ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងអនុគ្រោះពន្ធដារជាច្រើនប្រភេទ ព្រមទាំងគ្មានការដំឡើងពន្ធ ឬបង្កើតពន្ធថ្មីនោះឡើយ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងអនុគ្រោះពន្ធដារជាច្រើនប្រភេទ ព្រមទាំងគ្មានការដំឡើងពន្ធ ឬបង្កើតពន្ធថ្មីនោះឡើយ! រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងអនុគ្រោះពន្ធដារជាច្រើនប្រភេទ ព្រមទាំងគ្មានការដំឡើងពន្ធ ឬបង្កើតពន្ធថ្មីនោះឡើយ!

រយៈពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដារជាច្រើន ក្នុងគោលដៅជំរុញនិងលើកទឹកចិត្តវិនិយោគ បង្កើនផលិតភាព និងឱកាសការងារ សម្រួល និងលើកទឹកចិត្តដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋតូចតាច និងជួយកាត់បន្ថយដល់បន្ទុកចំណាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដារកន្លងមកក្នុងនោះរួមមាន៖

១. ការអនុគ្រោះពន្ធចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ឆ្នាំ២០០៣)

តាមរយៈច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបាន៖

  • លើកលែងពន្ធលើប្រាក់ចំណូល ដល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះរយៈពេលគន្លឹះបូកនឹងរយៈពេល៣ឆ្នាំ បូកនឹងរយៈពេលអាទិភាព ដែលអាចមានរយៈពេលអតិបរមាស្មើនឹង៩ឆ្នាំ
  • លើកលែងពន្ធអប្បបរមា ស្មើនឹង១%នៃផលរបរប្រចាំឆ្នាំ
  • លើកលែងពន្ធគយ ចំពោះការនាំចូលគ្រឿងសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្ដាល សម្រេចបម្រើផលិតកម្ម។

២. ការលើកទឹកចិត្តផ្នែកពន្ធដល់វិស័យមូលបត្រ (ឆ្នាំ២០១៥)

តាមរយៈអនុក្រឹត្យលេខ ០១. អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ស្ដីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រ រាជរដ្ឋាភិបាលកម្ពុជាបាន៖

  • លើកលែងពន្ធលើប្រាក់ចំណូលចំនួន៥០% នៃពន្ធលើប្រាក់ចំណូលត្រូវបង់សរុបសម្រាប់រយៈពេល៣ឆ្នាំ
  • អនុគ្រោះបំណុលពន្ធលើប្រាក់ចំណូលទាំងស្រុង រយៈពេល៥ឆ្នាំ
  • លើកលែងពន្ធកាត់ទុកចំនួន៥០% លើការប្រាក់ និងភាគលាភ បានមកពីការកាន់កាប់ និងទិញ-លក់មូលបត្រ រយៈពេល៣ឆ្នាំ។

៣. ការលុបរបបពន្ធម៉ៅការ (ឆ្នាំ២០១៦)

តាមរយៈច្បាប់ស្តី ពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារ ដោយបានលុបរបបពន្ធម៉ៅការ និងបានកំណត់កម្រិតផលរបរ ដែលត្រូវជាប់ពន្ធ ដែលក្នុងនោះ ប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានផលរបរប្រចាំឆ្នាំក្រោម២៥០លានរៀល (ប្រមាណ ៦២,៥០០ដុល្លារសហរដ្ឋអាមេរិក) មិនត្រូវជាប់ពន្ធលើប្រាក់ចំណូលនោះទ្បើយ។

៤. ការលុបចោលការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ឆ្នាំ២០១៦)

តាមរយៈច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦នេះដែរ ដើម្បីសម្រួលដល់ជីវភាព និងកាត់បន្ថយបន្ទុកបង់ពន្ធរបស់ប្រជាពលរដ្ឋតូចតាច រាជរដ្ឋាភិបាលបានសម្រេចលុបចោលការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ចំពោះ ទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រយានយន្តគ្រប់ប្រភេទ, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល, ជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ។

៥. ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ (ឆ្នាំ២០១៦)

តាមរយៈច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ប្រកាសលេខ ២៧៣ សហវប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិរវាងឳពុក-ម្ដាយបង្កើតនិងកូនបង្កើត, ប្ដីនិងប្រពន្ធ, យាយ-តាបង្កើតនិងចៅបង្កើត។
លើសពីនេះ ក៏បានលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជនយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់ ១៥០សេះ។

៦. ការអនុគ្រោះចំពោះសហគ្រាស ដែលមានអនុលោមភាពសារពើពន្ធខ្ពស់ (ឆ្នាំ២០១៦)

តាមរយៈប្រកាសលេខ ០៥៣៦ សហវប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីចំណាត់ថ្នាក់នៃអនុលោមភាពសារពើពន្ធ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវយន្តការលើកទឹកចិត្ត និងអនុគ្រោះពន្ធចំពោះសហគ្រាស ដែលមានអនុលោមភាពសារពើពន្ធខ្ពស់ ដែលក្នុងនោះរួមមាន៖ ការអនុគ្រោះពន្ធអប្បបរមា១% នៃផលរបរប្រចាំឆ្នាំ, ការបង្វិលសងអាករលើតម្លៃបន្ថែម ដោយពុំចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន, និងការមិនធ្វើសវនកម្មក្នុងរយៈពេលសុពលភាព នៃការលើកទឹកចិត្តដែលអ្នកជាប់ពន្ធ មានអនុលោមភាពសារពើពន្ធខ្ពស់ទទួលបាន។

៧. ការលើកលែងពន្ធក្នុងវិស័យអប់រំ អគ្គិសនី ទឹកស្អាត កសិកម្ម អនាម័យ និងម្ហូបអាហារ (ឆ្នាំ២០១៧-២០១៨)

តាមរយៈច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងអាករលើតម្លៃបន្ថែម ដោយចាត់ទុកជាការផ្គត់ផ្គង់ មិនជាប់អាករនូវការផ្គត់ផ្គង់មួយចំនួនដូចខាងក្រោម៖

  • សេវាសិក្សាអប់រំ
  • ថាមពលអគ្គិសនីនិងទឹកស្អាត
  • ផលិតផលកសិកម្មមិនទាន់កែច្នៃ
  • សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ។

បន្ថែមពីនេះទៀត តាមរយៈប្រកាសលេខ ៣៦១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវការលើកទឹកចិត្តបន្ថែម ដោយដាក់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមុខទំនិញចាំបាច់ទាំងនោះរួមមាន៖ ត្រី សាច់ ស៊ុតសត្វ ស្ករ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវគ្រប់ប្រភេទ។

៨. ការលើកទឹកចិត្តចំពោះសហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីដោយស្ម័គ្រចិត្ត (ឆ្នាំ២០១៧)

តាមរយៈអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត របស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងនូវពន្ធលើប្រាក់ចំណូល រយៈពេល ២ឆ្នាំ ចំពោះសហគ្រាសធុនតូចនិងមធ្យម ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត។

៩. ការលុបចោលពន្ធសត្តឃាត និងការដំឡើងកម្រិតពិដាន នៃប្រាក់បៀវត្សជាប់ពន្ធ (ឆ្នាំ២០១៨)

បន្ថែមលើការអនុគ្រោះ និងលើកលែងពន្ធជាហូរហែកន្លងមក តាមរយៈការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញបន្ថែមទៀត នូវការអនុគ្រោះពន្ធដែលជាការជួយសម្រួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ និងជាការលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិតនានា តាមយន្តការធំៗពីរគឺ៖ (១)- ការលុបចោលពន្ធសត្តឃាត និង (២)- ការដំឡើងកម្រិតពិដាននៃប្រាក់បៀវត្ស ដែលត្រូវជាប់ពន្ធរបស់កម្មករនិយោជិត រហូតដល់ ១,២០០,០០០រៀល ស្មើនឹងប្រមាណ ៣០០ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងន័យនេះ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលមានប្រាក់បៀវត្សត្រឹម ៣០០ដុល្លារ មិនជាប់ពន្ធលើប្រាក់បៀវត្សនោះទ្បើយ។

ទាំងអស់នេះហើយ គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប សំដៅធ្វើយ៉ាងណាឲ្យប្រទេសដ៏កម្សត់ ធ្លាប់ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមរាប់សិបឆ្នាំនេះ បានរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាឡើងថែមទៀត ៕

អត្ថបទទាក់ទង