ភាពចលាចលនៅក្នុងសង្គមអាចនឹងកើតមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រសិនបើអតិផរណានៃតម្លៃម្ហូបអាហារនៅតែបន្តកើនឡើង
អ្នកសេដ្ឋកិច្ចនៅធនាគារ «Bank of America Securities» បាននិយាយថា «តំបន់អាស៊ីអាគ្នេយ៍អាចនឹងប្រឈមមុខនឹងហានិភ័យដ៏ធំនៃការកើតមានភាពចលាចលក្នុងសង្គម ប្រសិនបើតម្លៃម្ហូបអាហារនៅតែបន្តកើនឡើងខ្លាំង»។
លោក Mohamed Faiz Nagutha បានឱ្យដឹងថា «រឿងទាំងនេះអាចនឹងកើតឡើង ដោយសារតែម្ហូបអាហារ គឺជាចំណែកនៃការចំណាយដ៏ធំរបស់មនុស្សនៅក្នុងប្រទេសជាច្រើន បូករួមទាំងនៅហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម»។
នៅឆ្នាំ ២០២១ ជិត ៤០% នៃការចំណាយសរុបរបស់គ្រួសារហ្វីលីពីនត្រូវចំណាយទៅលើម្ហូបអាហារ និងភេសជ្ជៈដែលគ្មានជាតិអាល់កុល (យោងតាមស្ថិតិរបស់អាជ្ញាធរហ្វីលីពីន) ខណៈដែលសេវាកម្មស្រាវជ្រាវសេដ្ឋកិច្ច (Economic Research Service) បានរាយការណ៍ថា «គ្រួសារអាមេរិកបានចំណាយត្រឹមតែ ៨,៦% ប៉ុណ្ណោះនៃប្រាក់ចំណូលក្រោយកាត់ពន្ធរបស់ពួកគេទៅលើម្ហូបអាហារ»។
លោក Nagutha បានលើកឡើងថា «ទោះជាយ៉ាងណាក៏ដោយ អតិផរណានៃតម្លៃម្ហូបអាហាររបស់អាស៊ានអាចនឹងមានភាពប្រែប្រួលតិចតួចប៉ុណ្ណោះ ហើយអាចនឹងមានភាពងាយស្រួលជាងមុនក្នុងការគ្រប់គ្រង ដោយសារតែយើងបាននិងកំពុងពឹងផ្អែកខ្លាំងទៅលើការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ ខណៈពេលដែលរដ្ឋាភិបាលក្នុងតំបន់ជាច្រើនក៏បានផ្តល់ការគាំទ្រផងដែរដល់វិធានការគ្រប់គ្រងអតិផរណាស្បៀងអាហារ»។
ប៉ុន្តែលោកបានព្រមានថា «តម្លៃរបស់វានឹងនៅតែបន្តកើនឡើង ហើយបញ្ហានេះនឹងធ្វើឱ្យប្រជាជនជាច្រើនមិនសប្បាយចិត្ត។ អតិផរណានៅក្នុងតំបន់អាស៊ីអាគ្នេយ៍បាននិងកំពុងកើនឡើង ក៏ប៉ុន្តែវានៅតែមានកម្រិតទាបនៅឡើយបើប្រៀបធៀបទៅនឹងអ្វីដែលធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពអាចនឹងមានការប្រែប្រួលបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានខែ ឬប៉ុន្មានត្រីមាសខាងមុខ»។
អតិផរណានៅក្នុងតំបន់បានកើនឡើងពី ៣% នៅក្នុងខែកុម្ភៈដល់ ៣,៥% នៅក្នុងខែមីនា (យោងតាមក្រុមហ៊ុន FocusEconomics ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មព័ត៌មាន)។ លោក Nagutha បាននិយាយថា «ជាមួយនឹងការបើកឡើងវិញនូវសេដ្ឋកិច្ច បូករួមនឹងការប្រើប្រាស់សេវាកម្មកាន់តែច្រើនជាងមុនពីសំណាក់ប្រជាជន តម្រូវការនឹងក្លាយជាកត្តារួមចំណែកដល់ការកើនឡើងនៃអត្រាអតិផរណា»។
លោកបានបន្ថែមថា «វានឹងក្លាយជាការបន្ថែមសម្ពាធទៅលើការចំណាយរបស់ម្ចាស់អាជីវកម្ម ហើយម្ចាស់អាជីវកម្មនឹងផ្ទេរបន្ទុកចំណាយទាំងនេះ មួយផ្នែកទៅកាន់អ្នកប្រើប្រាស់។ ការកើនឡើងនៃអតិផរណានៃតម្លៃថាមពលនិងអាហារ នៅទូទាំងពិភពលោក នឹងជំរុញឱ្យអត្រាអតិផរណាជារួមនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែកើនឡើងខ្លាំងជាងមុន»។
លោកបានបន្តថា «ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យរយៈពេលវែងសម្រាប់អតិផរណានៅមិនទាន់មានភាពប្រាកដប្រជានៅឡើយនោះទេ ពីព្រោះយើងនៅមិនទាន់អាចដឹងបានទេថា តើតម្លៃប្រេង និងទំនិញផ្សេងៗទៀតនឹងអាចមានលំនឹងនៅក្នុងកម្រិតណា។ ជាមូលដ្ឋាន យើងអាចសន្មតបានថា អតិផរណានឹងស្ថិតនៅក្នុងកម្រិតមួយដ៏ខ្ពស់ ហើយវានឹងធ្វើឱ្យអតិផរណាសកលបន្តកើនឡើង ក៏ប៉ុន្តែវិបត្តិសេដ្ឋកិច្ចអាចនឹងមិន កើតឡើងនោះទេ»។
លោកបាននិយាយទៀតថា «សម្រាប់អាស៊ាន អតិផរណាអាចនឹងធ្លាក់ចុះពីចំណុចកំពូល ក៏ប៉ុន្តែវាអាចនឹងនៅតែស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់ បើប្រៀបធៀបទៅនឹងបរិបទប្រវត្តិសាស្ត្រ ហើយវាក៏អាចខ្ពស់ជាងអត្រាអតិផរណា ដែលធនាគារកណ្តាល របស់បណ្តាប្រទេសអាស៊ានចង់បានផងដែរ»។
លោក Nagutha បានលើកឡើងបន្ថែមថា «ក្រៅពីអាជ្ញាធររូបិយវត្ថុសិង្ហបុរី (Monetary Authority of Singapore) ធនាគារកណ្តាលដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ភាគច្រើនមិនមានប្រតិកម្មអ្វីនោះទេ។ ដោយផ្អែកលើដំណើរការងើបឡើងវិញចេញពីវិបត្តិកូវីដ-១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ធនាគារកណ្តាលគួរតែត្រៀមខ្លួនក្នុងការផ្តល់ការជួយជ្រោមជ្រែងដល់កិច្ចការដទៃទៀត ក្រៅតែពីកិច្ចការដែលទាក់ទងនឹងកំណើននិងអត្រាអតិផរណា»។
លោកបាននិយាយថា «អ្វីដែលត្រូវធ្វើជាចាំបាច់ គឺការកំណត់នូវការរំពឹងទុកនៃអត្រាអតិផរណា (Inflation Expectation) និងការផ្តល់សញ្ញាថា អត្រាគោលនយោបាយ (Policy Rates) ដែលយើងកំពុងមាននៅក្នុងអាស៊ាន នឹងមិនអាចធានានូវការការពារដល់យើងបានទេនៅក្នុងវដ្ដនៃអតិផរណាសកលដូចពេលនេះ។ បណ្តាធនាគារកណ្តាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហាក់ដូចជាមានភាពយឺតយ៉ាវក្នុងការចាត់វិធានការរឹតបន្តឹងគោលនយោបាយ ដោយក្នុងនោះធនាគារកណ្តាលរបស់ម៉ាឡេស៊ីអាចនឹងធ្វើការដំឡើងអត្រាការប្រាក់នៅសប្តាហ៍ក្រោយ»។
លោក Nagutha បាននិយាយថា «សម្រាប់បណ្តាធនាគារកណ្តាលនៅ ក្នុងប្រទេសអាស៊ានផ្សេងទៀត ការដំឡើងអត្រាការប្រាក់អាចនឹងត្រូវបានធ្វើឡើងចាប់ពីឆមាសទី២ នៃឆ្នាំនេះ ក៏ប៉ុន្តែប្រទេសថៃអាចជាករណីលើកលែងមួយ ដោយសារតែការងើបឡើងវិញរបស់ប្រទេសនេះនៅមានសភាពយឺតយ៉ាវនៅឡើយ»។
លោក Euben Paracuelles ដែលមកពីក្រុមហ៊ុន «Nomura» ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ បាននិយាយថា «ធនាគារកណ្តាលហ្វីលីពីនអាចនឹងមិនដំឡើងអត្រាការប្រាក់នៅក្នុងខែនេះទេ ដោយក្នុងនោះ ពួកគេអាចនឹងដំឡើងវានៅក្នុងខែមិថុនា ប្រសិនបើពួកគេរកឃើញសញ្ញានៃការកើនឡើងនៃអត្រាអតិផរណា»។
លោក Paracuelles បានបន្តទៀតថា «វាមិនមានហេតុផលច្បាស់លាស់ណាមួយពាក់ព័ន្ធនឹងការដំឡើងអត្រាការប្រាក់នោះទេ ពីព្រោះការដំឡើងអត្រាការប្រាក់មិនអាចជួយដោះស្រាយបញ្ហាទាក់ទងនឹងការឡើងថ្លៃប្រេងឥន្ធនៈ ឬម្ហូបអាហារបានឡើយ។ ជាក់ស្តែង អត្រាអតិផរណាកំពុងស្ថិតនៅក្នុងកម្រិតមួយដ៏ខ្ពស់ ក៏ប៉ុន្តែប្រសិនបើយើងដកតម្លៃថាមពល និងតម្លៃម្ហូបអាហារចេញ នោះអតិផរណានឹងមានកម្រិតទាបជាងនេះច្រើន»៕ CNBC