ខ្មែរប៉ុស្ដិ៍ Close

ភាពតានតឹងជាមូលដ្ឋាននៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោក Biden

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 68
ភាពតានតឹងជាមូលដ្ឋាននៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោក Biden ប្រធានាធិបតីអាមេរិក Joe Biden ជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ប្រធានអគ្គសេនាធិការចម្រុះ, ឧត្តមសេនីយ៍ Mark Milley និងថ្នាក់ដឹកនាំក្រសួងការពារជាតិអាមេរិក ដើម្បីពិភាក្សាអំពីអាទិភាពសន្តិសុខជាតិ នៅក្នុងបន្ទប់ទទួលទានអាហារ នៃសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២។ (រូបថត៖ AFP/SAUL LOEB)

រដ្ឋបាលរបស់លោក Biden បានបញ្ចេញយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន (NSS) នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ គឺនៅជិត ២ ឆ្នាំ បន្ទាប់ពីពិធីឡើងកាន់តំណែងរបស់លោក Biden។ យុទ្ធសាស្រ្តដែលបានតាក់តែងឡើងយ៉ាងប្រុងប្រយ័ត្ន និងដោយត្រង់ៗនេះបានលើកឡើងថា «ពិភពលោកកំពុងស្ថិតនៅចំណុចរបត់មួយ ហើយឥឡូវនេះ យើងកំពុងស្ថិតនៅក្នុងឆ្នាំដំបូងនៃទសវត្សរ៍ដ៏សំខាន់សម្រាប់អាមេរិក និងពិភពលោក»។

រដ្ឋបាលអាមេរិកបានប្តេជ្ញាថានឹងដោះស្រាយនូវ «បញ្ហាប្រឈមទ្វេនៅក្នុងពេលវេលារបស់យើង ពោលគឺការយកឈ្នះលើគូរប្រកួតប្រជែងរបស់យើង ដើម្បីរៀបចំសណ្តាប់ធ្នាប់អន្តរជាតិ ទន្ទឹមនឹងការដោះស្រាយបញ្ហាប្រឈមរួម»។ បញ្ហាប្រឈមដំបូងគឺផ្តោតលើគូប្រជែង ២ គឺរុស្ស៊ី និងចិន។ ប្រទេសរុស្ស៊ីត្រូវគេបានពិពណ៌នាថាជា «ការគំរាមកំហែងបន្ទាន់» ខណៈដែលប្រទេសចិន ត្រូវបានគេដាក់ឈ្មោះថាជា «គូប្រជែងតែមួយគត់ ដែលមានចេតនាចង់រៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ និងដែលមានអំណាចសេដ្ឋកិច្ច, ការទូត យោធា និងបច្ចេកវិទ្យាគ្រប់គ្រាន់ក្នុងការឈានទៅសម្រេចគោលដៅនេះ»។

យុទ្ធសាស្ត្រនេះ ដែលដូចគ្នានឹងរដ្ឋបាលរបស់លោក Trump ដែរ គឺបានកំណត់ថា «ប្រទេសចិនគឺជាក្តីកង្វល់ផ្នែកសន្តិសុខជាតិដ៏ចម្បងបំផុតរបស់អាមេរិក»។ ដូច្នេះ គេអាចរំពឹងថា «យុទ្ធសាស្ត្រនេះនឹងតម្រង់ទិសជាចម្បងឆ្ពោះមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ជាក់ស្តែង យុទ្ធសាស្ត្រនេះបានលើកឡើងថា «ពិភពលោកនាពេលបច្ចុប្បន្ននេះត្រូវការសហរដ្ឋអាមេរិកកាន់តែខ្លាំងឡើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺខ្លាំងជាងកាលពីសង្គ្រាមលោកលើកទី២ ទៅទៀត។ សម្រាប់ពិភពលោក និងប្រជាជនអាមេរិក គ្មានតំបន់ណាមានសារៈសំខាន់ជាងនេះទៀតទេ»។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រនេះមើលទៅមានលក្ខណៈដូចជាយុទ្ធសាស្រ្តអាស៊ីដំបូង (Asia-first Strategy) ដែលត្រូវបានរៀបចំឡើងដោយពួកអឺរ៉ុប ដោយក្នុងនោះវាមានភាពតានតឹងសំខាន់ៗចំនួន ៣។

ទី១ «ប្រធានបទសំខាន់នៃឯកសារ នេះ គឺលទ្ធិប្រជាធិបតេយ្យដែលបាននាំមកនូវការសាទរក្នុងចំណោមអ្នកបោះឆ្នោតរបស់បក្សប្រជាធិបតេយ្យ និងសម្ព័ន្ធមិត្តនៅអឺរ៉ុប» ក៏ប៉ុន្តែ វាគឺជាប្រធានបទមួយដែលមិនសូវទាក់ទាញនោះទេសម្រាប់តំបន់អាស៊ី និងសម្រាប់បណ្តាប្រទេសផ្សេងទៀតជុំវិញពិភពលោក ដោយសារពួកគេភាគច្រើនមានប្រព័ន្ធនយោបាយដែលមានលក្ខណៈប្រជាធិបតេយ្យតិចជាងប្រព័ន្ធនយោបាយរបស់អាមេរិក និងអឺរ៉ុប។

ទី២ «យុទ្ធសាស្រ្តនេះបានប្តេជ្ញាថា នឹងយកឈ្នះការប្រកួតប្រជែងនៅសតវត្សរ៍ទី ២១» ក៏ប៉ុន្តែប្រទេសអាស៊ីភាគច្រើន បូករួមទាំងនៅក្រៅតំបន់អាស៊ី មិនបានចាត់ទុកខ្លួនពួកគេជាផ្នែកមួយនៃការប្រកួតប្រជែងជាសកលរវាងប្លុកប្រជាធិបតេយ្យ និងប្លុកផ្តាច់ការនោះទេ។

ទី៣ «យុទ្ធសាស្ត្រនេះនៅតែខ្វះអ្វីដែលប្រទេសអាស៊ីចង់បានបំផុត ដែលនោះគឺវិធីសាស្រ្តសេដ្ឋកិច្ចដ៏រឹងមាំ»។

យុទ្ធសាស្ត្រដែលផ្តោតលើលទ្ធិប្រជាធិបតេយ្យ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ។ លទ្ធិប្រជាធិបតេយ្យគឺជាប្រធានបទដ៏សំខាន់នៅក្នុងយុទ្ធនាការរបស់លោក Biden ក៏ដូចជានៅក្នុងឯកសារណែនាំស្តីអំពីយុទ្ធសាស្ត្រសន្តិសុខជាតិបណ្តោះអាសន្នរបស់លោក (Interim National Security Strategy Guidance)។

ការរៀបចំផែនការជុំវិញពិភពលោករបស់លោក Biden ដែលមានបង្កប់ទៅដោយ «ការប្រកួតប្រជែងរវាងការដឹកនាំតាមបែបប្រជាធិបតេយ្យ និងតាមបែបផ្តាច់ការ» បានទទួលនូវការចាប់អារម្មណ៍ខ្លាំងនៅក្នុងចំណោមអ្នកគាំទ្រក្នុងស្រុករបស់គណបក្សប្រជាធិបតេយ្យ ក៏ដូចជាសម្ព័ន្ធមិត្តភាគច្រើនរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប។ អ្វីដែលសំខាន់បំផុតនោះគឺ «នេះគឺជាប្រធានបទដែលលោក Biden និងគ្នីគ្នារបស់លោកជឿអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ»។

ទោះជាយ៉ាងណាក៏ដោយ ការដាក់លទ្ធិប្រជាធិបតេយ្យជាចំណុចសំខាន់នៃយុទ្ធសាស្ត្រនេះ មិនមែនជារឿងឆ្លាតវៃនោះទេ។ មានប្រទេសមួយចំនួនតូចប៉ុណ្ណោះនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលចង់ក្លាយជាចំណុចកណ្តាលនៃការប្រកួតប្រជែងរវាងការដឹកនាំតាមបែបប្រជាធិបតេយ្យ និងតាមបែបផ្តាច់ការ។ តាមពិតទៅ បណ្តាដៃគូក្នុងតំបន់ជាច្រើនមិនបានប្រកាន់យកលទ្ធិប្រជាធិបតេយ្យនោះទេ។

ដោយផ្អែកលើហេតុផលនេះ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកផ្ទាល់របស់រដ្ឋបាលលោក Biden បានលើកឡើងអំពីលទ្ធិប្រជាធិបតេយ្យត្រឹមតែ ៧ ដងប៉ុណ្ណោះ ខណៈដែលយុទ្ធសាស្ត្រ NSS មានការលើកឡើងរហូតដល់ ៩៩ ដង។ ជាក់ស្តែង ប្រជាធិបតេយ្យបានដើរតួនាទីសំខាន់នៅក្នុងយុទ្ធសាស្ត្ររបស់អាមេរិក។ គុណតម្លៃរបស់សហរដ្ឋអាមេរិកមិនអាចញែកចេញពីផលប្រយោជន៍របស់អាមេរិកនោះទេ ហើយលទ្ធិប្រជាធិបតេយ្យគឺជាគុណតម្លៃស្នូល។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden កំពុងពិភាក្សា​អំពី​អាទិភាព​សន្តិសុខ​ជាតិ​នៅក្នុង​បន្ទប់​បរិភោគ​អាហារ​​នៃ​សេតវិមាន​ក្នុង​ទីក្រុង Washington, DC កាលពី​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២។ (រូបថត៖ AFP/SAUL LOEB)

យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក គួរតែផ្សារភ្ជាប់ទៅនឹងគុណតម្លៃ ហើយគោលការណ៍ប្រជាធិបតេយ្យ អាចជាទ្រព្យសម្បត្តិមួយក្នុងការជួយពង្រឹងចំណងទាក់ទងជាមួយសម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែការចាត់ទុកលទ្ធិប្រជាធិបតេយ្យជាប្រធានបទដ៏រស់រវើកនៃយុទ្ធសាស្រ្តដែលផ្តោតជាសំខាន់លើតំបន់អាស៊ីនេះ បានបង្ហាញអំពីការងាកចេញពីការគិតគូផ្នែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។

តួនាទីសំខាន់នៃលទ្ធិប្រជាធិបតេយ្យនៅក្នុងយុទ្ធសាស្ត្រនេះ បាននាំមកនូវបញ្ហាប្រឈមទី២ ដែលផ្តោតទៅលើ «ការយកឈ្នះលើការប្រកួតប្រជែងជាមួយនឹងរបបផ្តាច់ការ» ប៉ុន្តែមានប្រទេសអាស៊ី តិចតួចណាស់ដែលចង់ឈ្នះការប្រកួតប្រជែងប្រភេទនេះ។ ប្រទេសជាច្រើនចង់បានទំនាក់ទំនងល្អទាំងជាមួយសហរដ្ឋអាមេរិក, ចិន និងបណ្តាប្រទេសដទៃទៀត ដោយមិនគិតអំពីទម្រង់រដ្ឋាភិបាលរបស់ពួកគេឡើយ។

ពួកគេចង់បានស្ថិរភាពភូមិសាស្ត្រនយោបាយ មិនមែនជាការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យទេ។ សម្រាប់ពួកគេ គោលដៅនៃអនាគតដែលសេរី បើកចំហ សុវត្ថិភាព និងវិបុលភាព មិនតម្រូវឱ្យយកឈ្នះលើប្រទេសចិននោះទេ។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រនេះនៅតែផ្តល់តម្លៃខ្ពស់ដល់ប្រទេសដែលមានឆន្ទៈចង់ក្លាយជាផ្នែកមួយនៃសម្ព័ន្ធភាពដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ឬប្រឆាំងអំណាចផ្តាច់ការ។

ដូច្នេះវាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ នៅពេលដែលយុទ្ធសាស្រ្តនេះបានលើកឡើងថា «សម្ព័ន្ធភាពដ៏សំខាន់បែបនេះរួមមានបណ្តាប្រទេសប្រជាធិបតេយ្យដែលមានផលប្រយោជន៍ និងគុណតម្លៃរួម»។ ចំណុចស្នូលនៃក្រុមប្រជាធិបតេយ្យនេះមានលក្ខណៈដូចគ្នានឹងក្រុម G7 ដែលមានយុទ្ធសាស្ត្រឈ្មោះថា «គណៈកម្មាធិការនាយកនៃបណ្តាប្រទេសឧស្សាហកម្មជឿនលឿន និងប្រជាធិបតេយ្យរបស់ពិភពលោក» ក៏ប៉ុន្តែមានរាប់បញ្ចូលប្រទេសអាស៊ីតែមួយគត់។

យុទ្ធសាស្ត្រនេះបានចាត់ទុកអឺរ៉ុបជា «ដៃគូសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល»។ ក្រុមតូចៗចំនួន ៣ នៅតំបន់អាស៊ីដែលដឹកនាំដោយប្រទេសប្រជាធិបតេយ្យ ដូចជាកិច្ចសន្ទនាសន្តិសុខ Quad, កតិកាសញ្ញារវាងអូស្ត្រាលី-ចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក-AUKUS និងបណ្តាញស៊ើបការណ៍ Five Eyes ត្រូវបានលើកឡើងម្តងហើយម្តងទៀតនៅក្នុងរបាយការណ៌ ក៏ប៉ុន្តែមិនសូវមានសារៈសំខាន់ប៉ុន្មានទេ។

គេនៅតែមិនច្បាស់ទេថា «តើបណ្តាប្រទេសដែលមិនប្រជាធិបតេយ្យ ឬដែលមិនចង់ក្លាយជាផ្នែកមួយនៃរបៀបវារៈស្តីពីការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ នឹងត្រូវបានផ្តល់ឱ្យនូវតួនាទីអ្វី»។ អាស៊ានហាក់ដូចជាតួអង្គបន្ទាប់បន្សំនៅក្នុងការប្រកួតជាសាកលនេះ ដោយសារមានតែសមាជិកមួយចំនួនតូចប៉ុណ្ណោះដែលបង្ហាញអំពីឆន្ទៈចង់ចូលរួម ហើយកោះប៉ាស៊ីហ្វិកក៏ដូចគ្នាដែរ។

បណ្តាមេដឹកនាំចិនអាចនឹងបន្តសង្កត់ធ្ងន់ថា «របៀបវារៈនៃការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកនឹងបង្កផលប៉ះពាល់ដល់ស្ថិរភាពរបស់តំបន់»។ ចំណុចនេះមានជាប់ទាក់ទងនឹងបញ្ហាចុងក្រោយ ដែលនោះគឺ «អ្វីដែលប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក ភាគច្រើនចង់បានខ្លាំងជាងអ្វីៗទាំងអស់គឺការចូលរួមផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក»។ ប៉ុន្តែរដ្ឋបាល Biden នៅតែបន្តបង្កអោយមានការខកចិត្តចំពោះបញ្ហានេះ។

ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមិនមានរាប់បញ្ចូលនូវលទ្ធភាពក្នុងការចូលទៅកាន់ទីផ្សារ មិនបានទាក់ទាញប្រទេសច្រើននៅក្នុងតំបន់នោះទេ។ រដ្ឋបាលអាមេរិកបាននិយាយថា «ខ្លួនបានបំបែកខ្សែបន្ទាត់បែងចែករវាងគោលនយោបាយការបរទេស និងគោលនយោបាយក្នុងស្រុក» ក៏ប៉ុន្តែ សកម្មភាពកាលពីពេលថ្មីៗរបស់អាមេរិកបានធ្វើឱ្យសម្ព័ន្ធមិត្តមានការខឹងសម្បារ ជាពិសេសគឺច្បាប់ «ទិញផលិតផលរបស់អាមេរិក-BuyAmerican»។

តើអ្វីដែលបណ្តាលឱ្យមានភាព មិនស៊ីសង្វាក់គ្នាទាំងនេះ?

យុទ្ធសាស្រ្ត NSS បានបង្ហាញថា «បើទោះបីជាអ្នកយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកកំពុងផ្តោតឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកកាន់តែខ្លាំងក៏ដោយ ក៏ក្របខណ្ឌ និងគោលគំនិតជាច្រើននៅតែមានលក្ខណៈផ្តោតលើតំបន់អាត្លង់ទិកដដែល»។

អ្វីដែលដំណើរការនៅក្នុងបរិបទយុទ្ធសាស្ត្រឆ្លងមហាសមុទ្រអាត្លង់ទិក មិនអាចយកមកអនុវត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានទេ។ ប្រសិនបើសហរដ្ឋអាមេរិកពិតជាងាកទៅរកតំបន់អាស៊ីមែន នោះអាមេរិកត្រូវបង្កើនការយកចិត្តទុកដាក់នឹងធនធាន ក៏ដូចជាការផ្លាស់ប្តូរការគិតគូរជាមូលដ្ឋាន៕

Channel News Asia