ខ្មែរប៉ុស្ដិ៍ Close

ការធ្វើបច្ចុប្បន្នភាពលើក្បួនច្បាប់សេដ្ឋកិច្ចឌីជីថល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 26
ការធ្វើបច្ចុប្បន្នភាពលើក្បួនច្បាប់សេដ្ឋកិច្ចឌីជីថល ការធ្វើបច្ចុប្បន្នភាពលើក្បួនច្បាប់សេដ្ឋកិច្ចឌីជីថល

ឌីជីថលូបនីយកម្មធុរកិច្ចបានបង្កើនល្បឿនយ៉ាងលឿននៅក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩ ដោយក្នុងនោះ វាបានផ្តល់នូវវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាមួយនឹងវត្តមានទីផ្សារនិងម៉ោងធ្វើពាណិជ្ជកម្មគ្មានដែនកំណត់។ គេបានរំពឹងទុកថា «ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងមានការកើនឡើង ៨,១% ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ពោលគឺលឿនជាងនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបទៅទៀត»។

ការលក់ដូរតាមប្រព័ន្ធឌីជីថលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានចំនួនជិត ៣ ទ្រីលានដុល្លារនៅឆ្នាំ ២០២១។ វិទ្យាស្ថាន «McKinsey Global Institute» បានរាយការណ៍នៅឆ្នាំ ២០១៦ ថា «ក្រុមហ៊ុនសារជីវកម្មធំៗបំផុតរបស់ពិភពលោកកំពុងកសាងវេទិកាឌីជីថលដើម្បីគ្រប់គ្រងលើក្រុមហ៊ុនផ្គត់ផ្គង់របស់ពួកគេ និងដើម្បីតភ្ជាប់ទៅកាន់អតិថិជន»។

វេទិកាអ៊ីនធឺណិតសាធារណៈដូចជាបណ្តាញផ្សព្វផ្សាយសង្គម, បណ្តាញផ្សព្វផ្សាយឌីជីថល និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកក៏កំពុងលេចរូបរាងឡើងកាន់តែច្រើនផងដែរ។ វេទិកាអ៊ីនធឺណិតធំៗបានបន្តពង្រីកវិស័យរបស់ពួកគេ តាមរយៈការបង្កើត App ដែលបូកបញ្ចូលនូវប្រព័ន្ធប្រាស្រ័យទាក់ទងគ្នា «User Interface» ប្រព័ន្ធ Software និងការគ្រប់គ្រងលើទិន្នន័យបុគ្គលដោយឧបករណ៍ផ្ទុកទិន្នន័យ «Could Server» ផ្ទាល់របស់ពួកគេ។

ការប្រើប្រាស់ស្វ័យប្រវត្តិកម្ម និងប្រព័ន្ធ Algorithm បានជួយកាត់បន្ថយការចំណាយក្នុងការបន្ថែមនូវប្រព័ន្ធប្រាស្រ័យទាក់ទងគ្នាថ្មីៗដែលបានអនុញ្ញាតឱ្យវេទិកាធំៗ អាចរួមបញ្ចូលអ្នកប្រើប្រាស់បានរហូតដល់រាប់រយលាននាក់នៅពាសពេញពិភពលោក។ វេទិកានានាបានផ្តល់នូវតម្លៃ និងផលិតផលដ៏គួរឱ្យទាក់ទាញដែលជាហេតុជំរុញឱ្យមានការពង្រីកអាជីវកម្មរបស់ពួកគេ។

ផលប៉ះពាល់ដែលអាចកើតមានទៅលើការប្រកួតប្រជែងត្រូវបានពង្រឹងដោយច្បាប់ផ្សេងៗ ដូចជាច្បាប់វេទិកាឌីជីថលឆ្នាំ ២០១៩ (Digital Platforms Inquiry) របស់គណៈកម្មការអ្នកប្រើប្រាស់និងប្រកួតប្រជែងអូស្ត្រាលី និងដោយគណៈកម្មាធិការ Stigler ស្តីពីរបាយការណ៍វេទិកាឌីជីថល (Stigler Committee on Digital Platforms Report) របស់សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៩។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗអាចមានលទ្ធភាពប្រើប្រាស់ទិន្នន័យដែលប្រមូលបានស្តីពីអាជីវកម្មនានា និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ដើម្បីកេងចំណេញលើគូរប្រកួតប្រជែង និងក្រុមហ៊ុនថ្មីៗ។ បណ្តាក្រុមហ៊ុន បច្ចេកវិទ្យាបានអភិវឌ្ឍម៉ូដែលផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈផ្តោតគោលដៅ ដើម្បីបង្កើត Profile របស់អ្នកប្រើប្រាស់ក្នុងលក្ខណៈលម្អិត។

Profile របស់អ្នកប្រើប្រាស់នេះនឹងត្រូវបានភ្ជាប់ទៅនឹងវេទិកាបណ្តាញផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុនទាំងនោះ។ ការរៀបចំតុបតែងដែលមានលក្ខណៈជក់ចិត្តដិតអារម្មណ៍របស់វេទិកាផ្សព្វផ្សាយសង្គមបានធ្វើឱ្យអ្នកប្រើប្រាស់បន្តចូលរួមជាមួយពួកគេ ដែលជាហេតុផ្តល់ឱ្យក្រុមហ៊ុនទាំងនោះនូវទិន្នន័យកាន់តែច្រើន។

និយ័តករបានបន្តលើកឡើងអំពីកង្វល់កាន់តែខ្លាំងអំពីការប្រើប្រាស់ព័ត៌មានទាក់ទងនឹងអាជីវកម្ម និងព័ត៌មានរបស់អ្នកប្រើប្រាស់ដែលត្រូវបានប្រមូលដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជាក្រុមហ៊ុន Amazon និង Google ជាដើម។ ដើម្បីទប់ស្កាត់អាកប្បកិរិយាអាក្រក់ វេទិកានានាអាចពង្រឹងការត្រួតពិនិត្យដោយខ្លួនឯង, ការត្រួតពិនិត្យពីសំណាក់ដៃគូខាងក្រៅ ឬសហគ្រប់គ្រង (Co-Govern)។

ដើម្បីកំណត់បាននូវក្របខណ្ឌត្រួតពិនិត្យដ៏ល្អបំផុត និយ័តករគួរតែត្រួតពិនិត្យលើការចូលរួមរបស់ភាគីពាក់ព័ន្ធនានាក្នុងការគ្រប់គ្រងនិងពិនិត្យលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បូករួមនឹងការៀនអំពីរបៀបដែលក្រុមហ៊ុននានាចូលទៅកាន់ប្រភពទិន្នន័យ, ចែករំលែក និងប្រើប្រាស់ទិន្នន័យ។ ការនេះអាចរួមបញ្ចូលទាំងការបង្កើតស្តង់ដារផ្លាស់ប្តូរទិន្នន័យ, ការកំណត់ឡើងវិញនូវដំណើរការប្រាស្រ័យទាក់ទង និងដំណើរការសហការគ្នារវាងក្រុមហ៊ុននានា និងការពង្រឹងកិច្ចព្រមព្រៀងកម្រិតសេវាកម្មទិន្នន័យ។

និយ័តករក៏គួរតែស្វែងរកវិធីដើម្បីទប់ស្កាត់របៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗបង្កើតភាពផ្តាច់មុខលើទិន្នន័យរបស់ពួកគេដែលជាហេតុធ្វើឱ្យអ្នកប្រើប្រាស់ និងក្រុមហ៊ុនផ្សេងៗត្រូវចំណាយប្រាក់ច្រើនលើសលប់ដើម្បីទទួលបានទិន្នន័យទាំងនោះមកប្រើប្រាស់។ ការបង្កើនអន្តរប្រតិបត្តិការនៃទិន្នន័យដែលមានន័យថា «ទិន្នន័យនឹងត្រូវបានផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធ និងស្ថាប័នផ្សេងៗ» គឺជាដំណោះស្រាយដ៏ល្អមួយ។

និយ័តករអាចបង្ខំឱ្យក្រុមហ៊ុននានាផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុនថ្មីៗឱ្យចូលទៅប្រើប្រាស់ទិន្នន័យរបស់ពួកគេ ដើម្បីពង្រឹងការប្រកួតប្រជែងឱ្យមានលក្ខណៈកាន់តែស្មើភាព។ ប្រទេសចិនមានបំណងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនដើម្បីត្រួតពិនិត្យលើការប្រមូលទិន្នន័យ, ការបំបែកភាពផ្តាច់មុខរបស់វេទិកានានា និងដើម្បីទប់ស្កាត់អាកប្បកិរិយាប្រឆាំងនឹងការប្រកួតប្រជែង។ ប៉ុន្តែបញ្ហានេះអាចបង្កផលប៉ះពាល់ដល់ឯកជនភាពរបស់អ្នកប្រើប្រាស់។

ប្រទេសសិង្ហបុរីបានព្យាយាមរក្សាតុល្យភាពរវាងអភិបាលកិច្ចទិន្នន័យ និងនវានុវត្តបច្ចេកវិទ្យា តាមរយៈការបង្កើតច្បាប់ការពារទិន្នន័យបុគ្គល។ ប៉ុន្តែការត្រួតពិនិត្យជ្រុលហួសលើក្រុមហ៊ុនបច្ចេកវិទ្យា និងវេទិកាឌីជីថល អាចបង្កការរាំងស្ទះដល់ការធ្វើនវានុវត្តបច្ចេកវិទ្យាដែលនឹងធ្វើឱ្យសេដ្ឋកិច្ចឌីជីថលមិនមានចីរភាពសម្រាប់រយៈពេលវែង។

នៅឆ្នាំ ២០១៩ រដ្ឋាភិបាលអូស្ត្រាលីបានដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរលើការប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវ ដោយប្រើច្បាប់ឯកជនភាព (Privacy Act) ដើម្បីបង្កើតក្រមឯកជនភាពអនឡាញ (Online Privacy Code)។ គណៈកម្មការអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្ត្រាលី (Australian Competition and Consumer Commission) ថ្មីមួយត្រូវបានបង្កើតឡើងដើម្បីរាយការណ៍អំពីការ ប្រកួតប្រជែងរបស់វេទិកាឌីជីថល និងការការពារអ្នកប្រើប្រាស់។

ទីក្រុងកង់បេរ៉ា បានសហការជាមួយវេទិកាឌីជីថល និងបណ្តាញសារព័ត៌មានដើម្បីដោះស្រាយអតុល្យភាពរវាងភាគីទាំងពីរ។ ច្បាប់ទីផ្សារឌីជីថលឆ្នាំ ២០២២ (Digital Markets Act) របស់គណៈកម្មការអឺរ៉ុបមានបំណងត្រួតពិនិត្យលើសមត្ថភាពរបស់ក្រុមហ៊ុនឌីជីថលធំៗក្នុងការប្រើប្រាស់អំណាចរបស់ពួកគេដើម្បីរឹតត្បិត ឬដាក់លក្ខខណ្ឌលើការចូលទៅកាន់ទីផ្សាររបស់ពួកគេ។

កិច្ចព្រមព្រៀងសេវាកម្មឌីជីថលឆ្នាំ ២០២២ (Digital Services Agreement)បានហាមប្រាមការប្រើប្រាស់ «គំរូខ្មៅងងឹត» ដែលជារបៀបប្រាស្រ័យទាក់ទងតាមអនឡាញដែលរៀបចំឡើងដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។ ការពង្រីកខ្លួននៃសេដ្ឋកិច្ចឌីជីថលអាចនឹងកំណត់ឡើងវិញនូវលក្ខខណ្ឌទីផ្សារ។

ផ្អែកលើនិន្នាការនេះ អ្នកជំនាញខ្លះនៅអឺរ៉ុបកំពុងផ្តល់អនុសាសន៍ថា «ការអនុវត្តច្បាប់ប្រឆាំងនឹងភាពផ្ដាច់មុខគួរតែត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ការប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចឌីជីថល»។ ការត្រួតពិនិត្យនិងការធ្វើនវានុវត្តហាក់ដើរផ្ទុយគ្នាពីទិដ្ឋភាពនៃការប្រើប្រាស់ទិន្នន័យ ដោយសារតែបទបញ្ញត្តិច្បាប់ដែលបង្កការរាំងស្ទះដល់ការប្រើប្រាស់ទិន្នន័យ តែងត្រូវបានគេចាត់ទុកជាបន្ទុកសម្រាប់ឧស្សាហកម្មដែលប្រើប្រាស់ទិន្នន័យជាគោល។

ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តច្បាប់ប្រឆាំងនឹងភាពផ្ដាច់មុខ គឺពិតជាមានភាពចាំបាច់ណាស់ក្នុងការពង្រឹងសេដ្ឋកិច្ចឌីជីថល។ និយ័តករចាំបាច់ត្រូវតែកែសម្រួលការធ្វើអន្តរាគមន៍របស់ពួកគេដើម្បីសម្របទៅតាមលក្ខខណ្ឌសេដ្ឋកិច្ចខុសៗគ្នា។ វិធីសាស្ត្របែបបុរេសកម្មនឹងជួយទប់ស្កាត់អាកប្បកិរិយាប្រឆាំងនឹងការប្រកួតប្រជែង ដោយនឹងមិនបង្កការរាំងស្ទះដល់ការធ្វើនវានុវត្តឌីជីថលឡើយ៕

East Asia Forum