រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ (50th ASEAN Economic Ministers and Related Meeting) ដែលរៀបចំឡើងនៅសណ្ឋាគារ Shangri-La រដ្ឋធានីសិង្ហបុរី ចាប់ពីថ្ងៃ២៨ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលបំណងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារធ្វើសេរីភាវូបនីយកម្មក្នុងអាស៊ាន និងរិះរកដំណោះស្រាយលើបញ្ហាប្រឈមផ្សេងៗ។
ក្នុងនោះកិច្ចប្រជុំក៏បានត្រួតពិនិត្យ និងកំណត់ជំហរផ្ទៃក្នុងអាស៊ានសម្រាប់ការចរចាជាមួយប្រទេសជាដៃគូក្រោមក្របខ័ណ្ឌអាស៊ានបូកមួយ អាស៊ានបូកបី និងការចរចាលើកិច្ចព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) និងកំណត់ជំហររបស់អាស៊ានទាក់ទងនឹងរបត់ថ្មីនៃសេដ្ឋកិច្ចពិភពលោកផងដែរ។
កិច្ចប្រជុំត្រូវបានដឹកនាំដោយលោក Chan Chun Sing រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន រួមជាមួយគណៈប្រតិភូជាសមាជិក ព្រមទាំងអគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចឆ្នាំ២០១៧-២០១៨ ហើយបានអនុម័តលើផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ២០១៩-២០២០ ដើម្បីបន្ថយគម្លាតអភិវឌ្ឍន៍ជាមួយសមាជិកអាស៊ានទាំង៦ចាស់។
ទន្ទឹមនោះ រដ្ឋមន្ត្រីក៏បានផ្តល់គោលការណ៍សំខាន់ៗ សម្រាប់បញ្ចូលក្នុងក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Framework for CLMV Development) ព្រមទាំងណែនាំឲ្យលេខាធិការដ្ឋានអាស៊ាន ខិតខំសម្របសម្រួលការងារនេះជាមួយប្រទេសជាសមាជិក ដោយធ្វើយ៉ាងណាបញ្ចប់សេចក្តីព្រាង និងដាក់ជូនរដ្ឋមន្ត្រីពិនិត្យ និងរាយការណ៍ជូនថ្នាក់ដឹកនាំកំពូលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣២ (AEM-32nd AFTA Council Meeting) បានពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ដោយបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ពន្លឿនការដោះស្រាយបញ្ហាដែលនៅសេសសល់។
កិច្ចប្រជុំក៏បានពិភាក្សាលើការលុបបំបាត់របាំងមិនមែនពន្ធគយ បញ្ជរតែមួយអាស៊ាន (ASEAN Single Window) និងការសម្រួលពាណិជ្ជកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្រការជម្រុញឲ្យអនុវត្តបញ្ជរតែមួយអាស៊ាន ឲ្យបានគ្រប់ប្រទេស និងបានស្នើឱ្យអាស៊ានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា និងបួនប្រទេសទៀតដែលកំពុងអនុវត្តសាកល្បង ដើម្បីកម្មវិធីនេះអនុវត្តឱ្យបានពេញលេញ ក្នុងគោលដៅសម្រួលពាណិជ្ជកម្មនៅក្នុងតំបន់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យភាគីថៃ សហការជាមួយកម្ពុជា និងឡាវ ក្នុងការដោះស្រាយបញ្ហានានាទាក់ទងនឹងការនាំចេញពោតពីកម្ពុជា និងឡាវ ហើយឈានទៅចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីទំនិញឆ្លងកាត់ទ្វេភាគីកម្ពុជា ថៃ ក្នុងពេលឆាប់ៗផងដែរ។
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២១ (AEM-21st AIA Council Meeting)៖ កិច្ចប្រជុំបានពិភាក្សាលើចំណុចសំខាន់ៗនៅក្រោមក្របខ័ណ្ឌវិនិយោគអាស៊ាន ជាពិសេសសេរីភាវូបនីយកម្មវិនិយោគ និងសមិទ្ធផលជាអាទិភាពរបស់ប្រធានអង្គប្រជុំអាស៊ាន(សិង្ហបុរី)លើការវិនិយោគ។ កិច្ចប្រជុំគាំទ្រការពង្រឹង និងធ្វើសេរីភាវូបនីយកម្មលើកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ក្នុងគោលដៅទាក់ទាញ និងការពារការវិនិយោគក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ (The 50th ASEAN Economic Ministers’ Meeting)៖ កិច្ចប្រជុំបានពិនិត្យនូវវឌ្ឍនភាព និងពិភាក្សាលើគំនិតផ្តួចផ្តើមនានាក្រោមសមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពឆ្នាំ២០១៨ របស់ប្រធានអង្គប្រជុំអាស៊ានឆ្នាំ២០១៨។
លើសពីនេះ អង្គប្រជុំក៏បានពិភាក្សាអំពីប្រធានបទទាក់ទងនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ការចូលរួមរបស់អាស៊ានទៅក្នុងខ្សែសង្វាក់តម្លៃសាកល ការចូលរួមរបស់វិស័យឯកជនជាមួយរដ្ឋលើការអភិវឌ្ឍសហគ្រាសមីក្រូ តូច និងមធ្យម ជំរុញការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក សេរីភាវូបនីយកម្មកញ្ចប់ទី៩នៃសេវាកម្មអាស៊ាន និងវឌ្ឍនភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ព្រមទាំងផ្តល់អនុសាសន៍ណែនាំក្នុងគោលដៅបញ្ចប់កិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨នេះ។
បន្ទាប់ពីនេះ រដ្ឋមន្រ្តីនៃក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានចុះហត្ថលេខាលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន(Protocol to amend ATIGA)និងពិធីសារអនុវត្តកញ្ចប់ទី១០នៃក្របខ័ណ្ឌកិច្ចព្រមព្រៀងសេវាកម្មអាស៊ាន(Protocol to implement the 10th AFAS Package)៕