ខ្មែរប៉ុស្ដិ៍ Close

ADB និយាយ​ថា៖ ជា​លើក​ដំបូង​មិនធ្លាប់មានក្នុង​រយៈពេល ៣០ ឆ្នាំ​ដែល​សេដ្ឋកិច្ច​នៃបណ្ដាប្រទេសកំពុង​អភិវឌ្ឍ​នៅ​អាស៊ី នឹង​មាន​កំណើន​លឿន​ជាង​ប្រទេស​ចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 55
ADB និយាយ​ថា៖ ជា​លើក​ដំបូង​មិនធ្លាប់មានក្នុង​រយៈពេល ៣០ ឆ្នាំ​ដែល​សេដ្ឋកិច្ច​នៃបណ្ដាប្រទេសកំពុង​អភិវឌ្ឍ​នៅ​អាស៊ី នឹង​មាន​កំណើន​លឿន​ជាង​ប្រទេស​ចិន ADB និយាយ​ថា៖ ជា​លើក​ដំបូង​មិនធ្លាប់មានក្នុង​រយៈពេល ៣០ ឆ្នាំ​ដែល​សេដ្ឋកិច្ច​នៃបណ្ដាប្រទេសកំពុង​អភិវឌ្ឍ​នៅ​អាស៊ី នឹង​មាន​កំណើន​លឿន​ជាង​ប្រទេស​ចិន

បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍនៅអាស៊ី ប្រហែលជានឹងបង្ហាញសញ្ញានៃការងើបឡើងវិញ ប៉ុន្តែធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនរបស់ខ្លួនជាថ្មីម្តងទៀត ដោយសារតែគោលនយោបាយ Zero-Covid ដែលអូសបន្លាយពេលយូររបស់ចិន។

ប៉ុន្តែនេះជាលើកដំបូងហើយក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី នឹងរីកចម្រើនលឿនជាងប្រទេសចិន នេះបើតាមការលើកឡើងរបស់ស្ថាប័នផ្ដល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល (ADB) នៅក្នុងរបាយការណ៍ស្ដីអំពីទស្សនវិស័យចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅ។

របាយការណ៍នោះបាននិយាយថា «ស្ថានភាពដូចគ្នានេះបានកើតឡើងកាលពីឆ្នាំ ១៩៩០ នៅពេលដែលកំណើនសេដ្ឋកិច្ច (របស់ប្រទេសចិន) បានធ្លាក់ចុះដល់ ៣,៩% ខណៈពេលដែល GDP នៃបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់ បានកើនឡើងដល់ ៦,៩%» ។

ឥឡូវនេះ ADB រំពឹងថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី (លើកលែងប្រទេសចិនចេញ) នឹងមានសេដ្ឋកិច្ចកើនឡើងចំនួន ៥,៣% នៅឆ្នាំ ២០២២ ហើយប្រទេសចិននឹងមានកំណើនត្រឹមតែ ៣,៣% ប៉ុណ្ណោះ។

តួលេខទាំងពីរនេះគឺជាការបន្ទាបជាថ្មីម្ដងទៀត ពោលគឺកាលពីខែកក្កដា ADB បានកាត់បន្ថយការព្យាករកំណើនរបស់ខ្លួនសម្រាប់ប្រទេសចិន ពី ៥% មកនៅត្រឹម ៤% ដោយសារតែការបិទខ្ទប់ជាបន្តបន្ទាប់នៃគោលនយោបាយ Zero-Covid របស់ប្រទេសចិន, បញ្ហានៅក្នុងវិស័យអចលនទ្រព្យ និងការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ដោយសារតម្រូវការតិចតួចពីខាងក្រៅ។

ADB ក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រាប់ឆ្នាំ ២០២៣ ពី ៤,៨% ពីការព្យាករកាលពីខែមេសា មកនៅត្រឹម ៤,៥% ដោយឈរលើ «ការធ្លាក់ចុះនៃតម្រូវការពីខាងក្រៅដែលបន្តធ្វើឱ្យមានការធ្លាក់ចុះនៃការវិនិយោគក្នុងវិស័យវាយនភណ្ឌ»។

ADB បាននិយាយថា បើទោះបីជាតំបន់អាស៊ីកំពុងបង្ហាញសញ្ញានៃការបន្តស្ទុះងើបឡើងវិញ តាមរយៈវិស័យទេសចរណ៍ដែលរស់ឡើងវិញក៏ដោយ ក៏វិបត្តិសកលនឹងទៅពន្យឺតកំណើនសេដ្ឋកិច្ចទាំងមូលដែរ។

សម្រាប់តំបន់អាស៊ី ឥឡូវនេះ ADB រំពឹងថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់នៅអាស៊ីនឹងមានកំណើនចំនួន ៤,៣% នៅឆ្នាំ ២០២២ និង ៤,៩% នៅឆ្នាំ ២០២៣ ដែលជាការទម្លាក់ពីការព្យាករ ដែលបានកែប្រែម្ដងរួចមកហើយកាលពីខែកក្កដា ពោលគឺបានទម្លាក់ពី ៥,២% មកនៅត្រឹម ៤,៦% នេះបើយោងទៅតាមរបាយការណ៍ដដែល។

បច្ចុប្បន្នភាពចុងក្រោយបំផុតនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ីក៏បានព្យាករដែរថា ល្បឿននៃការឡើងថ្លៃទំនិញនឹងកើនឡើងក្នុងរង្វង់ ៤,៥% ក្នុងឆ្នាំ ២០២២ និង ៤% ក្នុងឆ្នាំ ២០២៣ ដែលជាការតម្លើងទៅលើការព្យាករកាលពីខែកក្កដា ពោលគឺថានឹងមានកំណើន ៤,២% ក្នុងឆ្នាំ ២០២២ និង ៣,៥% ក្នុងឆ្នាំ ២០២៣ ដោយលើកឡើងពីវត្តមាននៃសម្ពាធអតិផរណា ដែលបណ្ដាលមកពីការឡើងថ្លៃម្ហូបអាហារ និងថាមពល។

របាយការណ៍នោះបានបន្តថា «បណ្ដាធនាគារកណ្តាលនៅក្នុងតំបន់ បាននិងកំពុងបង្កើនអត្រាការប្រាក់របស់ពួកគេ ខណៈដែលបច្ចុប្បន្ននេះ អត្រាអតិផរណាបានកើនឡើងលើសពីកម្រិតមុនវីរុសរាតត្បាតទៅទៀត ដែលវាគឺជាការបន្ថែមបន្ទុកទៅលើការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ នៅចំពេលមានចក្ខុវិស័យនៃកំណើនធ្លាក់ចុះ និងជាការបង្កើនល្បឿននៃការរឹតបន្តឹងផ្នែករូបិយវត្ថុពីសំណាក់ធនាគារកណ្ដាលអាមេរិក»។

ADB បាននិយាយថា «ប្រទេសចិននៅតែជាករណីលើកលែងដ៏ធំដដែល ដោយសារតែវិធានការបិទខ្ទប់ជាបណ្តោះអាសន្នដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃការឆ្លងរីករាលដាលនៃកូវីដ-១៩ ជាបន្តបន្ទាប់»។

របាយការណ៍នោះបានបន្ថែមថា ផ្ទុយទៅវិញ «ការបន្ធូរបន្ថយការរឹតត្បិតពីជំងឺរាតត្បាត, ការបង្កើនការចាក់វ៉ាក់សាំងបង្ការ, ការថយចុះនៃអត្រាស្លាប់ដោយសារកូវីដ-១៩ និងផលប៉ះពាល់សុខភាពតិចជាងមុនពីវីរុសបំប្លែងខ្លួន Omicron កំពុងជំរុញឱ្យមានការធ្វើការបម្លាស់ទីបានកាន់តែប្រសើរជាងមុននៅក្នុងផ្នែកជាច្រើនក្នុងតំបន់អាស៊ី»៕

CNBC

អត្ថបទទាក់ទង