ខ្មែរប៉ុស្ដិ៍ Close

របាយការណ៍៖ ប្រទេសចិនឈរលើកំពូលតារាងសម្រាប់ការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍ ហើយកំពុងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់ឥទ្ធិពលនៅក្នុងតំបន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 96
របាយការណ៍៖ ប្រទេសចិនឈរលើកំពូលតារាងសម្រាប់ការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍  ហើយកំពុងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់ឥទ្ធិពលនៅក្នុងតំបន់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលផ្ដល់ហិរញ្ញប្បទានដោយចិន

យោងតាមរបាយការណ៍ថ្មីមួយរបស់វិទ្យាស្ថាន Lowy បានឱ្យដឹងថា ប្រទេសចិនគឺជាដៃគូអភិវឌ្ឍន៍ដ៏ធំបំផុត ហើយក៏ជាប្រភពហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតដូចគ្នារបស់តំបន់អាស៊ីអាគ្នេយ៍ដែរ ក៏ប៉ុន្តែនៅពេលនេះកំពុងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗពីសំណាក់ប្រទេសផ្តល់ហិរញ្ញប្បទានដទៃទៀត។

ភាគច្រើននៃការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ត្រូវបានផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែការរួមចំណែករបស់ប្រទេសចិននៅក្នុងទិដ្ឋភាពនេះ បានចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ ២០២០ និង ២០២១ នៅពេលដែលគម្រោងជាច្រើនដែលរួមមានទាំងគម្រោងផ្លូវនិងខ្សែក្រវ៉ាត់ត្រូវបានផ្អាក ស្របពេលដែលជំងឺរាតត្បាតក៏បានកាត់បន្ថយការផ្តល់មូលនិធិរបស់ចិនទៅកាន់អាស៊ីអាគ្នេយ៍ផងដែរ។

នៅចន្លោះឆ្នាំ ២០១៥ និង ២០២១ ចិនបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ប្រហែល ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំដល់តំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះជំនួយសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានប្រហែល ៧៥%។ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាទូទៅ បានរួមបញ្ចូលទាំងគម្រោងក្នុងការដឹកជញ្ជូននិងការស្តុកទុកថាមពល ការទំនាក់ទំនង ប្រភពទឹក និងអនាម័យផងដែរ។

របាយការណ៍បាននិយាយថា តម្លាភាពនៅក្នុងការផ្តល់ជំនួយទៅកាន់តំបន់ដូចជាអាស៊ីអាគ្នេយ៍គឺកាន់តែមានសារៈសំខាន់កាន់តែខ្លាំង នៅចំពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដើម្បីដណ្តើមឥទ្ធិពល។

នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃវិទ្យាស្ថាន Lowy លោក Roland Rajah បាននិយាយថា «ការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្ររវាងរដ្ឋាភិបាលប្រទេសលោកខាងលិចនិងប្រទេសចិនបានបង្កឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗទៅលើការប្រើប្រាស់ហិរញ្ញប្បទានអភិវឌ្ឍន៍ ជាពិសេសសម្រាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើជាមធ្យោបាយប្រកួតប្រជែងដណ្តើមឥទ្ធិពល»។

លោកបានបន្ថែមទៀតថា «ចំណុចនេះពិតជាបានធ្វើឱ្យគេយល់ដឹងយ៉ាងច្បាស់អំពីទំហំនៃផលប្រយោជន៍ដែលហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំពោះរដ្ឋាភិបាលក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍របស់ពួកគេ»។

របាយការណ៍ខាងលើបានបន្តលើកឡើងទៀតថា ថ្វីបើតំបន់អាស៊ីអាគ្នេយ៍កំពុងតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏តំបន់នេះនៅតែមានតម្រូវការហិរញ្ញប្បទានដែលមិនអាចបំពេញបាន ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍមនុស្ស និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។

របាយការណ៍ខាងលើបានឱ្យដឹងទៀតថា «ចំណុចនេះមានន័យថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍដែលបានផ្តល់ហិរញ្ញប្បទាននៅក្នុងទម្រង់ផ្សេងៗនៃហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដែលរួមមានការផ្តល់ជំនួយប្រាក់កម្ចី និងទម្រង់ជំនួយផ្សេងៗទៀតពិតជាមានតួនាទីយ៉ាងសំខាន់»។

ជាឧទាហរណ៍ នៅឥណ្ឌូនេស៊ីដែលជាប្រទេសដែលមានសេដ្ឋកិច្ចក្នុងទំហំប្រមាណ ១,៣ ទ្រីលានដុល្លារ និងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ ការរួមចំណែកហិរញ្ញប្បទានអភិវឌ្ឍន៍ពីសំណាក់ប្រទេសផ្សេងៗទៀតនៅតែបានរួមចំណែកជាង ១០% នៃការចំណាយសរុបរបស់រដ្ឋាភិបាល។ សូម្បីតែបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលមានទ្រព្យសម្បត្តិច្រើន ដូចជាម៉ាឡេស៊ីនិងថៃ ក៏ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុអភិវឌ្ឍន៍យ៉ាងច្រើនផងដែរ ជាពិសេសពីសំណាក់ប្រទេសចិន។

ផ្លូវរថភ្លើង East Coast នៅក្នុងប្រទេសម៉ាឡេស៊ី គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ រូបថត៖ Xinhua

របាយការណ៍ខាងលើបានបញ្ជាក់ទៀតថា ប្រទេសចិនបានផ្តល់មូលនិធិដល់ប្រទេសដូចជាម៉ាឡេស៊ីនិងថៃ សម្រាប់គម្រោងមួយចំនួន ដូចជាគម្រោងផ្លូវរថភ្លើង East Coast និងគម្រោងរថភ្លើងល្បឿនលឿនថៃ-ចិន បើទោះបីជាប្រទេសទាំងនោះមានឋានៈជាប្រទេសដែលមានបប្រាក់ចំណូលខ្ពស់ក្នុងតំបន់ក៏ដោយ មិនដូចបប្រទេសជាដៃគូអភិវឌ្ឍន៍បែបប្រពៃណីដូចជាជប៉ុន អឺរ៉ុប និងកូរ៉េខាងត្បូងនោះទេ»។ ប្រទេសផ្សេងៗទៀតដែលទទួលជំនួយអភិវឌ្ឍន៍ពីសំណាក់ចិនគឺប្រទេសឡាវ និងកម្ពុជា។

របាយការណ៍របស់អង្គការ Lowy បានលើកឡើងទៀតថា «នៅពេលដែលអំណាចរបស់ប្រទេសចិនបានកើនឡើង ទីក្រុងប៉េកាំងបាននិងកំពុងតស៊ូមតិសម្រាប់ការរៀបចំរចនាសម្ព័ន្ធនៃប្រព័ន្ធអភិបាលកិច្ចសកលឡើងវិញ ដើម្បីឱ្យដើរស្របគ្នាកាន់តែប្រសើរឡើងជាមួយនឹងផលប្រយោជន៍ និងគុណតម្លៃរបស់ពួកគេ»។

របាយការណ៍ខាងលើបានបន្តឱ្យដឹងទៀតថា «ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ចិនបានចាប់ផ្តើមគំនិតផ្តួចផ្តើមខ្នាតធំមួយចំនួន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ហើយគោលបំណងរបស់ពួកគេគឺដើម្បីដាក់ ប្រទេសចិនអោយក្លាយជាប្រទេសផ្តល់ទំនិញសាធារណៈជាសកល តាមរយៈការផ្តល់ទាំងធនធាននិងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍ»។

ក្រៅពីប្រទេសចិន អ្នកផ្តល់ហិរញ្ញប្បទានពហុភាគីបែបប្រពៃណី ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក គឺជាអ្នកផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ធំជាងគេទី២ និងទី៣ ដល់តំបន់នេះ ហើយពួកគេក៏កំពុងប្រឈមមុខនឹងប្រទេសចិនដែលជាអ្នកផ្តល់ហិរញ្ញប្បទានធំសម្រាប់តំបន់ផងដែរ។

ចិនក៏ត្រូវទទួលរងនូវការប្រកួតប្រជែងពីសំណាក់ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប ក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលសហរដ្ឋអាមេរិកនិងអូស្ត្រាលី គឺជាដៃគូប្រកួតប្រជែងតូចៗប៉ុណ្ណោះនៅក្នុងទិដ្ឋភាពនៃជំនួយនេះ។

របាយការណ៍ខាងលើបានលើកឡើងទៀតថា ខណៈពេលដែលចិនបានចុះហត្ថលេខាបានច្រើនជាងម្ចាស់ជំនួយបែបប្រពៃណី តែដៃគូបែបប្រពៃណីទាំងនេះ ច្រើនតែធ្វើបានល្អប្រសើរជាងនៅក្នុងការផ្តល់ជំនួយ
ជាក់ស្តែង។

បន្ទាប់ពីចិន ធនាគារអភិវឌ្ឍន៍ឥស្លាម គឺជាអ្នកផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ដ៏មានឥទ្ធិពលបំផុតបន្ទាប់ទៀតនៅក្នុងតំបន់ ដោយពួកគេបានផ្តល់ថវិកាប្រហែល ២២៥ លានដុល្លារក្នុងមួយឆ្នាំដល់តំបន់នេះ។ ភាគច្រើនពួកគេបានផ្តល់ថវិកាទៅដល់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងទម្រង់ជាកម្ចីមិនសម្បទានដែលផ្តោតលើវិស័យកសិកម្ម និងការអប់រំ។

បន្ទាប់ពីចិន ធនាគារអភិវឌ្ឍន៍ឥស្លាមគឺជាអ្នកផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍មិនប្រពៃណីដ៏មានឥទ្ធិពលបំផុតបន្ទាប់សម្រាប់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះធនាគារនេះបានផ្តល់ប្រហែល ២២៥ លានដុល្លារក្នុងមួយឆ្នាំដល់តំបន់មួយនេះ។ រូបថត៖ Shutterstock

អារ៉ាប៊ីសាអូឌីតក៏កំពុងតែក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគី ដែលមកពីតំបន់មជ្ឈិមបូព៌ាដ៏ធំបំផុត ដោយបានផ្តល់ថវិកាប្រហែល ៤៥ លានដុល្លារក្នុងមួយឆ្នាំ ភាគច្រើនគឺសម្រាប់អាហារូបករណ៍។

ឥណ្ឌាដែលជាអ្នកផ្តល់ជំនួយមិនមែនប្រពៃណី ក៏ជាដៃគូទ្វេភាគីកំពុងកើនឡើងផងដែរ ដោយពួកគេបានផ្តល់ជំនួយហិរញ្ញប្បទានអភិវឌ្ឍន៍ប្រហែល ៧០ លានដុល្លារក្នុងមួយឆ្នាំដល់តំបន់នេះ។ មីយ៉ាន់ម៉ាទទួលបានស្ទើរតែ ៩០% នៃមូលនិធិនេះ សម្រាប់គម្រោងដឹកជញ្ជូន និងថាមពល។

របាយការណ៍ខាងលើបានឱ្យដឹងទៀតថា នៅក្នុងតំបន់នេះ «ប្រទេសដែលមានបំផុតមិនមែនជាប្រទេសដែលបានចូលរួមនៅក្នុងការផ្តល់ជំនួយក្នុងផ្នែកហិរញ្ញវត្ថុអភិវឌ្ឍន៍នោះទេ។ របាយការណ៍ខាងលើបានបញ្ជាក់ថា «កម្ពុជានិងទីម័រខាងកើត គឺជាប្រទេសដែលមានសេដ្ឋកិច្ចក្រីក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍…. ប៉ុន្តែបើពិនិត្យមើលទៅលើសមាមាត្រនៃការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ និងហិរញ្ញវត្ថុដែលទទួលបាន ប្រទេសទីម័រខាងកើតគឺជាដៃគូដ៏សប្បុរសបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទី២ ខណៈដែលកម្ពុជាស្ថិតនៅលេខរៀងទី៤»។

កម្ពុជាបានផ្តល់ជំនួយមនុស្សធម៌ដល់តំបន់នេះ ខណៈដែលប្រទេសទីម័រខាងកើតក៏បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រទេសជិតខាងនៅអាស៊ានដូចគ្នា។

របាយការណ៍ខាងលើបានលើកឡើងថា សិង្ហបុរី និងប្រ៊ុយណេ ដែលជាប្រទេសអ្នកមានទាំង២ នៅអាស៊ីអាគ្នេយ៍បានរួមចំណែកត្រឹមតែ ២,៦% ប៉ុណ្ណោះនៅក្នុងការផ្តល់ហិរញ្ញវត្ថុអភិវឌ្ឍន៍ដល់ប្រទេសផ្សេងៗនៅក្នុងតំបន់៕

South China Morning Post