ខ្មែរប៉ុស្ដិ៍ Close

សញ្ញាមួយចំនួនបានបង្ហាញថា វិបត្តិសេដ្ឋកិច្ចនៅអាមេរិកនឹងពិបាកទប់ស្កាត់ណាស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 27
សញ្ញាមួយចំនួនបានបង្ហាញថា វិបត្តិសេដ្ឋកិច្ចនៅអាមេរិកនឹងពិបាកទប់ស្កាត់ណាស់ សញ្ញាមួយចំនួនបានបង្ហាញថា វិបត្តិសេដ្ឋកិច្ចនៅអាមេរិកនឹងពិបាកទប់ស្កាត់ណាស់

ជាមួយនឹងអត្រាអតិផរណានៅអាមេរិកកំពុងហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល ៤០ឆ្នាំ ហើយអាចនឹងបន្តកើនឡើងបន្ថែមទៀតនោះ គេរំពឹងថា «ធនាគារកណ្តាលអាមេរិកនឹងបង្កើនអត្រាការប្រាក់កន្លះភាគរយ បន្ទាប់ពីកិច្ចប្រជុំថ្មីរបស់ខ្លួននៅថ្ងៃទី ០៤ ខែឧសភានេះ»។

វានឹងក្លាយជាលើកទី ២ ហើយដែលអត្រាការប្រាក់ត្រូវបានដំឡើងនៅឆ្នាំ ២០២២ បន្ទាប់ពីការដំឡើងចំនួន ០,២៥% នៅក្នុងខែមីនា ក្នុងគោលបំណងទប់ទល់នឹងតម្រូវការរបស់អ្នកប្រើប្រាស់ដែលអាចនឹងជួយកាត់បន្ថយអត្រាអតិផរណា។

តាមរយៈការដំឡើងអត្រាការប្រាក់ ធនាគារកណ្តាលសង្ឃឹមថា «ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់អាមេរិកនឹងស្ថិតនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន (Soft Landing) ដែលអាចនឹងជួយទប់ស្កាត់ការកើនឡើងយ៉ាងលឿននៃអត្រាអតិផរណា ក៏ដូចជាអត្រាគ្មានការងារធ្វើ»។ ធនាគារកណ្តាលនិងអ្នកព្យាករណ៍អាជីព បានលើកឡើងថា «អត្រាអតិផរណានឹងស្ថិតនៅក្រោម ៣% ហើយអត្រាគ្មានការងារធ្វើនឹងស្ថិតនៅក្រោម ៤% នៅឆ្នាំ ២០២៣»។

ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវថ្មីៗបានបង្ហាញថា «ការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន (Soft Landing) គឺជារឿងដែលមិនអាចទៅរួចនោះទេ ហើយវិបត្តិសេដ្ឋកិច្ចអាចនឹងកើតមាននៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ»។

អត្រាអតិផរណាដ៏ខ្ពស់ បូករួមនឹងអត្រាគ្មានការងារធ្វើដ៏ទាបគឺជាកត្តាដែលនាំមកនូវវិបត្តិសេដ្ឋកិច្ច។ ជាក់ស្តែង ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៥០ មក រាល់ពេលដែលអតិផរណាកើនលើស ៤% ហើយអត្រាគ្មានការងារធ្វើស្ថិតនៅក្រោម ៥% សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចូលទៅក្នុងវិបត្តិនៅក្នុងអំឡុងពេល ២ ឆ្នាំបន្ទាប់។

បច្ចុប្បន្ន អតិផរណាស្ថិតក្នុងអត្រា ៨,៥% ហើយអត្រាគ្មានការងារធ្វើស្ថិតក្នុងអត្រា ៣,៦% ដែលបានបង្ហាញយ៉ាងច្បាស់ថា «វិបត្តិសេដ្ឋកិច្ចគឺជារឿងដែលមិនអាចចៀសរួចនោះទេ»។ អតិផរណាតែងកើត មាននៅពេលដែលមនុស្សដណ្តើមគ្នាទិញទំនិញដែលមានចំនួនតិចខ្លាំង ហើយគោលនយោបាយសារពើពន្ធ ឬគោលនយោបាយរូបិយវត្ថុ មិនអាចផ្លាស់ប្តូរស្ថានការណ៍នេះបានទេ។

កិច្ចការដែលធនាគារកណ្តាលអាចធ្វើបានគឺ «ការគ្រប់គ្រងតម្រូវការនៅក្នុងសេដ្ឋកិច្ចដើម្បីឱ្យវាមានតុល្យភាពជាមួយនឹងការផ្គត់ផ្គង់»។ នៅពេលតម្រូវការកើនឡើងខ្លាំងហួសពីសមត្ថភាពផ្គត់ផ្គង់សេដ្ឋកិច្ចនឹងជួបប្រទះនូវបញ្ហាអតិផរណា ហើយតម្លៃទំនិញនឹងហក់ឡើងយ៉ាងគំហ៊ុក។

បញ្ហាដែលអាចនាំ មកនូវការកើនឡើងអតិផរណា ដែលរួមមានដូចជាការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការ ការស្រុតចុះនៃទំនិញនៅក្នុងស្តុក និងការកើនឡើងប្រាក់ឈ្នួលបានបង្ហាញវត្តមាននៅក្នុងសេដ្ឋកិច្ចនៅពេញមួយឆ្នាំ ២០២១។ ក៏ប៉ុន្តែក្របខណ្ឌប្រតិបត្តិថ្មី ដែលធនាគារកណ្តាលបានដាក់ចេញនៅខែ សីហា ឆ្នាំ ២០២០ បានរារាំងធនាគារកណ្តាល ពីការចាត់វិធានការទប់ស្កាត់ជាមុន រហូតដល់មានការកើនឡើងជាក់ស្តែងនូវអត្រាអតិផរណា។ ជាលទ្ធផល នៅពេលនេះ ធនាគារកណ្តាលកំពុងបាត់បង់សមត្ថភាពក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងបញ្ហាអតិផរណា។

ដើម្បីទម្លាក់អត្រាអតិផរណាកំពុងហក់ឡើង នៅពេលនេះធនាគារកណ្តាលកំពុងព្យាយាមដំឡើងអត្រាការប្រាក់ដើម្បីកាត់បន្ថយតម្រូវការរបស់អ្នកប្រើប្រាស់។ ការកើនឡើងនៃតម្លៃក្នុងការខ្ចីប្រាក់អាចជួយបន្ថយសកម្មភាពសេដ្ឋកិច្ច តាមរយៈការបង្អាក់អ្នកទិញពីការទិញទំនិញប្រើប្រាស់និងការបង្អាក់អ្នកជំនួញពីការវិនិយោគថ្មីៗបន្ថែមទៀត។

ប៉ុន្តែសកម្មភាព នេះអាចបង្កភាពរអាក់រអួលខ្លាំងដល់សេដ្ឋកិច្ច និងអាចរុញច្រានសេដ្ឋកិច្ចឱ្យធ្លាក់ចូលទៅក្នុងវិបត្តិ។ នេះគឺជាការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅ ក្នុងកម្រិតមួយដែលអាចទទួលយកបាន (Soft Landing) : អត្រាការប្រាក់កើនឡើង ហើយតម្រូវការនឹងធ្លាក់ចុះ ដែលអាចឈានទៅកាត់បន្ថយអត្រាអតិផរណា ហើយសេដ្ឋកិច្ចនៅតែអាចបន្តរីកលូតលាស់ទៅមុខ។

ទោះជាយ៉ាងណាក៏ដោយ បើផ្អែកតាមប្រវត្តិនៃការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន (Soft Landing) គឺជារឿងដែលពិបាកនឹងកើតឡើងណាស់។ យើងតែងសង្កេតឃើញថា «នៅរាល់ពេលដែលធនាគារកណ្តាលចាត់វិធានការដើម្បីទម្លាក់អត្រាអតិផរណា សេដ្ឋកិច្ចនឹងប្រឈមមុខនឹងលទ្ធភាពខ្ពស់ក្នុងការធ្លាក់ចូលទៅក្នុងវិបត្តិ»។

ខណៈពេលដែលអ្នកខ្លះបានលើកឡើងថា «វាមានឧទារហណ៍ជាច្រើននៃការអាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន (SoftLanding) នៅក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅនេះ ដែលរួមមានដូចជានៅឆ្នាំ ១៩៦៥, ១៩៨៤ និងឆ្នាំ ១៩៩៤» ការវិភាគបានបង្ហាញថា «អ្វីដែលកើតមាននៅក្នុងឆ្នាំទាំងនោះមានភាពខុសគ្នាពីអ្វីដែលកំពុងកើតឡើង នៅពេលបច្ចុប្បន្ននេះ»។

នៅក្នុងព្រឹត្តិការណ៍ទាំង៣លើកនោះ ធនាគារកណ្តាលកំពុងធ្វើប្រតិបត្តិការ នៅក្នុងសេដ្ឋកិច្ចមួយដែលមានអត្រាអត់ការងារខ្ពស់ជាងបច្ចុប្បន្ន, អតិផរណាទាបជាងបច្ចុប្បន្ន, និងកំណើនប្រាក់ឈ្នួលទាបជាងបច្ចុប្បន្ន។

នៅក្នុងអំឡុងពេលទាំងនោះ ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ឱ្យកើនលើសអត្រាអតិផរណាដែលមិនដូចគ្នានឹងពេលបច្ចុប្បន្ននេះទេដែលអត្រាអតិផរណាមានចំនួន ៨,៥% ហើយអត្រាការប្រាក់ត្រូវបានគេព្យាករណ៍ថានឹងនៅតែស្ថិតក្រោម ៣% នៅ ២០២៣។

មូលហេតុមួយដែលធ្វើឱ្យកត្តាប្រឈមរបស់ធនាគារកណ្តាលមានភាពលំបាកខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះគឺ «ទីផ្សារការងារមានភាពតឹងតែងខ្លាំង ដែលមានន័យថា តម្រូវការសម្រាប់កម្មករបានកើនខ្ពស់ឆ្ងាយជាងសមត្ថភាពផ្គត់ផ្គង់កម្មករ»។ ទីផ្សារការងារតឹងតែងខ្លាំងនឹងតម្រូវឱ្យក្រុមហ៊ុននានាដំឡើងប្រាក់ឈ្នួល ដើម្បីទាក់ទាញកម្មករ។

អត្រាអ្នកអត់ការងារធ្វើមានកម្រិតទាបខ្លាំងណាស់នៅពេលបច្ចុប្បន្ន ហើយធនាគារកណ្តាលរំពឹងថា «វានឹងមានចំនួនកាន់តែទាបជាងនេះទៀត»។ តួលេខនៃការជ្រើសរើសមនុស្សឱ្យចូលធ្វើការកំពុងស្ថិតនៅក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាន ហើយបុគ្គលិកក៏បាននិងកំពុងបោះបង់ការងារចោលក្នុងអត្រាខ្ពស់មិនធ្លាប់មានផងដែរ។

ជាក់ស្តែង ប្រាក់ឈ្នួលគឺជារង្វាស់ចុងក្រោយពាក់ព័ន្ធនឹងអត្រាអតិផរណា ដោយក្នុងនោះការចំណាយរបស់អាជីវកម្មជាង ២/៣ គឺជាការចំណាយទៅលើកម្លាំងពលកម្ម ដែលជាហេតុធ្វើឱ្យការឡើងប្រាក់ឈ្នួល បង្កជាសម្ពាធខ្លាំងលើអតិផរណា។ កំណើនប្រាក់ឈ្នួលបច្ចុប្បន្នកំពុងស្ថិតក្នុងអត្រា ៦,៦% ហើយអាចនឹងកើនឡើងកាន់តែខ្ពស់ថែមទៀត។

ខណៈពេលដែលប្រាក់ឈ្នួលកំពុងកើនឡើងយ៉ាងលឿនបែបនេះ អត្រាអតិផរណានឹងមិនអាចធ្លាក់ចុះដល់កម្រិត ២% ដូចការចង់បានរបស់ធនាគារកណ្តាលនោះទេ។ ការវិភាគរបស់យើងបានបង្ហាញថា «កំណើនប្រាក់ឈ្នួលបច្ចុប្បន្ននឹងធ្វើឱ្យអត្រាអតិផរណាបន្តស្ថិតនៅខ្ពស់ជាង ៥%»។

បច្ចុប្បន្ន សេដ្ឋកិច្ចអាមេរិកកំពុងប្រឈមនឹងសម្ពាធអតិផរណាកាន់តែខ្លាំងដោយសារការកើនឡើងនៃតម្លៃគ្រាប់ធុញ្ញជាតិ និងតម្លៃថាមពល ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន និងភាពរអាក់រអួលនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដោយសារការបិទខ្ទប់ថ្មីៗនៅក្នុងប្រទេសចិន។ កត្តាទាំងនេះនឹងធ្វើឱ្យអត្រាអតិផរណាកើនឡើងកាន់តែលឿននៅក្នុងរយៈពេលមួយឆ្នាំខាងមុខ។

ការវាយតម្លៃរបស់យើងបានបង្ហាញថា «បញ្ហាអតិផរណាដែលធនាគារកណ្តាលកំពុងជួបប្រទះនៅក្នុងពេលបច្ចុប្បន្នគឺមានលក្ខណៈធ្ងន់ធ្ងរខ្លាំង និងទំនងជាមិនអាចដោះស្រាយចេញទេ»។ ការរួមបញ្ចូលគ្នានៃអត្រាអតិផរណាដ៏ខ្ពស់, ការកើនឡើងប្រាក់ឈ្នួល, ការពន្យារគោលនយោបាយរបស់ធនាគារកណ្តាល និងការរាំងស្ទះនៅក្នុងការផ្គត់ផ្គង់នៅពេលថ្មីៗនេះ បានបង្ហាញថា «វិបត្តិសេដ្ឋកិច្ចពិតជាអាចនឹងកើតមាននៅប៉ុន្មានឆ្នាំខាងមុខនេះ»៕ Channel News Asia

អត្ថបទទាក់ទង