ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពីប្រវត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ នគរគំនិត 99
ស្វែងយល់ពីប្រវត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ស្វែងយល់ពីប្រវត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងរៀបចំកិច្ចប្រជុំកំពូលលើកទី ៣២ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៥-២៨ ខែមេសា ឆ្នាំ២០១៨ ដោយក្នុងនោះក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចូលរួមផងដែរ។ ឆ្លៀតឱកាសនៃការរំលឹកខួបទី ២០ឆ្នាំ ដែលប្រទេសកម្ពុជាបានក្លាយខ្លួនជាសមាជិកអាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ – ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ យើងសូមបង្ហាញជូនពីប្រវត្តិ នៃការបង្កើតអង្គការថ្នាក់តំបន់មួយនេះ៖

  • ទីស្នាក់ការកណ្តាល៖ រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
  • សមាជិកភាព៖ ១០ប្រទេសនៅអាស៊ីអាគ្នេយ៍ (ពីរប្រទេសមិនទាន់ពេញសិទ្ធ)
  • ប្រធាន៖ លោក រ៉ូទ្រីហ្កូ ឌូទើតេ
  • អគ្គលេខាធិការ៖ លោក ឡឺ លួងមិញ
  • ថ្ងៃខែឆ្នាំបង្កើតឡើង៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
  • ផ្ទៃដីសរុប៖ ៤,៤៧៩,២១០.៥ គីឡូម៉ែត្រក្រឡា
  • ចំនួនប្រជាជន៖ ៦៣៥.៩លាននាក់ (របាយការណ៍ឆ្នាំ២០១៨)
  • ដង់ស៊ីតេ៖ ១៣៥នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា
  • ផលិតផលក្នុងស្រុកសរុប (GDP)៖ ២.៩ទ្រីលានដុល្លារអាមេរិក (ទិន្នន័យឆ្នាំ២០១៨)
  • ផលិតផលក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋម្នាក់ (GDP per capita)៖ ៦១,៧៦៧ដុល្លារអាមេរិក (ទិន្នន័យឆ្នាំ២០១៨)
  • ភាសាផ្លូវការ៖ អង់គ្លេស

១. ប្រវត្តិ

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយមានប្រទេសចំនួន ០៥ គឺប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោង ពីនឹមអាណានិគមក្នុងសម័យនោះ។ គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឲ្យប្រទេសទាំងប្រាំរួមគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម ជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃប្រាំទៀត ក្នុងតំបន់នេះរួមមាន ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅ បានក្លាយជាសមាជិកនៃសមាគមនេះជាបន្តបន្ទាប់។

២. អគ្គលេខាធិការដ្ឋានអាស៊ាន

អគ្គលេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាននៅរដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី ដែលមានអគ្គលេខាធិការទទួលបន្ទុកសម្របសម្រួល និងអនុវត្តសកម្មភាពនានា របស់អាស៊ាន។ អគ្គលេខាធិការនោះ ត្រូវតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន មានអាណត្តិ ០៥ឆ្នាំ ត្រូវបានប្តូរវេនគ្នាទៅតាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេស របស់រដ្ឋជាសមាជិក។ ធម្មនុញ្ញអាស៊ានកំណត់ថា ការជ្រើសរើសអគ្គលេខាធិការ ត្រូវផ្អែកលើលក្ខខណ្ឌដូចជា សុច្ចរិតភាព បទពិសោធន៍ការងារ សមត្ថភាព និងសមភាពយេនឌ័រ។

អគ្គលេខាធិការអាស៊ាន បច្ចុប្បន្នដែលមានអាណត្តិពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ គឺលោក ដាតូ ផាឌូកា លីម ចុក ហយ (Dato Paduka Lim Jock Hoi) ជាអតីតមន្ត្រីជាន់ខ្ពស់ ផ្នែកពាណិជ្ជកម្ម និងការទូតនៃប្រទេសប្រ៊ុយណេ។ អគ្គលេខាធិការដ្ឋានមានតួនាទី សម្របសម្រួល ការអនុវត្តគម្រោង និងសកម្មភាពជាទូទៅរបស់អាស៊ាន។

៣. ប្រធានអាស៊ាន

មាត្រា ៣១ នៃធម្មនុញ្ញអាស៊ានចែងថា «ប្រធានអាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក» ហើយរដ្ឋសមាជិក ដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។ កន្លងមកប្រទេសកម្ពុជា ធ្លាប់ធ្វើជាប្រធានអាស៊ាន បានចំនួនពីរដង គឺលើកទី១ នៅឆ្នាំ២០០២ និងលើកទីពីរនៅឆ្នាំ២០១២។

៤. គោលបំណងនៃការបង្កើតសមាគមនេះឡើង

ដូចដែលបានកំណត់នៅក្នុងសន្ធិសញ្ញាអាស៊ាន គោលបំណងរបស់អាស៊ានមានដូចជា៖

  • បង្កើនល្បឿនកំណើតសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់
  • លើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់
  • ជំរុញកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភជួយគ្នាទៅវិញទៅមក ដោយមិនរំពឹងផលប្រយោជន៍តបស្នង
  • ផ្ដល់ជំនួញដល់គ្នាទៅវិញទៅមក ក្នុងទម្រង់ជាការបណ្ដុះបណ្ដាល និងការស្រាវជ្រាវឧបករណ៍
  • កិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យមានភាពល្អប្រសើរ ខាងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន
  • លើកកម្ពស់ការសិក្សានៅអាស៊ីអាគ្នេយ៍។
  • រក្សាមិត្តភាពដើម្បីប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ ជាមួយអង្គការអន្តរជាតិ ដែលមានគោលបំណងដូចគ្នា ឬស្រដៀងគ្នា។

៥. កិច្ចប្រជុំអាស៊ាន

រាល់ការសម្រេចចិត្តសំខាន់ៗ ដែលពាក់ព័ន្ធនឹងជោគវាសនារបស់សមាគមអាស៊ាន គឺត្រូវធ្វើដោយកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ នៅប្រទេសដែលមានតួនាទីជាប្រធានអាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូល នៅមានកិច្ចប្រជុំដទៃទៀត ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែកជាដើម។

៦. សសរស្ដម្ភ

ក្នុងរយៈកាលជិតកន្លះសតវត្សរ៍មកនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដំណើរការ ដោយផ្ដោតលើសសរស្ដម្ភចំនួនបី រួមមាន សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌-សង្គម ដែលសហគមន៍ទាំងបីនេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ មានតែសហគមន៍សេដ្ឋកិច្ចអាស៊ានទេ ដែលត្រូវបានមជ្ឈដ្ឋានទូទៅស្គាល់ច្រើន ក្រោយពីត្រូវបានមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន បានឯកភាពគ្នាកាលពីឆ្នាំ២០០៧ ថា នឹងប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ឲ្យក្លាយ ជាសហគមន៍សេដ្ឋកិច្ចរួមមួយ ឲ្យបានត្រឹមឆ្នាំ២០១៥។

៧. បញ្ហាប្រឈម

ទោះបីជាយ៉ាងណាក៏ដោយ ដំណើរឆ្ពោះទៅមុខរបស់អាស៊ាន ត្រូវបានយាយីដោយបញ្ហាមួយចំនួន ទាំងបញ្ហាផ្ទៃក្នុងនៃប្រទេសសមាជិកនីមួយៗ ទាំងបញ្ហារវាងប្រទេសជាសមាជិក ព្រមទាំងរឿងរ៉ាវរវាងប្រទេសសមាជិក និងប្រទេសមិនមែនជាសមាជិក។ ក្នុងចំណោមសមាជិកទាំងដប់នៃអាស៊ាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មានស្ថានភាពសេដ្ឋកិច្ចទាបជាងគេ ប្រៀបធៀបនឹងសមាជិក ០៦ផ្សេងទៀត។ ម្យ៉ាងវិញទៀត ប្រទេសជាសមាជិកមួយចំនួននៅមាន ជម្លោះព្រំដែនរវាងគ្នានៅឡើយ។ យ៉ាងណាក៏ដោយបញ្ហានេះមិនបានធ្វើឲ្យអាស៊ានឈឺក្បាលខ្លាំង ដូចករណីជម្លោះនៅសមុទ្រចិនខាងត្បូងនោះឡើយ។

រឿងរ៉ាវសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យទំនាក់ទំនងរបស់ប្រទេស សមាជិកអាស៊ានមួយចំនួន មានភាពល្អក់កករ ហើយបញ្ហានេះតែងក្លាយជាប្រធានបទក្ដៅ នៅក្នុងរាល់កិច្ចប្រជុំកំពូលអាស៊ាន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះយ៉ាងណា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏នៅតែជាប្រធានបទដែលអាស៊ាន កំពុងយកចិត្តទុកដាក់ខ្លាំង ហើយក៏ជាសសរស្ដម្ភមួយ ក្នុងចំណោមសសរស្ដម្ភទាំងបី ដែលសម្រេចបានសមិទ្ធផលច្រើនជាងគេ។

ប៉ុន្តែសម្រាប់អ្នកសិក្សាស្រាវជ្រាវពីតំបន់អាស៊ានមួយចំនួននៅតែយល់ថា ក្ដីស្រមៃមួយនេះ ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ទោះបីរបាយការណ៍របស់អាស៊ានបង្ហាញថា អាស៊ានសម្រេចបាន ៩០% នៃគោលដៅដែលបានកំណត់ក្នុងផែនការ គោចរនៃសសរស្ដម្ភទាំងបីក៏ដោយ។

៨. មូលន័យ

ពីដំបូងឡើយអង្គការតូចមួយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ដែលមានឈ្មោះថា សមាគមអាស៊ីអាគ្នេយ៍ (ASA) ជាក្រុមមួយមានប្រទេសចូលរួមដូចជា ហ្វីលីពីន ម៉ាឡេស៊ី និងថៃ។ បន្ទាប់មកទៀតអាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅពេលដែលរដ្ឋមន្រ្តីការបរទេស នៃប្រទេសចំនួនប្រាំដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ បានចុះហត្ថលេខាលើសន្ធិសញ្ញាអាស៊ាន ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាសន្ធិសញ្ញាក្រុងបាងកក៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង