ខ្មែរប៉ុស្ដិ៍ Close

រាប់ចាប់ពីអំណាចទន់ រហូតដល់ការវិនិយោគផ្ទាល់ពីបរទេស ប្រទេសចិនត្រូវតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 43
រាប់ចាប់ពីអំណាចទន់ រហូតដល់ការវិនិយោគផ្ទាល់ពីបរទេស ប្រទេសចិនត្រូវតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយអាស៊ាន រាប់ចាប់ពីអំណាចទន់ រហូតដល់ការវិនិយោគផ្ទាល់ពីបរទេស ប្រទេសចិនត្រូវតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយអាស៊ាន

នៅពេលថ្មីៗនេះ សហគមន៍អន្តរជាតិបានចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ឡើងវិញលើវត្តមានសេដ្ឋកិច្ចរបស់ចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កាលពីដើមខែនេះ នៅពេលដែលបណ្តាមេដឹកនាំពិភពលោកបានប្រមូលផ្តុំគ្នានៅកោះបាលីសម្រាប់ កិច្ចប្រជុំកំពូល G20 ផ្លូវរថភ្លើងល្បឿនលឿន «Jakarta-Bandung» ក៏បាន បញ្ចប់នូវការដំណើរការសាកល្បងរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo និងសមភាគីចិន លោក Xi Jinping ។

ជាមួយនឹងល្បឿនកំណត់ ៣៥០ គ.ម. ក្នុងមួយម៉ោង ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់តំបន់អាស៊ីអាគ្នេយ៍ នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំង ២ ពីជិត ៣ ម៉ោង មកនៅត្រឹមតែ ៤០ នាទីប៉ុណ្ណោះ។ វាត្រូវបានគេចាត់ទុកជាគម្រោងសហប្រតិបត្តិការដ៏សំខាន់មួយរវាងប្រទេសចិននិងឥណ្ឌូណេស៊ី ខណៈដែលសម្ភារៈ, បច្ចេកវិទ្យា និងស្តង់ដារ ដែលត្រូវបានយកមកប្រើប្រាស់ ភាគច្រើនគឺមានប្រភពមកពីប្រទេសចិន។

គម្រោងនេះបានឆ្លុះបញ្ចាំងអំពីការពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានឈានដល់ ៧៩៨ ពាន់លានដុល្លារ។ បន្ថែមពីលើនេះ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់អាស៊ានសម្រាប់រយៈពេល ១៣ ឆ្នាំជាប់ៗគ្នា។

ប៉ុន្តែគុណសម្បត្តិរបស់ប្រទេសចិនមិនមែនមានត្រឹមតែសមត្ថភាពទាក់ទងនឹងផលិតកម្មដ៏ធំ និងទីផ្សារដ៏ធំសម្បើមនោះទេ។ តាមរយៈការពង្រឹងឧស្សាហកម្ម ប្រទេសចិនកំពុងព្យាយាមពង្រឹងជំហររបស់ខ្លួននៅក្នុងខ្សែច្រវ៉ាក់តម្លៃសកល។ ក្រៅពីផ្លូវដែក «Jakarta-Bandung» សម្ភារៈ, បច្ចេកវិទ្យា និងស្តង់ដាររបស់ចិនក៏បានដើរតួនាទីយ៉ាងលេចធ្លោផងដែរនៅក្នុងគម្រោងដទៃទៀត ដូចជាផ្លូវរថភ្លើង «Kunming-Vientiane» និងស្ថានីយ៍វារីអគ្គិសនី «Baleh» ក្នុងប្រទេសម៉ាឡេស៊ី។

សូមអាន វឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងប្រទេសឡាវ បាននាំមកនូវបញ្ហាប្រឈមថ្មីៗ

ជាងនេះទៅទៀត បច្ចេកវិទ្យារបស់ចិនកំពុងត្រូវបានដាក់បញ្ចូលទៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនអាស៊ាន ដោយក្នុងនោះ ប្រព័ន្ធផ្កាយរណប «Beidou» របស់ប្រទេសចិនបាននិងកំពុងផ្តល់ការគ្របដណ្តប់ បូករួមនឹងការរួមចំណែករបស់ក្រុមហ៊ុន Huawei Technologies Co នៅក្នុងបណ្តាញ 5G នៅក្នុងប្រទេសថៃ។

យោងតាមការស្ទង់មតិប្រចាំឆ្នាំដែលត្រូវបានចេញផ្សាយកាលពីដើមឆ្នាំនេះ ដោយវិទ្យាស្ថាន ISEAS-Yusof Ishak ដែលមានទីស្នាក់ការនៅក្នុងប្រទេសសិង្ហបុរី, «៧៦,៧% នៃអ្នកឆ្លើយសំណួរនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានចាត់ទុកប្រទេសចិនជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់បំផុតនៅក្នុងតំបន់ ដោយបានវ៉ាដាច់សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងប្រទេសជប៉ុនឆ្ងាយណាស់»។

ប៉ុន្តែវាមិនមានន័យថា «ប្រទេសចិនបានបង្កើតភាពជាអ្នកដឹកនាំសេដ្ឋកិច្ចនៅក្នុងតំបន់នោះទេ»។ វានៅតែមានហានិភ័យមួយចំនួន ដែលអាចធ្វើឱ្យឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះខ្សោយ។ ទី១ «ទំហំពាណិជ្ជកម្មចិន-អាស៊ាន និងការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិននៅក្នុងបណ្តាប្រទេស អាស៊ាននៅតែមានភាពខុសគ្នាខ្លាំង»។

បើទោះបីជាគម្រោងវិនិយោគរបស់ចិនកាន់តែច្រើនកំពុងទទួលបានភាពទាក់ទាញក៏ដោយ ក៏ប្រទេសចិននៅតែជាវិនិយោគិនធំលំដាប់ទី៤ នៅក្នុងសេដ្ឋកិច្ចអាស៊ានសម្រាប់រយៈពេល ២ ឆ្នាំ ចុងក្រោយនេះ ដោយតាមពីក្រោយសហរដ្ឋអាមេរិក, ប្រទេសជាសមាជិកអាស៊ាន និងជប៉ុន។

ពាណិជ្ជកម្មនាំចូលនិងនាំចេញ អាចជាប្រតិបត្តិការដែលកើតឡើងតែមួយលើក ឬកើតឡើងក្នុងរយៈពេលខ្លី ក៏ប៉ុន្តែ FDI គឺជាការងារដែលត្រូវការទំនាក់ទំនងរយៈពេលវែងដែលអាចជួយបង្កើតផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមជាបន្តបន្ទាប់ដល់ប្រទេសគោលដៅ។ វាអាចជារឿងពិបាកសម្រាប់ប្រទេសចិន ក្នុងការរក្សាទំនាក់ទំនងទៅវិញទៅមកដ៏រឹងមាំជាមួយអាស៊ាន បើប្រៀបធៀបជាមួយគូប្រកួតប្រជែងរបស់ចិន ដូចជាសហរដ្ឋអាមេរិកនិងជប៉ុន ដោយសារតែចិនមាន FDI មិនគ្រប់គ្រាន់នៅក្នុងតំបន់។

អំណាចទន់គឺជាចំណុចខ្សោយដែលរដ្ឋាភិបាលចិនចាំបាច់ត្រូវតែដោះស្រាយ។ ផ្អែកលើទិន្នន័យពីការស្ទង់មតិរបស់វិទ្យាស្ថាន ISEAS-Yusof Ishak នៅឆ្នាំ ២០២០-២០២២ «សមាមាត្រនៃអ្នកឆ្លើយសំណួរដែលមានការព្រួយបារម្ភចំពោះការពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅអាស៊ានមានចំនួនប្រហែល ៧០% ខណៈដែលតួលេខរបស់សហរដ្ឋអាមេរិកមានតិចជាង ៣០%»។

សូមអាន របៀបដែលក្រុមហ៊ុនអាមេរិកអាចធ្វើឱ្យសហរដ្ឋអាមេរិកមានប្រៀបជាងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ប្រភពសំខាន់នៃការព្រួយបារម្ភគឺ «ឥទ្ធិពលសេដ្ឋកិច្ច និងឥទ្ធិពលនយោបាយដែលកំពុងកើនឡើងរបស់ចិន» ដោយក្នុងនោះ អ្នកឆ្លើយសំណួរជាងពាក់កណ្តាលមានការព្រួយបារម្ភថា «អំណាចសេដ្ឋកិច្ច និងយោធារបស់ចិនអាចត្រូវបានប្រើប្រាស់ដើម្បីបង្កការគំរាមកំហែងដល់ផលប្រយោជន៍ និងអធិបតេយ្យភាពរបស់ប្រទេសរបស់ពួកគេ»។

អតីតសមាជិកសភាហ្វីលីពីន លោក Walden Bello ធ្លាប់បានព្រមានកាលពីឆ្នាំ ២០១០ ថា «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន អាចបង្កើតឱ្យមានការបែងចែកការងារដែលផលប្រយោជន៍ភាគច្រើននឹងត្រូវហូរត្រឡប់ទៅកាន់ប្រទេសចិនវិញ»។ លោកបានបន្តថា «ការរត់ពន្ធទំនិញចិនដ៏ច្រើនសន្ធឹកសន្ធាប់នៅបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ គឺជាមូលហេតុដែលនាំមកនូវការរំខានចំពោះសេដ្ឋកិច្ចរបស់អាស៊ាន»។

ឧទាហរណ៍មួួយគឺ «សួនឧស្សាហកម្ម Morowali របស់ប្រទេសឥណ្ឌូណេស៊ី»។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ចិនបានរងនូវការរិះគន់ បន្ទាប់ពីមានលេចឮនូវការត្អូញត្អែរថា «កម្មករចិននៅទីនោះទទួលបានប្រាក់ខែច្រើនជាង និងលក្ខខណ្ឌការងារល្អប្រសើរជាងបុគ្គលិកក្នុងស្រុក»។

អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណស៊ីក៏បានរិះគន់ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ផងដែរ ចំពោះការបំប៉ោងថ្លៃចំណាយ នៅចំពេលកើតមានការត្អូញត្អែរអំពីការបំពុលបរិស្ថាន, ការបណ្តេញចេញពីលំនៅដ្ឋាន និងការរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

កង្វះការគាំទ្រដ៏រឹងមាំពីសាធារណជនសម្រាប់ការវិនិយោគរបស់ចិននៅក្នុងសេដ្ឋកិច្ចអាស៊ានអាចជារឿងដ៏គ្រោះថ្នាក់មួយ ដោយក្នុងនោះវាអាចបង្កផលប៉ះពាល់ដល់គោលនយោបាយរបស់អាស៊ានចំពោះប្រទេសចិន និងអាចរារាំងដល់ប្រតិបត្តិការ ឬគម្រោងនានានៅពេលខាងមុខ ដែលជាហេតុអាចធ្វើឱ្យឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់ធ្លាក់ចុះខ្សោយ។ ជាមួយនឹងការចាប់ផ្តើម «ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១» ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ សារៈសំខាន់របស់អាស៊ានចំពោះប្រទេសចិន គឺពិតជារឿងដែលមិនអាចប្រកែកបានឡើយ។

សូមអាន ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិន គឺជាល្បែងការទូតដែលអាចនាំមកនូវការផ្លាស់ប្តូ

ប្រទេសចិនត្រូវតែបង្កើនប្រសិទ្ធភាពគោលនយោបាយការបរទេសសេដ្ឋកិច្ចរបស់ខ្លួន នៅពេលនិយាយដល់អាស៊ាន។ វិធីសាស្ត្រជាក់ស្តែងបំផុតគឺ «ការបង្កើនការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនឱ្យកើនឡើងជាលំដាប់នៅក្នុងបណ្តាប្រទេសអាស៊ាន ដើម្បីសម្រេចឱ្យបាននូវតុល្យភាពកាន់តែល្អរវាងលំហូរពាណិជ្ជកម្មទ្វេភាគី និងលំហូរ FDI»។

ដោយមានការត្អូញត្អែរនៅក្នុងស្រុកអំពីគម្រោងដែលផ្តល់មូលនិធិដោយប្រទេសចិន ផែនការអនុវត្តឱ្យបានកាន់តែម៉ត់ចត់និងសមហេតុផលសម្រាប់គ្រប់គម្រោងទាំងអស់ គួរតែត្រូវបានបង្កើតឡើងដើម្បីស្វែងយល់ និងគោរពតាមទំនៀមទម្លាប់, គុណតម្លៃ, ច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុក ជាពិសេសគឺគម្រោងដែលមានជាប់ទាក់ទងនឹងប្រតិបត្តិការអាជីវកម្ម, ការការពារការងារ និងស្តង់ដារបរិស្ថាន។

នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីលុបបំបាត់ការរើសអើងដែលមានស្រាប់ប្រឆាំងនឹងអង្គភាពផ្សេងៗរបស់ចិន និងដើម្បីបង្កើតឱ្យមានការយល់ឃើញកាន់តែវិជ្ជមានចំពោះសេដ្ឋកិច្ចចិន៕

South China Morning Post

អត្ថបទទាក់ទង