Moody៖ កម្ពុជាមិនងាយរងគ្រោះដោយបំណុលបរទេសនោះទេ
របាយការណ៍នៃទីភ្នាក់ងារវាយតម្លៃឥណទានពិភពលោក Moody’s Investor Service បានឲ្យដឹងថាភាពងាយរងគ្រោះនៃបំណុលរបស់កម្ពុជានៅតែស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។
បើទោះបីជាមានទស្សនវិស័យអវិជ្ជមានលើតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ក៏ដោយ ក៏ទីភ្នាក់ងារវាយតម្លៃនេះនៅតែរក្សាចំណាត់ថ្នាក់ឥណទាន B2 ដែលមានស្ថេរភាពរបស់ព្រះរាជាណាចក្របន្ទាប់ពីបានបន្ថយចំណាត់ថ្នាក់សម្រាប់ទីផ្សារនាំមុខជាច្រើនរួមមានប្រទេសថៃ ស្រីលង្កា ឡាវ និងមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។
ទីភ្នាក់ងារដដែលនេះបន្តថា៖ «ការរីករាលដាលនៃលទ្ធផលអវិជ្ជមានដែលបង្កដោយជំងឺរាតត្បាតនិងវិធានការនានាដែលបានអនុម័តដោយរដ្ឋអធិបតេយ្យដើម្បីទប់ស្កាត់ករណីនេះបានបង្កើតឲ្យមានជាវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុនិងសង្គមដែលនឹងអូសបន្លាយរហូតដល់ឆ្នាំ ២០២១ និងលើសពីនេះ»។
ភ្នាក់ងារវាយតម្លៃ Moody លើកឡើងថា «ចក្ខុវិស័យកំណើនផលិតផលក្នុងស្រុកសរុបដ៏រឹងមាំ» របស់កម្ពុជា គឺជាកត្តាដែលផ្ដល់ទំនុកចិត្តរបស់ខ្លួនលើបន្ទុកបំណុលរបស់ប្រទេសកម្ពុជា។
លោកស្រី Anushka Shah អនុប្រធានភ្នាក់ងារ Moody និងជាអ្នកវិភាគជាន់ខ្ពស់បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសចិនដោយសារមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។ ប្រទេសចិនគឺជាវិនិយោគិនបរទេសធំជាងគេជាមួយប្រទេសកម្ពុជាដែលតំណាងឱ្យ ៤៣ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស ហើយភ្ញៀវទេសចរចិនមានចំនួន ៣៦ ភាគរយក្នុងឆ្នាំ ២០១៩»។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ប្រទេសចិននៅតែជាអ្នកផ្តល់ប្រាក់កម្ចីចម្បងរបស់ប្រទេសកម្ពុជា ខណៈដែល ៤០ ភាគរយនៃទឹកប្រាក់ចំនួន ៧,៦ ពាន់លានដុល្លាររបស់ខ្លួនត្រូវបានផ្តល់ដោយរដ្ឋាភិបាលចិន។
ទោះជាយ៉ាងណា ភ្នាក់ងារវាយតម្លៃ Moody បានព្រមានថាការសងបំណុលឆ្លងដែននៅមានចំនួនច្រើនទាក់ទងនឹងប្រាក់បម្រុងបរទេស។
របាយការណ៍បន្តថា៖ «ក្នុងករណីទាំងនេះ ការទទួលបាននិរន្តរភាពនៃទីផ្សារមូលនិធិឆ្លងកាត់ព្រំដែនឬជំនួយសាច់ប្រាក់ងាយស្រួលពីខាងក្រៅនឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើការប្តេជ្ញាចិត្តពីការជំរុញលើកំណែទម្រង់និងស្ថេរភាពសារពើពន្ធសេដ្ឋកិច្ច»។
ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងស្ថិតក្នុងដំណាក់កាលស្តារឡើងវិញនៅឆ្នាំ ២០២១ វាជាការសំខាន់ក្នុងការកត់សម្គាល់ថាការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះមានមូលដ្ឋានច្រើនជាងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។
ក្នុងអំឡុងពេលមានករណីនៃជម្ងឺរាតត្បាតជាសកល រដ្ឋាភិបាលចិនបានចែកចាយវត្ថុធាតុដើមចំនួន ១០០០ កុងតឺន័រ ក្នុងនោះ ៦០ ភាគរយសម្រាប់ផលិតកម្មក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដើម្បីជួយឧស្សាហកម្មនាំចេញធំបំផុតរបស់ប្រទេសកម្ពុជាទប់ទល់នឹងបញ្ហាសេដ្ឋកិច្ច។
ព្រះរាជាណាចក្រកម្ពុជាត្រូវប្រឈមនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ចំពោះការនាំចេញដែលមានតម្លៃខ្ពស់ដោយសារតែការរឹតបន្តឹងពាណិជ្ជកម្ម ហើយផលប៉ះពាល់ដល់កំណើនពីការធ្លាក់ចុះភ្ញៀវទេសចរចិនអាចក្លាយជាផ្នែកសំខាន់នៃការធ្លាក់ចុះសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ក្នុងឆ្នាំ ២០១៩ ភ្ញៀវទេសចរសរុបមានចំនួន ៦.៦១០.៥៩២ នាក់ ដែលក្នុងនោះ ជាង ៣៨% ជាជនជាតិចិន។ បើទោះបីជាមានការធ្លាក់ចុះក៏ដោយ ធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនិងកើនឡើង ៤ ភាគរយនៅឆ្នាំនេះបន្ទាប់ពីបានធ្លាក់ចុះ ២ ភាគរយនៅឆ្នាំ ២០២០ ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា Inguna Dobraja ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជាបានឲ្យដឹងថា៖ «ភាពមិនប្រាកដប្រជាគួរឱ្យកត់សម្គាល់នៅតែមាននៅក្នុងទស្សនវិស័យកំណើនរបស់ប្រទេសកម្ពុជា។ គោលដៅគោលនយោបាយសំខាន់បំផុតគឺត្រូវស្វែងរកការងារដែលបានបាត់បង់និងត្រូវបានផ្អាកដោយសារជំងឺរាតត្បាត»។
«វាចាំបាច់ណាស់ដែលការវិនិយោគក្នុងស្រុកនិងបរទេសត្រូវបានលើកទឹកចិត្តដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងតំបន់នាពេលថ្មីៗនេះ។ សកម្មភាពនេះអាចធ្វើទៅបានតាមរយៈការដាក់ឱ្យអនុវត្តច្បាប់វិនិយោគមានលក្ខណៈប្រកួតប្រជែង និងគម្រោងលើកទឹកចិត្ត រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលក្នុងការធ្វើជំនួញ»៕ ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា ខ្មែរថែមស៍