តដក EBA ក្នុងពេលណាមួយនោះ វានឹងនាំឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាតិចតួច និងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែការគាំទ្រក្រុមប្រឆាំងបំផ្លាញជាតិមួយក្តាប់តូច។ ទន្ទឹមនឹងនេះដែរ ក៏ជាការមិនទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជនកម្ពុជា ក្នុងការប្រតិបត្តិទៅតាមគុណតម្លៃ និងគោលនយោបាយនៃគម្រូសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបដ៏គួរឱ្យសោកស្តាយ។ ក្នុងន័យនេះហើយដែលទណ្ឌិត សម រង្ស៊ី ហាក់ដូចបានសើចសប្បាយលើជ័យជម្នះដែលគាត់បានរំពឹងទុកមិនខ្វល់នឹងគំនរទុក្ខ និងទឹកភ្នែករបស់បងប្អូនកម្មករ កម្មការិនីរាប់សែននាក់ ដែលបាននិងកំពុងរស់នៅពឹងអាស្រ័យលើឆ្នាំងបាយមួយនេះ។

ជារួម ប្រជាពលរដ្ឋទូទៅ បានគិតដូចៗគ្នាថា ទណ្ឌិត សម រង្ស៊ី មិនហ៊ានវិលត្រឡប់ចូលប្រទេសវិញនោះទេ អ្វីៗគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ គឺបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន ឬបញ្ឆោតពួកគេឱ្យជាប់គុកជំនួសជាដើម មិនខុសអ្វីពីផ្គរលាន់គ្មានភ្លៀងនៅរដូវប្រាំងដូច្នោះដែរ។ ហើយអ្នកគាំទ្រដែលមិនយល់អ្វីនោះ នឹងជាប់ផុងខ្លួន មានទោស ព្រាត់ប្រាស់គ្រួសារ ដោយសារតែហ៊ានប្រព្រឹត្តល្មើសច្បាប់ ចាញ់បោក សម រង្ស៊ី និងបក្ខពួក ហើយពួកគេរស់នៅសោយសុខយ៉ាងគ្រហើៗនៅឯបរទេសនោះ។

ដោយ៖ ឡុង បូរិត