ខ្មែរប៉ុស្ដិ៍ Close

លោកខាងលិចនិងស្ថាប័នសកលត្រូវតែសម្របខ្លួនទៅតាមការរះឡើងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ និងត្រូវរៀនសូត្រតាមអ្វីដែលពួកគេបានធ្វើ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 69
លោកខាងលិចនិងស្ថាប័នសកលត្រូវតែសម្របខ្លួនទៅតាមការរះឡើងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ និងត្រូវរៀនសូត្រតាមអ្វីដែលពួកគេបានធ្វើ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo-Iweala (ឆ្វេង) ពេលមកដល់ទីស្នាក់ការ WTO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ០១ ខែមីនា។ រូបថត៖ EPA-EFE

សូមកុំមើលស្រាលលើឥទ្ធិពលរបស់ប្រទេសចិននិងបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងៗទៀត ដែលមានចំពោះលំហូរនៃការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។ បណ្តាប្រទេសកំពុងរីកចម្រើនធំៗចំនួន ៩ ដែលជាសេដ្ឋកិច្ចថ្មីៗទាំង៩ (NEP-9) រួមមានចិន, ឥណ្ឌា, ប្រេស៊ីល, រុស្ស៊ី, អាហ្វ្រិកខាងត្បូង, ឥណ្ឌូណេស៊ី, ម៉ិចស៊ិក, តួកគី និងកូរ៉េខាងត្បូងបាន បង្កើនអំណាចសេដ្ឋកិច្ចរបស់ពួកគេ ដែលអាចនាំមកនូវការពង្រីកអំណាចភូមិសាស្ត្រនយោបាយនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

បណ្តាប្រទេសទាំងនេះគឺស្ថិតក្នុងចំណោមប្រទេសដែលមានការនាំចេញនិងនាំចូលធំជាងគេនៅក្នុងពិភពលោក ហើយពួកគេក៏ជាវិនិយោគិនដ៏សំខាន់ផងដែររបស់បណ្តាក្រុមហ៊ុនដែលអាចមានឱកាសទទួលបាននូវភាពជោគជ័យយ៉ាងលេចធ្លោរនៅក្នុងបណ្តាទីផ្សារលោកខាងលិច។

ការពិភាក្សាគ្នានៅក្នុងស្ថាប័នពហុភាគី ដូចជាអង្គការពាណិជ្ជកម្មពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម បានលាតត្រដាងឱ្យឃើញនូវសារៈសំខាន់កាន់តែខ្លាំងរបស់ក្រុមប្រទេស NEP-9។ កម្លាំងនៃអំណាចកំពុងតែមានការប្រែប្រួល នៅពេលដែលភាពមានប្រៀបផ្នែកសេដ្ឋកិច្ចរបស់បណ្តាប្រទេសលោកខាងលិចនិងជប៉ុនបានរងនូវការធ្លាក់ចុះ។

នៅលើឆាកអន្តរជាតិ ក្រុមប្រទេស NEP-9 លែងស្ថិតនៅក្រោមវិធានច្បាប់ដែលតាក់តែងឡើងដោយលោកខាងលិចទៀតហើយ។ ជាជំនួសវិញ ពួកគេបានចាត់ទុកខ្លួនឯងជាអ្នកបង្កើត និងជាអ្នកកំណត់នូវសណ្តាប់ធ្នាប់អន្តរជាតិថ្មី ក៏ប៉ុន្តែនេះមិនមែនមានន័យថា «អំណាចសេដ្ឋកិច្ចរបស់បណ្តាប្រទេសលោកខាងលិច នឹងរងនូវការជាប់គាំងដូចការព្រួយបារម្ភរបស់មនុស្សមួយចំនួននោះទេ»។

ការរីកលូតលាស់របស់បណ្តាប្រទេស NEP-9 នឹងកាន់តែមានសារៈសំខាន់ ហើយវានឹងបន្តស្ថិតនៅក្នុងសភាពបែបនេះ យ៉ាងហោចណាស់ក៏សម្រាប់រយៈពេល ២០ ទៅ ៣០ ឆ្នាំខាងមុខទៀតដែរ។ ការព្យាករអំពីស្ថានភាពពិភពលោកនៅក្នុងឆ្នាំ ២០៤០ ឬ ២០៥០ ដែលថា «ពិភពលោកនឹងត្រូវបានគ្រប់គ្រងដោយបណ្តាប្រទេសដែលកំពុងរីកចម្រើនធំៗនៅពេលបច្ចុប្បន្ន» បានពឹងផ្អែកទៅលើការសន្និដ្ឋានដែលថា «បណ្តាប្រទេសទាំងនេះនឹងទទួលបាននូវស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ»។

សូមអាន របាយការណ៍ ៖ ប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលកំពូលៗនៅតំបន់អាស៊ីអាគ្នេយ៍អាចនឹងឈានដល់កម្រិត ២០០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២

ប៉ុន្តែការសន្មត់នេះហាក់ដូចជាខុសឆ្ងាយពីការពិតបន្តិច បើផ្អែកលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បូករួមនឹងទណ្ឌកម្មដែលត្រូវបានដាក់ជាបន្តបន្ទាប់។ បណ្តាប្រទេសលោកខាងលិចមិនត្រូវមើលស្រាលលើល្បឿន និងប្រសិទ្ធភាពនៃការប្រែប្រួលនៅក្នុងបណ្តាប្រទេស NEP-9 ឡើយ។

បើទោះបីជាប្រទេសមួយចំនួនដូចជាកូរ៉េខាងត្បូងជាដើម បានចាប់ផ្តើមកំណែទម្រង់ចាំបាច់ជាច្រើនដើម្បីធ្វើឱ្យទីផ្សាររបស់ពួកគេរីកលូតលាស់ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៦០ ក៏ដោយ ក៏ភាពរីកចម្រើនពិតប្រាកដទើបតែបានចាប់ផ្តើមចាប់ពីទសវត្សរ៍ឆ្នាំ ១៩៩០ មកប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកលូតលាស់ អាចវិវឌ្ឍតាមទាន់បណ្តាប្រទេសលោកខាងលិច។

ចាប់តាំងពីពេលនោះមក ពួកគេបានបង្កើនល្បឿនយ៉ាងលឿនឆ្ពោះទៅរកភាពអាចប្រកួតប្រជែងបានជាមួយទីផ្សារលោកខាងលិច។ ពួកគេបានតាមទាន់ មិនត្រឹមតែនៅក្នុងកម្រិតនាំចេញនិងនាំចូលប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានតាមទាន់នៅក្នុងផ្នែកនវានុវត្តន៍, ឌីជីថលូបនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនវណ្ណៈកណ្តាលផងដែរ។

ដោយបូកបញ្ចូលទាំងផលប្រយោជន៍ ទីផ្សារ និងការធ្វើអន្តរាគមន៍របស់រដ្ឋាភិបាល ពួកគេពិតជាអាចទទួលបានកំណើនសេដ្ឋកិច្ចរយៈពេលវែងក្នុងកម្រិតខ្ពស់ជាងលោកខាងលិចទៅទៀត។ រដ្ឋាភិបាលបានដើរតួនាទីយ៉ាងលេចធ្លោរនៅក្នុងដំណើរការអភិវឌ្ឍ ហើយស្ថានភាពនេះនឹងនៅតែបន្តវិវឌ្ឍទៅមុខបែបនេះ។

ការបង្កើនការធ្វើអន្តរាគមន៍នៅក្នុងសកម្មភាពទីផ្សារអាចជាជម្រើសល្អជាងយុទ្ធសាស្ត្ររបស់លោកខាងលិចស្តីពីការផ្តល់សេរីភាពលើការសម្រេចចិត្ត។ ប៉ុន្តែដោយសារតែរដ្ឋាភិបាលរបស់ពួកគេនៅតែបន្តដើរតួនាទីជាអ្នកដឹកមុខ បណ្តាប្រទេស NEP-9 អាចនឹងជួបប្រទះនឹងការលំបាកក្នុងការងាកទៅរកបណ្តាស្ថាប័នពហុភាគី និងស្ថាប័នអន្តរជាតិដែលអនុវត្តវិធីសាស្ត្រផ្តោតលើទីផ្សារ និងវិធីសាស្ត្រសេរីនិយមតាមបែបថ្មី។

ជាទូទៅតួនាទីរបស់រដ្ឋាភិបាលបានបង្កឱ្យមានមន្ទិលសង្ស័យជាពិសេស លើជំហររបស់បណ្តាប្រទេស NEP-9 ចំពោះលទ្ធិប្រជាធិបតេយ្យ, អំពើពុករលួយ និងសេរីភាពសេដ្ឋកិច្ច។ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននឹងត្រូវប្រឈមមុខនឹងបញ្ហាទាំងនេះនៅក្នុងកម្រិតខុសៗគ្នា។

ទោះជាយ៉ាងណាក៏ដោយ លទ្ធិប្រជាធិបតេយ្យនិងការកាត់ផ្តាច់ស្ថាប័នរដ្ឋចេញពីទីផ្សារ មិនមែនជាលក្ខខណ្ឌដ៏ចាំបាច់ ក្នុងការបង្កើតឱ្យមានវិបុលភាពឡើយ។ លទ្ធិប្រជាធិបតេយ្យអាចជះឥទ្ធិពលវិជ្ជមានទៅលើភាពច្នៃប្រឌិត និងនវានុវត្តន៍ ក៏ប៉ុន្តែបណ្តាប្រទេស NEP-9 ហាក់មានទំនោរងាកទៅរកសេរីភាពផ្នែកសេដ្ឋកិច្ចនិងនីតិរដ្ឋ ជាជាងការងាកទៅរកលទ្ធិប្រជាធិតេយ្យសេរី ដើម្បីជំរុញវិបុលភាព។

សម្រាប់បណ្តាប្រជាជនវណ្ណៈកណ្តាលដែលកំពុងកើនឡើងនៅក្នុងបណ្តាប្រទេស NEP-9 ជាច្រើន សន្តិសុខ, ការការពារទ្រព្យសម្បត្តិ និងការបង្កើនការទិញ បានក្លាយជាក្តីកង្វល់ដ៏ចម្បងមួយដែលចាំបាច់ត្រូវការដំណោះស្រាយភ្លាមៗ។ បណ្តាប្រទេស NEP-9 មានវិធីសាស្ត្រខុសៗគ្នាក្នុងការធ្វើទំនាក់ទំនងជាមួយទីផ្សារ។

បណ្តាមេដឹកនាំនិងអ្នកគ្រប់គ្រង ដែលចង់រក្សាអំណាចប្រកួតប្រជែងរបស់ស្ថាប័នរបស់ខ្លួន ចាំបាច់ត្រូវស្វែងយល់អំពីយុទ្ធសាស្ត្រកាន់តែទូលាយរបស់ក្រុមប្រទេស NEP-9។ ដូច្នេះបណ្តាស្ថាប័នផ្តល់សេវាអប់រំថ្នាក់ឧត្តមសិក្សារបស់លោកខាងលិចគួរពិចារណាជាចាំបាច់អំពីការបង្កើតកម្មវិធីបណ្តុះបណ្តាលសម្រាប់និស្សិតនិងក្រុមហ៊ុននានា។

កម្មវិធីនេះមានសារៈសំខាន់ណាស់ទាំងសម្រាប់ក្រុមហ៊ុនរបស់លោកខាងលិច ដែលមានគម្រោងធ្វើប្រតិបត្តិការនៅក្នុងបណ្តាប្រទេស NEP-9 (ដែលរួមមានទាំងប្រទេសចិន) និងសម្រាប់បណ្តាក្រុមហ៊ុនចិន ដែលចង់ពង្រីកខ្លួនទៅកាន់ទ្វីបអឺរ៉ុប ឬសហរដ្ឋអាមេរិក។

កម្មវិធីខាងលើគួរតែរួមបញ្ចូលនូវដំណើរទស្សនកិច្ចសិក្សាដើម្បីឱ្យអ្នកចូលរួមអាចទទួលបាននូវបទពិសោធន៍ដោយផ្ទាល់ពីបរិយាកាសធុរកិច្ច និងវប្បធម៌របស់បណ្តាប្រទេសផ្សេងៗ ដើម្បីឱ្យពួកគេអាចស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីប្រតិបត្តិការ និងដំណើរការនៃការគិតដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៅក្នុងទីផ្សារ។ សហគ្រិនម្នាក់ដែលកំពុងធ្វើការនៅចិនបាននិយាយថា «អ្នកមិនអាចផ្លាស់ប្តូរប្រទេសចិនបានទេ ពីព្រោះប្រទេសចិនកំពុងផ្លាស់ប្តូរអ្នក»៕

South China Morning Post

អត្ថបទទាក់ទង