ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីតំបន់អាស៊ីអាគ្នេយ៍ក្លាយជាសមរភូមិនៃការប្រកួតប្រជែងរវាងចិននិងអាមេរិក?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 36
ហេតុអ្វីតំបន់អាស៊ីអាគ្នេយ៍ក្លាយជាសមរភូមិនៃការប្រកួតប្រជែងរវាងចិននិងអាមេរិក? ហេតុអ្វីតំបន់អាស៊ីអាគ្នេយ៍ក្លាយជាសមរភូមិនៃការប្រកួតប្រជែងរវាងចិននិងអាមេរិក?

តំបន់អាស៊ីអាគ្នេយ៍កំពុងទទួលបានការ ចាប់អារម្មណ៍កាន់តែខ្លាំង នៅពេលដែលការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិកមានភាពកាន់តែក្តៅគគុក។ អ្នកវិភាគបាននិយាយថា «តំបន់ដ៏ធំទូលាយនិងចម្រុះនៃទីផ្សារកំពុងរីកចម្រើន កំពុងក្លាយជាសមរភូមិភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់ ក៏ប៉ុន្តែវាក៏អាចផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកផងដែរ»។

នៅក្នុងសញ្ញាថ្មីបំផុតដែលបញ្ជាក់អំពីសារៈសំខាន់របស់តំបន់នេះគឺប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានក្លាយជាមេដឹកនាំបរទេសដំបូងគេដែលបាន ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនបើគិត ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងខែកុម្ភៈ។ ក្នុងអំឡុងពេល ២ ថ្ងៃនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ២៥ ខែកក្កដា លោក Widodo បានជួបជាមួយប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រី Li Keqiang ។

លោក Xi បាននិយាយថា «កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់ដ៏អស្ចារ្យនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ»។ ឥណ្ឌូណេស៊ី និងអាស៊ាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ ទំនងការទូតក្នុងតំបន់របស់ប្រទេសចិន។ អាស៊ានដែលមានផ្លូវទឹកយុទ្ធសាស្ត្រតភ្ជាប់តំបន់អាស៊ីបូព៌ាជាមួយតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកបានក្លាយជាសេដ្ឋកិច្ចធំលំដាប់ទី៣ នៅអាស៊ី និងធំជាងគេលំដាប់ទី៥ នៅលើពិភពលោក។ ប្រជាជនរបស់ប្លុកនេះចំនួន ៧០០ លាន នាក់ និងគោលនយោបាយ សំឡឹងឆ្ពោះទៅខាងក្រៅ បានផ្តល់ឱ្យតំបន់នេះនូវសក្តានុពលនៃកំណើនយ៉ាងខ្លាំងក្លា។

នៅឆ្នាំនេះតំបន់នេះនឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងខណៈនពេលដែលអាស៊ានកំពុងត្រៀមរៀបចំ ព្រឹត្តិការណ៍អន្តរជាតិចំនួន៣ គឺកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា, កិច្ចប្រជុំកំពូល G-20 នៅឥណ្ឌូណេស៊ី និងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសថៃ។ ពិភពលោកកំពុងរងចាំមើលពីរបៀបដែលអាស៊ាននឹងដើរតួនាទីជាស្ពានដ៏មានសក្តានុពលក្នុងកិច្ចសន្ទនាការទូតកម្រិតខ្ពស់ជាពិសេសរវាងចិននិងអាមេរិកក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោក Luo Yongkun ដែលជានាយករង និងជាសាស្ត្រាចារ្យស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ និងមហាសមុទ្រ (Institute of Southeast Asian and Oceanian Studies) នៅទីក្រុងប៉េកាំងបាន និយាយថា «ចំពេលកើតមានវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីវីរុសរាតត្បាតនិងសង្រ្គាម បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលដឹកនាំដោយឥណ្ឌូណេស៊ី មិនចង់ចូលរួមនៅក្នុងជម្លោះណាមួយនោះឡើយ ហើយពួកគេក៏កំពុងមានការព្រួយបារម្ភផងដែរអំពីការបរាជ័យនៃយន្តការពហុភាគីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ»។

លោក Luo បាននិយាយថា «ការផ្តោតលើការងើបឡើងវិញនៃសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព និងការដោះស្រាយជម្លោះតាមរយៈវិធានការការទូតបានទទួលនូវការឯកភាពគ្នា និងព្រមព្រៀងគ្នានៅ ក្នុងចំណោមបណ្តាប្រទេសអាស៊ីបូករួមទាំងប្រទេសចិននិងអាស៊ាន»។ ប៉ុន្តែការប្រកួតប្រជែងគ្នារវាងចិន និងសហរដ្ឋអាមេរិកដើម្បីកសាងឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងមានភាពកាន់តែតានតឹងនៅពេលដែលការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទាំង២ នេះវិវឌ្ឍទៅកាន់តែក្តៅគគុក។

លោក Choi Shing Kwok ដែលជានាយកវិទ្យាស្ថាន ISEAS-Yusof Ishak នៅសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា «បើទោះបីជាប្រទេសអាស៊ីភាគច្រើនមានការស្ទាក់ស្ទើរក្នុងការកាន់ជើងភាគីណា មួយ និងបានងាកទៅរក្សាទំនាក់ទំនងល្អជាមួយភាគីទាំង២ ក៏ដោយក៏បរិយាកាសសន្តិភាពនិងសណ្តាប់ធ្នាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេល៣០ ឆ្នាំចុងក្រោយនេះបានឈានចូលដល់ទីបញ្ចប់ហើយ»។

លោក Choi បានបន្តថា «ឥឡូវនេះប្រទេសក្នុងតំបន់នឹងប្រឈមមុខនឹងបញ្ហាដោយជៀសមិនរួចពាក់ព័ន្ធនឹងការជ្រើសរើសយកភាគីណាមួយនៅក្នុងបញ្ហាផ្សេងៗ។ ពិភពលោក នៅពេលអនាគតនឹងជួបប្រទះនឹងភាព ស្មុគស្មាញក្នុងការបន្តដំណើរទៅមុខ»។ បណ្តាអ្នកជំនាញបាននិយាយថា «នៅពេលដែលប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងគ្នាដើម្បីបង្កើនការចូលរួមជាមួយតំបន់តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូត វាក៏អាចបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងមហាអំណាចទាំង២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ»។

លោក Kishore Mahbubaniដែលជាព្រឹទ្ធបុរសស្ថាបនិកនៃសាលាគោលនយោបាយ សាធារណៈ Lee Kuan Yew នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា «ប្រទេសចិននិងសហរដ្ឋអាមេរិកអាចចាប់ដៃគ្នាលើ បញ្ហាប្រឈមផ្នែកនយោបាយដ៏ស្មុគស្មាញ ដូចជាការរួមគ្នាជំរុញឱ្យមានដំណោះស្រាយចំពោះភាពចលាចលផ្នែកនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចខិតខំប្រឹងប្រែងបែបនេះអាចជួយកសាង
ទំនុកចិត្តលើគ្នាទៅវិញទៅមកនិងអាចក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត»។

ដំណើរទស្សនកិច្ចរបស់លោក Widodo ទៅកាន់ទីក្រុងប៉េកាំងទទួលបានការចាប់អារម្មណ៍ និងត្រូវបានគេចាត់ទុកជាដំណើរដ៏កម្រមួយរបស់មេដឹកនាំបរទេសទៅកាន់ប្រទេសចិនចាប់តាំងពីពេលកើតមានវីរុសរាតត្បាត និងជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងប្រទេសកំពុងអភិវឌ្ឍដ៏ធំចំនួន២។ ប្រទេសចិនគឺជាកន្លែងឈប់ដំបូងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ៣ ប្រទេសរបស់លោក Widodo នៅក្នុងតំបន់អាស៊ី។

ដំណើរទស្សនកិច្ចនេះបានបញ្ចប់ទៅជាមួយនឹងការបង្កើនការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការ។ ប្រទេសទាំង ២ បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យវ៉ាក់សាំង និងការស្រាវជ្រាវ និងការអភិវឌ្ឍហ្សែនដោយក្នុងនោះប្រទេសចិនបានសន្យាថានឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញលេញដល់ប្រទេសឥណ្ឌូណេស៊ីក្នុងការកសាងមជ្ឈមណ្ឌលផលិតវ៉ាក់សាំងក្នុងតំបន់។ មេដឹកនាំនៃប្រទេសទាំង២ បាន និយាយថា «ពួកគេប្តេជ្ញាចិត្តក្នុងការពន្លឿនការចាប់ផ្តើមឡើងវិញនូវកម្មវិធីផ្លាស់ប្តូរការអប់រំ និងកម្មវិធីទេសចរណ៍បូករួមទាំងការបង្កើនជើងហោះហើរត្រង់បន្ថែមទៀត»។

ប្រទេសចិនបាន សន្យាថានឹងចូលរួមនៅក្នុងផែនការរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ីដែលត្រូវបានជំរុញដោយលោក Widodo ហើយនឹងផ្តល់ការគាំទ្រដល់ផែនការកសាង «សួនឧស្សាហកម្មបៃតង» ដំបូងគេរបស់ប្រទេសនេះនៅ Tanah Kunin»។ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការអភិវឌ្ឍបៃតង, ការផ្លាស់ប្តូរព័ត៌មាន, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងការអភិវឌ្ឍមហាសមុទ្រ។

ទំនាក់ទំនងរវាងចិននិងឥណ្ឌូណេស៊ីមានលក្ខណៈកាន់តែស៊ីជម្រៅចាប់តាំងពីលោក Widodo ចូលកាន់តំណែងនៅក្នុងឆ្នាំ ២០១៤ ជាមួយនឹងការផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ីសម្រាប់រយៈពេល ៩ ឆ្នាំជាប់ៗគ្នា ជាមួយនឹងកំណើនពាណិជ្ជកម្មចំនួន ៥៨,៤% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆ្នាំ ២០២១ (យោងតាមទិន្នន័យគយចិន)។ ការវិនិយោគរបស់ចិនក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនដល់ ៣,២ ពាន់លានដុល្លារកាលពីឆ្នាំមុន។

ការជំរុញរបស់ លោក Widodo សម្រាប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ក៏នឹងបង្កើតឱកាសបន្ថែមទៀតផងដែរ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ របស់ប្រទេសចិន។ ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ឥណ្ឌូណេស៊ី ដែលតភ្ជាប់ពីទីក្រុងហ្សាកាតាទៅកាន់ទីក្រុង Bandung ដោយប្រើបច្ចេកវិទ្យារបស់ចិន និងដែលត្រូវបានសាងសង់អស់រយៈពេល ៦ ឆ្នាំមកហើយគ្រោងនឹងចាប់ផ្តើមដាក់ឱ្យដំណើរការ នៅឆ្នាំ ២០២៣។

ប្រទេសទាំងពីរ ក៏បានចូលរួមនៅក្នុងគម្រោងមួយចំនួនផងដែរដែលស្ថិត នៅក្រោមកិច្ចព្រមព្រៀង RCEP។ លោក Luo បាននិយាយថា «ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់ លោក Widodo បានគូសបញ្ជាក់បន្ថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសដែលមាន សេដ្ឋកិច្ចធំៗដូចជាប្រទេសចិនដើម្បីទទួលបានការគាំទ្របន្ថែមទៀតនៅចំពេលដែលបរិយាកាសភូមិសាស្ត្រនយោបាយមានភាពកាន់តែស្មុគស្មាញ»។

ឥណ្ឌូណេស៊ី ដែលជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជា ដៃគូដ៏សំខាន់របស់ប្រទេសចិននៅក្នុងការពង្រីកការទូតជា មួយតំបន់ទាំងមូល។ លោក Luo បាននិយាយថា «ការពង្រឹងទំនាក់ទំនងរវាងចិននិងឥណ្ឌូណេស៊ី នឹងនាំមកនូវកិច្ចសហប្រតិបត្តិការរវាងចិននិងប្លុកអាស៊ានទាំងមូល»។ នៅពីក្រោយការពង្រីកកិច្ចសហប្រតិបត្តិការរវាងចិននិងឥណ្ឌូណេស៊ីគឺជា «ទីតាំងយុទ្ធសាស្ត្រកាន់តែលេចធ្លោរបស់តំបន់អាស៊ីអាគ្នេយ៍ និងការប្រកួតប្រជែងដ៏ក្តៅគគុករវាងចិន និងសហរដ្ឋអាមេរិកក្នុងការកសាងឥទ្ធិពលនៅក្នុងតំបន់»។

រដ្ឋបាលរបស់លោក Biden បានព្យាយាមពង្រឹងឡើងវិញនូវឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាស៊ីនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ នៅខែកក្កដា ឆ្នាំ ២០២១ លោក Kurt Campbell ដែលជាអ្នកសម្របសម្រួលរបស់អាមេរិកសម្រាប់កិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបាននិយាយថា «សហរដ្ឋអាមេរិកត្រូវបង្កើនការចូលរួមបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើឱ្យយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនកាន់តែមានប្រសិទ្ធភាព»។

ចាប់តាំងពីពាក់កណ្តាលឆមាសទី២ នៃឆ្នាំ ២០២១ មន្ត្រីជាន់ខ្ពស់អាមេរិកបានមកបំពេញទស្សនកិច្ចជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយក្នុងនោះ រួមមានអនុប្រធានាធិបតី Kamala Harris, រដ្ឋមន្ត្រីការ បរទេស Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin។ កាលពីខែឧសភា សហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានជាលើកដំបូងនៅទីក្រុងវ៉ាស៊ីនតោន ដោយក្នុងនោះ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា «ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានបានឈានចូលដល់សករាជថ្មីមួយ»។

ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួនទំនាក់ទំនងកម្រិតខ្ពស់រវាងចិននិងអាស៊ានក៏មានការកើនឡើងផងដែរ។ នៅពាក់កណ្តាលខែកក្កដា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចាប់ផ្តើមទស្សនកិច្ចការទូតរយៈពេល ២ សប្តាហ៍នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដែលជាផ្នែកមួយនៃការ ជំរុញរបស់ប្រទេសចិនដើម្បីផ្តល់ជម្រើសជំនួសយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក។

កាលពីខែឧសភា លោក Biden បានដាក់ ចេញនូវក្របខណ្ឌ សេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន។ ក្របខណ្ឌនេះដែលមានការចូលរួមពីប្រទេសអាស៊ានចំនួន7 ត្រូវបានគេចាត់ទុកជាវិធានការមួយដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន និងកិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាននៅថ្ងៃទី ០១ ខែមករា។

ប៉ុន្តែអ្នកជំនាញបានចោទសួរអំពីភាពទាក់ទាញរបស់គំនិតផ្តួចផ្តើម IPEF ចំពោះបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដោយហេតុថា «វាមិនបានរួមបញ្ចូលនូវការប្តេជ្ញាចិត្តណាមួយដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្មនោះទេ»។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀង RECP បានលើកឡើងនូវការសន្យាថា «ពន្ធលើមុខទំនិញជាង ៩០% នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសជាសមាជិក ទាំង ១៥ នឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗ មកនៅត្រឹម ០ នៅ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ»។ អ្នកជំនាញមួយចំនួនបាននិយាយថា «គំនិតផ្តួចផ្តើម IPEF អាចនឹងទទួលបានជោគជ័យតិចតួចណាស់ក្នុងការផ្លាស់ប្តូរតុល្យភាពអំណាចរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

លោក Qian Feng ដែលជាប្រធានផ្នែកស្រាវជ្រាវនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានយុទ្ធសាស្ត្រជាតិនៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំងបាននិយាយថា «ដោយសារតែឧបសគ្គនយោបាយក្នុងស្រុករដ្ឋបាលរបស់លោក Biden មិនអាចផ្តល់នូវការផ្គាប់ចិត្តច្រើនដល់តំបន់អាស៊ីអាគ្នេយ៍ទេ»។ ទីប្រឹក្សារដ្ឋាភិបាលឥណ្ឌូណេស៊ីបាននិយាយថា «អាទិភាពនៃយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺសន្តិសុខ, នយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ច ខណៈដែលប្រទេសចិនបានផ្តោតទាំងស្រុងលើ កំណើនសេដ្ឋកិច្ចដែលមានលក្ខណៈ ស៊ីគ្នានឹងតម្រូវការរបស់ប្រទេសក្នុងតំបន់»។

ប្រទេសភាគច្រើននៅក្នុងតំបន់បានចាត់ទុក ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ពួកគេ។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ានបានឈានដល់ ៨៧២,២ ពាន់លានដុល្លារ ដែលមានទំហំធំជាងប្រហែល ២ ដង នៃតម្លៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអាស៊ាន។ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្លុកនេះចាប់តាំងពីឆ្នាំ ២០១៩ ហើយនៅឆ្នាំ ២០២០ អាស៊ានបានវ៉ាដាច់សហភាពអឺរ៉ុបដោយបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន។

ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានពង្រីកការចូលទៅប្រើប្រាស់ទីផ្សារតាមរយៈកតិកាសញ្ញាពាណិជ្ជកម្មទ្វេភាគី និងពហុភាគីហើយពួកគេក៏កំពុងបង្កើនការចូលរួមក្នុងកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក, សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

កិច្ចព្រមព្រៀង RCEP អាចនឹងផ្តល់ឱ្យភាពជាដៃគូនូវការជំរុញកំណើនបន្ថែមទៀត។ យោងតាមវិទ្យាស្ថាន «Peterson Institute for International Economics» នៅទីក្រុងវ៉ាស៊ីនតោន «រដ្ឋជាសមាជិក RCEP ត្រូវបានគេរំពឹងថានឹងទទួលបានការកើនឡើង ១០,៤% នៅក្នុងការនាំចេញរួមគ្នានៅត្រឹមឆ្នាំ ២០២៥ និងការកើនឡើង ២,៦% នៅក្នុងការវិនិយោគទៅក្រៅប្រទេស»។

នៅត្រឹមឆ្នាំ ២០៣០ ប្រទេសជាសមាជិក RCEP ត្រូវបានគេរំពឹងថានឹងមានការកើនឡើងសុទ្ធចំនួន ៥១៩ ពាន់លានដុល្លារក្នុងការនាំចេញ ហើយប្រាក់ចំណូលជាតិអាចនឹងមានការកើនឡើងចំនួន ១៨៦ ពាន់លានដុល្លារ។ អ្នកជំនាញបាន និយាយថា «ដើម្បីស្ដារឡើងវិញនូវឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រដ្ឋបាលរបស់លោក Biden អាចនឹងប្រើកម្លាំងចម្រុះក្នុងតំបន់ដូចជាក្រុម Quad ដើម្បីបង្កើនការចូលរួមផ្នែកសេដ្ឋកិច្ចឱ្យបានកាន់តែស៊ីជម្រៅ និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់»។

មនុស្សជាច្រើនបាននិយាយថា «ពួកគេរំពឹងថា លោក Biden នឹងធ្វើទស្សនកិច្ចមកកាន់តំបន់នៅចុងឆ្នាំនេះ ហើយនឹងដាក់ចេញនូវក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានៅក្នុងខែវិច្ឆិកា»។ ទន្ទឹមនឹងនោះដែរ ប្រទេសចិនកំពុងឈានទៅពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអាស៊ានលើបញ្ហាកាន់តែទូលំទូលាយបូករួមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, ការប្រែប្រួលអាកាសធាតុ, បញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងការអនុវត្តច្បាប់ឆ្លងព្រំដែន។

ទំហំដ៏ធំនៃទីផ្សារ, ប្រជាជនវ័យក្មេង និងគោលនយោបាយសំឡឹងឆ្ពោះទៅខាង ក្រៅបានជំរុញការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែវប្បធម៌ចម្រុះ និងកម្រិតអភិវឌ្ឍមិនស្មើគ្នាក៏អាចបង្ក បញ្ហាប្រឈមផងដែរសម្រាប់កំណើន របស់តំបន់នេះនៅពេលអនាគត។ នៅចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់បណ្តាប្រទេសអាស៊ានមានចំនួនជាមធ្យម ៤,៤%។

ទោះបីជាវីរុសកូវីដ-១៩ បានបង្កការរំខានដល់សកម្មភាពសេដ្ឋកិច្ច និងបាននាំមកនូវការធ្លាក់ចុះ ៣,៣% ក្នុងឆ្នាំ ២០២០ ក៏ដោយ ក៏បណ្តាប្រទេសមួយចំនួនបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយសារការរាតត្បាតនៃវីរុសមានភាពធូរស្រាលជាងមុន។ យោងតាមវេទិកា សេដ្ឋកិច្ចពិភពលោក (World Economic Forum) «អាស៊ាននឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៤ របស់ពិភពលោកនៅក្នុងរយៈពេល ១០ ឆ្នាំ»។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន ប៉ាន់ប្រមាណថា «នៅត្រឹមឆ្នាំ ២០៣០ ៧០% នៃចំនួនប្រជាជនអាស៊ាននឹងស្ថិតនៅក្នុងវណ្ណៈកណ្តាល ដោយក្នុងនោះវានឹងផ្តល់ឱកាសអាជីវកម្មកាន់តែធំ ហើយនឹងបង្កើតឱ្យមានទីផ្សារអ្នកប្រើប្រាស់ដែលមានទំហំ ៤ ទ្រីលានដុល្លារនៅទសវត្សរ៍ក្រោយ»។

សេដ្ឋកិច្ចឌីជីថលនិងឧស្សាហកម្មបន្ទះឈីប (Semiconductor Industry) អាចនឹងក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់។ ក្រុមហ៊ុន Google, ក្រុមហ៊ុន Temasek និងក្រុមហ៊ុន Bain&Co បានព្យាករណ៍ នៅក្នុងរបាយការណ៍រួមគ្នាមួយថា «តំបន់នេះកំពុងស្ថិតនៅលើផ្លូវក្នុងការក្លាយជាសេដ្ឋកិច្ចឌីជីថលទំហំ ១ ទ្រីលានដុល្លារនៅត្រឹមឆ្នាំ ២០៣០។ តំបន់អាស៊ីអាគ្នេយ៍កំពុងឈានចូលដល់ទសវត្សរ៍ឌីជីថលដែលត្រូវបានជំរុញដោយមូលដ្ឋានអ្នកប្រើប្រាស់និងពាណិជ្ជករ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងដែលបានបង្កើនល្បឿននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការដឹកជញ្ជូនម្ហូប»។

អាស៊ីអាគ្នេយ៍ក៏ជាទិសដៅដ៏សំខាន់សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិក សកលផងដែរ ដោយសារតែឧស្សាហកម្មបាន និងកំពុងផ្លាស់ប្តូរទិសដៅឆ្ពោះទៅរកតំបន់ដែលមានតម្លៃទាប (Low-cost Region)។ តំបន់នេះបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យឧស្សាហកម្មផលិតបន្ទះឈីបសកលដែលមានចំនួនស្មើ នឹងជិត ៣០% នៃការធ្វើតេស្តនិងវេចខ្ចប់បន្ទះឈីប (Semi conductor)។ នៅពេលដែលឧស្សាហកម្មអេឡិចត្រូនិកនិងបន្ទះឈីបមានការរីកចម្រើន នៅក្នុងស្រុកក្រុមហ៊ុនអន្តរជាតិធំៗដែលផលិតបន្ទះឈីបនឹងបង្កើនការ វិនិយោគទ្វេរដងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដូចជាសិង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម។

ឱកាសវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូនពាណិជ្ជកម្មអេឡិចត្រូនិក, សេវាហិរញ្ញវត្ថុឌីជីថល និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏អាចនឹងកើតមានផងដែរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានស្វែងយល់អំពីសារៈសំខាន់នៃសេដ្ឋកិច្ចឌីជីថល ដូចជាការទូទាត់ប្រាក់តាមទូរសព្ទជាដើម។ លោក Luo បាននិយាយថា «ប្រទេសចិននិងតំបន់អាស៊ីអាគ្នេយ៍អាចពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវិស័យពាក់ព័ន្ធផ្សេងទៀត»។

លោក Chong Ja Ian ដែលជាសាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា «បញ្ហាប្រឈមដ៏ធំបំផុត ដែលអាស៊ានកំពុងជួបប្រទះគឺការសម្របសម្រួលផ្ទៃក្នុងដោយសារតែភាពចម្រុះដ៏ធំធេងក្នុងចំណោម ប្រទេសជាសមាជិក»។ បើទោះបីជាតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេចាត់ទុកជាទីផ្សារសេដ្ឋកិច្ចរួមក៏ដោយ ក៏ការអភិវឌ្ឍសេដ្ឋកិច្ច, ភាសា, វប្បធម៌, បរិយាកាសនយោបាយ និងប្រព័ន្ធហិរញ្ញវត្ថុនិងរូបិយវត្ថុក្នុងតំបន់ មានលក្ខណៈខុសៗគ្នាទៅតាមប្រទេសនីមួយៗ។

ទិន្នន័យពីធនាគារពិភពលោកបានបង្ហាញថា «នៅឆ្នាំ ២០២១ GDP សម្រាប់មនុស្សម្នាក់ៗរបស់សិង្ហបុរីដែលជាប្រទេសអភិវឌ្ឍខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងដល់ ៧២ ០០០ ដុល្លារ ខណៈដែលប្រទេសកម្ពុជាដែលជាប្រទេសអភិវឌ្ឍតិចតួច មានចំនួនត្រឹមតែ ១ ៥៩១ ដុល្លារប៉ុណ្ណោះ ដែលមានភាពខុសគ្នារហូតដល់ ៤៥ ដង»។

លោក Terence Tai-Leung Chong ដែលជាសាស្ត្រាចារ្យនៅ «Chinese University of Hong Kong» បាននិយាយថា «អាស៊ាននៅខ្វះអំណាចតុលាការ, នីតិបញ្ញត្តិ និងប្រតិបត្តិ ហើយអាស៊ានមិនមែនជាអង្គភាពនយោបាយទេ។ អាស៊ានក៏ខ្វះអ្នកដឹកនាំដ៏មានឥទ្ធិពលផងដែរ។ នៅក្រោមកាលៈទេសៈបែប នេះ វានឹងពិបាកណាស់សម្រាប់អាស៊ានក្នុងការ បង្កើតឱ្យមានសហគមន៍មួយដែល មានលក្ខណៈដូចសហភាពអឺរ៉ុប (EU) ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍដ៏អស្ចារ្យ»៕