ខ្មែរប៉ុស្ដិ៍ Close

ចិនស្វាគមន៍ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 65
ចិនស្វាគមន៍ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ចិនស្វាគមន៍ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា

ឆ្លើយនឹងសំនួររបស់អ្នកកាសែតទូរទស្សន៍ចិន CCTV អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាន កោតសរសើរ និងវាយតម្លៃខ្ពស់ លើសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលធ្វើឡើង កាលពីថ្ងៃទី២០ ខែឧសភា ក្នុងសន្និសីទអន្តរជាតិ ស្តីពី «អនាគតរបស់អាស៊ី»

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា បើលោកមិនពឹងចិនទេ តើឲ្យលោកទៅពឹងអ្នកណាវិញ? នេះគឺជាការចោទសួរផង និងជាចម្លើយផង ដែលលោកចោទសួរ ទៅអ្នកសម្របសម្រួលវិញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា នៅក្នុងឱកាសនៃអង្គសន្និសីទអន្តរជាតិលើកទី២៦ តាមប្រព័ន្ធអនឡាញ។ លោក ហ៊ុន សែន លើកឡើងថាការ ដែលលោកពឹងចិន គឺដើម្បីប្រយោជន៍របស់ប្រជាជនខ្មែរ ក្នុងការទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ចាកផុតពីការឆ្លងទូកដរ និងខ្វះផ្លូវដើរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បញ្ជាក់ថា លោកហ៊ុន សែន មិនត្រឹមតែបានចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍ និងការការពារសេចក្តីថ្លៃថ្នូររបស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ទំនាក់ទំនងអន្តរជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោកទៀតផង។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបន្តថាប្រទេសទាំងពីរនឹងប្តេជ្ញារួមគ្នាបន្តមិត្តភាពជាប្រពៃណីនេះតទៅទៀត ហើយកសាងសហគមន៍មួយ ដែលមានវាសនារួមគ្នា។ ដូចដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ហើយថា ជំនួយរបស់ចិនដល់កម្ពុជាជាការជួយដោយស្មោះត្រង់ និងឥតលក្ខខណ្ឌឡើយ។ លោកបញ្ជាក់ថា ប្រទេសចិនបានផ្តល់ជំនួយ និងបន្តផ្តល់ជំនួយបន្ថែមទៀត តាមដែលអាចធ្វើទៅបាន ដល់កម្ពុជា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២២ ខែឧសភាថា ទំនាក់ទំនងរវាងកម្ពុជា និងចិនតែងតែមានភាពស៊ីសង្វាក់គ្នា ហើយការឆ្លើយឆ្លងគ្នានេះ គឺជាឥរិយាបទ ដែលតែងតែមាននៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយការថ្លែងគាំទ្រគ្នានេះ ក៏មាននៅលើទិដ្ឋភាព​ និងបញ្ហាជាច្រើនទៀត ទាំងក្នុងតំបន់ និងអន្តរជាតិ។ លោកបណ្ឌិត បន្តថា ជុំវិញការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងអ្នកនាំពាក្យក្រសួងការបរទេសចិននាពេលនេះ គឺបង្ហាញពីភាពត្រូវរ៉ូវគ្នាខ្លាំងខាងនយោបាយ និងភាពស៊ីសង្វាក់នៅក្នុងយុទ្ធសាស្ត្រ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕ RFI

អត្ថបទទាក់ទង