ខ្មែរប៉ុស្ដិ៍ Close

ការធ្វើកំណែទម្រង់ធនាគារពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 72
ការធ្វើកំណែទម្រង់ធនាគារពិភពលោក ការធ្វើកំណែទម្រង់ធនាគារពិភពលោក

ធនាគារពិភពលោក កំពុងស្ថិតក្នុងចំណុចចាប់ផ្តើមនៃការធ្វើបរិវត្តកម្មដ៏ធំមួយ។ ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក បណ្តារដ្ឋាភិបាល G20 បានជំរុញឱ្យធនាគារនេះបង្កើនការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ក្រោយការផ្តល់អនុសាសន៍ពីសំណាក់ក្រុមការងារឯករាជ្យមួយដែលបង្កើតឡើងដោយក្រុមប្រទេស G20 ទៅលើរបៀបក្នុងការធ្វើបច្ចុប្បន្នភាពលើគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារពិភពលោក ដើម្បីឆ្លើយតបឱ្យបានកាន់តែលឿនដល់វិបត្តិសកលនោះ បណ្តាម្ចាស់ភាគហ៊ុនបានផ្តល់ពេលវេលាឱ្យក្រុមការងារឯករាជ្យនោះរហូតដល់បុណ្យណូអែល ដើម្បីរៀបចំផែនទីបង្ហាញផ្លូវមួយសម្រាប់ការធ្វើកំណែទម្រង់លើការធ្វើប្រតិបត្តិការ។

ធនាគារពិភពលោកពិតជាកំពុងត្រូវការការរុះរើជាខ្លាំង។ ពួកគេត្រូវប្រើប្រាស់អំណាចហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធផល ដើម្បីកៀរគរវិនិយោគិនឯកជន និងបង្វែរធនធានផ្ទាល់របស់ពួកគេឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រេចបាននូវចំណុចអាទិភាពរបស់សកលលោកផ្សេងៗទៀត។ ប៉ុន្តែការធ្វើកំណែទម្រង់នោះនឹងមានប្រសិទ្ធភាពទៅបាន ល្គិកណាអ្នកទទួលខុសត្រូវរបស់ធនាគារនោះបានព្យាយាមស្វែងរកមូលហេតុថា ហេតុអ្វីបានជាបណ្តាប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម មានភាពស្ទាក់ស្ទើរក្នុងការធ្វើការជាមួយពួកគេ។

មូលហេតុមួយដែលបង្ហាញថា បញ្ហាក្នុងការគ្រប់គ្រងរបស់ធនាគារបានធ្វើឱ្យរាំងស្ទះដល់ការឆ្លើយតបរបស់ធនាគារទៅនឹងតម្រូវការរបស់ប្រទេសជាកម្ចីនោះ គឺដំណើរការអនុម័តប្រាក់កម្ចី និងដំណើរការទូទាត់សាច់ប្រាក់យឺតយ៉ាវ។

ទិន្នន័យដែលគេអាចរកបានថ្មីៗបំផុតមួយបានបង្ហាញថា ជាមធ្យមធនាគារពិភពលោកត្រូវការចំណាយពេលជាង ២ ឆ្នាំដើម្បីដំណើរការប្រាក់កម្ចីមួយ ដោយគិតចាប់ពីថ្ងៃដាក់សំណើរសុំខ្ចី រហូតដល់ការទូទាត់សាច់ប្រាក់កម្ចីនោះជាលើកដំបូង។ រយៈពេលរង់ចាំនោះអាចនឹងមានរយៈពេលកាន់តែយូរថែមទៀតសម្រាប់កម្ចីពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈប្រទាក់ក្រឡា។

ដំណើរសាំញ៉ាំនៃការអនុវត្តនោះ ជាចម្បងគឺជាលទ្ធផលនៃសម្ពាធពីសំណាក់បណ្តាម្ចាស់ភាគហ៊ុនដែលមិនមែនជាអ្នកខ្ចីប្រាក់ ហើយពួកគេផ្ទាល់ក៏បានទទួលរងសម្ពាធបន្តពីសំណាក់ស្ថាប័ននីតិបញ្ញត្តិ និងបណ្តាអង្គការសង្គមស៊ីវិលក្នុងការអនុវត្តស្តង់ដារ និងនីតិវិធីតែមួយយ៉ាងម៉ុតមាំសម្រាប់ប្រតិបត្តិការទាំងអស់របស់ធនាគារពិភពលោក។ សម្រាប់បណ្តាប្រទេសខ្ចីប្រាក់ ដែលភាគច្រើនស្ថិតនៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍ ករណីខាងលើមានន័យស្មើរនឹងការពន្យារពេលដ៏គួរឱ្យខកចិត្ត។

តាមពិត ធនាគារនោះត្រូវតែរក្សាស្តង់ដារឱ្យបានខ្ពស់។ ការត្រួតពិនិត្យឱ្យបានដិតដល់ធ្វើឱ្យគម្រោងនានាកាន់តែមានប្រសិទ្ធភាព ចីរភាព និងមានប្រសិទ្ធផល។ ប៉ុន្តែការិយាធិបតេយ្យហួសហេតុរបស់ធនាគារនោះ គឺមានលើសពីការគ្រប់គ្រងទៅលើគុណភាពទៅទៀត។

ជាទូទៅ ការស្នើសុំប្រាក់កម្ចីត្រូវមានជាប់ពាក់ព័ន្ធនឹងការចុះបេសកកម្មទៅក្នុងប្រទេសមួយនោះជាច្រើនលើកជាច្រើនសារ ហើយនៅក្នុងបេសកកម្មនីមួយៗបានតម្រូវឱ្យក្រុមមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនោះលះបង់ពេលវេលាជាច្រើនថ្ងៃ ។

យន្តការការពារសង្គមនិងបរិស្ថានដ៏វែងអន្លាយ និងប្រទាក់ក្រឡាទាំងនោះ ពេលខ្លះមានភាពតឹងរ៉ឹងជាងយន្តការដែលបណ្តាប្រទេសអ្នកមានទ្រព្យរបស់ធនាគារនោះបានប្រើប្រាស់នៅក្នុងប្រទេសរបស់គេផ្ទាល់ទៅទៀត។

សម្រាប់ការអនុម័តលើគម្រោង តម្រូវឱ្យមានការត្រៀមខ្លួន, ការពិភាក្សាដ៏វែងអន្លាយ និងការអនុម័តពីសំណាក់ផ្នែកទទួលខុសត្រូវជាច្រើនរបស់ធនាគារនោះ ដែលរួមមានទាំងពីក្រុមប្រឹក្សាភិបាលផងដែរ។ ហើយក្នុងអំឡុងពេលអនុវត្តគម្រោង បណ្តាប្រទេសដែលទទួលបានកម្ចីទាំងនោះ ត្រូវតែលះបង់ពេលវេលាដ៏មានតម្លៃក្នុងការផ្តល់របាយការណ៍ពីវឌ្ឍនភាពជាញឹកញាប់ដល់ការិយាធិបតេយ្យរបស់ធនាគារនោះ ដែលការធ្វើបែបនោះស្ទើរតែគ្មានប្រយោជន៍អ្វីសោះដល់ប្រទេសដែលទទួលបានប្រាក់កម្ចីនោះ។

ដូច្នេះវាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលកំពុងត្រូវការហិរញ្ញប្បទានចាំបាច់ ចូលចិត្តចុះកិច្ចសន្យាជាមួយធនាគារផ្សេងៗ ដូចជាធនាគារនីហ័រណ-អាហ័រណរបស់ចិន (Export-Import Bank of China) នោះ ព្រោះគម្រោងដែលបានចុះហត្ថលេខារួចហើយ អាចទទួលបានចំណាត់ការភ្លាមៗ ហើយប្រទេសដែលទទួលប្រាក់កម្ចី ពេលខ្លះអាចគេចផុតពីមន្ត្រីរបស់ធនាគារពិភពលោក ដែលមានចរិតចូលចិត្តហួងហែងថែមទៀតផង។

ប្រាក់កម្ចីជាមួយធនាគារផ្សេងអាចនឹងថ្លៃជាងបន្តិច ប៉ុន្តែមន្ត្រីជាប់ឆ្នោតនៅតាមប្រទេសកំពុងអភិវឌ្ឍត្រូវស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការសម្រេចឱ្យបាននូវលទ្ធផលសម្រាប់ពលរដ្ឋរបស់គេ ហើយល្បឿននៃការងារគឺជារឿងដ៏សំខាន់។

មន្ត្រីរបស់ធនាគារពិភពលោកបានដឹងយ៉ាងច្បាស់អំពីបញ្ហាទាំងនេះ ហើយបានព្យាយាមជំរុញឱ្យមានការផ្លាស់ប្តូរ។ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ធនាគារនោះបានបង្កើតក្រុមការងារពិសេសមួយដើម្បីដោះស្រាយបណ្តឹងពីសំណាក់ប្រទេសខ្ចីប្រាក់ ជាពិសេសពាក់ព័ន្ធនឹងយន្តការការពារ (safeguards) និងវិធានច្បាប់ចាត់ចែងប្រាក់ (fiduciary rules)។

ប៉ុន្តែខណៈដែលធនាគារពិភពលោកបានចាត់វិធានការបណ្តោះអាសន្ន ដើម្បីកាត់បន្ថយនូវភាពស្មុគស្មាញលើដំណើរការរបស់ខ្លួនក្នុងពេលជាង ២ ទសវត្សរ៍កន្លងទៅ ដែលរួមមានទាំងយន្តការឥណទាន ដោយផ្អែកទៅលើលទ្ធផលថ្មីៗដែលមានភាពសាមញ្ញជាងមុន និងការអនុម័តរបស់ក្រុមប្រឹក្សាភិបាលសម្រាប់គម្រោងខ្លះ ដោយផ្អែកទៅលើហានិភ័យផងនោះ អ្វីដែលជាលទ្ធផលហាក់នៅមានភាពស្តួចស្តើងនៅឡើយ។ ធនាគារនោះបានធ្វើឱ្យមានភាពប្រសើរឡើងចំពោះពេលវេលាទូទាត់ប្រាក់កម្ចីរបស់ពួកគេតិចតួចប៉ុណ្ណោះ នៅចន្លោះឆ្នាំ ២០១៣ និង ២០១៧ នៅពេលដែលពួកគេបានឈប់រាយការណ៍អំពីតួលេខទាំងនេះ ពោលវាគឺជាសញ្ញាដែលបង្ហាញយ៉ាងច្បាស់អំពីចំណុចអាទិភាពរបស់ស្ថាប័ន។

អ្វីដែលជាឧបសគ្គចម្បងសម្រាប់កំណែទម្រង់កាន់តែស៊ីជម្រៅនោះ គឺអភិបាលកិច្ចមិនស៊ីសង្វាក់គ្នារបស់ធនាគារពិភពលោក។ បណ្តាប្រទេសដែលមិនខ្ចីប្រាក់មួយក្រុមតូចដែលដឹកនាំដោយសហរដ្ឋអាមេរិកហាក់មាន ប្រៀបចំពោះការសម្រេចចិត្ត។

ហើយបណ្តារដ្ឋាភិបាលទាំងនេះបានងាកមកចាត់ទុកធនាគារនោះថាជាបញ្ហា ជាជាងជាយន្តការដ៏មានអំណាចលើសលប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពួកគេទៅវិញ។

នៅក្នុងសញ្ញាដំបូងនៃការធ្វើកំណែទម្រង់ដែលគេអាចមើលឃើញថាជាស្តង់ដារដ៏ខ្សោយនោះ អ្នកតំណាងសភាអាមេរិក និងបណ្តាតំណាងរាស្ត្រនៅបណ្តាប្រទេស G7 ផ្សេងៗទៀត ក្រោមការលើកទឹកចិត្តពីសំណាក់ក្រុមសង្គមស៊ីវិលនោះ បានធ្វើការដាក់សម្ពាធឱ្យបញ្ឈប់ ឬបិទខ្ទប់ការធ្វើកំណែទម្រង់នោះតែម្តង។

នេះគឺជាអ្វីដែលបានកើតឡើងនៅពេលដែលធនាគារពិភពលោកបានព្យាយាមធ្វើកំណែទម្រង់គោលនយោបាយការការពាររបស់ខ្លួន។ សំណើរដំបូងៗដែលបានស្នើឱ្យមានការបន្ធូរបន្ថយក្នុងកម្រិតល្មមនៃយន្តការការពារនោះ បានបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមសង្គមស៊ីវិល។

ក្រោយការពិគ្រោះយោបល់អស់រយៈពេល ៤ ឆ្នាំ និងការកែសម្រួលដែលគ្មានទីបញ្ចប់រួចមក នៅទីបំផុតគោលនយោបាយថ្មីមួយត្រូវបានគេអនុម័តនៅឆ្នាំ ២០១៦ ហើយការអនុម័តនេះត្រូវបានធ្វើឡើងដោយសារតែ ភាពនឿយហត់ក្នុងការជជែក ជាជាងការមូលមតិជាឯកច្ឆន្ទ។ ប៉ុន្តែក្របខណ្ឌថ្មីនោះ មិនបានបំពេញតាមចិត្តប្រទេសណាមួយនោះទេ ហើយវានឹងមិនត្រូវបានអនុវត្តពេញលេញនោះឡើយ រហូតដល់ឆ្នាំ ២០២៥ ពោលគឺស្ទើរតែរយៈពេល ១៥ ឆ្នាំ ក្រោយការពិភាក្សាបានចាប់ផ្តើមធ្វើ។

ម្ចាស់ភាគហ៊ុនធំៗរបស់ធនាគារនោះត្រូវតែមានភាពម៉ឺងម៉ាត់ចំពោះការកែសម្រួលលើរបៀបដែលស្ថាប័ននោះបានចាប់ដៃធ្វើការជាមួយប្រទេសដែលជាអតិថិជន។ ប្រសិនបើប្រទេសអភិវឌ្ឍប្រើប្រាស់អំណាចឆ្នោតរបស់គេក្នុងការផ្តល់អាទិភាពទៅលើកង្វល់សេដ្ឋកិច្ច-នយោបាយនៅក្នុងស្រុកជាងប្រសិទ្ធភាពរបស់ធនាគារនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនោះ ពួកគេរាល់គ្នានឹងកាន់តែមានបញ្ហាបន្ថែមទៀត។

ការផ្លាស់ប្តូរសំខាន់ៗខ្លះ អាចជួយបាន។ ជាដំបូង ការប្រកាន់យកអភិក្រមដែលផ្អែកទៅលើហានិភ័យឱ្យបានកាន់តែទូលាយ សម្រាប់យន្តការពិនិត្យគម្រោង នឹងអាចជួយពន្លឿនប្រតិបត្តិការរបស់ធនាគារពិភពលោក បានច្រើនគួរសម។ ការអនុវត្តយន្តការការពារតែមួយសម្រាប់គម្រោងច្រើននៅក្នុងប្រទេស ឬវិស័យតែមួយ និងការទាញប្រយោជន៍បន្ថែមពីក្របខណ្ឌក្នុងស្រុករបស់ប្រទេសដែលបានខ្ចីប្រាក់ខ្លះនោះ អាចកាត់បន្ថយភាពស្មុគស្មាញសម្រាប់បញ្ហានេះបាន។

ការផ្ទេរអំណាចអនុម័តប្រាក់កម្ចីទៅឱ្យប្រធានធនាគារ ឬអាចផ្តល់ទៅឱ្យបណ្តាអនុប្រធានប្រចាំតំបន់ រួមផ្សំជាមួយក្របខណ្ឌគណនេយ្យភាពច្បាស់លាស់នោះ ពិតជាអាចជួយសម្រួលដល់ដំណើរការអនុម័តលើប្រាក់កម្ចីបានបន្ថែមទៀត។

កំណែទម្រង់ទាំងនេះអាចត្រូវបានគេយកមកសាកល្បងអនុវត្តនៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលមធ្យម ដែលជាទីដែលក្របខណ្ឌគតិយុត្តិនិងស្តង់ដារ ទំនងជាអាចត្រូវបានគេទទួលយកបានជាង នៅមុនពេលមានការដាក់ឱ្យអនុវត្តវាឱ្យបានទូលាយ។

បុគ្គលិកធនាគារពិភពលោកដែលភាគច្រើនសុទ្ធតែជាអ្នកជំនាញផ្នែកអភិវឌ្ឍ ដែលមានបទពិសោធន៍ច្រើនបំផុតនោះ គួរតែត្រូវបានគេលើកទឹកចិត្តឱ្យធ្វើនវានុវត្ត និងធ្វើការគណនាឱ្យបានល្អិតល្អន់អំពីហានិភ័យ។

ពិតណាស់ ការអភិវឌ្ឍគឺមានភាពស្មុគស្មាញ ហើយបញ្ហាគឺមិនអាចចៀសផុតនោះទេ។ ការព្យាយាមក្នុងការចៀសវាងពីបញ្ហាទាំងនោះនឹងធ្វើឱ្យធនាគារពិភពលោកកាន់តែមានលក្ខណៈការិយាធិបតេយ្យជ្រុល មានភាពយឺតយ៉ាវខ្លាំង និងមិនសូវមានប្រសិទ្ធភាព។

ប្រសិនបើបណ្តារដ្ឋាភិបាល ដែលជាម្ចាស់ភាគហ៊ុនមិនទទួលស្គាល់កត្តាសត្យានុម័តនេះទេ ធនាគារនោះនឹងនៅតែជាប់គាំងនៅក្នុងគំនិតរបស់ក្រុមមនុស្សនៅទីក្រុងវ៉ាស៊ីនតោន ហើយវានឹងកាន់តែបង្កការលំបាកដល់បណ្តាសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍដែលត្រូវការជំនួយពីធនាគារពិភពលោកនេះ៕

Project Syndicate