ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់ជនរួមជាតិចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឱ្យបានកាន់តែច្រើនបន្ថែមទៀត

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 135
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់ជនរួមជាតិចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឱ្យបានកាន់តែច្រើនបន្ថែមទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់ជនរួមជាតិចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឱ្យបានកាន់តែច្រើនបន្ថែមទៀត

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពក្រៃលែង ដែល«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជាច្រើននៅតាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹមសប្បាយរីករាយក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេនថ្វាយជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្រុមការងារមូលនិធិ បាន និងកំពុងខិតខំរៀបចំលិខិតថ្លែងអំណរគុណជូនដល់បងប្អូនប្រជាពលរដ្ឋជាសប្បុរសជនជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ។ ទន្ទឹមគ្នានេះ សម្តេចក៏សូមបន្តអំពាវនាវដល់ជនរួមជាតិ មេត្តាបន្តចូលរួមឱ្យបានកាន់តែច្រើនមូលមីបន្ថែមទៀត ហើយក្រុមការងារមូលនិធិនឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ហើយចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មក ក្រុមការងារមូលនិធិ បានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសផងដែរ៕

អត្ថបទទាក់ទង