ខ្មែរប៉ុស្ដិ៍ Close

អគ្គលេខាធិការអាស៊ាន គាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកនៅឆ្នាំ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 44
អគ្គលេខាធិការអាស៊ាន គាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកនៅឆ្នាំ២០២២ អគ្គលេខាធិការអាស៊ាន គាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកនៅឆ្នាំ២០២២

លោក លីម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក នៅឆ្នាំ២០២២ និងបានប្តេជ្ញាចិត្តធ្វើការជាមួយក្រសួងការពារជាតិកម្ពុជា និងសម្របសម្រួលការងារគ្រប់បែបយ៉ាងជាមួយប្រទេសដៃគូទាំងអស់ សំដៅរួមគ្នាជួយរៀបចំកិច្ចប្រជុំដំណើរការឱ្យសម្រេចជោគជ័យ។

ការប្រកាសគាំទ្របែបនេះ របស់អគ្គលេខាធិការអាស៊ាន បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ម្សិលមិញ នៅទីស្តីការក្រសួងការពារជាតិ។

ក្នុងនាមម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនអគ្គលេខាធិការអាស៊ាន ជ្រាបថាការធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កម្ពុជាបានរៀបចំកិច្ចប្រជុំចំនួន១៣ និងបានត្រៀមរៀបចំឯកសារ ធនធានមនុស្ស និងមធ្យោបាយផ្សេងៗបានរួចរាល់។ ដោយសារប្រទេសកម្ពុជា មានស្ថានភាពល្អក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូដ១៩ ទើបកម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដែលគ្រោងនឹងរៀបចំនៅទីស្តីការក្រសួងការពារជាតិថ្មីនេះ និងនៅតាមខេត្តមួយចំនួន។

សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា៖ «ទោះបីកម្ពុជាបានរៀបចំឯកសារពាក់ព័ន្ធរួចរាល់ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែតម្រូវការធាតុចូលបន្ថែមពីបណ្តាប្រទេសអាស៊ាន ពិសេសពីអគ្គលេធិការដ្ឋានអាស៊ានទៅលើការងារខ្លឹមសារ និងរដ្ឋបាល ដូចនេះស្នើអគ្គលេខាធិការអាស៊ាន បន្តជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេសឯកសារទស្សនទានចំនួន០៣ ទី១៖ កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ានទប់ស្កាត់ការឆ្លងដែន នៃជំងឺកូវីដ-១៩, ទី២៖ ២ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ានសន្តិភាព និងសន្តិសុខ និងទី៣៖ បង្កើតកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្តីថ្លែងការណ៍រួម»។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាទើបទទួលបានការស្នើសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ រួមមាន៖ រុស្ស៉ី និងជប៉ុន សូមស្នើអគ្គលេខាធិការដ្ឋានអាស៊ាន ជួយជំរុញ និងសម្របសម្រួលជាមួយប្រទេសដៃគូដទៃទៀត ក្នុងការស្នើសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ ដែលគ្រោងនឹងរៀបចំនៅបំណាច់ឆ្នាំ២០២២ ខាងមុខនេះ។

លោក លឹម ចុក ហ៊ុយ ថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ និងសូមអបអរសាទរចំពោះសម្ដេចពិជ័យសេនា ដែលបានក្លាយជាម្ចាស់ផ្ទះប្តូរវេនរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំ២០២២នេះ។

ក្នុងនាមអគ្គលេខាធិការអាស៊ាន លោកនឹងបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេសឯកសារទស្សនទានចំនួន៣ រួមមានទី១៖ កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ានទប់ស្កាត់ការឆ្លងដែននៃជំងឺកូវីដ-១៩, ទី២៖ ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ាន សន្តិភាព និងសន្តិសុខ និងទី៣៖ បង្កើតកិច្ចសហប្រតិបត្តិការសកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្តីថ្លែងការណ៍រួម។

បន្ថែមពីលើនេះ អគ្គលេខាធិការអាស៊ាន នឹងចាត់ក្រុមការងារពិសេសមួយក្រុម សហការជាមួយក្រុមការងារក្រសួងការពារជាតិទទួលបន្ទុកកិច្ចការអាស៊ាននេះ។

សម្តេចពិជ័យសេនា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច និងការប្តេជ្ញាចិត្តរបស់អគ្គលេខាធិការ ក្នុងការជួយគាំទ្រដល់កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កម្ពុជានឹងដំណើរការបានរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាតាមការរំពឹងទុក៕

អត្ថបទទាក់ទង