ខ្មែរប៉ុស្ដិ៍ Close

    ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិន គឺជាល្បែងការទូតដែលអាចនាំមកនូវការផ្លាស់ប្តូ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1541
    ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិន គឺជាល្បែងការទូតដែលអាចនាំមកនូវការផ្លាស់ប្តូភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិន គឺជាល្បែងការទូតដែលអាចនាំមកនូវការផ្លាស់ប្តូ

    ប្រទេសចិនបានបន្សល់ទុកដានដែល មិនអាចលុបបាននៅក្នុងប្រវត្តិសាស្រ្តរបស់អាស៊ាននៅក្នុងវិស័យជាច្រើនរាប់ចាប់ពីសេដ្ឋកិច្ច រហូតដល់នយោបាយ។ ដើម្បីបន្តពង្រឹងទំនាក់ទំនងឱ្យបានកាន់តែស៊ីជម្រៅ ប្រទេសចិនបានដាក់ចេញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership-CSP) នៅខែតុលា ឆ្នាំ ២០២១ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២៤។

    គំនិតផ្តួចផ្តើមនេះត្រូវបានទទួលស្គាល់ដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសគឺយុវជនអាស៊ាន។ រហូតមកដល់សព្វថ្ងៃនេះ និយមន័យនៃភាពជាដៃគូ CSP មានការប្រែប្រួលអាស្រ័យទៅតាមទស្សនៈ, បទពិសោធន៍ និងចំណេះដឹងរបស់មនុស្សនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ ជាទូទៅភាពជាដៃគូ CSP ត្រូវបានចាត់ទុកជាឧបករណ៍ក្នុងការបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក, រក្សាភាពជាអ្នកជិតខាងល្អ និងការមិនសង្ស័យលើគ្នា ហើយវាក៏បានរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ។

    ទាក់ទងនឹងផ្នែកសេដ្ឋកិច្ច ភាពជាដៃគូ CSP មិនត្រឹមតែជួយបន្ធូរបន្ថយលទ្ធិគាំពារនិយមផ្នែកពាណិជ្ជកម្ម នៅចំពេលកើតមានការប្រកួតប្រជែងកាន់តែតានតឹងរវាងចិននិងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្តល់ឱកាសដល់បណ្តាប្រទេសអាស៊ានផងដែរក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើឌីជីថលនីយកម្ម និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព។

    ស្របគ្នានេះដែរ ភាពជាដៃគូ CSP គឺជាកត្តាជំរុញសមធម៌ តាមរយៈការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងជនពិការ, ការផ្តល់អាហារូបករណ៍, ការបង្កើតឱ្យមានស្ថាប័នស្រាវជ្រាវ, ការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងតំបន់ និងការគាំទ្រដល់ការចែករំលែកវប្បធម៌។ ចំណុចទាំងអស់នេះសុទ្ធតែបានអនុលោមតាមគោលគំនិតអាស៊ានស្តីពី «ភាពរួបរួមក្នុងភាពចម្រុះ» (Unity in Diversity) ។

    សរុបមក ភាពជាដៃគូ CSP រវាងចិន និងអាស៊ាន គឺជាវិធានការការទូតរយៈពេលវែងដែលអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង ទាំងខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និងសង្គម។ ទំនាក់ទំនងការទូតនៃភាពជាដៃគូនេះពិតជាបានផ្តល់នូវឱកាសដ៏សំខាន់ដល់ភាគីទាំងពីរ។ តាមរយៈផែនការសកម្មភាពអាស៊ាន-ចិន ភាពជាដៃគូ CSP បានជួយសម្រួលដល់ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការលើកកម្ពស់សិទ្ធិមនុស្ស និងការទប់ស្កាត់ការកើនឡើងនៃការប្រើប្រាស់កម្លាំងយោធាដែលមិនចាំបាច់។

    ជាឧទាហរណ៍ : បន្ថែមពីលើការគាំទ្រដល់សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សរបស់អាស៊ាន ជម្លោះដ៏រ៉ាំរ៉ៃនៅសមុទ្រចិនខាងត្បូងបានថយចុះមួយកម្រិត ដោយសារតែក្រមប្រតិបត្តិនិងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)។ លើសពីនេះទៅទៀត ស្ពាននៃទំនាក់ទំនងរវាងចិននិងអាស៊ាន ក៏បានផ្តល់នូវដំណោះស្រាយផងដែរចំពោះវិបត្តិកូវីដ-១៩ ក៏ដូចជាការពង្រឹងការតភ្ជាប់ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ បូករួមនឹងការវិនិយោគលើមនុស្សជំនាន់ក្រោយ។

    កម្មវិធីអាហារូបករណ៍សម្រាប់អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន បានផ្តល់អាហារូបករណ៍រយៈពេល ៥ ឆ្នាំដល់និស្សិតកម្ពុជាចំនួន ៥៥០ នាក់នៅក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩។ ជាងនេះទៅទៀត កម្មវិធីច្រករបៀងសេដ្ឋកិច្ចឧបទ្វីបឥណ្ឌូចិនរបស់ផែនការ BRI ក៏បានពង្រឹងប្រសិទ្ធភាព និងធានានូវតុល្យភាពនៃការអភិវឌ្ឍ, នវានុវត្តន៍ និងការតភ្ជាប់ផងដែរ តាមរយៈការបង្កើនការនាំចេញដែលផ្តោតទៅលើការដឹកជញ្ជូន ជាជាងការផ្តោតទៅលើលោហៈ និងថាមពល។

    ទោះជាយ៉ាងណាក៏ដោយ មន្ទិលសង្ស័យនៅតែជាឧបសគ្គដ៏ចម្បងដែលបានបង្កនូវការរារាំងដល់ភាពជោគជ័យ។ តាមរយៈទស្សនៈជាក់ស្តែង ការផ្សារភ្ជាប់ភាពជាដៃគូរបស់ប្រទេសចិនអាចត្រូវបានធ្វើឡើងក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ចិន ក្នុងនាមជាមហាអំណាចដែលទើបនឹងរះឡើង ហើយបញ្ហានេះអាចត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈបញ្ហានៅទន្លេមេគង្គ ដែលអ្នកបរិស្ថានបាននិយាយថា «ការសាងសង់ទំនប់ទឹករបស់ចិនបានបង្កឱ្យមានការខូចខាតដល់ធនធានត្រី និងប្រជាជនដែលស្ថិតនៅខ្សែទឹកខាងក្រោម»។

    លើសពីនេះទៀត ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសចិន, តៃវ៉ាន់ និងសហរដ្ឋអាមេរិក រួមជាមួយនិងការយល់ឃើញអវិជ្ជមានរបស់ប្រជាជនអាស៊ានចំពោះអាកប្បកិរិយារបស់ជនជាតិចិននៅក្នុងប្រទេសរបស់ពួកគេ បានបង្កើននូវការព្រួយបារម្ភកាន់តែខ្លាំងឡើង។ ដោយសារកង្វះការយល់ដឹងអំពីសារៈសំខាន់របស់យុវជន និងកង្វះការកោតសរសើរចំពោះតួនាទីរបស់យុវជនក្នុងការជំរុញការផ្លាស់ប្តូរ ការយល់ឃើញអវិជ្ជមាននឹងនៅតែបន្តកើតមាន។

    បើទោះបីគេមិនអាចដោះស្រាយបានទាំងស្រុងក៏ដោយ ក៏បញ្ហានេះអាចត្រូវបានគេបង្រួមឱ្យតូចតាមរយៈការផ្លាស់ប្តូរការយល់ឃើញរបស់មនុស្សដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពយុត្តិធម៌។ ដូច្នេះ វានឹងកាន់តែមានប្រយោជន៍ក្នុងការចាប់ផ្តើមធ្វើការជាមួយមនុស្សជំនាន់ក្រោយ។

    ដើម្បីធ្វើឱ្យយុវជនអាស៊ានយល់ដឹងអំពីសារៈសំខាន់នៃសំឡេងរបស់ពួកគេ បណ្តារដ្ឋនានាគួរតែផ្តោតការចាប់អារម្មណ៍មកលើយុវជន និងពន្យល់អំពីគោលគំនិតនៃផែនការរបស់អាស៊ានដល់ពួកគេ ដើម្បីអញ្ជើញពួកគេឱ្យចូលរួមនៅក្នុងគោលនយោបាយ។ ដើម្បីឱ្យកាន់តែងាយស្រួល ដំណើរការនេះគួរតែចាប់ផ្តើមជាមួយសិស្សនិស្សិត ដោយក្នុងនោះបណ្តារដ្ឋនីមួយៗអាចដាក់បញ្ចូលនូវចំណេះដឹងទាក់ទងនឹងអាស៊ានទៅក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ។

    តាមរយៈការធ្វើដូច្នេះ ដំណោះស្រាយរយៈពេលវែងនឹងផ្តល់ពេលវេលាបន្ថែមទៀតដល់មនុស្សជំនាន់ក្រោយក្នុងការពង្រីកចំណេះដឹងរបស់ពួកគេ។ រដ្ឋាភិបាលនានាក៏គួរតែរៀបចំព្រឹត្តិការណ៍ដើម្បីបណ្តុះការផ្លាស់ប្តូរវប្បធម៌ និងភាសាប្រកបដោយសមធម៌ផងដែរ។ ជាឧទាហរណ៍ : ការប្រកួតប្រជែងនិងអាហារូបករណ៍ អាចទាក់ទាញសិស្សនិស្សិត ខណៈដែលព្រឹត្តិការណ៍កម្សាន្តនានា ដូចជាការប្រគំតន្ត្រី ឬការប្រកួតកីឡាដែលមានការចូលរួមពីមនុស្សល្បីៗ អាចនឹងទាក់ទាញក្រុមមនុស្សផ្សេងៗទៀត។

    ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយបែបនេះនឹងមិនអាចដោះស្រាយបញ្ហាបានទេ ប្រសិនបើមនុស្សមួយចំនួននៅតែមិនអាចមានលទ្ធភាពស្វែងរកអាហារគ្រប់គ្រាន់ដើម្បីបរិភោគ។ ដូច្នេះ រដ្ឋនានាត្រូវខិតខំបង្កើតឱ្យមានផ្លែផ្កាចេញពីគោលនយោបាយរបស់ខ្លួន។ រដ្ឋាភិបាលអាចរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការផ្តល់ទាំងការជំរុញផ្នែកហិរញ្ញវត្ថុនិងឧបករណ៍បច្ចេកវិទ្យា ជាពិសេសសម្រាប់វិស័យកសិកម្ម និងការជំរុញឱ្យមានសកម្មភាពសប្បុរសធម៌របស់អាស៊ានដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។

    លើសពីនេះ រដ្ឋាភិបាលគួរតែផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs), អាជីវកម្មក្នុងស្រុក និងកសិករនៅតាមទីតំបន់ជនបទ តាមរយៈការធានាឱ្យបាននូវទីផ្សារ និងការផ្តល់នូវការលើកទឹកចិត្ត, ចំណេះដឹង និងបច្ចេកវិទ្យាដើម្បីសម្រួលដល់ការសម្របខ្លួនឱ្យកាន់តែប្រសើរចំពោះការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម។ ជាចុងក្រោយ ដើម្បីវាស់ស្ទង់ភាពជោគជ័យនៃគោលនយោបាយទាំងនេះ បណ្តារដ្ឋនីមួយៗគួរតែអញ្ជើញអង្គការក្រៅរដ្ឋាភិបាលឱ្យមកធ្វើជាភាគីទី៣ ដើម្បីចូលរួមសង្កេតការណ៍ និងស្ទង់មតិរបស់ប្រជាជនដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីការយល់ឃើញរបស់ពួកគេ ក៏ដូចជាការរិះគន់ក្នុងន័យស្ថាបនា។

    បន្ទាប់មក រដ្ឋាភិបាលអាចធ្វើការគណនាអំពីការជាប់ទាក់ទងគ្នារវាងភាពជោគជ័យនៃគោលនយោបាយ និងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ច។ នៅទីបំផុត អនុសាសន៍ទាំងនេះអាចនឹងផ្សារភ្ជាប់គោលនយោបាយរបស់អាស៊ានជាមួយនឹងតម្រូវការរបស់ប្រជាជន។ សរុបសេចក្តីមក ភាពជាដៃគូ CSP រវាងចិននិងអាស៊ានគឺជាទំនាក់ទំនងការទូតសម្រាប់ការរក្សាសន្តិភាពនិងស្ថិរភាព, ការបង្កើតកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់សមធម៌សម្រាប់ប្រជាជនទាំងអស់។

    លើសពីនេះទៅទៀត ភាពជាដៃគូ CSP នឹងជួយដោះស្រាយបញ្ហាទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែនសិទ្ធិមនុស្ស, សង្គ្រាម, សុខភាពសាធារណៈ, ការតភ្ជាប់ និងការអប់រំ។ ទោះជាយ៉ាងណាក៏ដោយ មន្ទិលសង្ស័យនៅតែជាឧបសគ្គ ហេតុដូច្នេះហើយបណ្តារដ្ឋនានាត្រូវតែយកឈ្នះឱ្យបានលើចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនការយល់ដឹងអំពីអាស៊ាននៅតាមសាលារៀន, ការបង្កើតព្រឹត្តិការណ៍ ការរៀបចំកម្មវិធីសប្បុរសធម៌, ការលើកទឹកចិត្តដល់សកម្មភាពសប្បុរសធម៌ និងចុងក្រោយគឺការអញ្ជើញអង្គការក្រៅរដ្ឋាភិបាលឱ្យចូលរួមដើម្បីវាស់ស្ទង់ពីភាពជោគជ័យ៕

    The Jakarta Post

    អត្ថបទទាក់ទង