រាជរដ្ឋាភិបាលកម្ពុជា កំណត់ឧស្សាហកម្មចំនួន ៥ ជាអាទិភាពក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចប្រកបដោយចីរភាព
នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀត ណាម-កម្ពុជា ដែលធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក និងពាណិជ្ជករ អ្នកធុរកិច្ចវៀតណាមជាច្រើន រួមជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា និងវៀតណាមជាច្រើនរូបផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថាក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថាមានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរ ទាំងទិដ្ឋភាពនយោបាយ, សន្តិសុខ, សេដ្ឋកិច្ច និងសង្គម ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមប្រមាណ ៧%។
សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ៧,៣% ហើយសម្រាប់រយៈ ពេលមធ្យមខាងមុខ កម្ពុជាអាចរក្សាបានអត្រាកំណើនប្រមាណ ៧% ក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចខ្ពស់នេះបានធ្វើឱ្យកម្ពុជា សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសរំលេចថា ដើម្បីសម្រេចបាននូវគោលបំណងខាងលើ និងស្រប តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤, សំដៅកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្ម ផ្អែកលើជំនាញនៅរង្វង់ឆ្នាំ២០២៥។ គោលនយោបាយនេះជា “យុទ្ធសាស្ត្រកំណើនថ្មី” និងបានកំណត់ឧស្សាហកម្មចំនួន ៥ ជាអាទិភាព រួមមាន៖
(១) ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្ដល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់,
(២) សហគ្រាសធុនតូចនិងមធ្យមក្នុងគ្រប់វិស័យ,
(៣) ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំ ចេញ និងទីផ្សារក្នុងស្រុក,
(៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តម្លៃសកល, និង
(៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត៕