ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅឯណា?»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 65
លិខិតមិត្តអ្នកអាន៖ «តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅឯណា?» លិខិតមិត្តអ្នកអាន៖ «តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅឯណា?»

ក្នុងរយៈជាង៣០ឆ្នាំមកនេះ ទណ្ឌិត សម រង្ស៊ី តែងតែប្រើនយោបាយទុច្ចរិត ប្រជាភិថុតិ ប្រជោនិយម បំភ្លៃ បំភាន់ ភូតកុហក មួលបង្កាច់ និងលាបពណ៌ជារៀងរហូតមក។ បច្ច័យដែលទទួលបានពីអំពើបែបនេះគឺគ្មានអ្វីក្រៅតែពីផលអាក្រក់ដែលជះមកលើខ្លួនឯងវិញនោះទេ ពោលគឺមិនខុសអ្វីពីអ្នក «បាចអង្កាមបញ្ច្រាសខ្យល់ ឬកាំបិតចិត្តដងឯង» នោះឡើយ។

ជាក់ស្តែង រាល់ទង្វើរបស់ទណ្ឌិត សម រង្ស៊ី តែងទទួលរងនូវការវាយបកពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឲ្យអ្នកនយោបាយ «សម្តីឥតគ្រាប់» រូបនេះជួបនឹងបរាជ័យដ៏ជូរចត់ ងើបមុខមិនរួចជាបន្ត បន្ទាប់។ ទោះជាយ៉ាងនេះក៏ដោយ ក៏ សម រង្ស៊ី មិនព្រមកែប្រែយុទ្ធសាស្ត្ររបស់ខ្លួនឡើយ គឺនៅតែមានះបន្តប្រីប្រាស់ល្បែងនយោបាយដដែលៗតទៅទៀត ជាមួយយុវជនដែលជាអ្នកបន្តវេនរបស់បក្សកាន់ អំណាច ជាពិសេសគឺ បណ្ឌិតហ៊ុន ម៉ាណែត។

«យុទ្ធសាស្ត្រដដែល លទ្ធផលក៏នៅតែដដែល»។ ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ស្ងាត់មាត់មិនហ៊ានឆ្លើយឆ្លងជាមួយលោក ហ៊ុន ម៉ាណែត ជុំវិញ រឿងចោទប្រកាន់ អំពី «សញ្ញាបត្រកំរិត២ ឬសញ្ញាបត្រយោគយល់» ដែលលោក ហ៊ុន ម៉ាណែតទទួល បានពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នោះឡើយ។

ភាពទ័លច្រកមិនហ៊ានហើបមាត់តទល់អំពីបញ្ហានេះក៏គ្មានអ្វីគួរឲ្យឆ្ងល់នោះទេពីព្រោះនរណាក៏ដឹងដែរថា អ្វីដែល សម រង្ស៊ី បាននិយាយគឺជារឿងមិនពិត និងគ្មានភស្តុតាងណាមួយមកបញ្ជាក់បាននោះឡើយ។ ចំណែកលោក ហ៊ុន ម៉ាណែត ដែលជា «មាសសុទ្ធមិនខ្លាចភ្លើង» ពិតជាមានប្រៀបទាំងស្រុង និងបានវាយចំចំណុចខ្សោយ (Knock-out/ KO) របស់ សម រង្ស៊ី ដែលធ្វើឲ្យអ្នកនយោបាយមាត់ត្រីកំផ្លៀញរូបនេះរឹងថ្គាមហារមាត់មិនរួច។

ឥឡូវនេះ សារទី២ របស់លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងអ្នកបន្តវេនបានរុញទណ្ឌិត សម រង្ស៊ី ឲ្យផ្ទប់ជញ្ជាំងរើខ្លួនមិនរួចម្តងទៀត ពីព្រោះរឿងចោទគេថា «ក្រាញអំណាចមិនទុកឱកាសឲ្យយុវជនជំនាន់ក្រោយ» គឺជាប្រធានបទរបស់ សម រង្ស៊ី និងគូកនដែលតែងតែទន្ទិញយ៉ាងរត់មាត់។ ប៉ុន្តែ នៅលើសាច់ការជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតរូបនេះមិនបានគិតគូររៀបចំអ្នកបន្តវេននោះឡើយដោយសារតែខ្លួនចង់ធ្វើជាតួឯកនយោបាយប្រឆាំងផ្តាច់មុខតែម្នាក់ឯងរហូត «ផ្លុំផេះលែងហុយ» ក៏មិនព្រមផ្ទេរឲ្យអ្នកជំនាន់ក្រោយដែរ។ នេះជាភស្តុតាងដែលមិនអាចប្រកែកបានឡើយថា «សម រង្ស៊ី មិនបានធ្វើដូចមាត់ថានោះឡើយ»។

សារទី២របស់លោក ហ៊ុន ម៉ាណែត ពិតជាបានវាយចំចំណុច ខ្សោយ (Knock-out/ KO ) ម្តងទៀតរបស់ សម រង្ស៊ី ដែលធ្វើឲ្យអ្នកនយោបាយបរាជ័យមួយជីវិតរូប នេះទ័លច្រកជាថ្មីម្តងទៀត។ បើនិយាយពីការប្រកួតកីឡាបាល់ទាត់វិញ គ្រាន់តែបើកឆាកក្នុងនាទីដំបូង លោក ហ៊ុន ម៉ាណែត បានទាត់ចូល «២-០» រួចទៅហើយ។

អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ សម រង្ស៊ី ដែលធ្លាប់បានដើរក្រឡាអុក ទ័លច្រកខ្លួនឯងរហូតតាំងពីចាប់ផ្តើមលេងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកនោះ ឥឡូវនេះ អ្នកនយោបាយកំដរឆាករូបនេះ បាននិងកំពុងដើរក្រឡាអុកទាល់ច្រកខ្លួនឯងជាមួយឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត។ ពីរស្នៀតដំបូងរបស់ លោក ហ៊ុន ម៉ាណែត គ្រាន់តែជាការបើកឆាកកំដៅសាច់ដុំរបស់បេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សកាន់អណាចតែប៉ុណ្ណោះ។

ប៉ុន្តែ ពីរស្នៀតនេះក៏បានធ្វើឲ្យទណ្ឌិត សម រង្ស៊ី ងងឹតមុខ និងដួលដូចគោចាស់បាត់ទៅហើយដែរ។ សំណួរសំខាន់នៅត្រង់ថា ប្រសិនបើគោចាស់របស់ក្រុមប្រឆាំងខ្សោយដល់កម្រិតបែបនេះទៅហើយនោះ ចុះហេតុដូចម្តេចបានជាពួកគេមិនព្រមបញ្ចេញមុខក្រុមអ្នកបន្តវេន? ចំលើយគឺដោយសារតែពួកគេគ្មានឆន្ទៈនយោបាយ រឺគ្មានអ្នកបន្តវេនតែម្តង។ នយោបាយតួឯក អាត្មានិយម និងការក្រាញអំណាចរបស់ សម រង្ស៊ី គឺជាមូលហេតុចម្បងដែលធ្វើឲ្យ ក្រុមប្រឆាំងគ្មានអ្នកបន្តវេន។ នយោបាយតួឯកនេះបានធ្វើឲ្យយុវជនក្រុមប្រឆាំងអស់សង្ឃឹម និងបែកបាក់គ្នាជាក្រុមតូចៗប្រៀបបាននឹងកែវមួយដែលធ្លាក់បែកជាបំណែករាប់ពាន់។ ក្នុងន័យនេះ គេអាចសន្និដ្ឋាន បានថា៖

ទី១៖ ទណ្ឌិត សម រង្ស៊ី ពិតជាគ្មានឆន្ទៈរៀបចំអ្នកបន្តវេន និងពិតជាមិនបោះបង់ចោលនូវមហិច្ឆតាចង់ក្តាប់អំណាចក្នុងនាមជាតួឯកនៃក្រុមប្រឆាំងនោះឡើយ បើទោះបីជាខ្លួនមានអាយុ ៧៣ឆ្នាំហើយក៏ដោយ ពីព្រោះនរណាក៏ដឹងដែរថា នយោបាយគឺជាឈ្នាន់សំរាប់អនុវត្តផែនការសងសឹកគំនុំគ្រួសារផង និងជាប្រភពរស់របស់គ្រួសារ សម រង្ស៊ី ផងតាមរយៈការប្រមូលប្រាក់ពីក្រុមអ្នកគាំទ្រផ្កាប់មុខរបស់ខ្លួនជាពិសេសអ្នកនៅក្រៅស្រុក។ «តើនេះមិនមែនជាការក្រាញអំណាចដែលធ្វើឲ្យយុវជន ស្រករក្រោយបាត់បង់ឱកាសទេឬ?»

ទី២៖ សកម្មភាពដដែលៗរបស់ សម រង្ស៊ី បានបង្ហាញឲ្យឃើញថា សារជាតិរបស់អ្នកនយោបាយរូបនេះ ឥតមានអ្វីប្រែប្រួលបន្តិចណាឡើយ ពោលគឺ សម រង្ស៊ី គឺជានិមិត្តរូបនៃនយោបាយលាបពណ៌ គំនុំសងសឹក និងជាគ្រូបង្វឹកនៃការនិយាយបង្ខូចបង្កាច់គូបដិបក្ខតាមរយៈវោហាសាស្ត្រ ដែលគ្មានភស្តុតាង និងគ្មានការពិត។ ជាក់ស្តែង «ក្រុមឆ្កែកាច» ដែលជំនាញខាងជេរបញ្ចោរ អសីលធម៌ តាមបណ្តាញសង្គម សុទ្ធសឹងតែជាកូនជឹងរបស់ សម រង្ស៊ី ។ សម្រាប់សង្គមខ្មែរ ជនជំពូកនេះត្រូវបានគេចាត់ទុកជាជនក្រៅសង្គម។

ទី៣៖ ងាររបស់ សម រង្ស៊ី ដែល លោក ហ៊ុន ម៉ាណែតហៅថាជា «អ្នកនយោបាយចាស់វស្សា តែខ្វះសេចក្តីហានក្លាក្នុងការទទួលខុសត្រូវ» គឺពិតជាត្រឹមត្រូវណាស់ ពីព្រោះក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី គ្មានទេពាក្យថា «ក្លាហាន និងទទួលខុសត្រូវ» គឺមានតែធ្វើជា «ជនកំសាក និងគ្មានការទទួលខុសត្រូវរហូតមក»។

ទី៤៖ ទណ្ឌិត សម រង្ស៊ី ពិតជាអ្នកនយោបាយមុខក្រាស់ មិនចេះខ្មាសអៀន និងជាជនទុច្ចរិត អសីលធម៌ពីព្រោះទោះជាអំពើស្មោកគ្រោកយ៉ាងណា ក៏អាចធ្វើបានដែរ។ ជាក់ស្តែង សូម្បីតែសញ្ញាបត្រក្មេងៗជំនាន់ក្រោយក៏ សម រង្ស៊ី ខំប្រឹងប្រឌិតរឿងមួលបង្កាច់ដោយមិនគិតពីភាពសមរម្យ និងសេចក្តីថ្លៃថ្នូរឡើយ។

ទី៥៖ កំណត់ត្រាបានបង្ហាញថា សម រង្ស៊ី អាចឈរជើងក្នុងឆាកនយោបាយមកដល់បច្ចុប្បន្ន គឺដោយសារតែបាន «តោងកាលីប» មេដឹកនាំគណបក្សកាន់អំណាចតែប៉ុណ្ណោះ ជាពិសេស គឺ «តោងកាលីប» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឥឡូវនេះ នៅពេលដែលគណបក្សប្រជាជនបានរៀបចំយុវជនជំនាន់ថ្មីដ៏មានសក្តានុពលសម្រាប់បន្តវេន ទណ្ឌិត សម រង្ស៊ី ក៏មក «តោងកាលីប» អ្នកជំនាន់ថ្មីរបស់បក្សកាន់អំណាចបន្តទៀតដើម្បីគ្រាន់តែសុំឲ្យគេហៅឈ្មោះតែប៉ុណ្ណោះ បើទោះបីជាហៅក្នុងន័យអាក្រក់យ៉ាងណាក៏ដោយចុះ។

សរុបមកវិញ ការរៀបចំអ្នកបន្តវេនគឺជារឿងសំខាន់ណាស់សម្រាប់ឆាកនយោបាយកម្ពុជា ពីព្រោះអ្នកនយោបាយជំនាន់មុនសុទ្ធតែមានវ័យចំណាស់ៗអស់ហើយ។ ប៉ុន្តែទីបំផុត មានតែគណបក្សប្រជាជនកម្ពុជាទេដែលបានគិតគូរ និងបានរៀបចំថ្នាលបណ្តុះបណ្តាលយុវជនជំនាន់ក្រោយរហូតឈានដល់ការបញ្ចេញតួអង្គអ្នកបន្តវេនជាផ្លូវការនាពេលនេះ។ ចំណែកឯ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយសម រង្ស៊ី មិនបានគិតគូរអំពីបញ្ហានេះឡើយ។

នេះជាចំណុចខ្សោយដ៏ធំបំផុតមួយរបស់ សម រង្ស៊ី ដែលមិនអាចឆ្លើយតបជាមួយលោក ហ៊ុន ម៉ាណែត បាន។ តទៅមុខ ប្រសិនបើក្រុមប្រឆាំងគ្មានអ្នកបន្តវេនទេ ពួកគេពិតជាអស់ឱកាសហើយពីព្រោះសូមកុំភ្លេចថា ការបណ្តុះបណ្តាលអ្នកបន្តវេនត្រូវការពេលវេលាយូរណាស់ ដោយសារម្យ៉ាង ត្រូវការការគាំទ្រពីផ្ទៃក្នុងបក្ស និងម្យ៉ាងទៀតត្រូវការបេក្ខជនដែលមានសមត្ថភាព និងបានរៀនធ្វើការបណ្តើរៗមុននឹងចេញមុខជា សាធារណៈ។

ក្នុងស្ថានភាពបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំង និងក្នុងខណៈពេលដែលយុវជនជំនាន់ក្រោយបាននិងកំពុងចាកចេញពី ទណ្ឌិត សម រង្ស៊ី ស្ទើរតែអស់ទៅ ហើយនោះតើអ្នកនយោបាយអាយុ ៧៣ឆ្នាំរូបនេះមានពេលវេលាឯណាដើម្បីរៀបចំអ្នកបន្តវេន? តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅឯណា??? នេះគឺជាសំណួរដែលគ្មានចម្លើយជារៀងរហូត៕

ដោយ: អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង