ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥
នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ, ឡូជីស្ទីក, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។ លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ប្រទេសហ្វីលីពីន និងបង្ហាញអំពីការគាំទ្រដល់កម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥ នេះផងដែរ។ ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម និងសហការជាមួយនឹងកម្ពុជា ក្នុងវិស័យស្រូវអង្ករ នាពេលកន្លងមក។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុន ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥នេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ដំណាំស្រូវគឺជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់នានារបស់រាជរដ្ឋាភិបាល នៅក្នុងការគាំទ្រទៅដល់ផលិតកម្មស្រូវអង្កររបស់កម្ពុជា ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក សំដៅសម្រួលទៅដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមផងដែរ។