ខ្មែរប៉ុស្ដិ៍ Close

East Asia Forum ៖ វឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងប្រទេសឡាវ បាននាំមកនូវបញ្ហាប្រឈមថ្មីៗ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 67
East Asia Forum ៖ វឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងប្រទេសឡាវ បាននាំមកនូវបញ្ហាប្រឈមថ្មីៗ East Asia Forum ៖ វឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងប្រទេសឡាវ បាននាំមកនូវបញ្ហាប្រឈមថ្មីៗ

២០២១ គឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ប្រទេសឡាវ។ គណបក្សបដិវត្តន៍ប្រជាជនឡាវដែលកំពុងកាន់អំណាចសព្វថ្ងៃបានប្រារព្ធធ្វើសមាជលើកទី១១ របស់ខ្លួន ដែលនៅទីបំផុត ប្រទេសឡាវសម្រេចបាននូវសេចក្តី ប្រាថ្នាដ៏យូរអង្វែងរបស់ខ្លួនក្នុងការបញ្ចប់ឋានៈជាប្រទេសដែល មានការអភិវឌ្ឍតិចតួច (Least Developed Country) ហើយបានចេញផ្សាយនូវសេចក្តីព្រាងមួយនៃផែនការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើកទី៩ របស់ខ្លួនផងដែរ។

ប្រទេសឡាវក៏បានចូលរួមជាមួយ «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)» ដែលទើបត្រូវបានផ្ដល់សច្ចាប័នកាលពីពេលថ្មីៗនេះ ដោយបានចាប់ផ្តើមបើកឱ្យដំណើរការផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុង Kunming មកកាន់ទីក្រុងវៀងចន្ទន៍ដ៏ចម្រូងចម្រាស ហើយលោកប្រធានាធិបតី Thongloun Sisoulith និងនាយករដ្ឋមន្ត្រី Phankham Viphavanh ក៏បានចាត់វិធានការចាំបាច់មួយចំនួនដើម្បីបោស សម្អាតអំពើពុករលួយខាងផ្នែកនយោបាយផងដែរ។

ប្រទេសឡាវត្រូវបានអង្គការសហប្រជាជាតិចាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍតិចតួចដំបូងបំផុតកាលពីឆ្នាំ១៩៧១ ហើយការចាកចេញពីឋានៈនេះ គឺជាអាទិភាពនៃការអភិវឌ្ឍដ៏ចម្បងមួយរបស់ឡាវ ចាប់តាំងពីឆ្នាំ ២០០០ មក។ អនុសាសន៍ឆ្នាំ២០២១ សម្រាប់ការចាកចេញពីឋានៈនេះ ជាមួយនឹងការបន្ថែមរយៈពេលរៀបចំខ្លួនចំនួន ៥ ឆ្នាំបន្តទៅទៀត ពោលគឺរហូតដល់ឆ្នាំ ២០២៦ ទំនងជានាំមកនូវមោទនភាពដល់មនុស្សជាច្រើននៅក្នុងជួររដ្ឋាភិបាល។

ប៉ុន្តែ​ការ​បញ្ចប់​ឋានៈនេះ ក៏​នឹង​នាំមក​ជាមួយ​នូវ​បញ្ហា​ប្រឈម​ថ្មី​ៗ ដែល​ទាមទារ​ឱ្យមានការ​ធ្វើ​ផែនការ​យ៉ាង​ប្រុង​ប្រយ័ត្នផងដែរ។ បញ្ហាប្រឈមទាំងនោះ រាប់បញ្ចូលទាំង «ការបាត់បង់សិទ្ធិក្នុងការធ្វើពាណិជ្ជកម្ម, ការបាត់បង់និងថយចុះនូវលក្ខខណ្ឌពិសេសៗ នៅឯអង្គការពាណិជ្ជកម្មពិភពលោក, ការកាត់បន្ថយលទ្ធភាពក្នុងការទទួល បានហិរញ្ញប្បទានអភិវឌ្ឍន៍អន្តរជាតិ និងការបង្កើនការរួមចំណែកថវិកាដល់អង្គភាពនានារបស់
អង្គការសហប្រជាជាតិ» ជាដើម។

កិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយរបស់ពិភពលោក។ ដោយមានទំហំជាង ៣០% នៃពាណិជ្ជកម្មពិភពលោក, នៃ ផ.ស.ស របស់សកលលោក និងនៃចំនួនប្រជាជនក្នុងពិភពលោក កិច្ចព្រមព្រៀងRCEP ស្វះស្វែងបង្កើតឱ្យមានស្តង់ដារច្បាប់ស្តីពីការវិនិយោគ និងការធ្វើពាណិជ្ជកម្មដទៃទៀត ដោយមិនគិតពន្ធលើមុខទំនិញប្រមាណ ៩១%។

ការព្រួយបារម្ភអំពីផលប៉ះពាល់នៃកិច្ចព្រមព្រៀង RCEP ទៅលើប្រទេសក្រីក្រ ទៅលើបរិស្ថាន និងទៅលើឧស្សាហកម្មជាតិសំខាន់ៗ ត្រូវបានគេលើកឡើងចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានស្នើឡើងពីដំបូងមកម៉្លេះ។ ការព្រួយបារម្ភជាពិសេសសម្រាប់ប្រទេសឡាវ គឺផលប៉ះពាល់ដែលកើតមកពីការបង្កើនទំហំដីសម្បទាន និងការផ្លាស់ទីលំនៅរបស់ប្រជាជនដែលបានបង្កឱ្យមានភាពតានតឹងផ្នែកសង្គម និងភាពក្រីក្រអស់រយៈពេលជាយូរយារណាស់មកហើយនៅទូទាំងប្រទេសឡាវ។

ជាមួយនឹងការដកខ្លួនចេញរបស់ឥណ្ឌាពីកិច្ចព្រមព្រៀង RCEP កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងការសម្រេចចិត្តមិនចូលរួមពីសំណាក់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយនេះនឹងទំនងជាទាក់ទាញប្រទេសឡាវ ក៏ដូចជាបណ្ដាប្រទេសនៅអាស៊ានផ្សេងទៀតឱ្យចូលកាន់តែកៀកជាមួយប្រទេសចិន។

ទំនាក់ទំនងរបស់ប្រទេសឡាវជាមួយចិនត្រូវបានពង្រីកបន្ថែមទៀតកាលពីឆ្នាំ ២០២១ នៅពេលដែល ប្រទេសទាំង២ បាន បង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយដែលជាកម្មសិទ្ធិរបស់ប្រទេសចិនដើម្បីរួមគ្នាគ្រប់គ្រងបណ្តាញអគ្គិសនីជាតិរបស់ឡាវ។

កិច្ចការមួយទៀតដែលជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ គឺផ្លូវរថភ្លើងដឹកទំនិញឡាវ-ចិនដំបូងគេដែលភ្ជាប់ពីទីក្រុង Kunming មកទីក្រុងវៀងចន្ទន៍ ដែលត្រូវបានកសាងរួចរាល់កាលពីខែធ្នូ ឆ្នាំ ២០២១។ ផ្លូវដែកនេះបានក្លាយជានិមិត្តរូបដ៏សំខាន់មួយនៃការពង្រឹងទំនាក់ទំនងរបស់ប្រទេសឡាវជាមួយប្រទេសចិន និងត្រូវបានប្រារព្ធពិធីសម្ពោធ ដោយមានការអបអរសាទរ និងមានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ ដែលជាការបញ្ជាក់អំពីទំនាក់ទំនងដែលមិនអាចកាត់ថ្លៃបានរវាងប្រទេសទាំងពីរ។

គម្រោងផ្លូវដែកដ៏ចម្រូងចម្រាស​មួយនេះ បានធ្វើឱ្យមានការផ្លាស់​ទីលំនៅ​របស់ប្រជាជន​ជាង ៤០០០ គ្រួសារ​នៅ​ទូទាំង​ប្រទេស​ឡាវ និងបានបន្សល់ទុកឱ្យប្រទេសនេះនូវ​បន្ទុក​បំណុល​ដ៏​ធ្ងន់ធ្ងរ។ ការបើកឱ្យដំណើរ ការផ្លូវរថភ្លើងមួយនេះ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២២ នេះ គឺជាដំណាក់កាលថ្មីមួយសម្រាប់គម្រោងនេះ បើទោះបីជាត្រូវបានយាយីដោយឥទ្ធិពលនៃកូវីដ-១៩ លើការធ្វើដំណើរឆ្លងកាត់ព្រំដែនក៏ដោយ។

ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នៅតែជាអាទិភាពក្នុងការអភិវឌ្ឍដ៏សំខាន់មួយ សម្រាប់រដ្ឋាភិបាលឡាវ ហើយវិធានការគ្រប់គ្រងកូវីដ-១៩ ថ្មីៗ ក៏ត្រូវបានអនុវត្តនៅអាកាសយានដ្ឋានអន្តរជាតិ Wattay និងនៅលើស្ពានមិត្តភាពឡាវ-ថៃ នាទីក្រុងវៀងចន្ទន៍ផងដែរ ដើម្បីជួយសម្រួលដល់ការបើកដំណើរការអាជីវកម្ម និងទេសចរណ៍ឡើងវិញ។

ខណៈពេលដែលជំងឺរាតត្បាតមិនបានបញ្ឈប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងមិនបានរាំងស្ទះដល់របៀបវារៈនៃការអភិវឌ្ឍគម្រោងធំៗរបស់ប្រទេសឡាវនោះ ឆ្នាំ២០២១ ក៏បានបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់មួយចំនួនក្នុងការទប់ស្កាត់អំពើពុករលួយផងដែរ។

កាលពីខែវិច្ឆិកា អាជ្ញាធរអធិការកិច្ចរបស់រដ្ឋឡាវបានរកឃើញថា ឡាវបានខាតបង់ទឹកប្រាក់ចំនួន ២១៤,៧ លានដុល្លារអាមេរិក ដោយសារអំពើពុករលួយ ហើយកាលពីខែធ្នូ មន្ត្រីរដ្ឋាភិបាលចំនួន ៩ នាក់នៅក្នុងខេត្ត Bokeo ត្រូវបានបណ្តេញចេញពីគណបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) ក្រោមការចោទប្រកាន់ពីបទកេងបន្លំថវិការដ្ឋ។

គេសង្ឃឹមថា ការបង្រ្កាបអំពើពុករលួយបែបនេះ នឹងបន្តមានទៀតនៅឆ្នាំ ២០២២ នេះ ហើយប្រហែលជានឹងមានសន្ទុះកាន់តែលឿនជាងមុនទៅទៀត ដោយសារតែកត្តាបំណុលដែលទាមទារឱ្យមានកំណែទម្រង់សហគ្រាសរដ្ឋណាដែលកំពុងដើរអូសជើង។

កូវីដ-១៩ បានជះឥទ្ធិពលមកលើសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសឡាវ ដោយបានបំផ្លាញអាជីវកម្ម, ជីវភាពរស់នៅ, ប្រាក់ចំណូល និងការងាររបស់ពលរដ្ឋប្រទេសនេះ។ កាលពីខែឧសភាការស្ទង់មតិលើគ្រួសារក្រីក្រ និងគ្រួសារដែលមានប្រាក់ចំណូលទាប បានបង្ហាញថា មនុស្សជាង ៨៤០០០ នាក់បានបាត់បង់ការងារធ្វើ ហើយទទួលរងនូវការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺរាតត្បាត។

ដោយមានការឧបត្ថម្ភបរិច្ចាគពីសហគមន៍អន្តរជាតិ ការចាក់វ៉ាក់សាំងនៅ ប្រទេសឡាវមានភាពរឹងមាំគួរសម ដោយមានមនុស្សជាង ៣,២៨ លាននាក់ (ក្នុងចំណោមប្រជាជន ៧,២៧ លាននាក់) បានទទួលការចាក់វ៉ាក់សាំងដូសទី១ រួចរាល់កាលពីខែវិច្ឆិកា។

ប៉ុន្តែសមត្ថភាពនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ ក្នុងការដោះស្រាយជាមួយនឹងការផ្ទុះឡើងក្នុងទ្រង់ទ្រាយធំៗនៅមានកម្រិត ការធ្វើផែនការនិងការគ្រប់គ្រងដោយប្រុងប្រយ័ត្ន ព្រមទាំងវិធានការក្នុងការកាត់បន្ថយការឆ្លងរីករាលដាល គឺមានភាព ឲចាំបាច់ណាស់នៅពេញមួយឆ្នាំ២០២២ នេះ។

ខណៈពេលដែលការធ្វើពាណិជ្ជកម្ម និងការវិនិយោគបានថយចុះដោយសារតែការបិទព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀនចូលទៅក្នុងប្រទេស និងការជួញដូរស្ត្រីវ័យក្មេងៗចេញមកវិញ មានការកើនឡើងជាខ្លាំង។

កាលពីខែតុលា ត្រឹមតែរយៈពេលមួយសប្តាហ៍ អាជ្ញាធរឡាវ បានធ្វើការរឹបអូសគ្រឿងញៀនក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ៣ ករណី ដែលក្នុងនោះ ១ករណី​ គឺជាការរឹបអូសបានថ្នាំញៀនដ៏ធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ទ្វីបអាស៊ី ពោលគឺរឹបអូសបានថ្នាំញៀនប្រភេទ «មេតំហ្វេតាមីន» ចំនួន ៥៥ លានគ្រាប់ និងប្រភេទ «ម៉ាទឹកកក» «Crystal Methamphetamine» ទម្ងន់ ១,៥ តោន។

នៅពេលដែលប្រជាជនទូទាំងតំបន់មេគង្គ ជួបប្រទះនឹងភាពអត់ឃ្លាន និងភាពអស់សង្ឃឹមដោយសារជំងឺរាតត្បាត ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សដែលងាយរងគ្រោះ នឹងនៅតែជាបញ្ហាប្រឈមជាបន្តបន្ទាប់មួយរបស់ឡាវ។

បើទោះបីជាមានសញ្ញាវិជ្ជមានមួយចំនួនក្ដី ក៏នៅឆ្នាំ ២០២២ នេះ ប្រទេសឡាវបានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែប្រទេសនេះត្រូវសងបំណុលដែលខ្លួនជំពាក់គេជាមធ្យមក្នុងចំនួន ១,១៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២២ ដល់ ២០២៥ ហើយសេដ្ឋកិច្ចឡាវដែលកំពុងតែដើរយឺតនេះ ហាក់ដូចជាមិនអាចរកចំណូលបានគ្រប់គ្រាន់ សម្រាប់ការបំពេញកាតព្វកិច្ចសងត្រឡប់ទាំងនេះបានទេ។

ដោយទទួលស្គាល់នូវទីតាំងដ៏ផុយស្រួយដែលខ្លួនកំពុងឈរ ប្រទេសឡាវបារម្ភថា ការវិវឌ្ឍជាច្រើនកាល ពីឆ្នាំ២០២១ នឹងត្រូវបានទាញទម្លាក់ចុះមកវិញទ្វេដង ជុំវិញយុទ្ធសាស្រ្តអភិវឌ្ឍន៍ដដែលនេះ ដែលបាន បណ្តាលឱ្យមានបញ្ហា ប្រឈមក្នុងពេលបច្ចុប្បន្ន ពោលគឺយុទ្ធសាស្ត្រនៃការវិនិយោគដ៏ច្រើនលើសលប់តែនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការធ្វើសម្បទានដីធ្លី និងធនធានធម្មជាតិដែលមានរយៈពេលយូរដល់អ្នកវិនិយោគបរទេស៕ East Asia Forum

អត្ថបទទាក់ទង